ក្រសួងទេសចរណ៍អះអាងថា ភ្ញៀវទេសចរជាង ១លាននាក់ បានចូលរួមពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ។ មន្ត្រីអង្គការសង្គមស៊ីវិល ថា រដ្ឋាភិបាលគួរតែធ្វើបទបង្ហាញអំពីការបំពុលទន្លេ និងការចូលរួមទប់ស្កាត់បទល្មើសនេសាទនៅក្នុងពិធីនេះផងដែរ។
បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរប្រមាណ ជិត ១លាន ២សែននាក់ ត្រឹមតែរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា នេះយោងទៅតាមក្រសួងទេសចរណ៍ ប្រកាសនៅថ្ងៃទី១១ ខែមីនា។
ភ្ញៀវទេសចរភាគច្រើនជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំនេះតែម្ដង ហើយក៏មានពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំប្រទល់ខេត្តផងដែរ រួមមានដូចជាខេត្តសៀមរាប កំពង់ចាម កំពង់ឆ្នាំង និងខេត្តមួយចំនួនទៀត។
ភ្ញៀវទេសចរចូលកម្សាន្តក្នុងពិធីបុណ្យទន្លេនេះ ដើម្បីទស្សនាការសម្ដែងសិល្បៈ និងរបាំ ចម្រៀង ហើយនិងការតាំងពិព័រណ៍ម្ហូបអាហារ ផលិតផលក្នុងស្រុក និងផលិតផលកសិកម្មជាដើម។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងថា ពិធីបុណ្យទន្លេនេះ ចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីផលិតផលកសិកម្ម ផ្សព្វផ្សាយពីវប្បធម៌ គោលដៅទេសចរណ៍ បេតិកភណ្ឌ និងណែនាំពីវិស័យបរិស្ថានជាដើម។
រីឯ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ លោកបានថ្លែងក្នុងពិធីបុណ្យទន្លេនេះថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក ហ៊ុន សែន៖ «ខ្ញុំសង្ឃឹមថា កម្ពុជានាពេលអនាគត បន្ទាប់ពីមានសន្តិភាពបូកជាមួយនឹង គោលនយោបាយភូមិឃុំមានសុវត្ថិភាពគឺ មួយផ្នែកទាក់ទាញទេសចរណ៍ ហើយមួយផ្នែកដែលសំខាន់ជាងនេះទៅទៀតគឺផលិតកម្មដែលបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជនក៏ដូចជាផ្គត់ផ្គង់ទេសចរណ៍នោះឯង»។
ទោះជាយ៉ាងណាប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) គឺលោក ហេង គីមហុង ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ការធ្វើពីធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ គ្រាន់តែជាការប្រារព្ធពីធីបុណ្យ ដើម្បីតែមានការជួបជុំគ្នាប៉ុណ្ណោះ។ លោកបន្តថា ការបង្ហាញ ឬរបៀបវារៈដែលនិយាយជជែកគ្នា ពីជីវចម្រុះដែលមាននៅក្នុងទន្លេ ការប្រើប្រាស់ទន្លេ តួនាទីទន្លេ និងសារប្រយោជន៍របស់ទន្លេហាក់នៅមានកម្រិតតិចតួចនៅឡើយ។
លោក ហេង គីមហុង៖ «ពិធីបុណ្យទន្លេហ្នឹងគួរតែភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីអត្ថប្រយោជន៍ទន្លេ ការចូលរួមទប់ស្កាត់បទល្មើសនេសាទហើយ និងការផ្សព្វផ្សាយអំពីតួនាទីរបស់ពលរដ្ឋ និងសហគមន៍មូលដ្ឋានឲ្យស្វែងយល់ពីទន្លេ ហើយនិងការចូលរួមទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលជះឥទ្ធិពលអវិជ្ជមានដល់ទន្លេ ដែលខ្ញុំគិតថាគឺជារឿងល្អបាទ ជារឿងដែលគួរតែត្រូវបានលើកទឹកចិត្តឲ្យធ្វើ ឲ្យបានទូលំទូលាយហើយ ជាពិសេស គឺការលើកយកផលិតផលកសិកម្មយកមកភ្ជាប់»។
ទាក់ទងទៅនឹងស្ថានភាពទន្លេបច្ចុប្បន្ននេះវិញ ប្រជានេសាទច្រើនគ្រួសារកំពុងបារម្ភបាត់បង់របរក្រោយការចាក់លុបពង្រីកចូលផ្ទៃទឹកទន្លេមេគង្គ នៅអរិយក្សត្រ កាលពីចុងឆ្នាំ២០២២ កន្លងទៅ។ ប្រជានេសាទរស់នៅភូមិពោធិ៍ធំ ឃុំអរិយក្សត្រ លោក ម៉ុត សាវី ថ្លែងថា កន្លងទៅគ្រួសារលោកអាចនេសាទត្រីលក់ រកចំណូលបានចន្លោះ ១០ម៉ឺនរៀល ទៅ ១៥ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែក្រោយពីក្រុមហ៊ុនចាក់ខ្សាច់លុបទន្លេជាង ១ឆ្នាំកន្លងទៅនេះ ពួកគាត់បានបាត់បង់មុខរបរនេះទាំងស្រុង។
ពលរដ្ឋរស់នៅតាមបណ្ដោយដៃទន្លេមេគង្គ មិនពេញចិត្តនឹងរដ្ឋាភិបាលក្នុងការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជន ចាក់ដីលុបទឹកទន្លេ ដើម្បីសាងសង់អាគារ ខុនដូរ សម្រាប់តែផលប្រយោជន៍មនុស្សមួយក្រុមតូចនោះទេ ពីព្រោះវាបានបណ្ដាលឲ្យមានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋជាច្រើន ដែលប្រកបរបរនេសាទ និងដាំបន្លែបង្ការតាមបណ្ដោយច្រាំងទន្លេ។
អ្នកជំនាញបរិស្ថានសង្កេតឃើញថា បច្ចុប្បន្នត្រី និងលំហូរទឹកមិនសូវហូរច្រោះចេញពីទន្លេមេគង្គ ចាក់ចូលទន្លេសាបនោះទេ ព្រោះការចាក់ដីពង្រីងចូលទន្លេ ដើម្បីអភិវឌ្ឍន៍ទីក្រុងរណប បានធ្វើឱ្យប៉ះពាល់ដល់លំហូរពងត្រី នៃខ្សែទឹកខាងលើចាក់មកខាងក្រោម បង្កឱ្យត្រីរាប់រយប្រភេទ មិនអាចបង្កកំណើតបាន។
មន្ត្រីសង្គមស៊ីវិលនៅតែស្នើយ៉ាងទទូចដល់រដ្ឋាភិបាល ផ្សព្វផ្សាយពីសារប្រយោជន៍នៃទន្លេ ការទប់ស្កាត់បទល្មើសនេសាទ និងធ្វើការពិចារណាពីផលប៉ះពាល់ដល់ពលរដ្ឋមុននឹងសម្រេចចិត្តផ្ដល់គម្រោងអភិវឌ្ឍន៍ណាមួយទៅក្រុមហ៊ុនឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។