កម្មករជាង ៤ពាន់នាក់ នៅខេត្តរតនគិរី ត្អូញត្អែរពីទុក្ខលំបាកផ្នែកជីវភាពធ្ងន់ធ្ងរ ដោយសារក្រុមហ៊ុន ហ័ង អាញ់ អណ្តូងមាស (Hoang Anh Andong Meas) របស់វៀតណាមមិនបើកប្រាក់ឈ្នួលជូនពួកគាត់ ដើម្បីទៅលេងស្រុកកំណើត ក្នុងថ្ងៃបុណ្យភ្ជុំធំ។ តំណាងកម្មករ ខកចិត្ត ចំពោះអាជ្ញាធរខេត្តនេះថា មិនជួយដោះស្រាយក្តីកង្វល់របស់ពួកគាត់ ដែលស្នើសុំកិច្ចអន្តរាគមន៍លើរឿងនេះជាច្រើនលើកមកហើយ។
តំណាងកម្មករ បន្តអំពាវនាវឱ្យរដ្ឋាភិបាលអន្តរាគមន៍បន្ទាប់មួយ ដើម្បីសម្រាលទុក្ខវេទនា របស់កម្មកររាប់ពាន់នាក់ ដែល ហ័ង អាញ់ អណ្តូងមាស (Hoang Anh Andong Meas) របស់ក្រុមហ៊ុនវៀតណាម មិនគោរពកិច្ចសន្យាវិនិយោគ ដោយពុំបើកប្រាក់ឈ្នួលឱ្យពួកគាត់បានគ្រប់ចំនួន នៅរយៈពេល ៣ខែចុងក្រោយនេះ។
តំណាងកម្មករ លោក យិន យ៉ឹម ប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ តុលាថា ក្រុមហ៊ុនធ្លាប់សន្យាថា នឹងបើកប្រាក់ឈ្នួលឱ្យពួកគាត់ មួយខែពេញ អំឡុងខែកញ្ញា ប៉ុន្តែរហូតដល់ថ្ងៃទី២ តុលាក្រុមហ៊ុនបើកប្រាក់ឈ្នួលឱ្យកម្មករបានត្រឹមតែ ៧ថ្ងៃកន្លះប៉ុណ្ណោះ ធ្វើឱ្យកម្មករភាគច្រើន គ្មានប្រាក់ទៅលេងស្រុកកំណើត ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ។ លោកថា អាជ្ញាធរស្រុក និងខេត្ត ធ្លាប់ចុះដោះស្រាយករណីនេះដែរ តែគ្មានបានផលនោះទេ៖ «អាជ្ញាធរស្រុក និងអភិបាលរងខេត្ត មកធ្វើអន្តរាគមន៍ នៅតែក្រុមហ៊ុនគ្មានដំណោះស្រាយ ហើយក៏ពុំមានមន្ត្រីរាជការណា មកធ្វើអន្តរាគមន៍ដែរ ហើយពួកខ្ញុំរងទុក្ខលំបាកមែនទែន។ អាជ្ញាធរខេត្តរតនគិរីឃុបឃិតគ្នា ជាប្រព័ន្ធមិនដោះស្រាយឱ្យពួកយើងខ្ញុំទេ»។
តំណាងកម្មកររូបនេះបន្ថែមថា កម្មករភាគច្រើនធ្វើការដោយប្រើកម្លាំងពលកម្មដូចជា ដាំចេក និងស្វាយ ដោយទទួលបានប្រាក់ឈ្នួល ចន្លោះចាប់ពី ២ម៉ឺន ៧ពាន់រៀល (២៧.០០០) ទៅ ៣ម៉ឺន ២ពាន់រៀល (៣២.០០០) ក្នុងមួយថ្ងៃ។ លោកបន្តថា កន្លងទៅ កម្មករធ្វើការឱ្យក្រុមហ៊ុននេះមានជាង ៧ពាន់នាក់ ប៉ុន្តែដោយសារ បញ្ហាបើកប្រាក់ឈ្នួលយឺតយ៉ាវ ធ្វើឱ្យកម្មករខ្លះបង្ខំចិត្តឈប់ធ្វើការទាំងមិនទាន់បើកប្រាក់ឈ្នួល ហើយវិលត្រឡប់ទៅស្រុកកំណើតវិញ។ លោកថា បច្ចុប្បន្នក្រុមហ៊ុន នៅសល់តែកម្មករខ្មែរជាង ៤ពាន់នាក់ទេ ក្នុងនោះមួយចំនួន រស់នៅខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង មណ្ឌលគិរី រតនគិរី និង កំពង់ធំជាដើម។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីអ្នកបកប្រែ និងជាតំណាងក្រុមហ៊ុនវៀតណាម លោក ថាច់ ស៊ីថា បាននៅឡើយទេ នៅថ្ងៃទី៦ តុលា ដោយទូរស័ព្ទហៅចូលច្រើនតែគ្មានអ្នកលើក។ ចំណែក អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត និង ប្រធានមន្ទីរការងារខេត្តនេះ លោក ឌុច ចាន់តូ ក៏មិនអាចទាក់ទងបានដែរ។
ប៉ុន្តែតំណាងក្រុមហ៊ុនវៀតណាម លោក ថាច់ ស៊ីថា ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមហ៊ុនបើកប្រាក់ឈ្នួលឱ្យកម្មករ តាមរយៈមេការ ហើយបញ្ហានេះ កម្មករនៅមិនបានផ្តល់ព័ត៌មាន ឱ្យក្រុមហ៊ុនជ្រាបនៅឡើយទេ។ លោកបញ្ជាក់ថា ក្រុមហ៊ុននឹង ពិនិត្យមើលករណីនេះឡើងវិញ៖ «កម្មករគាត់អត់ទាន់បានទទួលលុយ គាត់អត់សួររកមកក្រុមហ៊ុនទៀត។ គាត់ទៅសួរពីក្រៅ ក្រុមហ៊ុនអត់ដឹង បើគាត់សួររកក្រុមហ៊ុនថា មេការមួយណា មិនទាន់បើកលុយ ហើយក្រុមហ៊ុនសួររក នឹងឃើញហើយ»។
កាលពីសីហា ឆ្នាំ២០២១ កន្លងទៅ តំណាងកម្មករ ១២នាក់ បានផ្តិតមេដៃប្តឹងក្រុមហ៊ុនវៀតណាម ហ័ង អាញ់ អណ្ដូងមាស ទៅអាជ្ញាធរខេត្តរតនគិរី។ ខ្លឹមសារពាក្យបណ្ដឹងនោះចោទក្រុមហ៊ុនថា បើកប្រាក់ឈ្នួលមិនទៀងទាត់ បំពានកិច្ចសន្យាជាមួយកម្មករ ធ្វើឱ្យកម្មករជួបការលំបាកខ្លាំង ក្នុងពេលរីករាលដាលជំងឺកូវីដ១៩។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឌិន ខន្នី ចាត់ទុក ទង្វើរបស់ក្រុមហ៊ុនដែលបំពានកិច្ចសន្យាវិនិយោគ និងទាមទារឱ្យរដ្ឋាភិបាលស៊ើបអង្កេតរឿងនេះឱ្យច្បាស់លាស់ ដើម្បីផ្តល់ដំណោះស្រាយសមរម្យជូនកម្មករ។ លោកបញ្ជាក់ថា ក្រុមហ៊ុនមិនទទួលខុសត្រូវករណីនេះ រដ្ឋាភិបាលគួរតែមានវិធានការច្បាប់ លើក្រុមហ៊ុននេះ៖ «ក្រុមហ៊ុនមិនអាចទទួលខុសត្រូវបើកប្រាក់ខែជូនកម្មករ រដ្ឋាភិបាលគួរតែពិនិត្យតាមដានឡើងវិញ ការអនុវត្តផែនការឡើងវិញ បើសិនជាក្រុមហ៊ុនគាត់មិនគោរពទេ រដ្ឋាភិបាលគួរតែបញ្ចប់កិច្ចសន្យាសម្បទាន ជាមួយនឹងក្រុមហ៊ុន។
ក្រុមហ៊ុន ហ័ង អាញ់ អណ្ដូងមាស (Hoang Anh Andong Meas) របស់វៀតណាមទទួលបានសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីររដ្ឋាភិបាលទំហំជិត ២ម៉ឺនហិកតារ តាំងពីឆ្នាំ២០១០ ឋិតក្នុងស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគិរី។ ក្រុមហ៊ុននេះ វិនិយោគដាំចេកអំបូងលឿង និងស្វាយ នាំទៅលក់នៅប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។