"ពលរដ្ឋ​លក់​ដូរ​ពេល​យប់​បាត់​ចំណូល​ស្ទើរ​ទាំងស្រុង​ដោយ​សារ​បម្រាម​ធ្វើដំណើរ និង​អាជីវកម្ម"

ដោយ មាន ឫទ្ធិ
2021-04-03
Share
"ពលរដ្ឋ​លក់​ដូរ​ពេល​យប់​បាត់​ចំណូល​ស្ទើរ​ទាំងស្រុង​ដោយ​សារ​បម្រាម​ធ្វើដំណើរ និង​អាជីវកម្ម" សកម្មភាព​អាជ្ញាធរ​រាជធានីភ្នំពេញ​ចុះពិនិត្យ​មើល​បម្រាម​គោចរ កាល​ពី​យប​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០២១។
រូប​ពី​គេហទំព័រ​សាលារាជធានី​ភ្នំពេញ

ពលរដ្ឋ​មួយចំនួន​ដែល​លក់ដូរ​នៅ​ពេល​យប់ ដង្ហោយ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ពួកគាត់​ផង បន្ទាប់ពី​អាជ្ញាធរ​បាន​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​អាជីវកម្ម​នៅពេល​យប់​យ៉ាង​ទាន់ហន់ ចាប់ពី​ថ្ងៃទី​០១ មេសា តទៅ ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា អាជ្ញាធរ​គួរ​ពិនិត្យ​លើ​វិធានការ​ឱ្យ​បាន​ច្បាស់លាស់​មុននឹង​ដាក់ចេញ​ឱ្យ​អនុវត្ត ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ដល់​ចរន្ត​សេដ្ឋកិច្ច​សង្គម។ពលរដ្ឋ​មួយចំនួន​កំពុង​បាត់បង់​ចំណូល​ស្ទើរតែ​ទាំងស្រុង ដោយសារតែ​វិធានការ​បិទ​ចរាចរណ៍ និង​សកម្មភាព​អាជីវកម្ម​នៅពេល​រាត្រី ដែល​អាជ្ញាធរ​ទើបតែ​បាន​ដាក់​ចេញ​។ ពួកគាត់​ត្អូញត្អែរ​ថា ពួកគាត់​កំពុង​ជួប​ការ​លំបាក ខ្វះ​លុយ​បង់ថ្លៃ​ទឹក​ភ្លើង និង​ប្រឈម​បញ្ហា​បំណុល​ធនាគារ ហើយ​សំណូមពរ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ជាបន្ទាន់។

អាជីវករ​ពេល​រាត្រី នៅ​រាជធានី​ភ្នំពេញ លោកស្រី ខុម ស្រីលក្ខ ប្រាប់​អាស៊ីសេរី​ថា បម្រាម​ធ្វើដំណើរ​នៅ​ពេល​យប់​របស់​អាជ្ញាធរ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការលក់ដូរ​របស់​លោក​ស្រី និង​អាជីវករ​ផ្សេងទៀត​ជា​ខ្លាំង ។ លោកស្រី​ប្រាប់​ថា​ប្តី​របស់​លោកស្រី​ត្រូវ​ងើប​នៅ​ម៉ោង​៤​ទៀបភ្លឺ ទៅ​ផ្សារ​ដើម​គ​ដើម្បី​ទិញ​បន្លែ​ធ្វើ​ជ្រក់​យក​ទៅ លក់​ឱ្យ​កម្មករ​រោងចក្រ​រាល់ថ្ងៃ ប៉ុន្តែ​វិធានការ​របស់​អាជ្ញាធរ​ធ្វើ​ឱ្យ​ប្តី​លោកស្រី​មិនអាច​ធ្វើ​ដំណើរ​ចេញទៅ​ផ្សារ​ដូច​សព្វដង​បាន​ទេ​។ លោកស្រី​ថា វិធាន​ការ​បិទ​នេះ​បាន​ធ្វើ​ឱ្យ​ការលក់ដូរ​របស់​លោក​ស្រី​ត្រូវ​បាន​អាក់ខាន​មួយ​រយៈ​។ ស្រី​វ័យ ៣០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ពេលនេះ​គ្រួសារ​លោកស្រី​បាត់បង់​ចំណូល​ស្ទើរ​ទាំងស្រុង ដោយ​មិនអាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​គ្រប់គ្រាន់​នោះ​ទេ៖ «ខ្ញុំ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ដែរ ពីព្រោះ​ព្រឹក​ឡើង​ខ្ញុំ​ត្រូវ​ឡើង​ទៅ​ទិញ​ឥវ៉ាន់ ដល់ពេល​មានការ​រារាំង​អ៊ីចឹង ខ្ញុំ​អត់​បាន​ទៅ​ទិញ​ទេ ផ្ទះ​ជួល​សំខាន់​ណាស់​សម្រាប់​ពួក​ខ្ញុំ ថ្លៃ​ទឹក​ភ្លើង​គឺ​សំខាន់​មែនទែន ខ្ញុំ​ព្រួយបារម្ភ​ណាស់​ដើមខែ​ចុងខែ​អត់​មាន​លុយ​ឱ្យ​ថ្លៃ​ផ្ទះ​ជួល​គេ​គ្រាន់​អត់»

ចំណែក​អាជីវករ​លក់​បន្លែ​នៅ​ផ្សារ​ដើម​គ លោក យន់ យាន លោក​ប្រាប់​អាស៊ីសេរី​ថា ពេល​ថ្ងៃ​លោក​ដើរ​ប្រមូល​ទិញ​បន្លែ​ពី​ស្រុក​ស្អាង ខេត្ត​កណ្តាល យក​ទៅ​លក់​នៅ​ផ្សារ​ដើម​គ​រៀងរាល់​យប់​។ លោក​ថា វិធានការ​បិទ​ការ​ធ្វើដំណើរ និង​សកម្មភាព​អាជីវកម្ម​ពេលយប់​នេះ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខរបរ​របស់​លោក និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​។ លោក​គាំទ្រ​ដែល​រដ្ឋាភិបាល​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ក៏​ត្រូវ​រក​វិធី ឬ​កំណត់​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​ឱ្យ​ពួក​លោក​អាច​ប្រកប​របរ​បាន​ដែរ ។ លោក​បន្ថែម​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​មិនអាច​ចេញ​លក់​ដូរ ឬ​លក់​ខាត រដ្ឋាភិបាល​គួរ​ជួយ​សម្រាល​បន្ទុក​ជីវភាព​ប្រចាំថ្ងៃ​ខ្លះ ជាពិសេស​បំណុល​ធនាគារ៖ «ព្រោះ​វា​លំបាក​ហើយ​មកដល់​ផ្សារ​ស្ងាត់​ជ្រាប​អត់​មាន​អ្នកទិញ ជួនណា​ទំរាំ​កាត់​ហើយ​រៀប​ចូល​រ៉ឺម៉ក់​ហើយ រ៉ឺម៉ក់​ខូច​អត់​បាន​លក់​ម៉ង់​គេ​បិទ​ម៉ោង​៨​យប់ ខ្ញុំ​លក់​​ឡៃឡុង ជួល​កាល​លក់​អត់​អស់​ចាក់​ទាំង​កញ្ឆេៗ​ចូល​ឡាន​ស៊ីនទ្រី​សល់​ចាក់​ចោល»

ការ​លើកឡើង​របស់​ពលរដ្ឋ​ដែល​ជា​អាជីវករ​លក់ដូរ​ពេល​យប់​នេះ គឺ​នៅ​ក្រោយ​ពេល​អាជ្ញាធរ​បាន​បិទ​ចរាចរណ៍ ព្រមទាំង​សកម្មភាព​អាជីវកម្ម និង​ការ​ប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នៅ​ពេល​យប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ទៀបភ្លឺ រយៈពេល​២​សប្តាហ៍ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ១ ខែមេសា ដល់​ថ្ងៃទី ១៤ ខែមេសា តទៅ​។ វិធានការ​នេះ​ធ្វើឡើង​យ៉ាង​ប្រញាប់ បន្ទាប់ពី​មាន​អនុក្រឹត្យ​ពី​រដ្ឋាភិបាល កាល​ពី​ថ្ងៃទី​៣១ មីនា​។ រដ្ឋបាល​ក្រុង​ភ្នំពេញ គូសបញ្ជាក់​ថា បំរាម​គោចរ​នេះ គឺជា​វិធានការ​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ដែល​បណ្តាល​ឲ្យ​មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​កាន់តែ​ចំនួន​ច្រើនឡើងៗ។

អាស៊ីសេរី​មិនអាច​ទាក់ទង អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃទី​២ មេសា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់ទង​នឹង​វិធានការ​ថ្មី​របស់​អាជ្ញាធរ​នេះ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍ថា សង្គម​ស៊ីវិល​ព្រួល​បារម្ភ​អំពី​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​មាន​មុខរបរ​តូចតាច ដែល​ពួកគាត់​ត្រូវ​ពឹង​ផ្អែកលើ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។ លោក​ថា វិធានការ​បិទ​ទាំងស្រុង​របស់​អាជ្ញាធរ​នេះ មួយ​ផ្នែក​គឺជា​រឿង​ល្អ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩ ប៉ុន្តែ​មួយ​ផ្នែក​ទៀត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចរន្ត​សេដ្ឋកិច្ច​សង្គម ដែល​អាជ្ញាធរ​គួរ​ពិនិត្យ​មើល​ឡើងវិញ​។​ជាមួយ​គ្នា​នេះ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ជួយ​ឧបត្ថម្ភ​ប្រាក់​មួយចំនួន ដល់​អ្នក​ប្រកបមុខរបរ​ខ្នាត​តូច និង​មធ្យម ដើម្បី​ឱ្យ​ពួកគាត់​អាច​បន្ត​មុខរបរ​នេះ និង​មាន​លទ្ធភាព​ដោះស្រាយ​ផល​ប៉ះពាល់​នានា៖ «ប្រជាពលរដ្ឋ​ដែល​គាត់​រកស៊ី​លក់​បន្លែ លក់​ផ្លែឈើ ជាពិសេស​បងប្អូន​ដែល​ផ្គត់ផ្គង់​គ្រឿង​ឧបភោគ និង​បរិភោគ​នៅ​ផ្សារ​ដើម​គ គាត់​នឹង​អាច​ប៉ះពាល់​ខ្លាំង គេ​អត់​បិទ​ការ​លក់​ទេ​ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​បិទ​ការ​ធ្វើ​ដំណើរ​ចេញចូល​អំឡុង​ពី​ម៉ោង​៨ ហើយ​បងប្អូន​អាជីវករ​ដែល​ត្រូវ​ទិញ​គ្រឿង​ទាំងនោះ​គាត់​ធ្វើដំណើរ​នៅពេល​យប់​ដែរ អ៊ីចឹង​ប្រសិនបើ​យើង​រារាំង​គាត់​គឺ​អាច​ប៉ះពាល់​ចរន្ត​សេដ្ឋកិច្ច​សង្គម»

អាជីវករ ដែល​កំពុង​ជួប​ការ​លំបាក សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​គិតគូរ​រិះរក​មធ្យោបាយ​ណាមួយ​ដើម្បី​ពួកគាត់​អាច​ដឹកជញ្ជូន និង​លក់ដូរ​បាន​។ ជាមួយ​គ្នា​នេះ​ដែរ ពួកគាត់​ស្នើ​រដ្ឋាភិបាល​គួរ​គិតគូរ​បន្ថែម​ទៀត​ដល់​សុខទុក្ខ​របស់​ពួកគាត់ ដូចជា ការ​ផ្តល់​ជំនួយ​ជា​ស្បៀងអាហារ និង​ថវិកា ព្រមទាំង​ជួយ​សម្រួល​រឿង​បំណុល​ធនាគារ និង​បញ្ចុះ​ថ្លៃ​ទឹក​ភ្លើង ព្រោះ​ពួកគាត់​មិនអាច​ចេញ​ប្រកបមុខរបរ​ខាងក្រៅ​បានទេ នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល