ពលរដ្ឋមួយចំនួនរិះគន់អាជ្ញាធរបណ្តោយឱ្យឈ្មួញដាក់បារ៉ាស់ជាច្រើនកន្លែងតម្រូវឲ្យពលរដ្ឋបង់ប្រាក់ពេលចូលកម្សាន្តក្នុងរមណីយដ្ឋានទឹកឆា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អាជ្ញាធរខេត្តកំពង់ចាម អះអាងថា រមណីយដ្ឋានទឹកឆាត្រូវបានដាក់ឱ្យឈ្មួញវិនិយោគតាមច្បាប់ និងអនុវត្តតាមសៀវភៅបន្ទុកដែលតម្រូវឱ្យភ្ញៀវបង់ថ្លៃសេវានៅតំបន់រមណីយដ្ឋាននេះ។
ប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាបង្ហោះសាររិះគន់ព្រោងព្រាតនៅលើបណ្ដាញសង្គម ហ្វេសប៊ុក(Facebook) ជុំវិញរឿងអាជ្ញាធរខេត្តកំពង់ចាម បណ្តែតបណ្តោយឱ្យមានបារ៉ាស់ទារលុយពីភ្ញៀវទេសចរណ៍មុនអនុញ្ញាតឱ្យចូលកម្សាន្តនៅរមណីយដ្ឋានទឹកឆា ឬក្បាលទឹកក្នុងឱកាសចូលឆ្នាំខ្មែរនេះ។ ក្នុងនោះអ្នកចូលកម្សាន្តត្រូវបង់លុយ ២ពាន់រៀលក្នុងម្នាក់ ថ្លៃម៉ូតូ២ពាន់រៀល ចំណែករថយន្តវិញតម្រូវឱ្យបង់ពីរដង គឺបារ៉ាស់ទី១ បង់៥ពាន់រៀល និងទី២ត្រូវបង់ ៧ពាន់រៀល ឬច្រើនជាងនេះអាស្រ័យលើទំហំរថយន្ត។ ទន្ទឹមនឹងនេះពលរដ្ឋខ្លះក៏ត្អូញត្អែររឿងតម្លៃជួលកញ្ចុះអង្គុយ និងម្ហូបអាហារឡើងថ្លៃដែរ។
ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានទេសចរណ៍ទឹកឆាសុំមិនបញ្ចេញឈ្មោះប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែមេសាថា លោកស្រីបានជួបហេតុការណ៍ដាក់បារ៉ាស់យកលុយពីភ្ញៀវនៅតំបន់រមណីយដ្ឋានទឹកឆាដោយផ្ទាល់ កាលពីថ្ងៃទី១៥ ខែមេសា ដែលអ្នកយាមនៅទីនោះតម្រូវឱ្យលោកស្រីបង់លុយថ្លៃចូលកម្សាន្ត និងផ្ញើឡានសរុប១ម៉ឺន ៩ពាន់រៀល។ លោកស្រីឱ្យដឹងថា គ្រួសារលោកស្រីបានបើកឡានត្រឡប់ទៅផ្ទះវិញទាំងមិនសប្បាយចិត្ត ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ។ លោកស្រីយល់ថា តម្លៃនោះគឺថ្លៃហួសហេតុដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ពីព្រោះការចំណាយរបស់ពលរដ្ឋមានកំណត់ដែលអាជ្ញាធរគួរដោះស្រាយបញ្ហានេះឡើងវិញ។
ពលរដ្ឋ៖ «ខ្ញុំគិតថាវាអត់ល្អទេ ហើយខ្ញុំគិតថាសមត្ថកិច្ច ឬអាជ្ញាធរនៅម្តុំហ្នឹងពួកគាត់គួរតែគិតពីបញ្ហាហ្នឹងឡើងវិញ ពីព្រោះវាប៉ះពាល់ប្រជាពលរដ្ឋខ្លាំង គាត់ខំទៅពីចម្ងាយ វាខុសគ្នាត្រឹម១ម៉ឺន ឬ២ម៉ឺនគាត់ចំណាយហើយ ប៉ុន្តែលើកក្រោយគាត់លែងទៅតែម្តង អ៊ីចឹងអ្នកលក់ដូរនៅហ្នឹងក៏គាត់ខាតបង់ និយាយទៅខាតបង់ច្រើន បើនៅតែបន្តធ្វើអ៊ីចឹងទៀត»។
ឆ្លើយតបរឿងនេះ រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា ម្ចាស់កញ្ចុះ អាជីវករលក់ដូរអាហារមួយចំនួនក្នុងតំបន់ទឹកឆាបានលួចបន្លំផលិតប័ណ្ណចូលរមណីយដ្ឋានយកទៅប្រើប្រាស់ដើម្បីទារប្រាក់ពីភ្ញៀវដោយគ្មានការអនុញ្ញាត ហើយអាជ្ញាធរបានចុះទៅអប់រំណែនាំអ្នកលក់ដូរទាំងនោះ និងព្រមានចាត់វិធានការលើបុគ្គលដែលធ្វើសកម្មភាពខុសឆ្គងតទៅទៀត។
អភិបាលរងខេត្តកំពង់ចាមលោក ហេង វណ្ណនី លើកឡើងថា អាជ្ញាធរពិនិត្យរកមិនឃើញបាតុភាពដាក់បារ៉ាស់កាក់យកលុយពីភ្ញៀវដែលចូលទៅលេងរមណីយដ្ឋានទឹកឆាដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា រមណីយដ្ឋានទឹកឆាត្រូវដាក់ឱ្យឈ្មួញវិនិយោគតាមច្បាប់ និងមានសៀវភៅបន្ទុកយកមកអនុវត្តត្រឹមត្រូវដែលតម្រូវឱ្យភ្ញៀវបង់ថ្លៃសេវានៅតំបន់រមណីយដ្ឋាននេះ។
លោក ហេង វណ្ណនី៖ «ខ្ញុំកំពុងតែទទួលធ្វើបញ្ជាពីអភិបាលខេត្តឱ្យចុះស្រាវជ្រាវរកដែរ ប៉ុន្តែអាជ្ញាធររកអត់ឃើញបារ៉ាស់អីផង តែនៅទីនេះមានក្រុមទទួលបានវិនិយោគស្របច្បាប់ ហើយគេយកសៀវភៅបន្ទុកមកអនុវត្ត អ៊ីចឹងការលើកឡើងថា ថ្លៃ ឬថោកអី គឺរកអត់ទាន់ឃើញទេ»។
ជុំវិញរឿងនេះ ជុំទប់ទី២ ឃុំបឹងណាយ នៃស្រុកព្រៃឈរ លោក ម៉ៅ សុធារ ថ្លែងថា ករណីបែបនេះបានកើតឡើងយូរឆ្នាំមកហើយ តែគ្មានអាជ្ញាធរចុះអន្តរាគមន៍ទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះឡើយ។ លោកបន្តថា ចាប់តាំងពីរដ្ឋាភិបាលប្រគល់ឱ្យឈ្មួញមានលុយចូលគ្រប់គ្រងរមណីយដ្ឋាននេះមក ពលរដ្ឋរស់នៅតំបន់នោះមិនសូវទទួលផលពីវិស័យទេសចរណ៍នេះទេ។ លោក ម៉ៅ សុធារ ចង់ឃើញអាជ្ញាធរខេត្តដកហូតរមណីយដ្ឋាននេះប្រគល់ទៅឱ្យរដ្ឋគ្រប់គ្រង និងអភិវឌ្ឍបន្ថែមវិញដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុងការបម្រើប្រយោជន៍សាធារណៈ ជាពិសេសបង្កើតមុខរបរជូនដល់ប្រជាពលរដ្ឋមូលដ្ឋានឱ្យមានជីវភាពល្អប្រសើរ។
លោក ម៉ៅ សុធារ៖ «ប្រជាពលរដ្ឋនៅក្នុងស្រុកភូមិនៅក្នុងតំបន់នៅឃុំហ្នឹងតែម្តង ពួកគាត់តែងតែមានយោបល់ និងចម្ងល់ថា សូម្បីតែរដូវមានបុណ្យទានធំដុំអ៊ីចឹងអ្នកស្រុករស់នៅក្នុងតំបន់ហ្នឹងក៏អាចយកលុយបានដែរឱ្យតែចូលទៅលេងកម្សាន្ត»។
ទឹកឆា ឬហៅថាក្បាលទឹក គឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ មានទឹកផុស និងប្រាសាទបុរាណ ហើយលាតសន្ធឹងលើផ្ទៃដីនៃឃុំក្រូច និងបឹងណាយ ស្រុកព្រៃឈរ ដែលមានចម្ងាយ ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ពលរដ្ឋយល់ថា ការណ៍ដែលឈ្មួញដាក់បារ៉ាស់យកលុយពីភ្ញៀវនោះធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងបាត់បង់ភ្ញៀវទេសចរណ៍នៅតំបន់នោះ។
ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃទី១៥ ខែមេសា លោក ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរខេត្តកែប ធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ លុបចោលទាំងស្រុងនូវកិច្ចសន្យាណា ដែលមានលក្ខណៈជាការយកប្រាក់ សម្រាប់ការចូលទៅលេងខេត្តកែប បន្ទាប់ពីអ្នកលេងហ្វេសប៊ុករិះគន់រឿងយកលុយពីពលរដ្ឋចូលលេងកម្សាន្តនៅខេត្តនេះ។
ក្រៅពីបញ្ជាឱ្យអភិបាលខេត្តកែបបញ្ឈប់ការយកលុយពីពលរដ្ឋនោះ លោក ហ៊ុន សែន ក៏បានដៀលអាជ្ញាធរខេត្តនេះថា ឆោតល្ងង់មិនចេះធ្វើការ។ ប៉ុន្តែទោះជាមានការដៀលត្មះយ៉ាងណាក្ដីក៏ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ហាក់មិនខឹងសម្បារនឹង លោក ហ៊ុន សែន ឡើយ ហើយថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងបង្ហោះសារក្នុងគណនីផ្ទាល់ខ្លួនរបស់លោកថា ចាប់ពីថ្ងៃទី១៥ មេសា រដ្ឋបាលខេត្តកែបចុះណែនាំក្រុមវិនិយោគឱ្យបញ្ឈប់ការយកប្រាក់ ឬភាស៊ីពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីសម្រួលដល់ការកម្សាន្តប្រជាពលរដ្ឋនៅខេត្តកែប។
ចំណែក អាជ្ញាធរខណ្ឌដូនពេញ រាជធានីភ្នំពេញវិញកាលពីថ្ងៃទី១៥ ខែមេសា បានប្រកាសយកតម្លៃចំណតសម្រាប់ផ្ញើម៉ូតូ១ពាន់រៀល និងរថយន្ត២ពាន់រៀល ក្រោយពេលពលរដ្ឋដែលចូលរួមសង្ក្រាន្តនៅរមណីយដ្ឋានវត្តភ្នំបានប្រតិកម្មនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយសារតែពួកគេត្រូវចំណាយលុយផ្ញើម៉ូតូចន្លោះ ៥ពាន់រៀលរហូតដល់ ១ម៉ឺន ៥ពាន់រៀលក្នុងមួយគ្រឿង។
ទាក់ទងរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មើលឃើញថា រដូវបុណ្យទានម្តងៗ គឺជាឱកាសរបស់អាជ្ញាធរ ឬឈ្មួញខិលខូចមួយចំនួនប្រព្រឹត្តអំពើពុករលួយយកប្រាក់ពីពលរដ្ឋ។ យ៉ាងណាលោកចង់ឃើញអាជ្ញាធរពាក់ព័ន្ធបង្ហាញទំនួលខុសត្រូវពិតប្រាកដចំពោះតួនាទី ជាពិសេសត្រូវបង្ហាញតម្លាភាពទាក់ទងនឹងការគ្រប់គ្រងតម្លៃភាស៊ី ឬការលក់សំបុត្រឱ្យភ្ញៀវទេសចរណ៍ចូលកម្សាន្តនៅតាមរមណីយដ្ឋានទាំងអស់ដោយតម្លាភាព ហើយកុំចាំតែថ្នាក់ដឹកនាំបញ្ជា ឬពលរដ្ឋបង្ហោះមតិរិះគន់ពេញហ្វេសប៊ុកទើបនាំគ្នារត់ខ្វាត់ខ្វែងរកដោះស្រាយនោះទេ។
លោក នី សុខា៖ «អ្នកដែលមិនបានទទួលខុសត្រូវ ឬប្រព្រឹត្តអំពើពុករលួយនៅក្នុងអ្វីដែលខ្លួនកំពុងកាន់កាប់ត្រូវដាក់ទោសទណ្ឌឱ្យបានត្រឹមត្រូវតាមច្បាប់ អាហ្នឹងទើបយើងអាច(ទប់ស្កាត់បាន)ធ្វើទៅបាន ហើយបើសិនយើងអត់ធ្វើអាហ្នឹងទេ គឺមិនកើតទេ ដូច្នេះអង្គការសង្គមស៊ីវិលរបស់យើងចង់ឃើញការគ្រប់គ្រងមួយតាមច្បាប់ គឺមិនមែនតាមរៀបអំណាចបុគ្គលទេ»។
របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា រយៈពេល២ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដើរលេងកម្សាន្តប្រមាណ ៤លាន ២សែននាក់ (៤.២៣៧.៧៨០)។ ក្នុងរបាយការណ៍បញ្ជាក់ថា ខេត្តគោលដៅមួយចំនួនដែលមានភ្ញៀវទេសចរណ៍ទៅកម្សាន្តច្រើនជាងគេ រួមមាន ខេត្តបាត់ដំបង មានចំនួនជាង ៤សែននាក់ (៤០០.២៧៣) ខេត្តកំពង់ចាមមានចំនួនជាង ៥សែននាក់ (៥១៥.១២៩) រាជធានីភ្នំពេញមានជាង ៣សែននាក់ (៣២៦.៣២៧) ខេត្តកំពតមានចំនួនជាង ៤សែននាក់ (៤០៤.០៥៨) និងខេត្តសៀមរាបដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេរហូតដល់ជាង ៦សែននាក់ (៦៥៣.៦៧៩)។ ការកើនឡើងនៃភ្ញៀវទេសចរណ៍ដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺបន្ទាប់ពីអាក់ខានអស់រយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។