ក្រុម​មគ្គុទ្ទេសក៍​អង្គរ​ថា ភ្ញៀវ​ទេសចរ​ចិន​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ពី​ផ្ទុះ​មេរោគ កូរ៉ូណា

ពលរដ្ឋ​រស់​នៅ​ក្រុង​សៀមរាប និង​ក្រុម​មគ្គុទ្ទេសក៍​អង្គរ បង្ហាញ​ក្ដី​កង្វល់​ជា​ថ្មី​ទៀត ពី​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន ក្រោយ​ពី​ផ្ទុះ​វីរុស កូរ៉ូណា (Coronavirus)នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ពួក​គេ​សង្កេត​ឃើញ​ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ច្រើន​បែប​នេះ ធ្វើ​ឱ្យ​ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ និង​កន្លែង​ផ្ដល់​សេវាកម្ម​ទេសចរ​មួយ​ចំនួន បាន​បង្ខំ​ចិត្ត​បញ្ឈប់​បុគ្គលិក និង​បិទ​ទ្វារ។

ពលរដ្ឋ​រស់​នៅ​ក្រុង​សៀមរាប និង​ក្រុម​មគ្គុទ្ទេសក៍​អង្គរ ថ្លែង​ថា ឆ្នាំ២០១៩ និង​ដើម​ឆ្នាំ២០២០ នេះ ជា​ពេល​ដ៏​អាក្រក់​ពុំ​ធ្លាប់​មាន​ចំពោះ​ពួក​​គាត់ ដោយសារ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ពួក​គេ​អះអាង​ថា បន្ទាប់​ពី​វិបត្តិ​នយោបាយ​អូស​បន្លាយ​ពេល​ជិត ៣ឆ្នាំ​កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ខ្លាំង ក៏​ប៉ុន្តែ​កើន​ឡើង​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន ធ្វើ​ឱ្យ​តម្រូវ​ការ​មគ្គុទ្ទេសក៍​ភាសា​ចិន​កើន​ឡើង​ខ្ពស់។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​អង្គរ លោក ខៀវ ធី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ កុម្ភៈ​ថា ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន កើនឡើងខ្ពស់លំដាប់លេខ១ នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​ប៉ុន្តែ បែរ​ជា​ធ្លាក់​ចុះ​វិញ​យ៉ាង​គំហុក​ក្នុង​ពេល​ប៉ុន្មាន​ខែ​នេះ បន្ទាប់​ពី​ផ្ទុះ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី។ លោក​ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​នេះ បង្ក​ផល​ប៉ះ​ពាល់​មួយ​កម្រិត​ទៀត ដល់​កន្លែង​ផ្ដល់​សេវាកម្ម​ទេសចរណ៍ និង​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​តំបន់ ហើយ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក៏​ធ្លាក់​ចុះ​ដែរ៖ «មាន​ផ្ទុះ​មេរោគ​កូរ៉ូណា គឺ​ថា ភ្ញៀវ​ជន​ជាតិ​ចិន ភ្ញៀវ​មក​ច្រើន​ជាង​គេ នៅ​តំបន់​សៀមរាប​អង្គរ​អត់​មក​ទេ។ អត់​មក​ខាត​ភ្ញៀវ​ជន​ជាតិ​ចិន​ច្រើន។ មួយ​រយៈ​នេះ ផ្ទុះ​មេរោគ​ហ្នឹង​មក ជន​ជាតិ​ចិន​អត់​មក​ទេ ព្រោះ​រដ្ឋាភិបាល​ចិន​ហាម​មិន​ឱ្យ​មក ខ្លាច​ឆ្លង​មេរោគ​ទៅ​ប្រទេស​ដទៃ »

បុគ្គលិក​សណ្ឋាគារ​មួយ ក្នុង​ក្រុង​សៀមរាប លោក អាង ឆាល ថ្លែង​ថា ក្រោយ​ពី​មាន​ករណី​ផ្ទុះ​វីរុស​កូរ៉ូណា ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត ធ្វើ​ឱ្យ​ម្ចាស់​សណ្ឋាគារ​មួយ​ចំនួន បញ្ឈប់​បុគ្គលិក និង​សណ្ឋាគារ​ខ្លះ​ទៀត បង្ខំ​ចិត្ត​បិទ​ទ្វារ។ លោក​ថា កន្លែង​ផ្ដល់​សេវាកម្ម​ទេសចរ ដូច​ជា ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ភោជនីយដ្ឋាន និង​សេវាកម្ម​ដឹក​ភ្ញៀវ​ទេសចរ​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច ដោយ​សារ​​ស្ទើរ​តែ​គ្មាន​ភ្ញៀវ​ទេសចរ៖ «មួយ​រយៈ​នេះ​ភ្ញៀវ​ធ្លាក់​ចុះ​យ៉ាង​គំហុក ធ្លាក់​ចុះ​ច្រើន​មែនទែន គ្រាន់​តែ​មួយ​ថ្ងៃៗ Cancel រាប់​សិប​បន្ទប់​ហើយ មួយ​ថ្ងៃៗ Cancel ក្រុម​ចិន ទាំង​ភ្ញៀវ​រាយ និង​ភ្ញៀវ​ជា​ក្រុម​រាប់​សិប​បន្ទប់។ ល្វីង​មុខ​ហើយ​មួយ​រយៈ​នេះ។ អូតែល (HOTEL) មួយ​ចំនួន​ធំ​នៅ​ខេត្ត​សៀមរាប កំពុង​ឱ្យ​បុគ្គលិក​សម្រាក​មួយ​អាទិត្យ​ដោយ​មិន​បង់​លុយ​ឱ្យ។ ពីរ​ឆ្នាំ​នេះ​អាក្រក់​ជាង​គេ ប៉ុន្តែ​យើង​ថែម​មួយ​កម្រិត​ទៀត អា​ជំងឺ​ហ្នឹង​មក គឺ​កាន់​តែ​អាក្រក់​ថែម​ទៀត »

ចំណែក អ្នក​រត់​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​ទេសចរ លោក វិន ភារម្យ ត្អូញ​ថា ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ ធ្វើ​​​ឱ្យ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី ថយ​ចុះ​ប្រាក់ចំណូល បង្ក​ឱ្យ​ប៉ះ​ពាល់​ជីវភាព​គ្រួសារ។ រី​ឯ​អ្នក​លក់​ដូរ​ម្ហូប​អាហារ ក្នុង​តំបន់​អង្គរ​វិញ លោក​ថា ក៏​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដែរ។ លោក​ចាត់​ទុក​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី​នេះ ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ទេសចរ និង​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​ខេត្ត​សៀមរាប៖ «ឥឡូវ​ភោជនីយដ្ឋាន អូតែល (Hotel) និង​ផ្ទះ​សំណាក់ ចាប់​ផ្ដើម​បិទ​ទ្វារ​បណ្ដើរៗ បិទ​ជា​ច្រើន បន្ទាប់​ពី​កើត​មេរោគ​នេះ​មក ស្ងាត់​ភ្ញៀវ ធ្លាក់​ខ្លាំង​មែនទែន ស្ងាត់​សូន្យ​ភាគ​រយ។ អ្នក​លក់​ដូរ​តាម​ប្រាសាទ គាត់​បើក​លក្ខណៈ Restaurant ( ភោជនីយដ្ឋាន ) តាម​ប្រាសាទ ឥឡូវ​ជិត​បិទ​ហើយ​បង វា​អត់​មាន​ភ្ញៀវ កាន់​តែ​ប៉ះ​ពាល់​មែនទែន​ធ្ងន់​ជាង​មុន »

របាយការណ៍​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ របស់​គ្រឹះស្ថាន​អង្គរ​បង្ហាញ​ថា នៅ​អំឡុង​ខែ​មករា ឆ្នាំ២០២០ ចំនួន​ភ្ញៀវ​ទិញ​ប័ណ្ណ​ទស្សនា​អង្គរ​មាន​ជាង ២២ម៉ឺន​នាក់ (២២២.៥៦១) ថយ​ចុះ​ជិត ១៨% (១៧,៨៩%)ហើយ​ទទួល​បាន​ចំណូល ជាង ១០លាន​ដុល្លារ (១០.៥៤៧.៣៣២) ថយ​ចុះ​ជិត ១៥ភាគ​រយ (១៤,៨១) ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាលពី​ខែមករា ឆ្នាំ២០១៩។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២ កុម្ភៈ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ កត់​សម្គាល់​ថា ការ​ផ្ទុះ​មេរោគ​កូរ៉ូណា កំពុង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​វិស័យ​ទេសចរ​កម្ពុជា ដែល​ពិបាក​រក​ដំណោះ​ស្រាយ​ភ្លាមៗ។ ក៏​ប៉ុន្តែ​លោក​ថា ការ​ត្រៀម​រៀបចំ​បង្ការ​ជំងឺ​កូរ៉ូណា មិន​ឱ្យ​ឆ្លង​រាល​ដាល​ដល់​ពលរដ្ឋ​កម្ពុជា ជា​វិធានការ​ដ៏​ចាំបាច់ ហើយ​ការ​រៀបចំ​កែ​លម្អ​ស្ថានភាព​ទេសចរ​នៅ​កម្ពុជា ក៏​ត្រូវ​តែ​អនុវត្ត​ឱ្យ​ល្អ​ប្រសើរ​ដែរ៖ «វិធានការ​ត្រៀម​បង្ការ​នេះ​បាន​ន័យ​ថា សព្វ​ថ្ងៃ​ត្រៀម​បង្ការ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ឆ្លង​មេរោគ។ ប្រសិន​ជា​មាន​ពលរដ្ឋ​កម្ពុជា​ឆ្លង​មេរោគ វា​រឹត​តែ​ជា​ព័ត៌មាន​អាក្រក់​សម្រាប់​ទេសចរ​ដែរ ហើយ​វត្តមាន​ជន​បរទេស​នៅ​កម្ពុជា ហើយ​ទី២ គឺ​ការ​ត្រៀម​ទុក​នូវ​រៀបចំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង តម្រូវ​ការ​របស់​អ្នក​ទេសចរ​ក្នុង​ការ​មក​កាន់​កម្ពុជា »

របាយការណ៍ ក្រសួងទេសចរណ៍​ចុះផ្សាយ កាលពី​ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ ២០២០ ឱ្យ​ដឹង​ថា នៅ​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​ទស្សនា​កម្ពុជា​ច្រើន​ជាងគេ គឺ ជន​ជាតិ​ចិន មាន​ជាង​២​លាន​នាក់ និង​វៀតណាម ជិត ១លាន​នាក់ ស្រប​ពេល​​ភ្ញៀវ​ទេសចរ​ថៃ ឡាវ អាមេរិក ម៉ាឡេស៊ី បារាំង និង អង់គ្លេស មាន​ចន្លោះ​ពី​ជាង ១សែន​នាក់ ទៅ​ជាង ៤សែន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។