សហភាព​សហជីព​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ករណី​ជីម៉ាក់​ផ្ដល់​ប្រាក់​សំណូក​ដល់​មន្ត្រី​ក្រសួង

0:00 / 0:00

សហភាព​សហជីព​កម្ពុជា បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ចំពោះ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ជីម៉ាក់ (GMAC) ដែល​ផ្តល់​អំណោយ​ជា​ទឹក​ប្រាក់ និង​សម្ភារៈ​ផ្សេងៗ​ទៅ​ដល់​ក្រសួង និង​មន្ត្រី​រដ្ឋាភិបាល ដែល​មាន​តម្លៃ​ខ្ពស់​ក្នុង​ពេល​មាន​កម្មវិធី​រៃអង្គាស​ម្តងៗ។

ស្ថាប័ន​ដដែល​ចាត់​ទុក​ករណី​នេះ​ថា គឺ​ជា​ឧបសគ្គ​ធំ​មួយ​នៃ​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ ដោយសារ​មាន​អំពើ​ពុក​រលួយ​តាម​រយៈ​រូបភាព​ផ្តល់​អំណោយ​ឧបត្ថម្ភ​ដល់​ក្រសួង ឬ​មន្ត្រី​រដ្ឋាភិបាល​បែប​នេះ។

សហភាព​សហជីព​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ការ​ទទួល​សំណូក​របស់​មន្ត្រី​ក្រសួង​នីមួយៗ​ពី​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ជីម៉ាក់។ ស្រប​ពេល​គ្នា​នេះ សហភាព​សហជីព ក៏​សុំ​ឲ្យ​ពិនិត្យ​ពិចារណា​អំពី​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​ឲ្យ​បាន ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ។

សេចក្តី​ថ្លែងការណ៍​របស់​សហភាព​សហជីព​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៨ តុលា បង្ហាញ​ថា សមាគម​រោងចក្រ​កាត់​ដេរ បាន​ផ្តល់​ប្រាក់​ចំនួន ៥​ពាន់​ដុល្លារ ឲ្យ​ទៅ​ក្រសួង​ពាណិជ្ជកម្ម និង​ប្រាក់​មួយ​ចំណែក​ផ្សេង​ទៀត ឲ្យ​ទៅ​ស្ថាប័ន​រដ្ឋ​ផ្សេងៗ​ដែរ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ករណី​នេះ គឺ​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​បំផុត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ៖ «សហភាព​សហជីព​កម្ពុជា សុំ​ឲ្យ​បញ្ចប់​នូវ​ការ​ពុក​រលួយ​ទទួល​សំណូក ហើយ​ងាក​មក​គិតគូរ​ពី​សុខ​ទុក្ខ​កម្មករ ដោះស្រាយ​បញ្ហា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៧៧​ដុល្លារ ហើយ​បើ​មិន​បាន​ប្រាក់​ឈ្នួល ១៧៧​ដុល្លារ​នេះ​ទេ ខ្ញុំ​គិត​ថា​នៅ​តាម​បណ្ដា​រោងចក្រ​មិន​មាន​សន្តិភាព​ទេ ហើយ​នឹង​ផ្ទុះ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​ជា​លើក​ទី​២​ទៀត»

ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា ករណី​ផ្តល់​ប្រាក់​ឲ្យ​ស្ថាប័ន​រដ្ឋ​នេះ ថ្នាក់​ដឹក​នាំ​សមាគម​រោងចក្រ​កាត់​ដេរ​បាន​អះអាង​ថា សំណើ​សុំ​ជំនួយ​បាន​កើត​ឡើង​គ្រប់​ពេល និង​នៅ​គ្រប់​ក្រសួង​នានា។ ដោយ​ហេតុ​នេះ​ហើយ ទើប​មន្ត្រី​រដ្ឋាភិបាល​តែង​តែ​និយាយ​ចំអក​ឲ្យ​សហជីព និង​កម្មករ នៅ​ពេល​ទាមទារ​ប្រាក់​ខែ​ថា វាយ​បំបែក​ឆ្នាំង​បាយ​ខ្លួន​ឯង។ ម្យ៉ាង​ទៀត នៅ​ពេល​ចរចា​បញ្ហា​ប្រាក់​ឈ្នួល​ម្តងៗ ភាគី​រដ្ឋាភិបាល​តែង​តែ​អះអាង​ជំនួស​និយោជក​ថា មិន​មាន​លុយ​ដំឡើង ឬ​និយោជក​រត់​ទៅ​ប្រទេស​ផ្សេងៗ ដោយ​ឈប់​វិនិយោគ​នៅ​កម្ពុជា ជាដើម។

ទាក់ទង​នឹង​សេចក្តី​ថ្លែងការណ៍​របស់​សហភាព​សហជីព​កម្ពុជា នេះ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់​ដេរ លោក ខេន លូ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៨ តុលា ថា ការ​ចំណាយ​របស់​សមាគម​មិន​ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​នោះ​ទេ៖ «លុយ​របស់​សមាគម​ចាយ​ក្នុង​នាម​ប្រធាន ឬ expert របស់​រោងចក្រ​ពិចារណា​ថា​ត្រូវ​ចាយ អា​ហ្នឹង​លុយ​របស់​សមាគម​នៃ​រោងចក្រ​នីមួយៗ​ជា​មូលដ្ឋាន​នោះ​ទេ»

លោក​បន្ត​ថា ការ​ចំណាយ​របស់​សមាគម​ទៅ​លើ​ស្ថាប័ន​រដ្ឋ​ផ្សេងៗ ដែល​មាន​ការ​អញ្ជើញ​ពី​រដ្ឋមន្ត្រី​តាម​ក្រសួង​ស្ថាប័ន​នានា ដូចជា​កាកបាទ​ក្រហម​កម្ពុជា គឺ​ជា​ការ​ចូលរួម​ចំណែក​ឧបត្ថម្ភ​តាម​លទ្ធភាព​ក្នុង​កម្មវិធី​អ្វី​មួយ។ លោក​ទទួល​ស្គាល់​ថា កាល​ពី​ខែ​កញ្ញា កន្លង​ទៅ សមាគម​លោក​បាន​ចំណាយ​ប្រាក់ ៥​ពាន់​ដុល្លារ​ជួយ​ឧបត្ថម្ភ​ទាហាន​នៅ​ប្រាសាទ​ព្រះវិហារ តាម​ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម៖ «ទៅ​មើល​ពួក​ទាហាន​ដែល​នៅ​ព្រះវិហារ ហើយ​វា​បាន​ប្រកាស​ដាក់​ជា​សាធារណៈ​ថា ឲ្យ​ក្រុមហ៊ុន​ណា​ក៏ដោយ ឧកញ៉ា លោក​ជំទាវ អ្នក​ណា​ដែល​ចង់​ចូល​ជា​វត្តមាន ដើម្បី​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ជូន​ទៅ​ទាហាន​នៅ​ព្រះវិហារ ឬ​ក៏​ចង់​ទៅ​ជាមួយ​គ្នា​ក៏​បាន អ៊ីចឹង​ដូច​ថា​យើង​ទិញ​អីវ៉ាន់​បាវ​អង្ករ ប្រេង​អី ជូន​ទៅ​ទាហាន​ដែល​នៅ​ព្រះវិហារ តើ! អត់​មាន​ដល់​ដៃ​ក្រសួង អត់​មាន​ដល់​ដៃ​មន្ត្រី​រាជការ​ណា? ហើយ​រឿង​ហ្នឹង​ដូច​ថា​យើង​បាន​ធ្វើ​ច្រើន​ដង​ហើយ កាល​ពីរ​ឆ្នាំ​មុន​មាន​រដ្ឋមន្ត្រី​ផ្សេងៗ​បាន​ស្នើសុំ យើង​ក៏​បាន​ទៅ​ជាមួយ​គ្នា​ដែរ»

លោក ខេន លូ មិន​ចាត់​ទុក​ករណី​បែប​នេះ​ជា​អំពើ​ពុក​រលួយ​ទេ ព្រោះ​សមាគម​លោក​ធ្វើ​ឡើង​ជា​សាធារណៈ និង​មាន​ចុះ​ផ្សាយ​នៅ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សមាគម ជីម៉ាក់ ត្រឹមត្រូវ។ ផ្ទុយ​ទៅ​វិញ លោក​ថា សកម្មភាព​នេះ​ធ្វើ​ឡើង​ដើម្បី​ជួយ​ប្រជាពលរដ្ឋ និង​ជួយ​សង្គម​ទៅ​វិញ​ទេ។

ចំណែក​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ លោក ឆាយ សាវុធ មាន​ប្រសាសន៍​ថា ស្ថាប័ន​លោក​មិន​អាច​ស៊ើប​អង្កេត​បាន​ទេ បើ​ការ​ស្នើសុំ​ណា​មួយ​ពុំ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់​ជុំវិញ​អំពើ​ពុក​រលួយ​នេះ៖ «កាល​ណា​បើក​ការ​ស៊ើប​អង្កេត​ករណី​មួយ ទាល់​តែ​មាន​ភស្តុតាង​គ្រប់គ្រាន់ កាល​ណា​គ្មាន​ភស្តុតាង យើង​មិន​ដឹង​ស៊ើប​អង្កេត​ទៅ​លើ​អី​ទេ»

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បង្ហាញ​ថា ខ្លួន​កំពុង​ប្រឹងប្រែង​ធ្វើ​ការ​ជាមួយ​អង្គការ​សហប្រជាជាតិ ក្រុម​ប្រទេស​មហា​អំណាច​ធំៗ ប្រទេស​សមាជិក​អាស៊ាន និង​ក្រុម​អ្នក​ច្បាប់​ជាច្រើន​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​បរទេស ដែល​នឹង​កើត​មាន​តាម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឆ្លង​ដែន និង​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស ដោយ​ទាមទារ​ឱ្យ​ពិនិត្យ​មើល​ទៅ​លើ​ចំណង​ដៃ ឬ​ក៏​រង្វាន់ នៅ​ពេល​ដែល​មន្ត្រី​រាជការ​ធ្វើ​បុណ្យ​រៀបការ​កូន ឬ​ក៏​ធ្វើ​ពិធី​ខួប​កំណើត​ផ្សេងៗ។ ស្ថាប័ន​ដដែល​ចាត់​ទុក​គម្រោង​នេះ ជា​វិធានការ​បន្ថែម​ទៀត ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ ស្រប​ពេល​ដែល​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ មិន​ទាន់​មាន​ចែង​អំពី​ចំណុច​ទាំង​នេះ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។