សហជីព​ការងារ​ថា ថៅកែ​ចិន​នឹង​​បាន​ប្រាក់ចំណេញ​ច្រើន ពេល​កម្មករ​បាន​ប្រាក់ខែ​គោល​២០៤​ដុល្លារ

0:00 / 0:00

រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ថា រដ្ឋាភិបាល​សំរេច​ជា​ផ្លូវការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ដែល​ធ្វើការ​នៅ​តាម​រោងចក្រ​នានា​ទូទាំង​ប្រទេស​ចំនួន ២០៤​ដុល្លារ​សហរដ្ឋអាមេរិក​ចាប់ពី​ខែ​មករា ឆ្នាំ​២០២៤​តទៅ។

រដ្ឋមន្ត្រី​ដដែល​អះអាង​ថា ការ​ដំឡើង​ប្រាក់ខែ​គោល​ដល់​កម្មករ​នេះ គឺ​មាន​កំរិត​ខ្ពស់​ទៅ​ហើយ បើ ប្រៀប​ទៅ​នឹង​ប្រាក់ខែ​កម្មករ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា បង់ក្លាដេស (Banglades) ប្រទេស​ឡាវ (Lao) និង​តំបន់​ខ្លះ​នៃ​ប្រទេស​វៀតណាម (Vietnam) ជាដើម នោះ។

ទោះជា​យ៉ាងណា​ក្រុម​កម្មករ​ខ្មែរ​យល់​ថា ការ​ប្រកាស​ដំឡើង​ប្រាក់ខែ​គោល​ដ៏​តិចតួច​នេះ មិន​បាន​ជួយ​លើកស្ទួយ​ជីវភាព​កម្មករ​ទេ។

ក្រុម​សហជីព​ការងារ និង​កម្មករ​មួយចំនួន​មិន​សប្បាយចិត្ត​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​សំរេច​ដំឡើង​ប្រាក់​តែ ៤​ដុល្លារ បន្ថែម​ទៅលើ​ប្រាក់ខែ​គោល​របស់​កម្មករ​នោះ​ទេ ដោយសារតែ​គេ​យល់​ថា ប្រាក់​ដ៏​តិចតួច​នេះ​គឺ​មិន​អាច​ឆ្លើយតប​នឹង​ស្ថានភាព​បច្ចុប្បន្ន​ដែល​ទំនិញ​សព្វសារពើ​ព្រមទាំង​ប្រេងសាំង​កំពុងតែ​ឡើងថ្លៃ​ខ្ពស់​នោះ​ឡើង។

កម្មករ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដាប់ប៊ែលយូអែនឌី ខេមបូឌា ខូអិលធីឌី (W&D Cambodia Co.LTD) ក្នុង​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​លោក សឿង ប្រុស មាន​ប្រសាសន៍​ថា រដ្ឋាភិបាល ដែល​សំរេច​ដំឡើង​ប្រាក់ ៤​ដុល្លារ​បន្ថែម​ពីលើ​ប្រាក់ខែ​គោល​២០០​ដុល្លារ​នោះ គឺ​មិនបាន​ជួយ​ឱ្យ​កម្មករ​ដូច​រូប​គាត់​មាន​ជីវភាព​ធូរធារ​ទេ។

បុរស​ដដែល​បន្ត​ទៀត​ថា លោក​មិន​ត្រេកអរ​ឡើយ​ខណៈ​ដែល​រដ្ឋាភិបាល​ដំឡើង​ប្រាក់ ៤​ដុល្លារ​លើ​ប្រាក់ខែ​គោល ហើយ​រោងចក្រ​មួយចំនួន​មិន​ដំណើរការ ខណៈ​រោងចក្រ​ខ្លះ​ទៀត​ឱ្យ​កម្មករ​ធ្វើ​ការ​មិន​គ្រប់​ម៉ោង ពិបាក​រក​ការងារ​ធ្វើ​ព្រមទាំង​ថ្លៃ​ជួល​ផ្ទះ​ស្នាក់​នៅ​បាន​ឡើងថ្លៃ ៥​ដុល្លារ​បន្ថែម​ទៀត និង​ទំនិញ​ស្ទើរ​គ្រប់មុខ​នៅ​លើ​ទីផ្សារ​ព្រមទាំង​អង្ករ​ផង​ក៏​ឡើងថ្លៃ​ខ្ពស់​ដែរ​នោះ។

លោក សឿង ប្រុស៖ «រោងចក្រ​មួយចំនួន​ព្យួរការងារ​រោងចក្រ​មួយចំនួន​បាន​បិទទ្វារ ហើយ​រោងចក្រ​ដែល​កំពុងតែ​ដំណើរការ​ឱ្យ​កម្មករ​ចេញ​ម៉ោង ៤​ល្ងាច​អីចឹង បានតែ​ប្រាក់ខែ​គោល​ហ្នឹង​?ហើយ​ចុះ​នៅ​ប្រាក់​បង់ថ្លៃ​ផ្ទះ​ជួល​បង់ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ការ​ហូបចុក​ប្រចាំថ្ងៃ?កម្មករ​គាត់​មាន​កាត​ប.ស​ស តែ​ពេល​ឈឺ​ប.ស.ស​អត់​ដាក់​សេរ៉ូម​ឱ្យ អត់​មើលថែ​ផង ដូច្នេះ​គាត់​ទៅ​ពេទ្យ​ឯកជន​អស់​លុយ​ដដែល។ ហើយ​អ្នក​ខ្លះទៀត​គាត់​មាន​បន្ទុក​ម្ដាយ​ចាស់​ឪពុក​ចាស់ មាន​កូនតូចៗ​ត្រូវ​បង់ថ្លៃ​កូន​រៀន​ទៀត គឺ​ចាយ​អត់​គ្រប់គ្រាន់​ទេ»។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អ្នកស្រី ទូច សើ ក៏​យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​នេះ​ថា ការ​បន្ថែម​ប្រាក់​ចំនួន ៤​ដុល្លារ​ទៅ​លើ​ប្រាក់ខែ​គោល​សរុប ២០៤​ដុល្លារ​នេះ​មិន​បាន​ជួយ​ឱ្យ​កម្មករ​មាន​ជីវភាព​ធូរធារ​ទេ គឺ​ស្ថានភាព​របស់​កម្មករ​ភាគច្រើន​នៅ​តែ​រស់​ទាំង​ត្រដរ។

អ្នកស្រី ​ទូច ​សើ ​មានប្រសាសន៍​ទៀត​ថា ថ្វីបើ​រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​នៅ​ទូទាំង​ប្រទេស​ក្តី ក៏ប៉ុន្តែ​រោងចក្រ​មួយចំនួន​នៅ​មិនទាន់​អនុវត្ត​តាម​គោលការណ៍​បើក​ជា​ប្រាក់ខែ​ឱ្យ​កម្មករ​ទេ គឺ​គេ​នៅតែ​ទូទាត់​ប្រាក់​ទៅ​ឱ្យ​កម្មករ​តាម​ចំនួន​បុង​ហើយ​ប្រាក់​ទូទាត់​របៀប​នេះ​មាន​កំរិត​តិច​ជាង​ប្រាក់ខែ​ដែល​រដ្ឋ​បាន​កំណត់​ទៅ​ទៀត។

អ្នកស្រី ទូច សើ៖ «តើ​រដ្ឋាភិបាល​គិតថា​កម្លាំង​កម្មករ​ធនធាន​ប៉ុណ្ណឹង​ស្មើ​នឹង​លុយ​ប្រាក់ខែ ២០៤​ដុល្លារ?ប៉ុន្តែ​តាម​ខ្ញុំ​គិត​ឃើញ​ថា រោងចក្រ​នៅ​ស្រុក​ខ្មែរ គឺ​ថៅកែ​ចិន​គាត់​កេងប្រវ័ញ្ច និង​គាប​សង្កត់។បញ្ហា​មួយទៀត​បើសិនជា​កម្មករ​ដេរ​ស៊ីប្រាក់ខែ គឺ​មិន​ថ្វី​ទេ តែបើ​កម្មករ​ដេរ​ស៊ីប្រាក់​គិត​តាម​បុង​វិញ គឺ​កំរិត​ទាប​ជាង​ប្រាក់ខែ​តែ​រោងចក្រ​ខ្លះ បើសិនជា​ដេរ​ស៊ីប្រាក់ខែ​គាត់​អាច​បាន​ប្រាក់​ថ្លៃ​ជាង​គិត​បុង។បើ​អ្នក​ដេរ​គិត​លុយ​តាម​បុង ឧទាហរណ៍​បាន ១៧០​ដុល្លារ គឺ​នៅតែ​១៧០​ដដែល គឺ​ថៅកែ​មិន​បាន​ដំឡើង​ឱ្យ​ស្មើ​ប្រាក់ខែ​គោល​របស់​កម្មករ​ដែល​បាន​កំណត់​នោះ​ទេ»។

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​កោះយ៉ ក្នុងភូមិ​នាង​កុក ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីម៉ា ខេត្ត​កោះកុង ដែល​មាន​កម្មករ​ចំនួន​ប្រមាណ​១១.០០០​នាក់ បាន​ចូលរួម កាល​ពី​ថ្ងៃទី​៨ ខែ​មករា ថា​ការ​បន្ថែម​ប្រាក់​ឈ្នួល ៤​ដុល្លារ​ថែម​ទៀត​នោះ ប្រសិនបើ​បូក​បន្ថែម​ជាមួយ​ប្រាក់​អត្ថប្រយោជន៍​ជាប់​កាតព្វកិច្ច​ផ្សេងៗ​ទៀត​ផង គឺ​កម្មករ​អាច​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ពី ២២០ ទៅ ២៣០​ដុល្លារ ក្នុង​១​ខែ ដោយ​មិនទាន់​គិត​បញ្ចូល​ប្រាក់​បន្ថែម​ម៉ោង និង​ប្រាក់​បេឡា​សន្តិសុខ​សង្គម (ប.ស.ស) នៅ​ឡើយ។

លោក ហេង សួរ បញ្ជាក់​ថា ការ​ដែល​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ ២០៤ដុល្លារ នេះ​គឺ​មាន​កំរិត​ខ្ពស់​បើ​ប្រៀបធៀប​ទៅ​និង​ប្រាក់ខែ​កម្មករ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នោះ។

លោក ហេង សួរ៖ «ប្រសិនជា​ធៀប​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុ​ជា​ជាមួយ​នឹង​ប្រាក់​ឈ្នួល​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន គឺ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុជា​ខ្ពស់​ជាង បណ្ដា​ប្រទេស​ទាំងនោះ​ដូចជា​ប្រទេស​ស្រីលង្កា មាន​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹមតែ ៤០​ដុល្លារ ក្នុង ១​ខែ ប្រទេស​មីយ៉ាន់ម៉ា ៨៣​ដុល្លារ ក្នុង​១​ខែ ឡាវ​ត្រឹម ៨៨​ដុល្លារ ក្នុង ១​ខែ និង​បង់ក្លាដេស ត្រឹម ១១៦​ដុល្លារ ក្នុង ១​ខែ រីឯ​តំបន់​ខ្លះ​នៃ​វៀតណាម​ក៏​ទាប​ជាង​កម្ពុជា​ដោយសារ​វៀតណាម​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ចន្លោះ ១៤៥​ដុល្លារ ដល់ ២០៩​ដុល្លារ»។

ចំណែក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា តាម​ក្រសួង​ការងារ និង​យន្តការ​ត្រីភាគី​ដែល​បាន​ស្នើ​មក​រដ្ឋាភិបាល​សុំ​ឱ្យ​បន្ថែម​ប្រាក់​តែ ២​ដុល្លារ​លើ​ប្រាក់ខែ​គោល​កម្មករ​ប៉ុណ្ណោះ​ក៏ប៉ុន្តែ​លោក​បាន​ស្នើ​សុំ​ឱ្យ​បណ្ដា​រោងចក្រ​សហគ្រាស​ជួយ​បន្ថែម​ឱ្យ​កម្មករ​ចំនួន​ដល់​ទៅ ៤​ដុល្លារ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ទៀត​ថា នៅ​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ទទួលរង​ការ​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ-១៩ នៅ​ឡើយ ហើយ​ប្រទេស​ជាច្រើន​នៅ​មិន​ទាន់​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​ឱ្យ​កម្មករ​ផង​នោះ គឺ​កម្ពុជា​បែរជា​ប្រឹងប្រែង​ដំឡើង​ជូន​កម្មករ​ឱ្យ​ទាល់តែ​បាន​បើ​ទោះ​បី​ជា​តិចតួច​ក៏ដោយ។

លោក ហ៊ុន ម៉ាណែត៖ «បងប្អូន​គិតថា​អាហ្នឹង​តិច ប៉ុន្តែ​នៅក្នុង​ដំណាក់កាល​លំបាក​ប្រទេស​ច្រើន​​ណាស់​ប្រកួតប្រជែង​ក្នុង​តំបន់​របស់​យើង អត់​ដំឡើង​ប្រាក់ខែ​តែ នៅ​កម្ពុជា​តិច​ក្តី​ច្រើន​ក្តី​យើង​បាន​ដំឡើង។ ហើយ​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ យើង​បាន​ប្រកាស​របស់​ក្រសួង​ការងារ​ហើយ​ខែ​មករា ឆ្នាំ​២០២៤ នេះ​យើង​បាន​ដំឡើង​ប្រាក់​តែម្ដង​ពី ២០០ ទៅ ២០៤​ដុល្លារ ជា​អប្បបរមា។ នេះ​ជា​ការ​អបអរ​មួយ​សូម​អបអរសាទរ​ដល់​បង​ប្អូន​យើង»។

ទោះបីជា​យ៉ាងណា​កម្មករ និង​សហជីព​ខ្លះ​នៅតែ​យល់​ឃើញ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​មាន​កំរិត​តិចតួច​នេះ​គឺ​មិន​សក្ដិសម​នឹង​គោលនយោបាយ​លើកស្ទួយ​ជីវភាព​កម្មករ​ឡើយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ យល់​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​នេះ​វា​មិនមែន​ជា​បន្ទុក​ចំណាយ​របស់​ថៅកែ ដែល​ជា​អ្នក​ផលិត​តែម្នាក់ឯង​នោះ​ទេ មាន​ន័យ​ថា គឺ​អ្នក​ដែល​បញ្ជា​ទិញ​ក៏បាន​ទូទាត់​ទាំង​ថ្លៃ​សម្ភារៈ ដោយ​គិត​ទាំង​ថ្លៃ​ប្រាក់ខែ​កម្មករ និង​ប្រាក់​ដែល​ទុក​ឱ្យ​ថៅកែ​ចំណេញ​រួច​ជាស្រេច​ហើយ​ដែរ។

លោក អាត់ ធន់ បន្ត​ទៀត​ថា ថៅកែ​រោងចក្រ និង​សហគ្រាស​នៅ​កម្ពុជា​ភាគច្រើន​ដែល​ជា​ជនជាតិ​ចិន​បាន​កេង​យក​ប្រាក់​ចំណេញ​ច្រើន​ហួសហេតុ​ទើប​ពួកគេ​ដំឡើង​ប្រាក់ខែ​គោល​ជូន​កម្មករ​ដ៏​តិចតួច​ដែល​មិន​សមរម្យ​បែប​នេះ។

លោក អាត់ ធន់៖ «ខ្ញុំ​គិត​ថា អត់​សម​កាលណា​ឱ្យប្រាក់​ឈ្នួល​ដែល​មាន​កំរិត​ទាប ដែល​មិន​អាច​ធានា​នូវ​ជីវភាព​សមរម្យ​បាន។ សួរ​ថា ចុះ​និយោជក​ចំណេញ​ប៉ុន្មាន?ចំណេញ​ច្រើន​ឬ​តិច​វា​អត់​សំខាន់ ព្រោះ​ខ្ញុំ​បាន​ធ្វើការ​យ៉ាងច្រើន​ជាមួយ​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ធំៗ ដែល​ទិញ​នៅ​ស្រុក​ខ្មែរ​ហ្នឹង​គេ​ទុក​កំរិត​ចំណេញ​ឱ្យ​ថៅកែ​ហើយ។ អីចឹង​ការ​ឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​នេះ​វា​មិនមែន​ជា​ការ​ចំណាយ​របស់​និយោជក​អ្នក​ផលិត​តែ​មួយ​មុខ​ទេ។ តាម​ពិត​ទៅ កាលណា​ថៅកែ​កំណត់​ប្រាក់​ឈ្នួល​សមរម្យ​គឺ​អ្នកបញ្ជា​ទិញ​គេ​នឹង​បង្កើន​តម្លៃ ឬក៏​អាច​ផ្ដល់​លទ្ធភាព​ឱ្យ​ថៅកែ​ចំណេញ​បាន​ហើយ ក៏​អាច​ឱ្យ​កម្មករ​រស់នៅ​ក្នុង​ស្ថានភាព​សមរម្យ​បាន​ដែរ»។

របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​រោងចក្រ​សហគ្រាស​ទាំងអស់​ជាង ៤​ម៉ឺន (៤០.៨៤០) ដែល​មាន​កម្មករ​និយោជិក​សរុប​ជាង ១​លាន ៧​សែន​នាក់​កំពុង​បម្រើការ។ ក្នុងចំណោម​រោងចក្រ​សហគ្រាស​ទាំងនោះ គឺ​រោងចក្រ​កាត់ដេរ រោងចក្រ​ផលិត​ស្បែកជើង និង​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ការ​ធ្វើ​ដំណើរ​មាន​ជិត ១​ពាន់​៧​រយ (១.៦៨០) ដោយមាន​កម្មករ​ចំនួន​ជាង ៩០​ម៉ឺន​នាក់​និង​បាន​ទទួល​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ជិត​៣​ពាន់ (២.៩០០) លាន​ដុល្លារ​អាមេរិក។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ ឱ្យ​ដឹង​ថា តាម​របាយការណ៍​គឺ​ថៅកែ​រោងចក្រ​ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​បាន​ប្រាក់​ចំណេញ​ប្រមូល​យក​ទៅ​ប្រទេស​របស់​គេ​ចំនួន​ប្រហែល​ពី ៥០០​ទៅ ៧០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។ លោក អាត់ ធន់ បញ្ជាក់​ទៀត​ថា បើ​គិត​ពី​ប្រាក់​ឈ្នួល​ដែល​ថៅកែ​ចិន​បើក​ឱ្យ​កម្មករ​វិញ​គឺ​ប្រមាណ​តែ​៣០​ភាគរយ​នៃ​ប្រាក់ចំណេញ​ប៉ុណ្ណោះ មាន​ន័យ​ថា ការ​ផ្ដល់​ប្រាក់​ឈ្នួល​មក​ឱ្យ​កម្មករ​ខុសគ្នា​ឆ្ងាយ​ពេក​ពី​ទឹកប្រាក់​ដែល​ថៅកែ​រោងចក្រ​ចំណេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។