ជាងថតរូបនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ត្អូញត្អែរពីបញ្ហាជីវភាព បន្ទាប់ពីរបរមួយនេះហាក់លែងទទួលបានការគាំទ្រពីភ្ញៀវទេសចរ។ ពួកគាត់បារម្ភបាត់បង់អាជីពមួយនេះ ដោយសារទេសចរភាគច្រើនជ្រើសរើសការថតរូបក្នុងទូរស័ព្ទដៃ ជាជាងប្រើប្រាស់សេវាកម្មរបស់ពួកគាត់។
អាជីវកម្មថតរូបនៅតាមតំបន់រមណីយដ្ឋាន កន្លែងទេសចរណ៍ នៅខេត្តសៀមរាប ក្នុងពេលបច្ចុប្បន្នកំពុងប្រឈមនឹងការបាត់បង់បន្តិចម្ដងៗ ដោយសារបច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន និងទីផ្សារប្រកបរបរកាន់តែរួមតូច។
ជាងថតរូបនៅរមណីយដ្ឋានអង្គរវត្ត លោក រិន សំអាត ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងនៅថ្ងៃទី២ វិច្ឆិកា ថា សព្វថ្ងៃលោកមិនសូវរកចំណូលបានពីការថតរូបនោះទេ ព្រោះបណ្ដាលមកពីជាងថតរូបមានការកើនឡើង ខណៈភ្ញៀវទេសចរនៅមានចំនួនតិចនៅឡើយ។ លោកឱ្យដឹងថា ជារៀងរាល់ថ្ងៃលោកត្រូវដើរ ឬឈររង់ចាំ និងនិយាយបញ្ចុះបញ្ចូលទៅកាន់ភ្ញៀវទេសចរ ដោយពេលខ្លះទទួលបានការប្រើប្រាស់សេវាកម្ម និងពេលខ្លះទៀតមិនទទួលបាននោះឡើយ។ ម្យ៉ាងទៀតលោកឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋមានទូរស័ព្ទកាន់ស្ទើរគ្រប់ដៃ មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងទទួលបានរូបឆាប់រហ័សថែមទៀតផង។
លោក រិន សំអាត៖«បើតាមគំនិតខ្ញុំៗគិតថា បើភ្ញៀវទេសចរគាត់មកលេងអ៊ីចឹង គួរតែថតរូបទុកជាអនុស្សាវរីយ៍របស់ពួកគាត់ជាមួយនឹងកាមេរ៉ា ដោយសារតែកាមេរ៉ាមានទំហំធំហើយ មានរូបស្អាតទៀត»។
ស្រដៀងគ្នានេះដែរ លោក ជិន វណ្ណៈ បានចាប់មុខរបរ ជាអ្នកថតរូបនៅមុខប្រាសាទអង្គរវត្តតាំងពីឆ្នាំ២០១៨មក លើកឡើងថា បច្ចុប្បន្ននេះ ទោះបីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល និងមានភ្ញៀវទេសចរមកទស្សនាច្រើនប្រាសាទអង្គរវត្តកើនឡើងក្ដី ក៏លោកនៅតែបន្តបាត់បង់ចំណូល។ លោកបញ្ជាក់ថា ការរីកចម្រើននៃបច្ចេកវិទ្យាកាមេរ៉ានៅលើទូរស័ព្ទដៃ ដែលទាក់ទាញអ្នកចូលចិត្តថតរូប ងាកមកប្រើម៉ាស៊ីនថតរូបពហុជំនាញនេះវិញ។ លោកបន្តថា ជារៀងរាល់ថ្ងៃលោក និងអ្នកថតរូបដទៃទៀត តែងតែអង្គុយនៅក្រោមដើមឈើ រង់ចាំភ្ញៀវ ដើម្បីសួរនាំរកអ្នកដែលចង់ថតរូប។ លោកថា ថ្ងៃខ្លះ លោកមិនអាចរកចំណូលបានសូម្បី១ដុល្លារឡើយ ទន្ទឹមគ្នានេះ លោកក៏មានគម្រោងបោះបង់មុខរបរនេះ ហើយនឹងទៅធ្វើការស៊ីឈ្នួលគេវិញ។
លោក ជិន វណ្ណៈ៖«វាមិនទៀងទេ ថ្ងៃណាបានក៏បានទៅ ថ្ងៃណាអត់ក៏អត់។ ថ្ងៃខ្លះក៏បាន១ម៉ឺន ទៅ២ម៉ឺន ថ្ងៃខ្លះ៥ម៉ឺន តែថ្ងៃខ្លះ១រយរៀលមិនបានផង»។
ជារៀងរាល់ថ្ងៃ នៅមុខក្លោងទ្វារ និងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត មានជាងថតរូបច្រើននាក់ដើរតាមភ្ញៀវទេសចរនិងបញ្ចុះបញ្ចូលពួកគេឱ្យប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ប៉ុន្តែភ្ញៀវភាគច្រើនៗតែងបដិសេធដោយសារពួកគេមានទូរស័ព្ទដៃទំនើបៗ ដែលមានសមត្ថភាពអាចថតរូបបានតាមតម្រូវការរបស់ពួកគេ។
តម្លៃថតរូបនៅតំបន់ប្រាសាទអង្គរវត្ត ក្នុងមួយប៉ុស្តិ៍មានតម្លៃ ២ពាន់រៀល ចំពោះរូបធម្មតា និង៤ពាន់រៀល(៤.០០០រៀល)ចំពោះរូបដែលមានការកែលម្អបន្ថែមដោយជាងថតត្រូវផ្ញើរូបទៅក្នុងទូរស័ព្ទរបស់ភ្ញៀវតាមប្រព័ន្ធតេឡេក្រាម។ ដោយឡែកចំពោះភ្ញៀវទេសចរណាដែលចង់ថតរូប និងផ្ដិតយករូបភាពភ្លាមៗ តម្លៃអាចកើនដល់១ម៉ឺនរៀល(១០.០០០រៀល) ក្នុងមួយសន្លឹក។
ភ្ញៀវទេសចរម្នាក់ យុវជន នង សារ៉ូត ឱ្យដឹងថា លោកមិនដែលប្រើប្រាស់សេវាកម្មថតរូបនៅពេលទៅកម្សាន្តប្រាសាទអង្គរវត្ត និងកន្លែងផ្សេងៗទៀតនោះឡើយ ព្រោះលោកចង់សន្សំសំចៃថវិកា មិនចង់ចំណាយច្រើនក្នុងពេលដើរកម្សាន្ត ខណៈលោកក៏មានទូរស័ព្ទដែលអាចថតរូបច្បាស់ផងដែរ។ ម្យ៉ាងទៀតលោកបន្តថា ការថតរូបដោយទូរស័ព្ទផ្ទាល់ខ្លួនអាចថតបានច្រើនដង នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង និងទទួលបានរូបភ្លាមៗ ដើម្បីបង្ហោះនៅលើបណ្ដាញសង្គម៖ « យើងខ្សោយថវិកា ដល់ពេលអ៊ីចឹងយើងទុកថវិកាហ្នឹងចាក់សាំងផង ផ្ញើម៉ូតូផងអីផង អ៊ីចឹងទៅយើងថតកាមេរ៉ាយើងទៅវាអត់អស់លុយ »។
ចាប់តាំងពីកម្ពុជាបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ-១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ វិស័យទេសចរនៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយទេ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់អ្នកប្រកបរបរក្នុងវិស័យនេះ។ ទន្ទឹមនឹងពិភពលោកមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល វាក៏ជាផ្នែកមួយដែលធ្វើឱ្យអ្នកប្រកបអាជីពកម្មថតរូបនៅតាមកន្លែងទេសចរណ៍រងផលប៉ះពាល់បន្ថែមទៀតមួយកម្រិតទៀត។
ទោះជាយ៉ាងណា អ្នកថតរូបនៅតំបន់ទេសចរអង្គរស្នើឱ្យភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅប្រាសាទអង្គរវត្ត ងាកមកប្រើប្រាស់សេវាកម្មថតរូបដោយប្រើកាមេរ៉ាឌីជីថលអាជីពវិញម្ដងដើម្បីលើកកម្ពស់ជីវភាព និងផ្ដល់ឱកាសការងារដល់ពលរដ្ឋមូលដ្ឋាន។ ពួកគេថាទោះជាការថតរូបសន្លឹកមិនសូវទំនើបក៏ពិតមែន តែភ្ញៀវទេសចរគូរចំណាយលើការថតជុំគ្នាទុកជាអនុស្សាវរីយ៍ ដោយសាររូបសន្លឹកថតដោយកាមេរ៉ាឌីជីថលមានកម្រិតគុណភាពច្បាស់ជាងទូរស័ព្ទ និងរក្សាទុកបានយូរជាង។
ជុំវិញរឿងនេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន លើកឡើងថា ការប៉ះពាល់ទៅលើអាជីវកម្មថតរូបនៅតាមតំបន់ទេសចរណ៍នៅកម្ពុជា បណ្ដាលមកពីបដិវត្តឧស្សាហកម្ម ៤.០ ដែលផ្ដោតលើការអភិវឌ្ឍបច្ចេកវិទ្យា។ យ៉ាងណាអ្នកស្រីថា បញ្ហានេះមិនមែនប៉ះពាល់តែមកលើកម្ពុជាមួយនោះឡើយ តែរដ្ឋាភិបាលត្រូវធ្វើបែបនេះដើម្បីដើរទាន់ការវិវត្តរបស់ពិភពលោក។ អ្នកស្រីបន្ថែមថា រដ្ឋាភិបាលនៅមិនទាន់មានវិធានការណាមួយដោះស្រាយបញ្ហានេះនៅឡើយទេ តែអ្នកស្រីមើលឃើញថា វិស័យឯកជននៅតាមតំបន់ទេសចរបានបន្ថែមសេវាកម្មថ្មីៗ ដូចជាជួលសម្លៀកបំពាក់បុរាណ ដែលនឹងផ្ដល់ឱកាសឱ្យជាងថតរូបបានទទួលចំណូលផងដែរ។
អ្នកស្រី ឆាយ ស៊ីវលីន៖«ទោះបីយ៉ាងណាក៏ដោយ យើងត្រូវតែទទួលស្គាល់ថា យើងមានការវិវត្តចាប់យកឧស្សាហកម្ម ៤.០ ហ្នឹងហើយ គឺត្រូវតែប៉ះពាល់ទៅលើផ្នែកណាមួយហើយ»។
មុនពេលមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងក្នុងអំឡុងពេលនោះ ពិភពលោករួមទាំងកម្ពុជា បានផ្ដោតទៅលើបដិវត្តឧស្សាហកម្ម ៤.០ ដោយអភិវឌ្ឍលើបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យការធ្វើទំនាក់ទំនងរបស់មនុស្សកាន់តែមានភាពងាយស្រួល ទំនើប និងលឿនឆាប់រហ័ស។ ជាមួយគ្នានេះ ទូរស័ព្ទដៃឆ្លាតវៃ (Smart Phone) ជាឧបករណ៍ទំនើប ពេញនិយម និងមានតម្លៃសមរម្យដែលអាចឱ្យប្រជាពលរដ្ឋមានជីវភាពកម្រិតមធ្យមប្រើប្រាស់បាន ខណៈកាមេរ៉ានៅលើទូរស័ព្ទ កាន់តែមានគុណភាពល្អជាងមុនជាលំដាប់។
ទាក់ទិនរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មើលឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋមានសម្ភារៈប្រើប្រាស់ទំនើបៗស្ទើរគ្រប់គ្នា និងខ្លះថែមទាំងមានចំណេះដឹងទាក់ទងនឹងការថតរូបថែមទៀតផង ធ្វើឱ្យពួកគេមិនចាំបាច់ប្រើប្រាស់សេវាកម្មនោះឡើយ។ តែលោកយល់ឃើញថា ជាងថតរូបគួរអភិវឌ្ឍខ្លួន ស្វែងរកអ្វីដែលប្លែក ថ្មី ទាក់ទាញ បម្រើឱ្យអាជីវកម្មរបស់ខ្លួន ដោយមិនត្រូវពឹងផ្អែកទៅលើការថតបែបប្រពៃណីនោះឡើយ ខណៈក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវលើកទឹកចិត្ត និងបណ្ដុះបណ្ដាលពួកគាត់លើផ្នែកឌីជីថលផងដែរ។
លោក យង់ គឹមអេង៖«យើងគិតមើលស្អីដែលប្លែក ស្អីដែលខុសពីអ្នកប្រើប្រាស់កាមេរ៉ាទូរស័ព្ទដៃរបស់ខ្លួនថត ទាល់តែយើងគិតអ៊ីចឹងបានអាចទៅបាន។ បើមិនអ៊ីចឹងទេវានឹងដូចនៅបណ្ដាប្រទេសមួយចំនួនគឺយើងពិបាករកអ្នកថតរូបណាស់»។
ក្រៅពីនៅតំបន់ប្រាសាទអង្គរវត្ត នៅតាមបណ្ដារមណីយដ្ឋានប្រវត្តិសាស្ត្រដទៃទៀត ក៏មានអ្នកប្រកបអាជីវកម្មថតរូបនេះផងដែរ ដូចជានៅមុខព្រះបរមរាជវាំង វត្តភ្នំ ក្នុងរាជធានីភ្នំពេញ និងភ្នំកំពង់ត្រាច នៅខេត្តកំពត។ ប៉ុន្តែនៅកន្លែងខ្លះអាជីវកម្មនេះបានបាត់ខ្លួនទាំងស្រុងតែម្ដង ដោយសារជាងថតរូបបោះបង់លែងធ្វើតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។