ក្រុម​ថៅកែ​រោងចក្រ​ស្នើ​អឺរ៉ុប កុំ​​ដក​ EBA ព្រោះ​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​​លាន​នាក់

ដោយ ជុន ច័ន្ទបុត្រ
2019-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​សញ្ញា​សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)។
រូប​សញ្ញា​សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)។
រូប៖ GMAC

ក្រុម​ថៅកែ​រោងចក្រ​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ឱ្យ​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​បន្ត​ទៅទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ ដែល​រស់​នៅ​ពឹង​អាស្រ័យ​លើ​វិស័យ​កាត់​ដេរ។ ការ​អំពាវនាវ​ជា​ថ្មី​ទៀត​របស់​សមាគម​ថៅកែ​រោងចក្រ​នេះ ធ្វើ​ឡើង​ស្រប​ពេល​សហភាព​អឺរ៉ុប​បិទ​បញ្ចប់​នីតិវិធី ៦ខែ​ដំបូង​នៃ​ការ​ពិនិត្យ និង​វាយ​តម្លៃ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី១២ សីហា។

ក្រុម​អ្នក​វិនិយោគ​លើ​វិស័យ​កាត់​ដេរ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​រឿង​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ខុស​ផ្ទុយ​ពី​របប​លោក ហ៊ុន សែន ដែល​បង្ហាញ​ជំហរ​រឹងត្អឹង​ដាក់​សហភាព​អឺរ៉ុប។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី១២ សីហា​ថា ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ជួយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ និង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។ សមាគម​នេះ​រំឭក​ថា ក្រោម​កម្មវិធី EBA នេះ កម្ពុជា​បាន​​នាំចេញ​ផលិត​ផល​នៃ​វិស័យ​កាត់​ដេរ គិត​ជា​ទឹកប្រាក់​ជាង ៥ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ។

សមាគម​ដដែល​នេះ អះអាង​ថា ការ​ដក​​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៧៥ម៉ឺន​នាក់ រួម​នឹង​គ្រួសារ​របស់​ពួក​គេ​ប្រមាណ ៣លាន​នាក់​ទៀត ដែល​កំពុង​រស់​នៅ​ពឹង​ផ្អែក​លើ​ឧស្សាហកម្ម​កាត់​ដេរ។ សមាគម​នេះ​បន្ត​ថា ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នឹង​ធ្វើ​ឱ្យ​បាត់​បង់​ការងារ​ទ្រង់​ទ្រាយ​ធំ ​ក្នុង​វិស័យ​កាត់​ដេរ​កម្ពុជា ហើយ​មិន​បម្រើ​ឱ្យ​គោល​បំណង​កាត់​បន្ថយ​ភាព​​ក្រីក្រ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​នៃ​កម្មវិធី EBA នោះ​ឡើយ។

សមាគម​​ថៅកែ​រោងចក្រ​បន្ត​ទៀត​ថា ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​ជា​បញ្ហា​ដ៏​គួរ​ឱ្យ​សង្វេគ និង​សោក​ស្ដាយ​សម្រាប់​សមាគម ដែល​បាន​ធ្វើ​កិច្ច​ការងារ​ជាច្រើន ដើម្បី​លើក​កម្ពស់​តួនាទី​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្នុង​ការ​តាម​ដាន​រឿង​អនុវត្ត​បទដ្ឋាន​ការងារ ទាំង​នៅ​កម្ពុជា និង​នៅ​លើ​ពិភពលោក។ សមាគម​នេះ​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា​បន្ត​ទៅទៀត ដើម្បី​ជា​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ។

សេចក្ដី​ថ្លែង​ការណ៍​របស់​​តំណាង​​រោងចក្រ​សហគ្រាស​ជិត ៦០០​កន្លែង​នេះ ធ្វើ​ឡើង​ស្រប​ពេល​សហភាព​អឺរ៉ុប​ត្រូវ​បិទ​បញ្ចប់​​នីតិវិធី ៦ខែ​ដំបូង​នៃ​ការ​ត្រួតពិនិត្យ​ និង​វាយ​តម្លៃ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុន​នឹង​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ព្យួរ​ ឬ​រក្សា​ទុក​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​បន្ត​ទៀត។

ប្រធាន​សហភាព​ការងារ​លោក អាត់ ធន់ ថ្លែង​ថា ក្តី​បារម្ភ​របស់​សមាគម​រោងចក្រ​នេះ គឺ​ដូច​គ្នា​នឹង​កង្វល់​របស់​សហជីព​ដែរ ក៏​ប៉ុន្តែ លោក​ថា ខាង​ក្រុម​ថៅកែ​រោងចក្រ​ច្រើន​តែ​គិត​ពី​ផល​ចំណេញ​របស់​ខ្លួន​ជាង​ប្រយោជន៍​កម្មករ។ ម្យ៉ាងវិញទៀត លោក​ថា បញ្ហា​ជាច្រើន​នៅ​ក្នុង​វិស័យ​ការងារ ដូច​ជា ការ​ប្ដឹងផ្ដល់ និង​រើសអើង​សហជីព​ជា​ដើម​នោះ ច្រើន​តែ​កើត​ចេញ​ពី​ក្រុម​ថៅកែ​រោង​ចក្រ​នេះឯង។ លោក​បន្ថែម​ថា ខាង​សមាគម​រោងចក្រ​ក៏​ត្រូវ​លើក​ក្តី​បារម្ភ​នេះ​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែរ មិន​មែន​ស្នើ​ទៅ​តែ​សហភាព​អឺរ៉ុប​នោះ​ឡើយ៖ «អ្វី​ដែល​សមាគម​កាត់​ដេរ​ធ្វើ​កន្លង​មក​ ខ្ញុំ​មើល​ទៅ​ដូច​ជា​មិន​មាន​​អី​ប្រសើរ​សម្រាប់​ការ​ជួយ​ទៅ​ដល់ EBA នេះ​ទេ។ ភាគ​ច្រើន​ ដូច​ជា បណ្ដឹង ការ​រឹត​បន្តឹង​លើ​សិទ្ធិ​កម្មករ ឬ​ក៏​ការ​កែប្រែ​ច្បាប់​មួយ​ចំនួន សមាគម​និយោជក​ហ្នឹង​តែងតែ​ទាញ​យក​ចំណេញ​ពី​ច្បាប់ ឬក៏​​ធ្វើ​ឱ្យ​កម្មករ​ហ្នឹង​ខាត​ប្រយោជន៍​ច្រើន​ ហើយ​បើ​យើង​បារម្ភ​ពិត​ប្រាកដ មិន​គួរ​ឱ្យ​មាន​បញ្ហា​ច្រើន​ដែល​កើត​ចេញ​ពី​និយោជក​ខ្លួន​ឯង​មក​លើ​កម្មករ​នោះ​ទេ»

ថ្នាក់ដឹកនាំ​សហជីព​រូប​នេះ​កត់​សម្គាល់​ទៀត​ថា ជាច្រើន​ខែ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ការងារ​បាន​តិច​តួច​បំផុត ខណៈ​លក្ខខណ្ឌ​ផ្សេង​ទៀត​របស់​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ​ មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ឡើយ។ លោក​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា​នឹង​អាច​រក​ដំណោះស្រាយ​ រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​បន្ត​ទៅ​ទៀត។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ជជែក​គ្នា​ជាមួយ​ភាគី​សហភាព​អឺរ៉ុប​អំពី​រឿង EBA នេះ។ ក្រៅ​ពី​នេះ លោក​ថា​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ ឱ្យ​បន្ត​បណ្ដាក់​ទុន​នៅ​កម្ពុជា​ត​ទៅ​ទៀត។ លោក​សង្ឃឹម​ថា បញ្ហា EBA នេះ នឹង​អាច​ដោះ​ស្រាយ​បាន​ដោយ​​លទ្ធផល​វិជ្ជមាន​ ពីព្រោះ​សហភាព​អឺរ៉ុប គឺ​ជា​ដៃគូ​ល្អ​របស់​កម្ពុជា៖ «យើង​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​រង្វង់​អធិបតេយ្យភាព និង​ឯករាជ្យ​ជាតិ​តែ​ប៉ុណ្ណោះ ហើយ​ការ​ឆ្លង​ឆ្លើយ​ ឬ​លទ្ធផល​របៀប​ម៉េច​ អា​ហ្នឹង​ជា​ភារកិច្ច​របស់​ក្រសួង​ការបរទេស និង​អន្តរក្រសួង​ ដែល​យើង​កំពុង​តែ​ជជែក»

របប​លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ស្ថានភាព​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ EBA។ វិធានការ​ទាំងនោះ​មាន​ជាអាទិ៍ ការ​បញ្ចុះ​ថ្លៃអគ្គិសនី កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន និង​លើក​ដាក់​កុងតឺន័រ លុប​បំបាត់​ស្ថាប័ន​មួយ​ចំនួន​នៅ​កន្លែង​នាំចេញ ហើយ​នៅ​ចុង​ក្រោយ​នេះ គឺ​ការ​លុបចោល​ថ្ងៃឈប់​សម្រាក ៦ថ្ងៃ​បន្ថែម​ទៀត។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ថា វិធានការ​ទាំង​ឡាយ​របស់​រដ្ឋាភិបាល ទំនង​ជា​មិន​អាច​ប៉ះប៉ូវ​ការ​ចំណាយ​របស់​ក្រុម​ថៅកែ​រោងចក្រ​បាន​ឡើយ ហេតុ​ដូច្នេះ​ទើប​ពួក​គេ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​ស្នើសុំ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ត​ទៅ​ទៀត។ លោក​បន្ត​ថា រដ្ឋាភិបាល​ធ្លាប់​បាន​បដិសេធ​កង្វល់​​របស់​ក្រុម​សង្គម​ស៊ីវិល ក៏​ប៉ុន្តែ​លើក​នេះ ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យមើល​ក្ដី​បារម្ភ​​របស់​វិស័យ​ឯកជន​វិញ។

អ្នក​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ​យល់​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នេះ បង្ហាញ​ថា ពួក​គេ​បារម្ភ​ខ្លាំង​ចំពោះ​​ការ​បាត់​បង់ EBA។ ក៏​ប៉ុន្តែ​លោក​ថា ក្រុម​ថៅកែ​រោងចក្រ​ក៏​ត្រូវ​ហ៊ាន​ប្រាប់​ការ​ពិត​ដល់​រដ្ឋាភិបាល​ដែរ ព្រោះ​រដ្ឋាភិបាល​ជា​អ្នក​កាន់​​កូន​សោ​ដោះ​ស្រាយ​បញ្ហា​នេះ៖ «សេចក្ដី​ថ្លែង​ការណ៍​របស់ GMAC បង្ហាញ​ច្បាស់​ថា អ្វី​ដែល​រដ្ឋ​ធ្វើ​កន្លងមក​ហ្នឹង គឺ​អត់​ទាន់​អាច​ធានា​ថា វិស័យ​ឯកជន ឬ​ក៏​វាយនភណ្ឌ​កាត់​ដេរ សំលៀក​បំពាក់ និង​ស្បែក​ជើង​អាច​រស់​បាន​ទេ បើ​អត់​មាន​ EBA ។ អ៊ីចឹង​បើ​អ្នក​ដឹក​នាំ​រដ្ឋ​យល់ ទោះបី​ជា GMAC មិន​អំពាវនាវ​ដោយ​ផ្ទាល់​មក​ខាង​រដ្ឋ​ក៏​ដោយ ការ​លើក​ឡើង​របស់​វិស័យ​ឯកជន​ហ្នឹង ក៏​​គួរ​តែ​រដ្ឋ​ពិចារណា​ដោះ (ស្រាយ) នូវ​បញ្ហា​ដែល​ជា​​កង្វល់​របស់​វិស័យ​ឯកជន​ហ្នឹង»

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ពិនិត្យ​ឃើញ​ថា ស្ថានការណ៍​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ការ​វិវឌ្ឍ​តិច​តួច​បំផុត។ ការ​វិវឌ្ឍ​នោះ គឺ​របប​ក្រុង​ភ្នំពេញ​បាន​ទម្លាក់​ចោល​បណ្ដឹង​មួយ​ចំនួន​ប្រឆាំង​ថ្នាក់​ដឹក​នាំ​សហជីព​ និង​បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​បើក​ផ្លូវ​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ ក៏​ប៉ុន្តែ លក្ខខណ្ឌ​ស្ដារ​ប្រជាធិបតេយ្យ ដូច​ជា ការ​ដោះ​លែង​លោក កឹម សុខា ការអនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​​ដំណើរ​ការ ការ​ផ្ដល់​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដល់​មន្ត្រី​បក្ស​ប្រឆាំង និង​រៀប​ចំ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ របប​លោក ហ៊ុន សែន ​មិន​បាន​បង្ហាញ​ចេតនា​ណា​មួយ​ក្នុង​ការ​ដោះ​ស្រាយ​ឡើយ។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​​ប្រាប់​របប​ក្រុង​ភ្នំពេញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា អឺរ៉ុប​នឹង​មិន​ផ្លាស់​ប្ដូរ​ជំហរ​រឿង​ EBA នេះ​ឡើយ ហើយ​បើ​របប​នេះ​ចង់​បាន​ការ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត​នោះ របប​នេះ​ត្រូវ​តែ​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ឱ្យ​បាន​ជា​ដាច់​ខាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល