រដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យមើលសំណើរបស់ក្រុមហ៊ុន គ្រីសអ៊ែនណើជី (KrisEngergy)របស់ប្រទេសសិង្ហបុរី ដែលបានស្នើសុំពន្យារពេលបូមប្រេងជាលើកដំបូងនៅប្លុក អេ (A) ក្នុងដែនសមុទ្រកម្ពុជាជាប់ប្រទេសថៃ ដែលគ្រោងចាប់ផ្ដើមបូមនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុនមួយនេះ ស្នើសុំពន្យារពេលរហូតដល់ខែមេសា ឆ្នាំ២០២១ខាងមុខ។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ ថ្លែងប្រាប់បណ្តាញព័ត៌មានគាំទ្ររដ្ឋាភិបាលថា ការស្នើសុំពន្យារពេលបូមប្រេងរបស់ក្រុមហ៊ុន KrisEnergy នេះ ដោយសារ ជំងឺកូវីដ១៩ ធ្វើឲ្យ ប៉ះពាល់ដល់ ការនាំចូល ឧបករណ៍សម្ភារៈ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាកំពុងតែពិនិត្យសំណើនេះថា តើគួរតែអនុញ្ញាត ឬយ៉ាងណា ប៉ុន្តែលោកបញ្ជាក់ថា តាមលក្ខខណ្ឌប្រសិនបើក្រុមហ៊ុន មិនអាចបូមដំណក់ប្រេងជាលើកដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមការសន្យាបានទេ គឺរដ្ឋមានសិទ្ធិផាកពិន័យផ្សេងៗ។ លើសពីនេះ ប្រសិនបើកម្ពុជា ពន្យារពេលឲ្យរហូតដល់ខែមេសា ឆ្នាំ២០២១ ប៉ុន្តែក្រុមហ៊ុនមួយនេះ នៅតែមិនទាន់អាចបូមប្រេងបានទៀត គឺរដ្ឋមានសិទ្ធិដកហូត ឬបញ្ចប់កិច្ចព្រមព្រៀង។ ទោះជាយ៉ាងណាក្ដី មន្ត្រីរដ្ឋាភិបាលរូបនេះ នៅតែរំពឹងថា ការបូមដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងអាចសម្រេចបាននៅចុងឆ្នាំ២០២០ នេះ ដោយសារតែក្រុមហ៊ុន KrisEnergy បានសាងសង់ស្ថាននីយបូមប្រេងរួចរាល់អស់ទៅហើយ។
អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត លោក ជៀប សួរ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយសារទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា ការពន្យារពេលម្តងហើយម្តងទៀតនេះ គឺបង្ហាញពីសញ្ញាណនៃភាពមិនច្បាស់លាស់ក្នុងប្រតិបត្តិការបូមប្រេងនៅកម្ពុជា។ លោក បន្តថា ការបូមដំណក់ប្រេងលើកដំបូងដើម្បីបម្រើប្រយោជន៍ជាតិជារឿងមួយសំខាន់ ប៉ុន្តែលោកព្រួយបារម្ភអំពីតម្លាភាពនិងសុចរិតភាពនៃការគ្រប់គ្រងចំណូលដែលបានមកពីការបូមប្រេងនេះ។ ទោះជាយ៉ាងណា លោកកត់សម្គាល់ឃើញថា ក្រុមហ៊ុន KrisEnergy ដែលប្រតិបត្តិការបូមប្រេងនេះ មានការអនុលោមតាមច្បាប់ខ្ពស់ ដូច្នេះលោក រំពឹងថា ប្រតិបត្តិការរបស់ក្រុមហ៊ុននេះ នឹងធានាបាននូវគណនេយ្យភាព និងតម្លាភាពក្នុងការចាត់ចែងចំណូលដ៏សំខាន់នៃធនធានដ៏កម្រនេះ៖ « កំពុងតែមានបញ្ហានេះ ខ្ញុំគិតថា បើសិនជាយើងអាចរៀបចំយន្តការនៃការគ្រប់គ្រងធនធានរ៉ែ ហើយគ្រប់គ្រងថវិកាជាចំណូលចេញពីរ៉ែនេះឲ្យបានល្អសិនមុននឹង យើងទាញយករ៉ែប្រេងកាតក្ដីរ៉ែផ្សេងៗ ទៀតក្ដី ខ្ញុំគិតថា ជារឿងមួយសំខាន់ ព្រោះធនធានរ៉ែជាធនធានចុងក្រោយ ។ បើកាលណាយើងដកយកធនធានរ៉ែ ហើយបើយើងមានលទ្ធភាពនៃការគ្រប់ គ្រងចំណូលនៅខ្សោយ យើងអាចបាត់បង់ធនធានដែលកម្រហ្នឹងអស់ទៅទៀត ក្នុងរយៈពេល ២០ ឬ ៣០ឆ្នាំទៅមុខ ដូច្នេះធ្វើឲ្យប្រទេសយើងអស់លទ្ធភាពនៅក្នុងការប្រើប្រាស់ធនធាននៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិណាស់ ។ ដូច្នេះនៅក្នុងដំណាក់កាល ដែលយើងមានភាពមិនច្បាស់លាស់នេះ ខ្ញុំគិតថា ការពន្យារពេលជាការល្អជាង ដែលយើងធ្វើទៅទាំងមិនច្បាស់លាស់ ហើយភាព ស្រពិចស្រពិលច្រើន » ។
កាលពីថ្ងៃទី២៦ ខែ សីហា កន្លងទៅ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន KrisEnergy លោក ខេវ៉ិន តាង (Kelvin Tang) អះអាងថា កម្ពុជានឹងអាចបូមដំណក់ប្រេងឆៅដំបូងនៅដំណាច់ឆ្នាំ២០២០ នេះ។ កាលនោះ លោកថ្លែងឲ្យដឹងថា ក្រុមហ៊ុនបានសង់កូនស្ថានីយបូមប្រេងឆៅ សម្រាប់ប្លុក A រួចរាល់ហើយ និងកំពុងដឹកក្បាលអណ្ដូងសម្រាប់បូមប្រេងឆៅនោះ ពីដែនគោកទៅកាន់លំហសមុទ្រត្រង់កន្លែងដែលមានប្រេងឆៅ នៅប្លុក A។ ប្លុក A នេះគ្របដណ្តប់លើផ្ទៃសមុទ្រទំហំប្រមាណ ៤.៧០៩ គីឡូម៉ែត្រក្រឡា។ ក្រុមហ៊ុនមួយនេះប៉ាន់ស្មានថា អណ្តូងប្រេងនេះ នឹងអាចបូមបានច្រើនបំផុតត្រឹម ៧.៥០០ ធុង (ឬបារ៉ែល) ក្នុងមួយថ្ងៃ។
កន្លងមកដំណឹងនៃដំណក់ប្រេងដំបូងនេះភ្លឹបភ្លែតដូចអំពិលអំពែក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១១ បានប្រកាសថា កម្ពុជានឹងបានបូមដំណក់ប្រេងដំបូង នៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ នៅវេលាម៉ោង១២។ ប៉ុន្តែគម្រោងនេះត្រូវបានបរាជ័យទៅវិញ ដោយសារកាលនោះ ក្រុមហ៊ុនអាមេរិកឈ្មោះ ឆេវរ៉ុន (Chevron) បានពន្យារពេលថា រហូតទៅដល់ឆ្នាំ២០១៦។ ឆ្នាំ២០១៦ នោះ មិនទាន់ចូលមកដល់ផង ក្រុមហ៊ុន ឆេវរ៉ុន ដែលខំសិក្សា និងរុករកប្រេងនៅប្លុក A អស់មួយទសវត្សទៅហើយនោះ ស្រាប់តែសម្រេចផ្ទេរទៅឲ្យក្រុមហ៊ុន KrisEnergy វិញ ក្រោយពេលរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងពន្ធលើកម្រៃដែលបានពីប្រេងឆៅនេះ ពី ២៥% ទៅ ៣០%។ ការតម្លើងពន្ធ ទាំងមិនទាន់បូមបានប្រេងមួយដំណក់នៅឡើយនេះ ធ្វើឲ្យក្រុមហ៊ុនអាមេរិកមិនយល់ព្រម។
តាំងពីពេលនោះ ដំណឹងនៃដំណក់ប្រេងដំបូង ក៏បាត់សូន្យឈឹង។ រហូតដល់ជិតចុងឆ្នាំ២០១៩ ពោលគឺពីរឆ្នាំក្រោយរបបក្រុងភ្នំពេញរម្លាយគណបក្សសង្គ្រោះជាតិ ទើបមេដឹកនាំរបបនេះ គឺលោក ហ៊ុន សែន ថា កម្ពុជានឹងបូមបានតំណក់ប្រេងដំបូងនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២០។
ឥឡូវនេះ ក្រុមហ៊ុន KrisEnergy បានប្រកាសស្នើសុំពន្យារពេលជាថ្មីម្ដងទៀត។ សម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A នេះ ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) របស់ប្រទេសសិង្ហបុរី កាន់កាប់ភាគហ៊ុន ៩៥ភាគរយ ចំណែក ៥ភាគរយទៀត គឺជាភាគហ៊ុនរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។