សង្គមស៊ីវិល​ស្នើរដ្ឋាភិបាល​អនុវត្តវិធានការ​លុបថ្លៃ​ភាស៊ី​សម្រាប់អ្នកលក់ដូ​តាមកញ្ច្រែងល្អីឲ្យ​មានប្រសិទ្ធភាព

ដោយ សុជីវី
2021-03-24
Share
សង្គមស៊ីវិល​ស្នើរដ្ឋាភិបាល​អនុវត្តវិធានការ​លុបថ្លៃ​ភាស៊ី​សម្រាប់អ្នកលក់ដូ​តាមកញ្ច្រែងល្អីឲ្យ​មានប្រសិទ្ធភាព ពងទារបស់​ស្ត្រីអាជីវករលក់ពង​ទា​ម្នាក់ត្រូវបាន​បំផ្លាញដោយសន្តិសុខ​នៃមជ្ឈមណ្ឌល​ពា​ណិជ្ជកម្មក្រុងព្រះសីហនុនិងជាភ្នាក់ងារទារភាស៊ី ​កាលពី​ថ្ងៃ​ទី២០ ខែមីនា។
រូប៖ គេ​ផ្ដល់​ឱ្យ

មន្ត្រីសង្គមស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​អ្នកប្រកបរបសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ លើកឡើងថា ​បើទោះ​ជា​រដ្ឋាភិ​បាល ​បានចេញ​សារាចរ​លុប​ចោល​ការបង់​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀតចំពោះ​ការ​លក់​ដូរ​របស់​ពល​រដ្ឋ​តាម​កញ្ច្រែង ​កញ្ជើ​ ល្អី ​នៅតាម​ទីផ្សារ​ទូទាំងប្រ​ទេស​​ចាប់តាំងពីចុងឆ្នាំ២០១៦មកក្តី ​ក៏អាជ្ញាធរនិង​សន្តិសុខផ្សារ​តាម​បណ្តាខេត្ត-ក្រុង​មួយ​ចំនួននៅតែ​បន្តទារលុយ​ពី​ពលរដ្ឋដដែល។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធលោក វន់ ពៅ ​ថ្លែងថា អ្នកលក់ដូ​តូចតាច​តែងរអ៊ូរទាំថា ​អាជ្ញាធរឬសន្តិសុខ​តាមផ្សារ​មួយ​ចំនួន​​នៅតែ​បន្ត​ទារ​លុយ​ពីពួកគាត់ ​ហើយ​ពួកគាត់​បដិសេធ ​គឺ​អ្នកភាស៊ីទាំង​នោះ ​នឹងបណ្តេញ​ពួកគាត់​ មិនឲ្យ​លក់ដូរ ​ក្រោម​ហេតុផល​ថា ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់។ លោកស្នើសុំឲ្យ​អាជ្ញាធរ​តាម​បណ្តាខេត្ត-ក្រុង​ទូទាំងប្រទេស​ ​គោរព​និងអនុវត្ត​សារាចរ​របស់​រដ្ឋាភិបាល​ឲ្យ​មានប្រសិទ្ធ​ភាព ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ​និង​លើកកម្ពស់​ជីវភាព​រប​ស់​ពលរដ្ឋ។ លើស​ពីនេះ ​លោក​យល់ថា​ អាជ្ញាធរ ​គួរតែ​ផ្អាក​យកថ្លៃ​ជួល​តូប​ពីអាជីវករ​ក្នុង​អំឡុងពេល​នៃការ​រាតត្បាត​ជំងឺកូវីដនេះ​ផងដែរ៖ «ពេលខ្លះសារាចរហ្នឹងចេញមកបានតែមួយភ្លេចហើយបន្ទាប់មកអាជ្ញាធរហាក់ដូចជាមិនអើពើដូច្នេះហើយព្រឹកមិញនេះយើងបាន ឃើញលិខិតណែនាំរបស់អភិបាលខេត្តព្រះសីហនុ លោក​គួច ចំរើន បានក្រើនរំលឹកដល់អាជ្ញាធរខេត្តព្រះសីហនុ និងក្នុងក្រុងឲ្យបញ្ឈប់ការយកភាស៊ីយោងទៅលើសារាចរហ្នឹង ដើម្បីជួយពលរដ្ឋខ្មែរដែលកំពុងជួបទុក្ខលំបាក ជាពិសេសក្នុងស្ថានភាពជំងឺកូវីដនេះ ខ្ញុំគិតថា អាជ្ញាធរត្រូវតែលើកលែងតែម្តងចំពោះការយកភាស៊ី ថ្លៃតូប ថ្លៃកន្លែងលក់ ព្រោះឥឡូវនេះលក់អត់ដាច់ទេ ហើយបើយកភាស៊ីទៀត វារឹតតែធ្ងន់ធ្ងរ»។

ការលើកឡើងនេះ ​គឺបន្ទាប់ពី​អភិបាលខេត្តព្រះសីហនុលោក គួច ​ចំរើន ​នៅព្រឹក​ថ្ងៃទី​២២​ ខែមីនា ​បានចេញ​លិខិតណែនាំមួយ​ដល់​អ្នកគ្រប់គ្រងផ្សារ​ស្ថិតក្នុងខេត្ត​ព្រះសីហនុ​ទាំងអស់​ ត្រូវ​បញ្ឈប់ការ​យកភាស៊ី​រាល់ការ​លក់ដូរ​តាមកញ្ច្រែង ​កញ្ជើ ​ល្អី ​របស់​ប្រ​ជា​ពលរដ្ឋ។ ទន្ទឹមគ្នានេះ​លោក គួច ​ចំរើន ណែនាំដល់​អ្នកគ្រប់​គ្រងផ្សារ​ទាំងអស់ត្រូវ​ប្រមូលចំណូល​តាមរយៈការ​បង់ភាស៊ី ​និង​បង់ថ្លៃជួលតូប រាន​ ស្តង់ ​ព្រមទាំង​កន្លែង​លក់​ដូរដ​ទៃទៀត ​តាមការកំណត់​នៅក្នុងសៀវ​ភៅបន្ទុក។ ការចេញលិខិតណែនាំនេះ ​ធ្វើ​ឡើង​ក្រោយពី​មានករណី​បុរសម្នាក់​ជាភ្នាក់ងារ​ភាស៊ី ​និងសន្តិសុខ​នៃមជ្ឈមណ្ឌល​ពា​ណិជ្ជកម្មក្រុងព្រះសីហនុបានទារភាស៊ី​លើស​​សៀវភៅ​បន្ទុក​ពី​ស្ត្រីអាជីវករលក់ពង​ទា​ម្នាក់ ​និង​បាន​បំផ្លាញពងទារ​បស់គាត់​ដែលបណ្តាល​ឲ្យ​ធ្លាក់​បែកនៅលើដី ​កាលពី​ថ្ងៃ​ទី២០ ខែមីនា។ ក្រោយកើតហេតុ ​អភិបាល​ខេត្តព្រះសីហនុ ​បានបញ្ជាឲ្យ​បញ្ឈប់​បុរសរូប​នោះ​ពីការងារ បើទោះជាបុរសរូបនោះ ព្រមទទួលស្គាល់កំហុស និងសងថ្លៃខូចខាត​ទៅជនរងគ្រោះវិញក៏ដោយ​។​

អ្នក​សម្របសម្រួល​សមាគមការពារ​សិទ្ធិមនុស្ស​អាដហុកប្រចាំខេត្ត​ព្រះសីហនុ​អ្នក​ស្រី​ ជៀប សុធារី ​គាំទ្រ​ចំពោះ​វិធានការ​របស់​អភិបាលខេត្តព្រះសីហនុ ​ដើម្បី​ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាអ្នកស្រីបញ្ជាក់ថា​ មួយរយៈ​ចុងក្រោយនេះ ​​មិនសូវមាន​ពលរដ្ឋ​លក់​ដូរ​តាមកញ្ច្រែង​ល្អីច្រើន​ដូច​មុន​ឡើយ ​ដោយសារ​អាជ្ញាធរ ​កំពុងរឹតបន្តឹង​ការ​ចេញចូល​ក្នុង​ខេត្តព្រះ​សីហនុ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺកូវីដ-១៩។ អ្នកស្រីពិនិត្យឃើញថា ​​ករណី​ភ្នាក់ងារភាស៊ី ​ទាមទារលុយពី​អ្នកលក់ដូរ​តូចតាចនេះ​តែងកើត​មានជា​ហូរ​ហែរ ​បើទោះបីរដ្ឋាភិបាល ​បានចេញសារាចរ​លុបការ​យកភាស៊ីនេះ​ក្ត៖ «បើនិយាយផ្លូវច្បាប់ គាត់ត្រូវតែទទួលខុសត្រូវរឿងព្រហ្មទណ្ឌដែរ ចំពោះការដែលគាត់ប្រទាញប្រទុងគ្នាធ្វើឲ្យខូចខាតអីនឹង។ ប៉ុន្តែប្រជាពលរដ្ឋដែលលក់ដូរតាមទីផ្សារហ្នឹង គាត់គ្មានគំនិតណាចង់ធ្វើបាបពួកអ្នកទាភាស៊ីទាំងអស់ហ្នឹងទេ ដូច្នេះអ្នកទារភាស៊ីទាំងអស់នេះ គួរតែមានសេចក្តីសណ្តោសនិងក្តីមេត្តាដល់អ្នកលក់ដូរវិញ ព្រោះជាខ្មែរដូចគ្នាទេ។ ពួកអ្នកលក់ដូចក្នុងកញ្ច្រែង ល្អីនេះ បើគាត់មានលុយ គាត់ទៅជួលតូបលក់ដូរត្រឹមត្រូវក្នុងម្លប់​ដែរបាត់ហើយ គាត់ចាំបាច់ទៅអង្គុយលក់ហាលក្តៅ​រងា​ចឹង​ទេ»

មន្ត្រីសង្គមស៊ីវិល​ឲ្យដឹងដែរ​ថា ​បច្ចុប្បន្ននេះ ​ប្រជាពលរដ្ឋខ្មែរក្រីក្រ​ដែលលក់​ដូរ​តូច​តាច​នៅក្នុង​ខេត្តព្រះសីហនុ ក៏​កំពុង​ជួបបញ្ហាប្រឈម​ខ្វះកន្លែង​លក់ដូរ ​និង​បាត់បង់​ប្រាក់​ចំណូល​ផងដែរ។ ពួកគេថា ​បញ្ហាប្រឈមទាំងនេះ​ ដោយសារតែអគារនិង​ក្រុម​ហ៊ុន​ផ្សេងៗ​នៅក្នុងខេត្តព្រះសីហនុ​ គឺ​ភាគ​ច្រើន​គ្រប់គ្រង់​ដោយ​ជន​ជាតិ​ចិន ​ដូច្នេះ​ពល​រដ្ឋ​មិនអាច​ចូលទៅ​លក់ដូរក្បែរ​កន្លែង​ទាំងនោះ​បានដូច​មុនទៀ​ត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល