លោក ហេង សួរ៖ ម្ចាស់​រោងចក្រ​ចង់​បិទ​រោងចក្រ ជាង​ព្យួរ​ការងារ​កម្មករ

ដោយ មួង ណារ៉េត
2020-04-28
Share
ហេង សួរ លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។
រូប៖ ហ្វេសប៊ុក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

តំណាង​ក្រសួង​ការងារ​បញ្ជាក់​ថា ម្ចាស់​រោងចក្រ មាន​បំណង​បិទ​រោងចក្រ ច្រើន​ជាង​ព្យួរ​កិច្ចសន្យា​ការងារ​កម្មករ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​ការងារ ជំរុញ​ឲ្យ​រោងចក្រ​ព្យួរ​កិច្ច​សន្យា​ការងារ ដើម្បី​កម្មករ​ទទួល​បាន​អត្ថប្រយោជន៍ ជាង​បិទ​រោងចក្រ។

រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ លើក​ឡើង​ថា ចំនួន​រោងចក្រ ដែល​បាន​ដាក់​ពាក្យ​ព្យួរ​កិច្ច​សន្យា​ការ​ងារ​កម្មករ មាន​ជាង ១៣០ រោងចក្រ​ដដែល។ ប៉ុន្តែ​ភាគ​ច្រើន ម្ចាស់​រោងចក្រ​ទាំង​នោះ ចង់​បិទ​រោង​ចក្រ​ច្រើន​ជាង​ព្យួរ។

លោក​អះអាង​ថា រដ្ឋាភិបាល បាន​សម្របសម្រួល​ជា​មួយ​ថៅកែ កុំ​ឲ្យ​បិទ​រោងចក្រ​ភ្លាមៗ ដើម្បី​ជា​ប្រយោជន៍​កម្មករ។ គោល​បំណង​បិទ​រោងចក្រ ដោយសារ​ក្រុម​អ្នក​បញ្ជា​ទិញ​នៅ​ក្រៅ​ប្រទេស បាន​លុប​ចោល​ការ​កុម្ម៉ង់​ទិញ ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ទំនិញ។

ថ្លែង​ក្នុង​កម្មវិធី​សន្និសីទ​សារ​ព័ត៌មាន រៀបចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី២៧ មេសា លោក ហេង សួរ រំពឹង​ត្រឹម​ខែ​មិថុនា​ខាង​មុខ បើ​ស្ថានភាព​កូវីដ១៩ (Covid-19) នៅ​ក្នុង​ប្រទេស​អ្នក​បញ្ជា​ទិញ ពិសេស​អឺរ៉ុប និង​អាមេរិក អាច​ទប់ទល់​បាន វិស័យ​កាត់​ដេរ នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ។ តែ​បើ​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​តែ​បន្ត​រាតត្បាត លោក​ថា រដ្ឋាភិបាល​ទំនង​លើក​ទឹក​ចិត្ត​ឲ្យ​កម្មករ ងាក​ទៅ​រក​វិស័យ​កសិកម្ម​វិញ៖ «យើង​ត្រូវ​ពិនិត្យ​មើល​ថា តើ​ក្នុង​ខែ៦ ខាង​មុខ​នេះ តើ​ជំងឺ​កូវីដ វា​អាច​នឹង​ថមថយ​កម្លាំង​ដែរ​ឬ​ទេ? បើ​សិន​ជា​នៅ​ក្នុង​ខែ៦ នេះ ជំងឺកូវីដ ជា​ពិសេស នៅ​ប្រទេស​អភិវឌ្ឍន៍​មាន​ការ​ទប់ទល់​បាន នោះ​វិស័យ​ឧស្សាហកម្ម​របស់​យើង ដែល​មាន​ស្រាប់​នេះ គឺថា អាច​នឹង​មាន​ការ​រស់​ឡើង​វិញ។ ប៉ុន្តែ​បើ​សិន​ជា​វា​មាន​វិបត្តិ​អូស​យូរ​ហ្នឹង​ត​ទៅ​ទៀត រដ្ឋាភិបាល ក៏​បាន​នូវ​រៀបចំ​សេណារីយ៉ូ​ផ្សេង​ទៀត រួម​ទាំង​មាន​ការ​បណ្ដុះបណ្ដាល ដើម្បី​ប្ដូរ​ជំនាញ បង​ប្អូន​របស់​យើង ដើម្បី​ងាក​ទៅ​ឧស្សាហកម្ម​ផ្សេង​ទៀត ហើយ​នៅ​ក្នុង​នោះ សម្ដេច​នាយក​ក៏​លោក​ធ្លាប់​មាន​ប្រសាសន៍​ដែរ​ថា កម្ពុជា​នៅ​មាន​សក្ដានុពល​ផ្នែក​កសិកម្ម​ច្រើន»

លោក ហេង សួរ បន្ត​ថា ការ​ព្យួរ​កិច្ចសន្យា​ការងារ​របស់​រោងចក្រ​ជាង១៣០ បាន​ប៉ះពាល់​ដល់​កម្មករ​ជិត​ដប់​ម៉ឺន (១០០.០០០) នាក់។ លោក​អះអាង​ថា រដ្ឋាភិបាល​កំពុង​ដំណើរ​ការ​នីតិវិធី ផ្ដល់​ប្រាក់​អត្ថប្រយោជន៍ ព្យួរ​ការងារ ៧០ដុល្លារ ដល់​កម្មករ។ ដូច្នេះ​កម្មករ គួរ​កុំ​ឲ្យ​ប្ដូរ​លេខ​ទូរស័ព្ទ និង​រក្សា​អត្តសញ្ញាណប័ណ្ណ ដើម្បី​ឲ្យ​ខាង​រោងចក្រ​ងាយ​ស្រួល​ទំនាក់ទំនង និង​ផ្ទៀងផ្ទាត់។

បើទោះ​ជា​យ៉ាង​ណា​ក្តី របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បញ្ជាក់​ថា រោងចក្រ​ចំនួន៦ បាន​បិទ​ជា​ផ្លូវ​ការ​ហើយ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​កម្មករ ជាង​ប្រាំ​មួយ​ពាន់ (៦ ០៥២)នាក់។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ខេន លូ បាន​ទេ នៅ​ថ្ងៃ​ទី២៧ មេសា ដោយសារ លោក​ប្រាប់​ថា ជាប់រវល់។

អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ាន់ សេងហាក់ ទទួល​បាន​ព័ត៌មាន​ពី​ថៅកែ​រោងចក្រ​មួយ​ចំនួន​ថា ពួកគេ មាន​ចិត្ត​ចង់​បិទ​រោងចក្រ​មែន។ សហជីព​រូប​នេះ ចង់​ឲ្យ​ថៅកែ​ព្យួរ​កិច្ច​សន្យា​ការងារ ជា​ជាង​ការ​បិទ​រោងចក្រ។ តែ​យ៉ាង​ណា លោក ម៉ាន់ សេងហាក់ ជំរុញ​ឲ្យ​រដ្ឋាភិបាល រក​វិធី​ជួយ​ទាំង​ថៅកែ និង​កម្មករ ដើម្បី​ឲ្យ​វិស័យ​កាត់​ដេរ ដំណើរ​ការ​ដូច​ដើម៖ «ទី១ យើង​ធ្វើ​យ៉ាង​ណា ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​បិទ ហើយ​បាត់បង់​នូវ​កម្លាំង​ពលកម្ម។ រក​វិធី​ទៅ​ណា ព្រោះ​ឥឡូវ យើង​ឃើញ ថា ទំនិញ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ដែរ។ ប៉ុន្តែ​ដូច​ជា​ការ​នាំ​ចេញ ហាក់​បី​ដូច​ជា​មិន​ច្បាស់លាស់ ដូច​ក្រុមហ៊ុន​មួយ​ចំនួន បាន​ផ្អាក​ការ​កុម្ម៉ង់​អ៊ីចឹង ធ្វើ​ឲ្យ​ប៉ះ​ពាល់​ហើយ»

ចំណែក​ក្រុម​កម្មករ​ខ្លះ​វិញ ក៏​ចង់​ជ្រើស​យក​ជម្រើស​ព្យួរ​ការងារ​ជាង​ការ​បិទ​រោងចក្រ​ដែរ។ ប៉ុន្តែ​កម្មករ​សំណូមពរ​ថា បើ​រោងចក្រ​គ្មាន​ជម្រើស​ក្រៅ​ពី​ការ​បិទ​ទ្វារ​មែន ស្នើសុំ​ឲ្យ​ទូទាត់​សំណង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល