លោក ហ៊ុន ម៉ាណែត ប្ដេជ្ញារកគ្រប់មធ្យោបាយដើម្បីទាក់ទាញវិនិយោគិន ខណៈអ្នកជំនាញថា កម្ពុជាកំពុងជួបវិបត្តិសង្គម
2024.11.27
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសប្ដេជ្ញា និងសន្យាគាំទ្រគ្រប់មធ្យោបាយដើម្បីឱ្យវិនិយោគិនមករកស៊ីនៅកម្ពុជា។ ប៉ុន្តែអ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា រដ្ឋាភិបាលគួរតែដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកបណ្ដាក់ទុនជាជាងអនុវត្តសកម្មភាពមិនចំគោលដៅ។
អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយមើលឃើញថា ការប្រកាសប្ដេជ្ញាចិត្តកៀរគរអ្នកវិយោគមករកស៊ីនៅកម្ពុជានេះ គ្មានប្រសិទ្ធភាពនោះទេ ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយបញ្ហាសិទ្ធិមនុស្ស វិបត្តិសង្គម និងផ្សះផ្សាអ្នកនយោបាយឱ្យរួបរួមគ្នា។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែវិច្ឆិកា ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងតែធ្លាក់ដុនដាបដោយសារតែអ្នកវិនិយោគធំៗមកពីសហរដ្ឋអាមេរិក ឬសហគមន៍អឺរ៉ុបមិនហ៊ានមកបណ្ដាក់ទុននៅកម្ពុជា។ លោកបន្តថា មូលហេតុដែលអ្នកវិនិយោគទាំងនោះមិនមកគឺ ដោយសារតែកម្ពុជាជាប់ឈ្មោះអាស្រូវជាប្រទេសរកស៊ីលាងលុយកខ្វក់ និងមានអំពើពុករលួយជាប្រព័ន្ធ។
លោក ប៉ោ មករា៖ «យើងមើលទៅបញ្ហាអំពើពុករលួយ និងបញ្ហានីតិរដ្ឋគឺវាមិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ក្រុមអ្នកវិនិយោគ ក្រុមអ្នករកស៊ីល្អៗក្រុមអ្នករកស៊ីមកពីប្រទេសសេរីដែលគេមើលមិនទាន់ឃើញពីចំណុចណាមួយថាជាចំណុចជាទីទុកចិត្តរបស់គេ»។
ការលើកឡើងរបស់អ្នកឃ្លាំមើលសង្គមនេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសប្ដេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំនានា នៅថ្ងៃទី២៦ ខែវិច្ឆិកា ថារដ្ឋាភិបាលលោកនឹងបន្តគាំទ្រដល់ជោគជ័យរបស់អ្នកវិនិយោគទាំងអស់គ្រប់មធ្យោបាយ ហើយបើកទ្វារចំហជានិច្ចចំពោះម្ចាស់អាជីវកម្មមកពីគ្រប់ទិសទី។ លោក ហ៊ុន ម៉ាណែត ក៏បានបង្កើតយន្តការកម្រិតខ្ពស់ចំនួនពីរ ដើម្បីគាំទ្រដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន គឺគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងទី២ គណៈកម្មាធិការជំរុញការដោះស្រាយវិវាទក្នុងវិស័យឯកជនឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
លោក ហ៊ុន ម៉ាណែត៖ «រដ្ឋាភិបាលខ្ញុំនឹងបន្តគាំទ្រដល់ភ្ញៀវទាំងអស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបានទ្វាររបស់យើងតែងតែបើកចំហហើយនៅតែរក្សាគោលការណ៍ដែលអាចព្យាករណ៍បាន។ ការប្ដេជ្ញាចិត្តយើងចំពោះអាជីវកម្មរបស់អ្នកមិនមានការផ្លាស់ប្ដូរទេដូច្នេះខ្ញុំសូមអញ្ជើញភ្ញៀវទាំងអស់ដើម្បីក្លាយជាផ្នែកមួយដើម្បីដំណើរការក្នុងការផ្លាស់ប្ដូរកម្ពុជា»។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី លើកឡើងថា ប្រសិនបើរដ្ឋាភិបាលចង់ឱ្យមានអ្នកបណ្ដាក់ទុនល្អៗមករកស៊ីនៅកម្ពុជា កម្ពុជាខ្លួនឯងគួរតែដោះស្រាយវិបត្តិនយោបាយ បើកលំហសិទ្ធិសេរីភាពនយោបាយ និងបញ្ហាឆបោកតាមអនឡាញជាដើម។ លោកបន្តថា បច្ចុប្បន្ននេះ កម្ពុជាពឹងផ្អែកលើសេដ្ឋកិច្ចចិនដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលបញ្ហានេះធ្វើឱ្យកម្ពុជាពិបាកក្នុងការរំដោះខ្លួនចេញពីឥទ្ធិពលចិន។
លោក សេង វណ្ណលី៖ «ធម្មតាអ្នកវិនិយោគិនគេមករកស៊ីគោលបំណងរបស់គេគឺធ្វើយ៉ាងណាជំរុញឱ្យផលិតរបស់គេទៅទីផ្សារអន្តរជាតិជាពិសេសទីផ្សារអឺរ៉ុប ទីផ្សារអាមេរិកធំៗដទៃទៀត។ ប៉ុន្តែប្រសិនបើមានការរំលោភច្បាប់ការងារជាហូរហែមានអំពើពុករលួយនៅក្នុងវិស័យការងារហ្នឹងជាហូរហែវានឹងរាំងស្ទះដល់អ្នកវិនិយោគិនដែល ហើយនៅពេលដែលគេមកវិនិយោគគេមិនអាចនាំចេញផលិតផលដែលលក់នៅទីផ្សារអន្តរជាតិទីផ្សារធំៗដូចជាអាមេរិក អង់គ្លេស ហ្នឹងវាពិបាកមកវិនិយោគ»។
ស្រដៀងគ្នានេះដែរ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា គឺជារឿងល្អដែលរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តចង់ទាក់ទាញអ្នកវិនិយោគ ប៉ុន្តែដើម្បីទាក់ទាញវិនិយោគបានគឺទាល់តែកម្ពុជាកែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យតុលាការធ្វើដោយឯករាជ្យ។ លោកបន្តថា នៅពេលប្រព័ន្ធច្បាប់រឹងមាំ និងមានបរិយាកាសនយោបាយល្អប្រសើរគឺជាភាពទាក់ទាញឱ្យមានអ្នកវិនិយោគមករកស៊ីនៅកម្ពុជា។
លោក ឯម សុវណ្ណារ៉ា៖ «យុទ្ធការនៃការបង្កើតតុលាការពាណិជ្ជកម្ម ហើយនិងប្រព័ន្ធតុលាការធម្មតាហ្នឹងត្រូវតែមានយុត្តិធម៌សម្រាប់ពលរដ្ឋទូទៅ ឬក៏វិនិយោគិនទូទៅដែលគេអាចមកពឹងពាក់បានទើបជាសក្ដានុពលនៅក្នុងការវិនិយោគ។ ហើយនិងកត្តារួមផ្សំមួយចំនួនដូចជា សេវា ឬក៏តម្លៃទំនិញមូលដ្ឋានមួយចំនួនកុំឱ្យថ្លៃជាងប្រទេសជិតខាង ដូចជា ប្រេង ភ្លើងអគ្គិសនី ប្រព័ន្ធទូរស័ព្ទ សេវាអ៊ីនធឺណិតជាដើមអាហ្នឹងជាកិច្ចការសំខាន់ដែរ»។
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន សុំមិនធ្វើអត្ថាធិប្បាយនោះទេ។
អ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា ការព្យាយាមរបស់រដ្ឋាភិបាលក្នុងការកៀរគរអ្នកវិនិយោគឱ្យមករកស៊ីនៅកម្ពុជាអាចនឹងក្លាយទៅជាអសារបង់ ប្រសិនបើរដ្ឋាភិបាលដឹកនាំដោយគ្រួសារត្រកូល«ហ៊ុន» មិនអាចធ្វើឱ្យធ្វើកម្ពុជាមានការផ្សះផ្សាជាតិ ការអត់ឱនផ្នែកនយោបាយ ការលុបបំបាត់អំពើពុករលួយ និងការរំលោភនិងសិទ្ធិមនុស្សជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។