សហជីព​​ឯករាជ្យ​​បាន​​ដាក់​​​របាយការណ៍​​សម្រាប់​​​ចរចា​​ប្រាក់​ឈ្នួល​​​គោល​​កម្មករ​​ឆ្នាំ​២០២២

0:00 / 0:00

សហជីព​ដាក់របាយការណ៍​ទៅក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមានៅទី៧ ខែកញ្ញា ក្រោយ​ពេល​មេ​​ដឹក​នាំ​​សហជីព​​បាន​​ជជែក​​​ផ្ទៃ​ក្នុង។ របាយការណ៍​នោះ​បង្ហាញ​​ពី​​តួ​លេខ​ស្នើ​ដំឡើង​ប្រាក់​ជាង​២២(២២,២ដុល្លារ) ឬ​ប្រាក់ឈ្នួល​គោល​របស់​កម្មករ​សម្រាប់​ឆ្នាំ​បន្ទាប់​ គឺ២១៤,២ ដុល្លារ​ក្នុង​មួយ​ខែ ដើម្បីកំណត់​តួលេខ​រួម​ក្នុង​ការ​ចរចា​ជា​មួយ​និយោ​ជក​និង​រដ្ឋា​ភិបាល។ តំណាងនិយោ​ជក​ថា ​ស្នើ​សហជីព​ពិចារ​ណា​បញ្ហា​ប្រឈម​ពួក​គេ​ដោយ​សារ​ចំណូលថយ​ចុះ តែ​ចំណាយ​ច្រើន​ជាង​មុន។

ក្រុម​​ប្រឹក្សា​​ជាតិ​​ប្រាក់​​ឈ្នួល​​អប្បបរ​មា​​បាន​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី៧ ខែកញ្ញា ដោយ​មាន​ភាគី​រដ្ឋា​​ភិបាល សហជីព និង​និយោ​ជក ដើម្បី​បង្ហាញ​របាយការណ៍ មតិ​យោ​បល់ និង​សំណូម​ពរ ដើម្បី​​ចចារ​​ប្រាក់​​ឈ្នួល​​របស់​​កម្មករ​​ផ្នែក​វាយ​​នភណ្ឌ​​កាត់​ដេរ និង​​ផលិត​​​ស្បែក​​ជើង​​សម្រាប់​​ឆ្នាំ​ប​ន្ទាប់។ ក្រុម​​សហ​ជីពបាន​ធ្វើ​បទ​បង្ហាញ​ពី​បាយការណ៍​ស្រាវជ្រាវ​និង​ដាក់​តួលេខ​ស្នើ​ដំឡើង​ជាង​២២(២២,២ដុល្លារ) ឬប្រាក់​ខែ​គោល​របស់​កម្មករ​ឆ្នាំ​២០២២ ចំនួន​ជាង​​២១៤(២១៤,២ ដុល្លារ)ក្នុង​មួយ​ខែ។

ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​កម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ បាន​ប្រាប់​អាស៊ី​សេរីក្រោយ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរ​មាថា តួលេខ​ដែល​សហជីព​ស្នើ​នេះ​មិន​ប៉ះពាល់​ដល់​និយោ​ជក​នោះ​ទេ ព្រោះ​សហជីព​ស្នើ​ឡើង​ដោយត្រឹម​ត្រូវ សម​ហេតុ​ផល និង​មិន​ហួស​ហេតុ​នោះ​ទេ។ លោក​ស្រី​ថា ​តួ​លេខ​នេះបាន​មក​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​បែប​បច្ចេក​ទេស​ដោយ​បាន​មក​ពី​ទឡ្ហីករណ៍​​នៃ​របាយ​ការណ៍​រដ្ឋាភិបាល ធនាគារ​ពិភព​លោក អង្គការ​អន្តរជាតិ​ខាងការងារ (ILO)ស្រប​តាម​កត្តា​ទីផ្សារ សេដ្ឋ​កិច្ច ការ​ប្រកួត​ប្រជែង​និង​ការ​នាំចេញ​ជា​ដើម។ អ្នក​ស្រី​​សង្កេត​ឃើញ​ថា​ ស្ថាន​​ភាព​នេះ​​​កម្មករ​​​ប្រឈម​បញ្ហា​សេដ្ឋ​​កិច្ច ដោយ​សារ​ប្រាក់ឈ្នួល​គោល​កន្លង​មក​​មិន​ទាន់​ធានា​ការ​រស់​នៅ​សម​នៅឡើយ៖ «មិន​គួរ​ណា​ជួយ​តែ​វិស័យ​ឯក​ជន​ យើង​បំភ្លេច​កម្មករ​យើងទុក​កម្មករ​ដោយ​ឡែក​សិន ខ្ញុំ​គិត​ថា​ ចំណុច​ហ្នឹង​ខ្ញុំ​ទទួល​យក​អត់​បាន​ទេ ខ្ញុំ​ឱ្យពួក​គាត់​វិភាគ​សិន​ថា ​ប្រាក់​ឈ្នួល​ដែល​កម្មករ​ទទួល​បាន​មួយ​ខែ​១៩២ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ពេល​កម្មករ​ដែល​កម្មករ​គាត់​ធ្វើការ​ដោយ​អត់​ថែម​ម៉ោង គាត់​ធ្វើការ ​៨ម៉ោង​ក្នុង​មួយ​ថ្ងៃ ​គឺ​មិន​អាច​រស់​បាន​ទេ​ ពី​ព្រោះ​គាត់​ត្រូវ​ចិញ្ចឹមគ្រួសារ​នៅ​ក្នុង​បន្ទុក​គ្រួសារ​គាត់​ទៀត ចឹង​បើ​សិន​គាត់​ថា​ រស់​បាន​ឱ្យ​គាត់​ចាយឱ្យ​កម្មករ​មើល តើ​កម្មករ​ទាម​ទារ​ហ្នឹង​ខុស​ទេ គាត់​អត់​ត្រឹមត្រូ​វ​ទេ គាត់​រស់បាន​អត់»។

អ្នកស្រី​ឱ្យ​ដឹង​ថា​ ខាង​រដ្ឋា​ភិបាល​ក៏​បាន​ធ្វើ​បទ​បង្ហាញ​លក្ខណៈ​វិនិច្ឆ័យ​ចំនួនប្រាំពីរ​ ដូច​ជា ​ស្ថាន​ភាព​គ្រួសារ ស្ថាន​ភាព​អតិផរ​ណា​ទី​ផ្សារ ការ​ចំណាយ​ក្នុងការ​រស់​នៅ កត្តា​ផលិត​ភាព ភាព​ប្រកួត​ប្រជែង ស្ថាន​ភាព​ទីផ្សារ និង​កម្រិត​ចំណា​ថ្នាក់​វិស័យ រួម​ជា​មួយ​បញ្ហា​ប្រឈម​និង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​វីដ​១៩ផង​ដែរ។ ចំណែក​ភាគី​និយោជក​ស្នើ​សហជីព​រក្សា​អ្នក​វិនិ​យោគទុន ដោយ​មិនគួរ​លើក​ឡើង​នូវ​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​​ពេល​នេះ​នោះទេ។ អ្នក​ស្រី​​ស្នើ​ឱ្យ​​គ្រប់​​ភាគី​​គួរ​​ជជែក​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​​ផ្អែក​​លើ​​​មូល​​ដ្ឋាន​​ច្បាប់​ដែល​ធានា​ថា កម្មករ​ត្រូវ​ទទួល​បាន​​ប្រាក់​​ឈ្នួល​រស់​នៅ​ក្នុង​ជីវ​ភាព​សមរម្យ​និង​ថ្លៃ​ថ្នូរ។

វិទ្យុ​អាស៊ី​​​​​​​​​​សេរី​​​​​​​​​មិន​​​​​​​​អាច​​​​​​​​​ទាក់​​​​​​​​​ទង​​​​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​ងារ និង​​បណ្តុះ​​បណ្តាលវិជ្ជា​​ជីវៈលោក ហេង សួរ ដើម្បី​​​​​​​បញ្ជាក់​​ជុំវិញ​​រឿង​​នេះ​​បាន​​ទេ ​​នៅ​​​​​​ថ្ងៃ​​​​ទី​​​៧ ខែកញ្ញា ដោយ​​​​​​​ទូរ​​​ស័ព្ទ​​​​​​ចូល​​​ពុំ​​​​​​មាន​​​​​​​អ្នក​​​​​​​ទទួល។

ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នៃ​ក្រសួងការ​ងារ​បាន​បញ្ជាក់​ថា​ កិច្ចប្រជុំ​បាន​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​គោល របស់​កម្មករ​និយោ​ជិត​ផ្នែក​វាយនភណ្ឌ កាត់​ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០២២ បាន​ធ្វើ​បច្ចុប្បន្នភាព​ស្ថិតិ​សំខាន់ៗ​អំពី​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម​និង​សេដ្ឋ​កិច្ច រួម​ទាំង​​បញ្ហជំងឺ​កូវីដ​-១៩។ ក្រសួង​ការ​ងារ និងបណ្តុះ​បណ្តាល​វិជ្ជា​វីវៈ​លើក​ឡើង​នូវរបាយការណ៍​របស់​អង្គការ​អន្តរ​ជាតិ​ខាង​ការ​ងារ​ឆ្នាំ​២០២០-២០២១ ថា​ការ​កែសម្រួល​ប្រាក់​ឈ្នួល​ទាម​ទារ​ឱ្យ​រក្សា​​តុល្យ​ភាព និង​ធានា​ដល់​ការ​រក្សា​ការ​ងារ និង​ស្ថេរ​ភាព​រោងចក្រ សហគ្រាស ​ប្រាក់​ចំណូល​សម្រាប់​កម្មករ​និងគ្រួសារ​ពួក​គេ។

ចំណែក​​អគ្គ​​លេខា​​ធិការ​​សមា​គម​រោង​​ចក្រ​​កាត់​​ដេរ​​នៅ​​កម្ពុជាលោក ខេន លូ ប្រាប់​អាស៊ី​សេរី​ថា ភាគី​និយោ​ជក​មិន​ទាន់​លើក​ឡើង​តួលេខ​ជាក់​ស្តែង​ដើម្បីពិភាក្សា​ប្រាក់​ឈ្នួល​គោល​សរបស់​​កម្មករ​​សម្រាប់​ឆ្នាំ​២០២២​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ភាគី​និយោជក​បាន​ស្នើ​ឱ្យ​សហជីព​ពិចារណា​បញ្ហា​ជាក់​ស្តែងលើ​ការ​ចំណាយ​របស់​និយោ​ជកដែល​កើន​​ឡើង​ដោយសារ​​​ទិញ​​ម៉ាស អាល់កុល ធ្វើ​តេស្ត​ជំងឺ​កូវីដ​-១៩ ស្រប​ពេល​ដែល​ចំណូល​ថយ​ចុះ។ លោក​បដិសេធ​បក​ស្រាយ​ជុំវិញ​តួលេខ​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល ​២២,២ ដុល្លារ របស់​ក្រុម​សហជីព ដោយ​លោក​លើក​ហេតុ​ផល​ថា​ មិន​ទាន់​ពិនិត្យ​របាយ​ការណ៍ ប៉ុន្តែ​លោកទុក​រឿង​នេះ​ពិភាក្សា​នៅ​សប្តាហ៍​ក្រោយ៖ «នៅ​ប្រទេស​ជិត​ខាង​ប្រទេស​ដែល​ផលិត​ខោ​អាវ​ដូច​គ្នា អត់​មាន​ប្រទេស​ណា​ក្រៅ​ពី​ស្រុក​ខ្មែរ​ដំឡើង​ប្រាក់​ឈ្នួល​ឆ្នាំ​២០២១​ទេ ទី​២​ចង់និយាយ​ថា​ប្រទេស​ជិត​ខាង​ប្រកាស​ឆ្នាំ​ក្រោយ​ក៏​អត់​ឡើង​ដែរ គេ​ផ្អាក​ចរចាមានតែ​​ស្រុក​ខ្មែរ​យើង​នៅ​រក្សា​ការ​ចរចា​ដដែល​ជួប​គ្នា​ចរចា»។

លោក ខេន លូ អះ​អាង​ថា ​ការ​នាំ​ចេញ​របស់​រោង​​ចក្រ​​កាត់​​ដេរ​​នៅ​​កម្ពុជា​បានធ្លាក់​ចុះ​ជាង ០,៥% បើ​ធៀប​នឹង​ ៦ ខែ​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០។ ប៉ុន្តែ​ការលើក​ឡើង​នេះ ​ផ្ទុយ​នឹង​របាយ​ការណ៍​អគ្គ​នា​យក​​ដ្ឋាន​​គយ និង​​រដ្ឋករ​​កម្ពុជា ​បាន​​បង្ហាញ​​​តួ​លេខ​​ទំហំ​​​ពាណិជ្ជ​​កម្ម​​​អន្តរ​​ជាតិ​​​ក្នុង​​ឆមាសទី១​ ឆ្នាំ២០២១ ដោយ​ការ​​នាំ​​ចេញ​​ផលិត​​ផល​​​កាត់​​ដេរ​​​មាន​​ចំនួន​​ជាង​ ៤ពាន់៧​រយ​​លាន​​ដុល្លារ​​អាមេរិក (៤,៧២១.៤)​ គឺ​កើន​​ឡើង​​ជាង ​៤០លាន​​ដុល្លារ​​​អាមេរិក (៤០.២)​ ស្មើ​​ជិត​១ភាគ​​រយ (០.៩%)​ ធៀប​​នឹង​​រយៈ​​ពេល​​​ដូច​​គ្នា​​ឆ្នាំ​ ២០២០​។

កម្មករ​​រោង​​ចក្រ​​កាត់​​ដេរ នៅ​​រាជ​ធានី​​ភ្នំពេញលោក​ស្រី អ៊ុក ចន្ធី លើក​​ឡើង​​ថា រំ​ពឹង​ថា​រដ្ឋា​ភិបាល​នឹង​ថៅ​កែ​រោង​ចក្រយក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​កម្មករ​ដោយ​ជួយដំឡើង​ប្រាក់​ខែ​គោល​សមរម្យ ដើម្បី​ពួក​គាត់​អាច​ដោះ​ស្រាយ​ជីវភាព​​ក្នុង​ស្ថានភាព​​រីក​​រាល​​ដាល​​ជំងឺ​​កូវីដ​-១៩។ លោក​ថា ​​ប្រាក់​​ឈ្នួល​​ប្រចាំខែ​​ដែល​​រដ្ឋា​ភិបាល ដំឡើង​កន្លង​ទៅ​តិច​តួច ​មិន​​ឆ្លើយ​​តប​​នឹង​​តម្រូវ​ការ​​​របស់​​កម្មករ​​ទេ។ លោក​ស្រី​ឱ្យ​ដឹង​ថា​ កម្មករ​កំពុង​​ជួប​បញ្ហា​ជីវភាព​ដែល​ត្រូវ​ចំណាយ​ច្រើន​មុន​ដោយ​ទំនិញ​លើ​ទី​ផ្សារ​ឡើង​ថ្លៃ បំណុល​ធនាគារ​និង​ឯក​ជន ខណៈ​រដ្ឋា​ភិបាល​មិន​ទាន់កំណត់ ប្រាក់​ខែ​គោល​តែ​ម្ចាស់​​ផ្ទះ​ជួល​​ប្រកាស​ឡើង​ថ្លៃ​ចំនួន​ ១០ ​ដុល្លារ​បន្ថែមទៀត។ លោក​ស្រី​​សង្ឃឹម​​ថា ​​នៅ​​ឆ្នាំ​​២០២២ ក្រសួង​​នឹង​​សម្រប​​សម្រួល​​ឱ្យ​​កម្មករ​​ទទួល​​បាន​​ប្រាក់​​ខែ​​គោល​​ខ្ពស់៖ «ពេល​សហជីព​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ឱ្យ​កម្មករ​ចឹង គាត់​តែង​តែ​ថា​ គាត់​ហ្នឹង​ខាត​ មកពី​សម័យ​កូវីដ​នេះ​គាត់​យក​លេស​ថា ​មក​ពី​កូវីដ​មិន​អាច​ដំឡើង​ប្រាក់​ខែបាន​ តាម​ពិត​ការ​រីក​ចម្រើន​រោង​ចក្រ​មួយៗ​អត់​មានរឿង​ថយ​ទេ មាន​តែ​រីក​ចម្រើន​បង្កើត​សាខា​ផ្សេងៗ​ទៀត​ បើ​ថា​ខាត​បង់​អត់​មានខាត​ទេ​ ហើយ​មិន​ព្រម​ដំឡើង​ប្រាក់​ខែ​ឱ្យ​កម្មករ នេះ​គឺ​ជា​លេស​ដោះ​សាររបស់​ថៅ​កែ​រោង​ចក្រ»។

មន្រ្តី​​គ្រប់​​គ្រង​​កម្ម​​វិធី​​សិទ្ធិ​​ការ​ងារ​​នៃ​​មជ្ឈ​មណ្ឌល​​សម្ព័ន្ធ​ភាព​ការ​​ងារ និង​សិទ្ធិ​មនុស្ស​​ហៅ​​កាត់​​អង្គ​ការ​​សង់​​ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍​ថា​កម្មករ​គួរ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​សម​រម្យ ស្របតាម​ស្ថាន​ភាព​សេដ្ឋ​កិច្ច​និង​សង្គម​បច្ចុប្បន្ន។ លោក​​យល់​ថា​ និយោ​ជក​មានលទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​គោល​ចំនួន​ ២២,២ ដុល្លារ​ដល់​កម្មករ​ដែល​មិន​ប៉ះពាល់​ដល់​ពួក​គេ​នោះ​ទេ ព្រោះ​កន្លង​មក​ការ​នាំ​ចេញ​កើន​ឡើង ការ​បញ្ជា​ទិញដំណើរ​ការ​ធម្មតា ចំណែក​រដ្ឋា​ភិបាល​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ដែល​ធ្វើ​ឱ្យ​កម្មករ​ខាត​បង់​ផល​ប្រយោជន៍​បន្ថែម​ទៀត​ផង។

កាល​​​ពី​​​ឆ្នាំ​​​២០២១ កន្លង​​​ទៅ រដ្ឋា​ភិបាល​​​បាន​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​សម្រាប់​​​កម្មករ​​​និយោជិត​​​ផ្នែក​​​វាយ​​នភណ្ឌ​​​កាត់​​​ដេរ និង​​​ផលិត​​​ស្បែក​​​ជើង​​​ពី ១៩០​​​ដុល្លារ ទៅ ១៩២​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ ហើយ​​​បើ​​​គិត​​​រួម​​​ទាំង​​​អត្ថ​​ប្រយោជន៍​ផ្សេងៗ​​​ដែល​​​មាន​​​ស្រាប់ ជា​​​មធ្យម​​​កម្មករ​​​និយោ​​ជិត​​​ម្នាក់ៗ​​​ទទួល​​​បាន​​​ប្រាក់​ចំណូល​​​យ៉ាង​​​តិច​ពី ២៥០​​​ដុល្លារ​​​ដល់ ៣០០​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ។

របាយការណ៍​​​របស់​​​ក្រុម​​​​សហជីព​​​ថ្មីៗ​​នេះ​​បង្ហាញ​​ថា ​កម្មករ​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​វិស័យ​កាត់​​​ដេរ​​​សម្លៀក​​​បំពាក់​​​ស្បែក​​​ជើង និង​​​ឧសហ្សហ​កម្ម​​​ស្បែក​​​ជើង​​​បាន​​​បាត់​​​បង់​ប្រាក់​​​ឈ្នួល​​​ប្រមាណ ១០៩​​លាន​​ដុល្លារ​​​អាមេរិក​​​អំឡុង​​​​ការ​​​​រាត​​​ត្បាត​​​​​ជំងឺ​​​កូវីដ-១៩ និង​​​​ការ​​​​បិទ​​​ខ្ទប់​​​ចន្លោះ​​​ខែ​​​មេសា និង​​​ខែ​​ឧសភា ដោយ​​​សារ​​​និយោ​​ជក​​​​មិន​​​​ផ្តល់​​ប្រាក់​​​ឈ្នួល​​​​ទាំង​​​នោះ​​​​ឱ្យ​​​​ពួក​​​គាត់។ របាយ​ការណ៍​​​ដដែល​​​​ឱ្យ​​​ដឹង​​​ទៀត​​​ថា គួប​ផ្សំ​​​នឹង​​​ប្រាក់​​​ឈ្នួល​​​និង​​​ប្រាក់​​​អតីត​​ភាព​​​ការ​​ងារ​​​រយៈ​​ពេល ​​​១៣ ​ខែ​​​ដំបូង​​​នៃ​​​ការ​​​រាត​ត្បាត​​​ជំងឺ​​​កូវី​ដ-១៩ ដែល​​​និយោ​​ជក​​​ជំពាក់​​​កម្ម​ករ​​ផង ការ​​​​ខាត​​​បង់​​​សម្រាប់​​​​កម្មករ​​មាន​​​​រហូត​​​​ដល់​​​ជិត ៤​រយ​​​លាន​​​ដុល្លារ(៣៩៣)។​ ជា​​​មួយ​​​គ្នា​​នេះ ​​ក្រុម​​សហជីពទទូច​​​ដល់​​​​ក្រុម​​​​ហ៊ុន​​​​បញ្ជា​​​ទិញ​​ធំៗ និង​​​​ម៉ាក​​​យី​​​ហោ​​​ល្បីៗ​​​ឱ្យ​​​​ជួយ​​​​អន្តរា​​​គមន៍​​ចំពោះ​​​ការ​​​កេង​​​ប្រវ័ញ្ច​​​អត្ថ​​​ប្រយោជន៍​​​​របស់​​​​កម្មករ​ ព្រោះ​​​កន្លង​​​ទៅ​​​ក្រុម​​​​ហ៊ុន​​​​ធំៗទាំង​​​នោះ​​​​មិន​​​​បាន​​​​ជួយ​​​​ដោះ​​​ស្រាយ​​​​​ករណី​​​រំលោភ​​​សិទ្ធិ​​​ការ​​​ងារ​​​នេះ​​​ទេ។

ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​កំណត់​យក​ថ្ងៃទី១៤ ទី២១ និងទី២៨ ខែ​កញ្ញា ដើម្បី​ប្រជុំ​ចរចា​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មការ​ឆ្នាំ​២០២២ ដោយ​ត្រូវ​បញ្ចប់​មុន​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។