អ្នកធ្វើការខាងវិស័យទេសចរណ៍ និងមន្ត្រីសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាល ត្រៀមនិងអនុវត្តវិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀតពាក់ព័ន្ធនឹងអនាម័យ និងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងពេលបើកទេសចរណ៍ឡើងវិញ។ ពួកគាត់ព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាល អនុវត្តវិធានការសុវត្ថិភាពធូររលុងនោះ ការបើកដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមិនអាចជោគជ័យឡើយ។
អ្នកធ្វើការខាងវិស័យទេសចរណ៍ និងមន្ត្រីសង្គមស៊ីវិល ស្វាគមន៍ជាមួយនឹងក្តីព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបើកប្រទេសទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។
ប្រធានសហព័ន្ធសហជីពកម្មករវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ថ្លែងថា ការចាប់ផ្តើមបើកទេសចរណ៍ឡើងវិញនៅពេលនេះគឺជារឿងត្រឹមត្រូវ ប៉ុន្តែលោកនៅតែព្រួយបារម្ភពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ការព្រួយបារម្ភនេះ ព្រោះលោកយល់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា នៅតែមានច្រើន ប្រសិនបើក្រសួងសុខាភិបាល បង្ហាញលទ្ធផលធ្វើតេស្តទាំងម៉ាស៊ីនពិសោធន៍ភីស៊ីអា (PCR) និងឧបករណ៍ធ្វើតេស្តរហ័ស (Rapid Test)។ មេដឹកនាំសហជីពរូបនេះ អំពាវនាវឲ្យរដ្ឋាភិបាល ពង្រឹង វិធានការសុវត្ថិភាព អនាម័យ បង្កើនការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺកូវីដ ការបញ្ចុះតម្លៃឧបករណ៍ធ្វើតេស្ដរហ័ស និងថ្នាំពេទ្យ។ ក្រៅពីនេះ លោកជំរុញឲ្យរដ្ឋាភិបាល លុបបំបាត់អំពើពុករលួយក្នុងវិស័យទេសចរណ៍ ព្រមទាំងស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ព្រោះបញ្ហាទាំងនេះ ក៏ជាកត្តាចម្បងនាំឲ្យប៉ះពាល់ផ្លូវចិត្តរបស់អ្នកទេសចរមកផងដែរ៖ «វិធីសាស្ត្រដែលរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ត្រូវធ្វើបន្ទាន់ ទី១ ត្រូវពង្រឹងកុំឲ្យឆ្លងរីករាលដាលពេលយើងបើកឆាកដំបូង បានន័យថា ពេលបើកដំបូងនេះ ត្រូវការពារ ពិនិត្យ តាមដានឲ្យបានច្បាស់លាស់កុំឲ្យកើនឡើង នៃការឆ្លងជំងឺកូវីដ។ បើយើងឆ្លងផុតរយៈពេលណាមួយ គឺជាចំណុចល្អ ប៉ុន្តែបើយើងបើកឆាកដំបូងឆ្លងខ្លាំងហើយ ខ្ញុំគិតថា គឺជាបញ្ហា។ ទី២ ទំនិញនៅលើទីផ្សារត្រូវតែធ្លាក់ចុះ កុំឲ្យឡើងថ្លៃពេក កុំឲ្យប៉ះពាល់សតិអារម្មណ៍ភ្ញៀវទេសចរ។ ទី៣ សេវាកម្មផ្សេងៗ ត្រូវតែមានសុវត្ថិភាពនិងរាក់ទាក់ដល់ភ្ញៀវខ្លាំង និងយកចិត្តទុកដាក់មែនទែន ព្រោះយើងត្រូវដឹងថា ប្រទេសជិតខាងយើងដូចជាវៀតណាមនិងថៃ គេខ្លាំងមែនទែនខាងវិស័យទេសចរណ៍»។
បន្ថែមពីនេះលោក ម៉ម រិទ្ធី ឲ្យដឹងដែរថា ស្ថានភាពនៅតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនដូចជាខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តសៀមរាបជាដើម គឺអាជ្ញាធរបានរៀបចំឲ្យមានសោភ័ណភាពល្អប្រសើរជាងមុនទាំងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទោះជាយ៉ាងណា លោកមិនរំពឹងថា ប្រជាពលរដ្ឋកម្ពុជា អាចមានលទ្ធភាពដើរកម្សាន្តច្រើននោះទេ ព្រោះពួកគាត់ភាគច្រើនបាត់បង់ប្រាក់ចំណូលនិងការងារដោយសារវិបត្តិកូវីដ-១៩។ សម្រាប់ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅកម្ពុជាវិញ លោករំពឹងថា ភាគច្រើនគឺមកពីប្រទេសចិន។
ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្រសួងទេសចរណ៍ សម្រេចបើកទទួលទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចយ៉ាងតិច២ដូស ដើរកម្សាន្តនៅកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរ ខេត្តកោះកុង នៅចុងខែវិច្ឆិកា និងខេត្តសៀមរាប នៅខែមករាខាងមុខ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានដាក់ចេញគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩។ គោលនយោបាយនេះ ឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានទូទាំងប្រទេសប្រកបដោយសុវត្ថិភាព។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា ការបើកទេសចរណ៍ឡើងវិញនេះ គឺជារឿងល្អ ព្រោះកម្ពុជា ជាប្រទេសមួយពឹងផ្អែកលើវិស័យទេសចរណ៍។ អ្នកស្រីសង្កេតឃើញថា នៅខេត្តព្រះសីហនុ ចាប់ផ្តើមមានអាជីវកម្មមួយចំនួនជារបស់ពលរដ្ឋខ្មែរផង និងជនជាតិចិនផង កំពុងរៀបចំបើកឡើងវិញ ដើម្បីតៀមទទួលអតិថិជន។ ទោះជាយ៉ាងណា អ្នកស្រី ព្រួយបារម្ភចំពោះការអនុវត្តវិធានការសុវត្ថិភាពរបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធរួមម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរ មិនមានប្រសិទ្ធភាពបណ្តាលឲ្យផ្ទុះជំងឺកូវីដធ្ងន់ធ្ងរឡើងវិញ៖ « យើងនៅតែព្រួយបារម្ភអ៊ីចឹង ដោយសារថា តើការអនុវត្ត នោះ វាពិតជាបានមួយរយភាគរយទៅតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលអត់ ហើយតើប្រជាពលរដ្ឋ គាត់ចូលរួមកម្រិតណាដែរ។ បើសិនជាយើងមានការធ្វេសប្រហែសតែបន្តិច យើងមុខតែមានបញ្ហាទៀតហើយ។ ថ្មីៗនេះ ខ្ញុំបានស្តាប់ព័ត៌មានដែរថា នៅប្រទេសចិន មានការឆ្លងឡើងវិញដែរ។ ខ្ញុំនៅតែស្នើសុំថា ឲ្យមានវិធានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាពិសេសសមត្ថកិច្ចនិងអាជ្ញាធរដែលពាក់ព័ន្ធត្រូវពង្រឹង ភារកិច្ចនៅតាមព្រលានយន្តហោះ ហើយមួយទៀតការផ្តល់សេវាកម្មផ្សេងៗ តាម សណ្ឋាគារ និងផ្ទៃសំណាក់ទាំងអស់នេះ ត្រូវតែមានការត្រួតពិនិត្យផងដែរ»។
របាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញថា កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងចំនួន៩លាននាក់ ដែលចំនួននេះថយចុះ២០%បើធៀបនឹងឆ្នាំ២០១៩។ ដោយឡែក សម្រាប់រយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២លាន( ២ .៣០០ .៩៥១ )នាក់។ ក្រសួងទេសចរណ៍ អះអាងថា ការជំរុញភ្ញៀវទេសចរផ្ទៃក្នុងនៅពេលនេះគឺជារឿងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចសង្គម និងទ្រទ្រង់ដំណើរអាជីវកម្មក្នុងវិស័យទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។