អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ស្នើរដ្ឋាភិបាលចិនឱ្យជួយគាំទ្រលើគម្រោងព្រែកជីកហ្វូណន-តេជោ។
អ្នកឃ្លាំមើល បារម្ភអំពីផលប៉ះពាល់ដល់កម្ពុជា ពីការអនុវត្តគម្រោងដោយគ្មានតម្លាភាព និងគណនេយ្យភាព ដែលធ្វើឱ្យកម្ពុជាលង់កាន់តែជ្រៅទៅក្នុងអន្ទាក់បំណុលចិន និងនៅក្រោមឥទ្ធិពលចិន ទាំងសេដ្ឋកិច្ច និងនយោបាយ។
ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនាគតប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ស្នើឱ្យភាគីចិន គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ លោក អះអាងថា គម្រោងព្រែកជីកនេះ ជួយផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋខ្មែរ និងជាតិកម្ពុជា។
សេចក្ដីស្នើនេះ លោក ហ៊ុន សែន មិនបានធ្វើដោយផ្ទាល់ ទៅកាន់មេដឹកនាំចិនទេ ប៉ុន្តែតាមរយៈប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិននៅខេត្តហៃណាន លោក ចាវ ឡឺជី ក្នុងជំនួបនៅថ្ងៃទី២៨ ខែមីនា។
លោក ចាវ ឡឺជី ប្រាប់លោក ហ៊ុន សែន ថា នឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌខ្សែក្រវាត់និងផ្លូវ (BRI) ហើយប្ដេជ្ញាជួយកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
លោក ចាវ ឡឺជី ក៏បានប្រាប់លោក ហ៊ុន សែន ដែរថា នឹងជួយជំរុញអ្នកវិនិយោគចិន ឱ្យទៅវិនិយោគនៅកម្ពុជាបន្ថែមទៀត លើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍ជាដើម។
ទាក់ទងគម្រោងព្រែកជីកហ្វូណន អ្នកតាមដានភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ មីនា ថា គម្រោងព្រែកជីកហ្វូណននេះ ប្រសិនបើធ្វើឱ្យមានតម្លាភាព និងគណនេយ្យភាព គឺជាគម្រោងចាំបាច់របស់កម្ពុជា ដើម្បីពង្រីកវិស័យដឹកជញ្ជូនផ្លូវទឹក ទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ពីព្រោះការខ្វះមធ្យោបាយដឹកជញ្ជូននេះ ធ្វើឱ្យកម្ពុជាខាតបង់ផលប្រយោជន៍ច្រើន ទៅប្រទេសវៀតណាម។
យ៉ាងណា លោក សេង វ៉ាន់លី សម្ដែងការបារម្ភអំពីរបៀបគ្រប់គ្រងព្រែកជីកនេះ ដូចជា ការកំណត់តម្លៃដឹកជញ្ជូន និងសិទ្ធិចាត់ចែងរវាងរដ្ឋ និងឯកជនជាដើម។
លោក សេង វណ្ណលី៖ «ប៉ះពាល់ដែលខ្ញុំអាចមើលឃើញប្រៀបធៀបជាមួយប្រទេសជិតខាង កសាង ហើយក្រុមហ៊ុនឯកជនកាន់កាប់បានមួយរយៈ ហើយក៏ផ្ទេរមកឱ្យរដ្ឋកាន់កាប់វិញ។ ជាទូទៅ យើងឃើញមានប្រទេសប្រព័ន្ធនយោបាយមិនសូវមានគណនេយ្យភាព តម្លាភាព ការគ្រប់គ្រងមិនសូវប្រកបដោយនីតិរដ្ឋ រដ្ឋច្រើន គឺក្រោយមកច្រើនតែរដ្ឋនឹងកាន់កាប់»។
លោក សេង វណ្ណលី ថា ក្នុងទំនាក់ទំនងកម្ពុជា-ចិននេះ មានការកើនឡើងទំហំពាណិជ្ជកម្មទ្វេភាគី និងការកសាងហេដ្ឋារចនាសម្ព័ន្ធពិតមែន ប៉ុន្តែ លោកថា សមិទ្ធផល និងគម្រោងទាំងនេះ ក៏នាំមកនូវផលអវិជ្ជមានដល់កម្ពុជា និងប្រជាជនខ្មែរដែរ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។
លោកថា អន្ទាក់បំណុល ដែលកើតចេញពីគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន គឺជាបញ្ហាមួយ ពីព្រោះជាង ៤០% នៃបំណុលបរទេសជាង ១០ពាន់លានដុល្លាររបស់កម្ពុជា គឺជំពាក់ចិន។
លោកពន្យល់ថា រឿងនេះជាលទ្ធផល អាចរុញឱ្យកម្ពុជា ធ្លាក់ចូលក្នុងគន្លងឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិន នៅពេលដែលការវិនិយោគ និងកម្ចីពីចិន មាន ការរិះគន់រឿងខ្វះតម្លាភាព ព្រមទាំងបង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងបរិស្ថានជាដើម។
លោក សេង វណ្ណលី៖ « ភាគច្រើន គឺផ្ដល់ផលប្រយោជន៍ដោយត្រង់ដល់ក្រុមឧកញ៉ា អ្នកមានឥទ្ធិពល មន្ត្រីគ្រាក់ៗ នៅក្នុងជួររដ្ឋាភិបាល ហើយហ្នឹងអ្នកវិនិយោគជនជាតិចិន ដែលរកស៊ីនៅស្រុកខ្មែរ ជិតដិតជាមួយរដ្ឋាភិបាល ជាជាងប្រជាពលរដ្ឋទូទៅ ។ ដូចជាយើងឃើញហើយ គម្រោងមួយចំនួន នាំមកផលអវិជ្ជមានដល់កម្ពុជា និងប្រជាជន ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង ។ ដូចជា បញ្ហាអន្ទាក់បំណុល»។
គម្រោងព្រែកជីកហ្វូណននេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គទៅកាន់កំពង់ផែ នៃខេត្តកែប ហើយគម្រោងនេះ នឹងត្រូវការចំណាយថវិកាជិត ២ (១.៧០០) ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃគម្រោង «ខ្សែក្រវាត់មួយផ្លូវមួយ» (One Belt One Road) របស់រដ្ឋាភិបាលចិន។
ទោះជាយ៉ាងណា លទ្ធផលនៃការ សិក្សាស្រាវជ្រាវ ទើបនឹងចេញផ្សាយដោយវិទ្យាស្ថានដែល Lowy Institute មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី (Australia) កាលពីថ្ងៃទី២៧ ខែមីនា រកឃើញថា ចិនខកខានមិនបានផ្តល់ប្រាក់កម្ចី ដើម្បី អនុវត្តគម្រោងចំនួន២៤ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងចំនួនទឹកប្រាក់រហូតដល់ទៅ ៥២ពាន់លានដុល្លារ ជាពិសេសចាប់តាំងពីមានការផ្ទុះជំងឺរាតត្បាតសាកលកូវីដ ១៩។
ប៉ុន្តែស្ទើរតែជាងពាក់កណ្ដាល នៃគម្រោងទាំងនេះ ត្រូវចិនលុបចោលកាត់បន្ថយ ទំហំ ឬមិនអនុវត្តតែម្ដង។ គម្រោងខ្នាតយក្សរបស់ចិនទាំងនេះ មានដូចជា ផ្លូវរថភ្លើងល្បឿនលឿន វាលយន្តហោះ ស្ពាន និងកំពង់ផែជាដើម។
កាលពីឆ្នាំ២០២៣ កម្ពុជា បានបើកដំណើរការវាលយន្តហោះសៀមរាបអង្គរអន្តរជាតិ ដែលមានតម្លៃជាង ១ពាន់លានដុល្លារ សាងសង់ក្រោមកម្ចីនៃ គម្រោងBRI របស់ចិន។ កាលពីឆ្នាំ២០២២ កម្ពុជាក៏សម្រេចបានគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ។
បច្ចុប្បន្នចិនកំពុងផ្តល់កម្ចី ដល់គម្រោងសាងសង់វាលយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល ក្នុងតម្លៃជាង ១ពាន់ ១រយលានដុល្លារ។ គម្រោងខ្នាតយក្ស ដែលគ្រោងនឹងបិទបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ដិតដាមដោយរឿងអាស្រូវនៃការតវ៉ា អំពើហិង្សា និងការចាប់ខ្លួនពលរដ្ឋជាច្រើននាក់ដោយសារតែជម្លោះដីធ្លីរ៉ាំរ៉ៃ។
រីឯគម្រោងព្រែកជីកហ្វូណន មកដល់ពេលនេះ ទើបតែមានព័ត៌មានសិក្សាគម្រោងអំពីក្រុមហ៊ុនចិនប៉ុណ្ណោះ៕