ក្រុមយុវជន និងពលរដ្ឋរស់នៅខេត្តភាគឦសានព្រមានថា ប្រសិនបើសហគមន៍អឺរ៉ុបផ្ដាច់ ឬផ្អាកការអនុគ្រោះពន្ធ បង្កប៉ះពាល់ប្រយោជន៍ជាតិធ្ងន់ធ្ងរនោះ គឺលោក ហ៊ុន សែន ត្រូវទទួលខុសត្រូវយ៉ាងសំខាន់ចំពោះមុខប្រវត្តិសាស្ត្រ និងទណ្ឌកម្មអន្តរជាតិ។ យុវជនខ្លះបង្ហោះវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុកប្រកាសជំហរជាថ្មីទៀតថា បើលោក ហ៊ុន សែន មិនបន្ទន់ឥរិយាបថស្វែងរកដំណោះស្រាយ វិបត្តិនយោបាយទេ គឺ កម្ពុជាចៀសមិនផុតខាតបង់ប្រយោជន៍ជាតិរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយកម្មករកម្មការិនីជិត ១លាននាក់នឹងបាត់បង់ការងារ។
ក្រុមយុវជន និងពលរដ្ឋមួយចំនួនរស់នៅខេត្តភាគឦសានព្រួយចិត្តជាថ្មីទៀត ខ្លាចក្រែងកម្ពុជាទទួលទណ្ឌកម្មអន្តរជាតិប៉ះពាល់សេដ្ឋកិច្ចជាប្រព័ន្ធដែលជាមូលហេតុនាំឲ្យខាតបង់ប្រយោជន៍ជាតិធ្ងន់ធ្ងរ។ ពួកគេអង្កេតឃើញថា វិស័យកាត់ដេរមិនត្រឹមតែផ្ដល់ប្រយោជន៍សម្រាប់តែកម្មករកម្មការិនីរោងចក្រទេ សេវាកម្មបន្ទប់ជួល ការលក់ម្ហូបអាហារ សេវាកម្មរថយន្តដឹកកម្មករ និងស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនក៏ទទួលបានផលពីកម្មកររោងចក្រដែរ។
ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី សង្កេតឃើញ ប្រសិនបើសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកផ្ដាច់អនុគ្រោះពន្ធមែននោះ ពលរដ្ឋខ្មែរទាំងមូលនឹងប្រឈមវិបត្តិហិរញ្ញវត្ថុ ជីវភាពធ្លាក់ចុះ ចំណាកស្រុកកាន់តែច្រើនឡើង។ លោកអង្កេតឃើញថា បច្ចុប្បន្នមានប្រជាជនខ្មែររាប់លាននាក់ជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលពួកគេបានខ្ចី ធ្វើផ្ទះសម្បែង និងសម្ភារជាដើម ហើយរំពឹងថា ប្រាក់ខែទទួលបានពីវិស័យកាត់ដេរនឹងបង្វិលសងម្ចាស់បំពុលវិញ តែបើវិស័យរោងចក្រមានបញ្ហាហើយនោះ ពួកគេនឹងបាត់បង់ការងារ។ លោកបារម្ភថា របបដឹកនាំសព្វថ្ងៃ ហាក់ទទួលរងឥទ្ធិពលប្រទេសប្លុកកុម្មុយនិស្ត និងអាចកើតមានសង្គ្រាមត្រជាក់ ដែលជាហេតុធ្វើឲ្យប៉ះពាល់ប្រយោជន៍ជាតិធ្ងន់ធ្ងរ៖ «ប្រសិនបើតទៅខាងមុខប្រទេសលោកសេរី គេមិនទទួលស្គាល់រដ្ឋាភិបាល ហើយគេដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហើយប្រទេសខ្មែរវិលទៅរកបញ្ហាធំ គឺរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ»។
យុវជនមួយចំនួនបានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសបុក ព្រមានរបបលោក ហ៊ុន សែន ថា ប្រសិនបើលោក ហ៊ុន សែន នៅតែមានៈមិនផ្សះផ្សារកដំណោះស្រាយនយោបាយទេ គឺលោក ហ៊ុន សែន ជាមេខ្លោងបង្កើតឲ្យកម្ពុជាទទួលរងទណ្ឌកម្មសេដ្ឋកិច្ចជាប្រព័ន្ធ នឹងប៉ះពាល់ប្រជាជនខ្មែររាប់លាននាក់។ លោកថា ការធ្វើនយោបាយមិនគិតផលប្រយោជន៍ជាតិ គឺចៀសមិនផុត នឹងធ្វើឲ្យជីវភាពប្រជាជនកម្ពុជាធ្លាក់ដុនដាប៖ «ខ្ញុំប្រាប់មុនឲ្យហើយ បើសិនជាហ៊ុន សែន មិនងាកមកចរចា ដើម្បីផលប្រយោជន៍ជាតិទេ ហ៊ុន សែន ជាអ្នកទទួលខុសត្រូវ ចំពោះមុខប្រវត្តិសាស្ត្រខ្មែរ»។
កន្លងទៅអាមេរិក និងសហគមន៍អឺរ៉ុបបានកាត់ផ្ដាច់ជំនួយ សម្រាប់រៀបចំបោះឆ្នោតទាំងស្រុង ទៅឲ្យគណៈគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយសារតែរបបលោក ហ៊ុន សែន បានរំលាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សហគមន៍អឺរ៉ុបក៏បានសំដែងការសោកស្ដាយចំពោះការបោះឆ្នោតដែលគ្មានការជឿជាក់។ រដ្ឋសភាអាមេរិកក៏បានអនុម័តច្បាប់ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីរបបលោក ហ៊ុន សែន ជិត២០នាក់បន្ថែមទៀត។
អនុប្រធានបណ្ដាញយុវជនកម្ពុជា លោក សរ ម៉ូរី លោកយល់ថា អ្នកនយោបាយកាន់អំណាច និង គណបក្សប្រឆាំង គួរតែចរចាគ្នា ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ធ្វើយ៉ាងណាធានាឲ្យបានថា សហគមន៍អឺរ៉ុប និងសហគមន៍អាមេរិកមិនផ្ដាច់អនុគ្រោះពន្ធ៖ «ប្រសិនជាវិបត្តិនយោបាយ ហើយស្ថានភាពកាន់តែអាក្រក់ទៅ។ ខ្ញុំអង្កេតឃើញថា មានគ្រួសារតិចណាស់ ដែលមិនជំពាក់បំណុលធនាគារ»។
សហភាពអឺរ៉ុប ដែលជាប្រទេសសមាជិក ២៨ប្រទេសនេះ បានរម្លឹករបបលោក ហ៊ុន សែន ជាច្រើនសារ ក្រោយបំពេញបេសកកម្មស្វែងរកការពិតរយៈពេលមួយសប្ដាហ៍ នៅកម្ពុជារួចមក សហភាពអឺរ៉ុប បានព្រមានរបបលោក ហ៊ុន សែន ជាចុងក្រោយ គឺគ្មានអ្វីក្រៅពីពិចារណាដាក់ទណ្ឌកម្ម រួមមានការការដកអនុគ្រោះពន្ធ ផ្នែកនាំចេញសំលៀកបំពាក់នោះទេ ប្រសិនបើរបបលោក ហ៊ុន សែន មិនព្រមស្តារប្រជាធិបតេយ្យឡើងវិញ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ពុំមែនគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលទទួលខុសត្រូវបញ្ហានេះទេ គឺអ្នកដែលដាក់ទណ្ឌកម្មនេះខ្លួនឯងទេ ជាអ្នកទទួលខុសត្រូវ។ លោកចាត់ទុកការព្រមានដាក់ទណ្ឌកម្មនេះ គ្រាន់តែជាចេតនានយោបាយ និងមនោគមវិជ្ជាដែលមិនឆ្លុះបញ្ចាំងការពិតជាក់ស្ដែង។ លោកថា ការគិត និងការភ័យព្រួយរបស់យុវជន និងពលរដ្ឋ គឺជាសិទ្ធិរបស់ពួកគេដែលមិនអាចហាមបាន៖ «អ្នកដាក់ហ្នឹងហើយជាអ្នកទទួលខុសត្រូវ និងមានការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យថយក្រោយ តែជាក់ស្ដែងអត់មានលទ្ធិប្រជាធិបតេយ្យថយក្រោយទេ ល្អជាងប្រទេសគាត់ផង។ ការដាក់ទណ្ឌកម្មនេះ មិនមែនការពិតជាក់ស្ដែងនៅកម្ពុជាទេ»។
ពលរដ្ឋរស់នៅខេត្តភាគឦសានថ្លែងមិនបញ្ចេញឈ្មោះ យល់ថា ប្រសិនបើសហគមន៍អឺរ៉ុបផ្ដាច់ឬផ្អាកអនុគ្រោះពន្ធមែននោះ អ្នកដែលប៉ះពាល់ខ្លាំងជាងគេគឺ ហ៊ុន សែន ខ្លួនឯងតែម្ដង ព្រោះលោកហ៊ុន សែន គឺជាមេដឹកនាំ និងជាអ្នកបង្ករឿងគ្រប់យ៉ាង ដើម្បីរក្សាអំណាច។ លោកថា រដ្ឋបាលលោកហ៊ុន សែន អាចនឹងរលាយដោយខ្លួនឯង ហើយពលរដ្ឋគ្រប់រូបនឹងថ្កោលទោស ប្រសិនបើមិនស្វែងរកដំណោះស្រាយនយោបាយឲ្យប្រសើរឡើងវិញនោះទេ៖ «ដល់ពេលគេធ្វើមែនទែនទៅ វាប៉ះពាល់សេដ្ឋកិច្ចខ្មែរអ្នករងគ្រោះ គឺពួកកម្មករហ្នឹង»។
បុរសដដែលបន្ថែមថា លោក ហ៊ុន សែន ហាក់កំពុងដឹកនាំប្រទេសវិលថយក្រោយ ដែលមិនត្រឹមធ្វើឲ្យសេដ្ឋកិច្ចពលរដ្ឋធ្លាក់ចុះទេ និងធ្វើឲ្យប្រទេសជិតខាងសើចសំអក និងមើលងាយជាតិសាសន៍ខ្មែរខ្លួនឯង។ លោកយល់ថា ប្រសិនបើលោក ហ៊ុន សែន ចង់ស្តារស្ថានការណ៍ឲ្យវិលថយក្រោយ គឺគ្មានអ្វីពិបាកទេ៖ «យូរទៅការងារប្រទេសមិនគិតគូរ បែរជាទៅគិតរឿង កែវ ពេជ្រចិន្ថា ( អ្នកចម្រៀង ) ព្រងើយ»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ អង្កេតឃើញថា ប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកបានផ្ដល់ការងារដល់ប្រជាជនខ្មែរច្រើន ដល់ក្នុងវិស័យកាត់ដេរ តែបើមានការផ្ដាច់ប្រព័ន្ធអនុគ្រោះមែននោះ នឹងបង្កប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកាត់ដេរ ដែលជាផ្នែកសំខាន់ផ្ដល់ការងារដល់កម្មករកម្មការិនី។ លោកថា បើកម្មករកម្មការិនីរាប់ម៉ឺនសែននាក់ អត់ការងារធ្វើ នឹងបង្កឲ្យខាតប្រយោជន៍ជាតិជាប្រព័ន្ធ ខណៈកម្មករមួយចំនួនជំពាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុ។ លោកអង្កេតឃើញថា វិស័យកាត់ដេរមិនត្រឹមតែផ្ដល់ប្រយោជន៍តែកម្មកររោងចក្រនោះទេ អ្នកមានបន្ទប់ជួល សេវាកម្មរថយន្តដឹកជញ្ជូនកម្មករ និងមីក្រូហិរញ្ញវត្ថុមួយចំនួនក៏ទទួលបានផលពីកម្មកររោងចក្រដែរ៖ «មីក្រូហិរញ្ញវត្ថុមួយចំនួន ក៏ទទួលបានផលពីកម្មករកម្មការិនីរោងចក្រដែរ យើងបារម្ភពីវិបត្តិថ្មី ដែលកើតឡើងក្នុងសង្គមហើយដែរ»។
លោក សន ជ័យ បន្ថែមថា បណ្ដាប្រទេសជាមិត្ត បានព្រមានដាក់លក្ខខណ្ឌអនុគ្រោះពន្ធ បំណងចង់ឃើញកម្ពុជាស្តារប្រជាធិបតេយ្យឡើងវិញ។ លោកយល់ថា ប្រមុខដឹកនាំប្រទេសក៏ជាអ្នករួមចំណែកទទួលខុសត្រូវអនាគតប្រទេសជាតិដែរ ប្រសិនបើកម្ពុជាទទួលទណ្ឌកម្មសេដ្ឋកិច្ច។ លោកមើលឃើញថា រឿងប្រព័ន្ធអនុគ្រោះពន្ធនេះប្រៀបដូចជាសន្លឹកបៀរមួយក្នុងដៃ ដែលមានប្រទេសជាមិត្ត រួមមានសភាពអឺរ៉ុប និងអាមេរិកជាដើម ដែលទាមទារឲ្យកម្ពុជាត្រូវតែរក្សាទុកឲ្យបានល្អ ដើម្បីជាប្រយោជន៍ដល់កម្មករកម្មការិនី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។