កសិករដាំមៀនចោទសហគមន៍មៀនប៉ៃលិនថា បង្កើតកុងត្រាកេងប្រវ័ញ្ច និងទម្លាក់តម្លៃមៀនរបស់ពួកគាត់
2022.12.28
កសិករដាំមៀននៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង ចោទសហគមន៍មៀនប៉ៃលិនថា ទម្លាក់តម្លៃមៀន ប៉ះពាល់ដល់ជីវភាព។ សង្គមស៊ីវិលយល់ថា ស្ថាប័នជំនាញពាក់ព័ន្ធ គួរចុះត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពក្នុងផលិតកម្ម ទាក់ទងកិច្ចសន្យា ដើម្បីជួយដល់កសិករ មុនពេលផលិតទទួលបានតម្លៃជាក់លាក់ និងផ្សព្វផ្សាយព័ត៌មានទីផ្សារកសិកម្មឱ្យបានទូលំទូលាយ។
ក្រុមកសិករដាំមៀនឱ្យដឹងថា ពួកគាត់បានរងការកេងប្រវ័ញ្ចពីសហគមន៍មៀនប៉ៃលិន។ ពួកគាត់បញ្ជាក់ថា សហគមន៍បានចុះកុងត្រាទទួលទិញមៀនក្នុងតម្លៃ ៣.៣០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅពេលដល់អាយុត្រូវបេះ បែរជាសហគមន៍មៀនបេះយកតែផ្លែមួយចំនួន ហើយក្រៅពីនោះ គេគិតតម្លៃអោយកសិករមិនស្មើ ១០% នៃតម្លៃសន្យាផង។
កសិករដាំមៀនមួយរូបនៅខេត្តបាត់ដំបង លោក ថេត រិទ្ធិ ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី២៨ ធ្នូ ថា លោកបានចុះកុងត្រាលក់មៀនឱ្យខាងសហគមន៍មៀនខេត្តប៉ៃលិន ប៉ុន្តែដោយសារការប្រមូលផលរបស់ពួកគេ បេះយកតែធំប្រមាណ ២០% ក្នុងតម្លៃកុងត្រា ៣.៣០០រៀល ក្នុង ១គីឡូក្រាម ហើយផ្លែមៀននៅសល់ឱ្យតម្លៃលោកត្រឹម ៣០០រៀល ក្នុង ១គីឡូក្រាម ដែលស្មើនឹង ១០% នៃតម្លៃកុងត្រា។ លោកថា លោកបានបញ្ឈប់កុងត្រា និងលក់ផ្លែមៀនទៅឱ្យឈ្មួញភ្នំពេញ ដែលបេះយកទាំងអស់បានតម្លៃ ២.៣០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែលោកត្រូវបានខាងសហគមន៍មៀនប៉ៃលិនប្ដឹង និងទារប្រាក់សងជំងឺចិត្តមួយគុណជាបីទៅវិញ។ លោកអំពាវនាវរដ្ឋាភិបាលរកដំណោះស្រាយពាក់ព័ន្ធសុវត្ថិភាពក្នុងការចុះកុងត្រា ដើម្បីឱ្យកសិករមានទំនុកចិត្តលើការលក់កសិផល។
លោក ថេត រិទ្ធិ៖ «កុងត្រាគេដាក់ទាំងអស់ពីលេខ១ ដល់លេខ៥ តែគេថា ដាក់ទទួលយកអត់បាន គេថា ដាក់អត់ចូល វាមានបញ្ហាដូចថាខ្មៅ ថាជាំទង ថាផ្លែធំពេក ក៏មិនយក អាតូចពេក ក៏មិនយក បញ្ហាមិនចេះចប់។ ម្ល៉ោះហើយខ្ញុំយកម៉ូយថ្មី ដល់ពេលគេបោះណាបង មួយចម្ការក្នុង ១០០តោន គេអត់មានជម្រុះអាតម្លៃ ៣០០រៀលតែ ៥គីឡូគ្មានផងបង។ តែខ្ញុំធ្លាប់អោយសហគមន៍ចូលបេះខ្ញុំ ព្រោះអីខ្ញុំធ្លាប់បេះមុនៗ ណាបងក្នុង ១០០តោន បេះបានយ៉ាងច្រើនលុយ ៣ ទៅ ៤ម៉ឺនដុល្លាទេ។ ម្ល៉ោះហើយខ្ញុំទទួលយកអត់បាន»។
កសិករដាំមៀនមួយរូបទៀតនៅក្រុងប៉ៃលិន លោក សេង ភាក់ល័ក្ខ ថ្លែងថា លោកដាំមៀន ២.០០០ដើម ហើយពេលផ្លែមៀនដល់អាយុប្រមូលផល លោកធ្លាប់ទៅទាក់ទងសហគមន៍មៀនប៉ៃលិន ដើម្បីសាកសួរតម្លៃដែរ។ ខាងសហគមន៍មៀន ក៏ថានឹងទិញក្នុងតម្លៃថ្លៃ ប៉ុន្តែមិនបានបញ្ជាក់តម្លៃប៉ុន្មានឡើយ។ លោកថា ខាងសហគមន៍តែងពន្យារពេលមកបេះផ្លែមៀនរបស់លោក រហូតជិតហួសពេលប្រមូលផល ក៏ដាក់កម្មករមកបេះ ប៉ុន្តែមិនបញ្ជាក់តម្លៃអ្វីជាមុនដល់លោកនោះទេ។ លោកបន្តថា ដោយសាររកស៊ីមិនស្មោះត្រង់ លោកក៏លក់ឱ្យឈ្មួញដទៃវិញក្នុងតម្លៃ ២.៣០០រៀល ក្នុងមួយគីឡូក្រាម ព្រោះលោកមិនទាន់ចុះកុងត្រាជាមួយសហគមន៍មៀនប៉ៃលិននៅឡើយទេ។ លោកបន្តថា កន្លងមកឈ្មួញទទួលទិញផ្លែមៀនក្នុងតម្លៃ ៣.៣០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែសព្វថ្ងៃបង្អាប់ និងទម្លាក់តម្លៃ ដោយលើកហេតុផលថា ផ្លែមៀនកសិករសម្បុររាងខ្មៅ ទិញត្រឹម ៣០០រៀល ក្នុង ១គីឡូក្រាម។
លោក សេង ភាក់ល័ក្ខ៖ «គាត់ទុករបស់ខ្ញុំឡើងខូចអស់ គាត់មិនកាច់គាត់ចេះតែថានៅទេៗ ឱ្យយើងដាក់ថ្នាំដាក់ជីៗ ដាក់ថ្នាំដាក់ទឹកអ៊ីចឹងណា។ ហៃខ្ញុំធ្លាប់លឺថាគាត់ទៅកាច់របស់គេ គាត់ទុករបស់គេកាច់ដូចរាយច្រើនពេក អ៊ីចឹងខ្ញុំសម្រេចចិត្តថា អត់លក់ឱ្យគាត់ទេ ខ្ញុំលក់ឱ្យគេ ២.៣០០រៀលវិញ គេកាច់អស់រលីង។ និយាយទៅគាត់ទុកមៀនប៉ៃលិន (តាង៉ែន) ខ្ញុំរហូតទាល់តែចង់កើតរាយទាំងអស់។ គាត់ធ្វើក្បាច់ហ្នឹង ធ្វើបាបប្រជាជនដល់ហើយ។ ខ្ញុំចង់បានតែច្បាស់លាស់មកឱ្យតែជួយប្រជាជនឱ្យច្បាស់លាស់ មានអ្វីត្រូវខ្លាចអាហ្នឹងជាការបញ្ចេញមតិ (Comment) គាត់ ដើម្បីជាការកែប្រែ។ បើគាត់នៅតែប៉ុណ្ណឹងទៀត ងាប់ហើយកសិករយើង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តប៉ៃលិន លោក គោ ស៊ុំប៊ុនសឿត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន លោក សាយ សុផាត និងឈ្មួញទទួលទិញផ្លែមៀនតំណាងសហគមន៍មៀនប៉ៃលិន លោក សា ចំរើន ហៅ អឿង ដើម្បីសុំអត្ថាធិប្បាយបំភ្លឺជុំវិញរឿងនេះបានទេ ថ្ងៃទី២៨ ធ្នូ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ប៉ុន្តែប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វិជ្ជរ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា ការធ្វើកិច្ចសន្យារវាងពលរដ្ឋ និងសហគមន៍មៀនប៉ៃលិនមិនបានឆ្លងកាត់អាជ្ញាធរ និងមន្ទីរកសិកម្មនោះទេ ដូច្នេះនៅពេលមានបញ្ហា គឺពិបាកក្នុងការដោះស្រាយ។
លោក ឈឹម វិជ្ជរ៉ា៖ «អានេះមិនដឹងថាកិច្ចសន្យារបស់ពួកគាត់អីយ៉ាងម៉េច ពិបាកដែរយើងមិនដឹងថា យើងកាន់ជើងខាងណាខាងណីកើតទេ ដោយសារយើងវាអត់បានដឹងរឿង។ ហើយទី២ ទៀត ខ្ញុំគិតថាបើខាងក្រុមហ៊ុននៅ ដែលឈរជើងនៅក្នុងទឹកដីខេត្តយើងនេះ អាហ្នឹងយើងអាចសម្របសម្រួលអីនិយាយគ្នាបានខ្លះ ប៉ុន្តែកន្លងមកខ្ញុំមិនទាន់បានដឹងទេ បើសិនខាងក្រុមហ៊ុននៅខាងប៉ៃលិន គេចុះមកទិញដល់ហ្នឹង មិនដឹងថា គេចង់អីយ៉ាងម៉េចនៅក្នុងកិច្ចព្រមព្រៀងរបស់គេហ្នឹង ព្រោះយើងអត់បានដឹងដែរណា»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោក យិន ម៉េងលី មានប្រសាសន៍ថា នៅពេលដល់រដូវប្រមូលផល កសិករលក់ជួបបញ្ហាច្រើនពាក់ព័ន្ធការកេងប្រវ័ញ្ចគ្រប់រូបភាពពីឈ្មួញ។ លោកថា កសិករខ្វះចំណេះដឹងផ្លូវច្បាប់ក្នុងការធ្វើកិច្ចសន្យា ហើយកសិផលធ្វើបានទុកយូរមិនបាន និងដល់រដូវប្រមូលផលកសិករត្រូវសងប្រាក់ធនាគារ ដែលជាឱកាសរបស់ឈ្មួញក្នុងការទម្លាក់ថ្លៃកសិផលរបស់ពួកគាត់។ លោកបន្តថា កសិករគួរតែរួមគ្នាបង្កើតសហគមន៍មូលដ្ឋានមួយ ដើម្បីជួយ និងផ្ដល់ព័ត៌មានដល់កសិករដូចគ្នាពាក់ព័ន្ធការធ្វើកសិកម្មមៀន។ លោកបន្ថែមថា ក្រសួងជំនាញមិនត្រូវបណ្ដោយឱ្យឈ្មួញធ្វើផ្គរធ្វើភ្លៀងតាមអំពើចិត្តឡើយ ទោះបីជាប្រទេសកម្ពុជាជាទីផ្សារសេរីក៏ដោយ។
លោក យិន ម៉េងលី៖ «ពេលដែលប្រជាកសិករយើងធ្វើកិច្ចសន្យាហើយ បើយើងមិនលក់ឱ្យគេ យើងហ្នឹងវា បានន័យថា យើងមិនអនុវត្តកាតព្វកិច្ច អ្វីមិនមានចែងក្នុងកិច្ចសន្យា គេឱ្យយើងសងគេ ក៏ប៉ុន្តែនៅពេលដែលគេធ្វើមិនបានត្រឹមត្រូវតាមកិច្ចសន្យានោះ យើងវាមានការលំបាក ក្នុងការស្វែងយល់អំពីច្បាប់ ក្នុងការតតាំងជាមួយគេ។ សួរថាត្រង់ចំណុចហ្នឹង កសិករយើងបានអ្នកណាជួយគាត់។ អ៊ីចឹងកសិករហ្នឹងសង្ឃឹមទៅលើអាជ្ញាធរមូលដ្ឋាននេះហើយ ដែលនៅមូលដ្ឋាន សង្ឃឹមក្រសួងជំនាញនេះហើយ ដែលជួយគាត់»។
កន្លងមក កសិករតែងជួបប្រទះទុក្ខលំបាកគ្មានទីផ្សារ ក្រោយពីការប្រមូលបានកសិផល។ លើសពីនេះប្រជាកសិករ ដែលចេញតវ៉ារកដំណោះស្រាយទីផ្សារពីរដ្ឋាភិបាល មិនត្រឹមតែមិនទទួលបានដំណោះស្រាយសមរម្យនោះទេ តែថែមទាំងត្រូវអាជ្ញាធររដ្ឋាភិបាលគំរាមកំហែង និងចាប់ដាក់ពន្ធនាគារ ឬប្ដឹងផ្ដល់ទៅតុលាការថែមទៀត។ ជាឧទាហរណ៍ កសិករម្នាក់ គឺលោក ងួន លី ដែលបានបង្ហោះសារតាមហ្វេសប៊ុកថា ផ្លែមៀនជាច្រើនតោន ត្រូវសល់ចោលដោយមន្ត្រីរបស់លោក ហ៊ុន សែន មិនបានចុះមកទិញតាមការសន្យានោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការកាត់ទោសដាក់ពន្ធនាគារ ១០ខែ។ ថ្មីៗនេះទៀតសោត កសិករ ៤នាក់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ តុលាការបានផ្ដន្ទាទោសពួកគេឱ្យមានទោសម្នាក់មួយឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយ:ពេល ៣ខែមួយសប្ដាហ៍ ចំណែកទោសនៅសល់ត្រូវព្យួរ។ ករណីនេះ កើតមានឡើងដោយសារពួកគាត់តវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុមជញ្ជីងចល័ត ដែលហាមឃាត់ឡានដឹកពោតទៅប្រទេសថៃ ដែលពួកគាត់ថា ជាការធ្វើឱ្យតម្លៃពោតចុះថោក និងគ្មានអ្នកទិញ។
របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ដំណាំមៀននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះសរុបចំនួនជាង ១ម៉ឺន ២ពាន់ហិកតារ (១២.៨៣៧) និងផ្ទៃដីប្រមូលផលចំនួនជាង ១ម៉ឺនហិកតារ(១០.៥៦៥) ហើយទិន្នផលជាមធ្យមចំនួនជាង ១២តោនក្នុងមួយហិកតារ ដែលមានបរិមាណផលិតផលសរុបប្រមាណ ១៣ម៉ឺនតោន (១៣១.៤៩៨) ក្នុងឆ្នាំ២០២១។
ពលរដ្ឋ និងសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរយកចិត្តទុកដាក់លើប្រព័ន្ធសុវត្ថិភាព ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកសិកម្មនៅកម្ពុជា តាមរយៈការធ្វើផលិតកម្មតាមកិច្ចសន្យាមួយ ដោយផ្ដោតទៅលើមុខដំណាំ និងប្រភេទសត្វ។ ជាមួយគ្នានេះ រដ្ឋាភិបាលគួរតែផ្សព្វផ្សាយពីផ្ទៃដីដាំដុះដំណាំជាប្រចាំ និងឱ្យបានទូលំទូលាយ ដើម្បីឱ្យកសិករទទួលបានព័ត៌មានច្បាស់លាស់ពីផែនការកសិកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។