មន្ត្រី​សង្គម​ស៊ីវិល​រីករាយ​សហការ​ជាមួយ​​របប​ក្រុងភ្នំពេញ​ដើម្បី​ជជែក​រឿង​មីក្រូហិរញ្ញវត្ថុ

មន្ត្រី​នៃ​អង្គការ​លីកាដូ (Licadho) អះអាង​ថា នឹង​ចូលរួម​សហការ​ជាមួយ​របប​ក្រុងភ្នំពេញ​ដើម្បី​បញ្ជាក់​ពី​ការពិត​រឿង​នៃ​របាយការណ៍​អំពី​វិបត្តិ​មីក្រូហិរញ្ញវត្ថុ។ របាយការណ៍​សង្គម​ស៊ីវិល​រក​ឃើញ ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង ២ លាន​នាក់ (២,៣៨​លាន​នាក់) បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ធ្វើ​ឱ្យ​កម្រិត​បំណុល​បាន​កើន​ឡើង​ខ្ពស់។

អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​៣០ សីហា បាន​កោះហៅ​អង្គការ​លីកាដូ និង សមាគម​ធាងត្នោត ដែល​អង្គការ​បញ្ចេញ​របាយ​ការណ៍​នេះ ឱ្យ​មក​ចូលរួម​ពិភាក្សា​ចង្អៀត​ស្ដីពី «​មីក្រូហិរញ្ញវត្ថុ និង ផល​ប៉ះពាល់» នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាងមុខនេះ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

នាយករង​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បញ្ជាក់​ថា លោក​បានទទួល​លិខិត​នេះ​រួចហើយ​។ លោក​បញ្ជាក់​ថា អង្គការ​លីកាដូ និង សមាគម​ធាងត្នោត នឹង​ចូលរួម​ដើម្បី​ការពារ​ទៅ​នឹង​របាយការណ៍​ដែល​បាន​លើកឡើង​កន្លង​មក។

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​លីកាដូ និង សមាគម​ធាងត្នោត​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៧ សីហា​នេះ​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ជាង ២​លាន​នាក់​បាន​ខ្ចី​បំណុល​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​កម្រិត​បំណុល​កើន​ឡើង​កាន់តែ​ខ្លាំង​ឡើងៗ បណ្ដាល​ឱ្យ​មានការ​រំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន រួមមាន​ការ​បង្ខំ​ឱ្យ​លក់​ដី ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាកស្រុក​ដោយ​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល​ជាដើម។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បញ្ជាក់​ថា តំណាង​រដ្ឋាភិបាល​គ្រាន់តែ​ជា​ជំហរ​កណ្ដាល​មួយ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​អង្គការ​សង្គម​ស៊ីវិល និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តែប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ក៏​ចង់​ដឹង​ដែរ​ថា តើ​ការវាយតម្លៃ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងពីរ​នោះ​ពិត​ដល់​កម្រិត​ណា​ទាក់ទិន​នឹង​ស្ថានភាព​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា៖ «ខ្ញុំ​ចាត់ទុកថា ជា​ការ​បញ្ចេញយោបល់​តាមរយៈ​របាយការណ៍​ចំពោះ​ខ្ញុំ​យល់ឃើញ​អ៊ីចឹង។ ទី​២​គ្រាន់តែ​ចង់​រក្សា​ភាព​សុចរិត​នៃ​អ្នក​ទទួល​ព័ត៌មាន​ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រជាជន​តែប៉ុណ្ណោះ។ អាហ្នឹង​ជា​ការ​វាយតម្លៃ និង​ការងារ​របស់ខ្ញុំ»។

អង្គការ​សង្គម​ស៊ីវិល​ទាំងពីរ​នេះ​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤​រួម​ទាំង​ក្រុងភ្នំពេញ ហើយ​ការសិក្សា​នេះ​រួម​ទាំង​ករណី​សិក្សា​លម្អិត​ចំនួន​៧ នៃ​ការរំលោភ​សិទ្ធិមនុស្ស បន្ទាប់ពី​អ្នកស្រាវជ្រាវ​បាន​សម្ភាសន៍​ជាមួយ​នឹង​អតិថិជន​ចំនួន ២៨​នាក់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ធ្វើ​ប្រតិបត្តិការ​កម្ចី​ដោយ​អត្រា​ការប្រាក់​ខ្ពស់ ដែល​តម្រូវ​ឱ្យ​ដាក់​បញ្ចាំ​ប្លង់​ដី​ជា​ទ្រព្យ​បញ្ចាំ​ហើយ​ស្ថាប័ន​នេះ​ដាក់​គោលដៅ​លើ​អតិថិជន​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​ក្នុង​ការ​បាត់បង់​ដីធ្លី។ ទម្រង់​នៃ​ប្រាក់កម្ចី​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​នេះ បាន​ជួយ​បង្កើន​ប្រាក់ចំណូល​យ៉ាង​ច្រើន​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង ដៃគូ​កម្ចី​បរទេស​របស់​គ្រឹះស្ថាន​ទាំងនោះ ប៉ុន្តែ​វា​បាន​ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុវត្ថិភាព​នៃ​សិទ្ធិ​កាន់កាប់​របស់​ពលរដ្ឋ​កម្ពុជា ជាពិសេស​សហគមន៍ ដែល​ងាយ​រងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។