ពលរដ្ឋមួយចំនួនគ្មានប្រាក់ចូលរួមបុណ្យភ្ជុំបិណ្ឌ
2024.09.22
ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរពីបញ្ហាជីវភាព និងជំពាក់បំណុលធនាគារវ័ណ្ឌកដោយសារបញ្ហាសេដ្ឋកិច្ចធ្លាក់។ ពួកគាត់អះអាងថា បញ្ហានេះធ្វើឱ្យពួកគាត់គ្មានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើបុណ្យក្នុងថ្ងៃកាន់បិណ្ឌ និងទៅលេងក្រុមគ្រួសារនៅស្រុកកំណើតឡើយ។
ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះពលរដ្ឋ និងកម្មករមួយចំនួនកំពុងជួបការលំបាកផ្នែកជីវភាពដោយសារតែអត់ការងារធ្វើសមរម្យ។
ជាងធ្វើម៉ូតូនៅឃុំបឹងខ្យាង ខេត្តកណ្ដាល លោក ជី សាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែកញ្ញា ថា ឆ្នាំនេះលោកពុំសូវមានប្រាក់ដើម្បីរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ និងមិនបានទិញសម្ភារៈជូនឪពុកម្ដាយនោះឡើយ។ លោកបន្តថា បច្ចុប្បន្ននេះ លោកពិបាករកប្រាក់ចំណូលដូច្នេះលោកត្រូវចាយវាយត្បិតត្បៀតជាងមុន។
លោក ជី សាវី៖ «ជីវភាពឥឡូវគេមិនសូវដូចមុនការងារវារកមិនសូវបានណាមួយមានប៉ះពាល់ពីមួយដំណាក់ទៅមួយដំណាក់។ ប្រជាពលរដ្ឋដូចខ្ញុំផ្ទាល់មានប៉ះពាល់វាអត់ទាន់មានដំណោះស្រាយសមរម្យ។ ផលប៉ះពាល់ដីធ្វើប្រលានយន្តហោះកាលមុនមិនមានដំណោះស្រាយឱ្យយើងគេបានដោះដូរតែដីគេមិនគិតគូរប្លង់ម៉េចអីម៉េច»។
ចំណែកឯ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យប្រចាំរោងចក្រ បូវឃើរ ហ្គាមេន (Bowker Garment Factory) លោក សយ ចន្ធូ ថ្លែងថា បើទោះជាថ្មីៗនេះរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលឱ្យកម្មករឡើងបាន៤ដុល្លារបន្ថែមទៀតក្ដីក៏ចំនួនប្រាក់ឈ្នួលនេះនៅតិចតួចដែលមិនគ្រប់សម្រាប់សងបំណុលធនាគារឡើយ។ លោកបន្តថា ក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះលោកមិនទាន់សម្រេចចិត្តទៅលេងស្រុកកំណើតនៅឡើយទេ ដោយសារកម្មករមួយចំនួនកំពុងប្រឈមនឹងបាត់បង់ការងារធ្វើ។
លោក សយ ចន្ធូ៖ «ចង់ឃើញបងប្អូនកម្មករមានប្រាក់ខែរស់នៅឱ្យប្រសើរទៀតអ៊ីចឹងហើយចង់ឃើញលក្ខខណ្ឌការងារក៏ល្អប្រសើរជាងហ្នឹងយើងទទួលបានគ្រប់គ្នាទាំងអស់ករណីដូចថ្មីៗនេះដូចនៅរោងចក្រJSអ៊ីចឹងត្រូវតែចូលរួមគោរពច្បាប់ស្ដីពីការងារកុំឱ្យគាត់រកស៊ីសុខៗ៥ឆ្នាំ ៦ឆ្នាំ គាត់ប្រកាសបិទទ្វារអត់បានជូនដំណឹងកម្មករឱ្យត្រឹមត្រូវតាមច្បាប់»។
ក្រៅពីពលរដ្ឋ និងកម្មកររោងចក្រជួបការលំបាកហើយនោះ នៅមានប្រជាពលរដ្ឋនៅតាមមូលដ្ឋានដូចជា ជនជាតិភាគតិច កសិករ អាជីវករ និងអតិថិជនចាញ់បោកការវិនិយោគរបស់ឧកញ៉ាខិលខូចមួយចំនួនកំពុងជួបបញ្ហាសេដ្ឋកិច្ចគ្មានប្រាក់សងបំណុលព្រមទាំង បញ្ហារំលោភដីធ្លី រំលោភសិទ្ធិការងារ ជំរុញឱ្យពលរដ្ឋធ្លាក់ខ្លួនក្រីក្រកាន់តែច្រើន។
ជាមួយគ្នានេះក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌឆ្នាំនេះ នៅតាមអារាមមួយចំនួននៅតាមខេត្តក្រុងពុំសូវមានពុទ្ធបរិស័ទយកចង្ហាន់ទៅវត្តផងដែរ។
ព្រះសង្ឃគង់នៅវត្តបច្ឆា ព្រះតេជព្រះគុណ ហាក់ ហេង មានថេរដីកាថា ពិធីកាន់បិណ្ឌឆ្នាំនេះពុំសូវមានពុទ្ធបរិស័ទនាំគ្នាយកចង្ហាន់មកប្រគេនព្រះសង្ឃច្រើនកុះករដូចឆ្នាំមុនៗនោះឡើយ។ ព្រះអង្គសង្កេតឃើញថា បញ្ហានេះគឺដោយសារពលរដ្ឋមួយចំនួនជួបវិបត្តិសេដ្ឋកិច្ចគ្មានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយបញ្ហានេះធ្វើឱ្យវត្តអារាមចំនួនខ្វះខាតចង្ហាន់។
ព្រះតេជព្រះគុណ ហាក់ ហេង៖ «ឆ្នាំនេះអាត្មាសង្កេតឃើញថា ពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋមិនសូវមានមកចូលវត្តអារាមធ្វើបុណ្យធ្វើទានច្រើនដូចឆ្នាំកន្លងទៅកាលពីមុនកូវីដ១៩ទេ។ ពីព្រោះយើងឃើញថា វត្តមួយចំនួនច្រើនមិនមានពុទ្ធបរិស័ទទៅកាន់បិណ្ឌ កាន់វេនទេពីព្រោះដោយសាររដូវកាលកាន់បិណ្ឌនេះវាមាន១៤វេនអ៊ីចឹងវត្តខ្លះមាន២វេន ៣វេន ហើយផុតពីនោះមិនមានពុទ្ធបរិស័ទទាំងឡាយណាទៅកាន់វេនដើម្បីធ្វើចង្ហាន់ប្រគេនព្រះសង្ឃទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២១ ខែកញ្ញា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះគឺដោយសារតែរដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សដែលធ្វើឱ្យកម្ពុជារងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកសេរី។ លោកជំរុញឱ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅកម្ពុជាមានភាពល្អប្រសើរឡើង។
លោក អំ សំអាត៖ «ប្រទេសខ្លះក៏សេដ្ឋកិច្ចគេបានងើបឡើងវិញខ្លះក៏នៅហើយដូចកម្ពុជាយើង មានការងើបដែលសេដ្ឋកិច្ចក៏ប៉ុន្តែវាអត់ទាន់ឆ្លើយតបជាមួយជីវភាពប្រជាពលរដ្ឋ។ ជាពិសេសយើងឃើញថា ប្រជាពលរដ្ឋរងប៉ះពាល់ដោយសារការរំលោភយកដីធ្លី វិវាទការងារដោះស្រាយមិនទាន់ចប់អាចជាបន្ទុកបន្ថែមសម្រាប់ពួកគាត់»។
ពលរដ្ឋស្នើឱ្យរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ដើម្បីអាចឱ្យពួកគាត់មានប្រាក់កាក់ទៅលេងបុណ្យភ្ជុំបិណ្ឌ និងជួបជុំបងប្អូននៅស្រុកកំណើត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។