ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានថ្មី ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់កម្ពុជានិងភាពធន់រយៈពេលវែង
2022.12.21

ធនាគារពិភពលោក (World Bank) ផ្តល់ហិរញ្ញប្បទានថ្មី ចំនួន២៧៤លានដុល្លារអាមេរិកថែមទៀត ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់កម្ពុជា និងភាពធន់រយៈពេលវែង។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃទី ២០ ខែធ្នូឲ្យដឹងថា ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជា ជំរុញការប្រកួតប្រជែងផ្នែកឯកជន ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយកើតឡើង។
ធនាគារពិភពលោកលើកឡើងថា ទោះបីជាសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញនៅឆ្នាំ២០២១ និង២០២២ ក្តី សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន នឹងប៉ះពាល់ដល់វិស័យពាណិជ្ជកម្មរបស់កម្ពុជា។ ប្រទេសកម្ពុជាក៏ងាយរងគ្រោះខ្លាំង ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយសារត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតជាញឹកញាប់។
ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា អ្នកស្រី ម៉ារៀម សាលីម (Maryam Salim) សង្កត់ធ្ងន់ថា ខណៈយុទ្ធសាស្ត្រ “រស់ជាមួយកូវីដ-១៩” បានជួយស្តារសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះ នូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានានៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកលនៅឡើយ។ ការវិភាគទិន្នន័យចុងក្រោយនេះបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២,៨ % ដែលជំរុញឲ្យពលរដ្ឋប្រមាណ៥០ម៉ឺននាក់ (៤៦០.០០០) ធ្លាក់ចូលក្នុងភាពក្រីក្រវិញ។
ជុំវិញបញ្ហាអត្រាភាពក្រីក្រនេះ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានវាយតម្លៃលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០២០ បង្ហាញថា អត្រាពលរដ្ឋកម្ពុជារស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬចំណាយតិចជាង ២ដុល្លារក្នុងមួយថ្ងៃ អាចនឹងកើនឡើងរហូតដល់ជាង ១៧% ឬស្មើនឹងពលរដ្ឋប្រមាណជិត ៣លាននាក់។ រីឯ ធនាគារពិភពលោក នៅតែវាយតម្លៃដែរថា ពលរដ្ឋជាង ៤លាន ៥សែននាក់ នៅតែងាយប្រឈមនឹងធ្លាក់ខ្លួនក្រីក្រវិញ នៅពេលណាដែលមានបញ្ហាផ្នែកសេដ្ឋកិច្ច ឬកត្តាខាងក្រៅដទៃទៀត។
ហិរញ្ញប្បទានថ្មី ចំនួន ២៧៤លានដុល្លារអាមេរិកនេះ ត្រូវបានផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយដល់ប្រទេសក្រីក្រ។ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តរួចហើយដែលគោលបំណងសំខាន់បី គឺការស្តារសេដ្ឋកិច្ច កំណែទម្រង់ និងការបង្កើនភាពធន់រយៈពេលយូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។