ពលរដ្ឋ​ជាង ៥០នាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​តវ៉ា​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​រឿង​ការ​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ជា​លក្ខណៈ​គ្រួសារ

ដោយ ហេង រស្មី
2021-03-29
Share
ពលរដ្ឋ​ជាង ៥០នាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​តវ៉ា​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​រឿង​ការ​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ជា​លក្ខណៈ​គ្រួសារ សកម្មភាព​ប្រជាពលរដ្ឋ​តវ៉ា​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​នៅ​សាលាឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី២៩ ខែមីនា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ប្រមាណ ៥០នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ឃុំ​អូរ​បី​ជាន់ នៅ​ព្រឹក​ថ្ងៃ​ទី២៩ មីនា ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ពាក់ព័ន្ធ​នឹង​រឿង​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ​លក់​ជា​លក្ខណៈ​គ្រួសារ ដើម្បី​យក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ការ​តវ៉ា​នេះ​ កើត​ឡើង​បន្ទាប់​ពី​ក្រុម​ឈ្មួញ ដែល​បាន​រក​ស៊ី​ផ្ដាច់​មុខ​បាន​ហាម​ឃាត់​មិន​ឱ្យ​ពួកគេ​នាំ​ចូល​ជ្រូក​ពី​ក្រៅ​ប្រទេស​មក​លក់​នៅ​តំបន់​ព្រំដែន​ថៃ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ស្រុក​អូរជ្រៅ​លើក​ឡើង​ដូចៗ​គ្នា​ថា ក្រុម​ឈ្មួញ​ធំៗ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ​ផ្ដាច់​មុខ​មក​លក់​នៅ​កម្ពុជា​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់។

ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​បី​ជាន់ លោក​ស្រី សេង ង៉េត ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី២៩ មីនា​ថា មូលហេតុ​ដែល​លោក​ស្រី​ចូល​រួម​តវ៉ា ដោយសារ​មិន​ពេញ​ចិត្ត​អាជ្ញាធរ និង​ក្រុម​ឈ្មួញ​ធំៗ ទិញ​ជ្រូក​ផ្ដាច់​មុន​ពី​ប្រទេស​ថៃ​កៀប​សង្កត់​ពលរដ្ឋ​រក​ស៊ី​តូចតាច។ ស្ត្រី​វ័យ ៦០ឆ្នាំ​រូប​នេះ បញ្ជាក់​ថា ក្រុម​ឈ្មួញ​ទាំង​នោះ បាន​ឃុបឃិត​គ្នា​ជា​មួយ​អាជ្ញាធរ​​ពាក់ព័ន្ធ​នៅ​តំបន់​ព្រំដែន​ចុះ​ចាប់​ជ្រូក​ពលរដ្ឋ​លក់​ដូរ​តូចតាច ដើម្បី​ផល​ប្រយោជន៍​របស់​ពួក​គេ។ លោកស្រី​អះអាង​ថា ការ​ធ្វើ​បែប​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​លោក​ស្រី​ដែល​ប្រកប​របរ​ទិញ​ជ្រូក​​​ជា​លក្ខណៈ​គ្រួសារ​ មាន​ជីវភាព​​កាន់តែ​ដុនដាប៖ «ហើយ​ចុះ​បើ​ខ្ញុំ​ជួប​ប្រទះ​តែ​អីចឹង​តែ​រហូត​តើ​ឱ្យ​ខ្ញុំ​រស់​នៅ​យ៉ាង​ម៉េច? សព្វ​ថ្ងៃ​ស្រុក​ទេស​យើង​ខ្ញុំ​ទៅ​រក​អី​ក៏​អត់​បាន ខ្ញុំ​មាន​តែ​ទិញ​បន្តិចបន្តួច​ហ្នឹង​ឯង​មក ដល់​ពេល​ខ្ញុំ​ទិញ​មក​ជួប​ប្រទះ​អីចឹង។ ខ្ញុំ​សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្ញុំ​រក​ស៊ី​បាន​ផង ហើយ​បើ​សិន​ថា ឥឡូវ​ខ្លាច​ខ្ញុំ​រក​ស៊ី​អីចឹង​រដ្ឋ​ខាត​រដ្ឋ​ហ្នឹង បង្កើត​ជា​ច្បាប់​មក​ឱ្យ​ខ្ញុំ ប្រជាពលរដ្ឋ​ហ្នឹង​រក​ទៅ ឱ្យ​ចូល​បង់​ពន្ធ​ជូន​រដ្ឋ​ទៅ​មួយ​ក្បាល​ប៉ុន្មាន ខ្ញុំ​ក៏​បង់​បាន​ដែរ​តាម​សមត្ថភាព​ខ្ញុំ​ធ្វើ​បាន​ប៉ុន្មាន​សុំ​បង់​ប៉ុណ្ណឹង»

ស្រដៀង​គ្នា​នេះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​បី​ជាន់​ម្នាក់​ទៀត គឺ​លោក​ស្រី ពិន ស្រី​នាង ថ្លែង​ថា ពួក​លោក​ស្រី​មាន​ជីវភាព​ក្រីក្រ ហើយ​រស់​នៅ​បាន​ដោយសារ​របរ​ទិញ​ជ្រូក​លក់​តាម​ព្រំដែន​ថៃ។ ស្ត្រី​វ័យ ៣៤ឆ្នាំ​រូប​នេះ​បន្ថែម​ថា កន្លង​ទៅ​លោក​ស្រី​អាច​រក​ប្រាក់​ចំណូល​ពី​របរ​មួយ​នេះ បាន​ប្រមាណ ៥០.០០០​រៀល ទៅ ៨០.០០០​រៀល​ក្នុង​មួយ​ថ្ងៃ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​ក្រុម​ឈ្មួញ​ធំៗ សហការ​ជា​មួយ​អាជ្ញាធរ​នៅ​តំបន់​ព្រំដែន​ចុះ​ចាប់​ជ្រូក​មក​​​ធ្វើ​ឱ្យ​លោក​ស្រី​បាត់បង់​ប្រាក់​ចំណូល​ទាំង​ស្រុង៖ «ខ្ញុំ​ឮ​គេ​និយាយ​ថា គេ​បញ្ជា​មក​ឱ្យ​ទាហាន​តាម​ទាំង​អស់​ហ្នឹង​បិទ​ច្រក​ទាំង​អស់ សូម្បី​តែ​ជ្រូក​​មួយ​ក្បាល​ក៏​អត់​ឱ្យ​ចេញ​ដែរ ដល់​ពេល​អ៊ីចឹង​ទៅ​ពួក​ខ្ញុំ​នៅ​តាម​ព្រំដែន​រក​អី បើ​គេ​បិទ​អ៊ីចឹង។ គេ​ថា ក្រុម​ហ៊ុន​គេ​មៅ​ផ្ដាច់​ហើយ ពួក​ខ្ញុំ​អត់​មាន​ដឹក​ទ្រង់ទ្រាយ​ធំ​ទេ ដឹក​តាម​រទេះ ហើយ​ឡាន​ចាស់ៗ ដឹក​ជ្រូក​ពីរ​បី​ក្បាល​ហ្នឹង។ ខ្ញុំ​មិន​ដឹង​ថា​រក​អី​ទៅ​ថៃ​ក៏​ទៅ​មិន​រួច​ អីចឹង​មាន​តែ​យើង​រក​ស៊ី​ដឹក​បន្តិច​បន្តួច​ហ្នឹង​ ដើម្បី​យក​លុយ​ដោះ​ធនាគារ​ ព្រោះ​ធនាគារ គេ​អត់​មាន​ពន្យារ​ឱ្យ​ផង​ អីចឹង​បាន​តែ​យើង​ស៊ូ​ប្រវាយប្រតប់​រក​អី​បាន​ក៏​ធ្វើ​ដែរ ឱ្យ​បាន​លុយ​បង់​ធនាគារ»

ក្រុម​​ប្រជាពលរដ្ឋ​ប្រមាណ ៥០នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ទាមទារ​ឱ្យ​មេឃុំ​អូរ​បី​ជាន់​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់ ដើម្បី​បាន​ទិញ​ជ្រូក​ពី​ប្រទេស​ថៃ​មក​លក់​នៅ​តំបន់​ព្រំដែន​ឡើង​វិញ។ កន្លង​មក​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​បាន​ទិញ​ជ្រូក​រស់​ពី​ជន​ជាតិ​ថៃ​ដឹក​ជញ្ជូន​តាម​ច្រក​របៀង​ព្រំដែន​អូរ​បី​ជាន់ ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។ ក្រុម​អ្នក​តវ៉ា​ភាគ​ច្រើន​ដឹក​ជ្រូក​តាម​ម៉ូតូ​លក់​នៅ​ស្រុក​អូរ​ជ្រៅ និង​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ។ ក្រុម​អ្នក​តវ៉ា​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ដដែល បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​បាន​ជួប​ពួក​គាត់ ហើយ​សន្យា​នឹង​​ជួយ​ដោះ​ស្រាយ​រឿង​នេះ។

Pig_traders_protest_032921_3.jpg
សកម្មភាព​ប្រជាពលរដ្ឋ​ជាង ៥០នាក់ នាំ​គ្នា​តវ៉ា​ដល់​អាជ្ញាធរ​សាលាឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ឱ្យ​ដោះ​ស្រាយ​រឿង​ហាម​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ជា​លក្ខណៈ​គ្រួសារ កាល​ពី​ថ្ងៃ​ទី២៩ ខែមីនា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ទាក់ទង​នឹង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ មេឃុំ​អូរ​បី​ជាន់ លោក តុល សារិន បាន​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​ថា អាជ្ញាធរ​ឃុំ​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជ្រូក​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​បន្ថែម​ថា លោក​នឹង​នាំ​សំណើ​របស់​ក្រុម​អ្នក​តវ៉ា​ដាក់​ទៅ​អាជ្ញាធរ​ថ្នាក់​លើ​ដើម្បី​ឱ្យ​ជួយ​ដោះ​ស្រាយ​ពួក​គាត់​បន្ត​ទៀត៖ «ប្រជាពលរដ្ឋ​បាន​ធ្វើ​លិខិត​ស្នាម​ហ្នឹង ហើយ​ខ្ញុំ​នឹង​ទាក់​ទង​​ផ្ញើ​ជូន​អភិបាល​ស្រុក ហើយ​អភិបាល​ស្រុក​គាត់​នឹង​បញ្ជូន​ទៅ​អភិបាល​ខេត្ត ថា​តើ​ខាង​ក្រុម​ហ៊ុន​ហ្នឹង​គាត់​យ៉ាង​ម៉េច ពីព្រោះ​អី​កន្លង​មក​នេះ ខ្ញុំ​ទាក់ទង​ទៅ​ស្រុក​ក៏​ដឹង​ដែរ។ អ៊ីចឹង​អ្នក​ដឹង មាន​តែ​ខាង​ទាហាន​មួយ​ទេ»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយ​មាន​ជ័យ​លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​ទិញ​ជ្រូក​ផ្ដាច់​មុខ​នេះ​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​តូចតាច​ធ្វើ​ឱ្យ​ពួក​គាត់​កាន់​តែ​ក្រីក្រ។ លោក​បញ្ជាក់​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រកប​របរ​មួយ​នេះ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ៖ «អ្នក​រក​ស៊ី​ផ្ដាច់​មុខ គឺ​ពួក​គាត់​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន ក្នុង​ឱកាស​កូវីដ​ហ្នឹង។ អ៊ីចឹង​យើង​ទុក​ឱកាស​គួរ​តែ​អ្នក​ក្រ​ហ្នឹង​គាត់​អាច​រស់​បាន​ផង នៅ​ក្នុង​សង្គម​មួយ​កុំ​ឱ្យ​មាន​គម្លាត មាន​ន័យ​ថា គម្លាត​អ្នក​ក្រ​គម្លាត​អ្នក​មាន​ហ្នឹង​គឺ​ជា​គម្លាត​សង្គម អយុត្តិធម៌​សង្គម​ហ្នឹង​នៅ​ត្រង់​ហ្នឹង។ អ៊ីចឹង បើ​សិន​អ្នក​បើ​អ្នក​មាន​ចេះ​តែ​មាន​ខ្លាំង​មាន​លទ្ធភាព​ខ្លាំង ហើយ​អ្នកក្រ​ធ្វើ​អ្វី​បន្តិច​គឺ​ប៉ះពាល់​ផ្លូវ​ច្បាប់​ ប៉ះពាល់​គេ​ចាប់​បាត់​បង់​មុខ​របរ​អា​ហ្នឹង​ជា​គម្លាត​សង្គម​មួយ»

លោក ស៊ុំ ច័ន្ទគារ បន្ត​ថា បញ្ហា​នេះ​ប្រសិន​បើ​អាជ្ញាធរ​មិន​បាន​ដោះ​ស្រាយ​ជូន​ពួក​គាត់​ទេ នោះ​ប្រជាពលរដ្ឋ​នឹង​មាន​ជីវភាព​កាន់​តែ​ក្រីក្រ ហើយ​គ្មាន​ប្រាក់​សង​ធនាគារ​នោះ​ទេ ដោយសារ​ពួកគាត់​អត់​ការ​ងារ​ធ្វើ​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

ក្រុម​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា អាជ្ញាធរ និង​ក្រុម​ឈ្មួញ​ចុះ​ចាប់​ជ្រូក​នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​ថៃ​​ជា​រៀង​រាល់​ថ្ងៃ ហើយ​បាន​​បង្ខំ​ឱ្យ​ពួកគាត់​ឱ្យ​ជួយ​ទិញ​ជ្រូក​ពី​ឈ្មួញ​កណ្ដាល​ទាំង​នោះ​វិញ ក្នុង​តម្លៃ​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​ពួកគាត់​លក់​មិន​បាន​ប្រាក់​ចំណេញ​ឡើយ។ បច្ចុប្បន្ន​ក្រុម​ឈ្មួញ​កណ្ដាល​បាន​នាំ​ចូល​ជ្រូក​តាម​ច្រក​អន្តរជាតិ​អូស្មាច់ ក្នុង​ខេត្ត​ឧត្ដរមានជ័យ និង​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​នាំ​ចូល​ជ្រូក​រស់​នៅ​តំបន់​ផ្សេង​ឡើយ៕

Pig_traders_protest_032921.jpg

Pig_traders_protest_032921_2.jpg

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល