កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួនសម្រុកធ្វើច្បាប់កាប់ជ្រូកលក់ ដើម្បីកាត់បន្ថយការខាតបង់ប្រាក់ ដោយសារតម្លៃជ្រូកថោក
2023.01.04

កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួន នាំគ្នាធ្វើច្បាប់អនុញ្ញាតកាប់ជ្រូកលក់ ខណៈតម្លៃជ្រូករស់ថោក ប៉ុន្តែតម្លៃសាច់ជ្រូកនៅលើទីផ្សារមិនធ្លាក់ថ្លៃ ធ្វើឱ្យប៉ះពាល់ជីវភាពអ្នកចិញ្ចឹម។ កសិករថា រដ្ឋាភិបាលអសមត្ថភាពក្នុងការដោះស្រាយបញ្ហាតម្លៃជ្រូកធ្លាក់ថ្លៃ និងទប់ស្កាត់ការនាំចូលសាច់ជ្រូកកក ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក លក់ខាតដើម មិនអាចបន្តចិញ្ចឹមជ្រូកលក់ដោះស្រាយជីវភាពគ្រួសារបាន។ សង្គមស៊ីវិល សាទរចំពោះកសិករ ដែលចេះរកច្រកដោះស្រាយបញ្ហាសាច់ជ្រូកចុះថោក និងសុំស្នើដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរទប់ស្កាត់ការនាំចូលសាច់ជ្រូកកកពីប្រទេសជិតខាងឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាស្ថិរភាពទីផ្សារលក់ជ្រូកក្នុងស្រុក ហើយស្វែងរកវិនិយោគទុនមកកែច្នៃសាច់ជ្រូករបស់កសិករ។
កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួន លើកឡើងថា តម្លៃសាច់ជ្រូករស់ក្នុងស្រុកធ្លាក់ចុះ ដោយសារមន្ត្រី និងឈ្មួញឃុបឃិតគ្នា បើកដៃអោយនាំចូលសាច់ជ្រូកកកខូចគុណភាពពីប្រទេសជិតខាងចូលក្នុងតម្លៃថោក។ បញ្ហានេះ ធ្វើអោយកសិករចិញ្ចឹមជ្រូកក្នុងស្រុក គ្មានទីផ្សារលក់ក្នុងតម្លៃសមរម្យ ហើយបង្ខំលក់ទាំងបង់ខាត។
កសិករចិញ្ចឹមជ្រូកនៅខេត្តប៉ៃលិនលោកស្រី អ៊ុត សុខឿន ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី៣ មករា ថា លោកស្រីចិញ្ចឹមជ្រូកកន្លងមក ជិត១០០ក្បាល ហើយកំពុងតែខាតបង់ខ្លាំង ដោយសារតម្លៃជ្រូករស់បន្តធ្លាក់ថ្លៃ ប៉ុន្តែតម្លៃសាច់ជ្រូកលក់នៅទីផ្សារតម្លៃនៅដដែល។ លោកស្រីសម្រេចចិត្តសុំច្បាប់អាជីវកម្មកាប់ជ្រូកខ្លួនឯងលក់តម្លៃ១ម៉ឺន ៥ពាន់រៀល (១៥,០០០៛) ក្នុង១គីឡូក្រាមវិញ។ លោកស្រីថា តម្លៃជ្រូករស់សព្វថ្ងៃឈ្មួញទិញតម្លៃជាង៧ពាន់រៀល(៧,៥០០៛)ទៅជិត៨ពាន់រៀល(៧,៨០០៛)ក្នុងមួយគីឡូក្រាម ប៉ុន្តែឈ្មួញមិនចាប់ភ្លាមៗនោះឡើយ ដោយទុក១០ថ្ងៃសិនទើបចាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយដាក់ចំណី។
លោកស្រី អ៊ុត សុខឿន៖ «ចា៎ បើសិនតម្លៃជ្រូកនៅតែធ្លាក់អ៊ីចឹងទៀតទេ វាប៉ះពាល់ធ្ងន់ណាស់លោកគ្រូ ព្រោះអីខ្ញុំដូចខ្ញុំជាដើម គឺខ្ញុំខ្ចីលុយធនាគារ មកបង្កើតមុខរបរថ្មីទាំងអស់។ និយាយទៅវាប៉ះពាល់ធ្ងន់បណ្ដោយលោកគ្រូ ! និយាយទៅនិយាយមិនចេញ និយាយចង់តែទឹកភ្នែកអួលដើមកណាលោកគ្រូ ប៉ះពាល់ធ្ងន់មែនទេ។ និយាយរួមចំណីថ្លៃ កន្ទក់ថ្លៃ ស្រូវអង្ករថោក ហើយយើងធ្វើម៉េចចេញ នៅតែខាតរហូត វាប៉ះពាល់ខាងសេដ្ឋកិច្ច ខាងអ្នកចិញ្ចឹមជ្រូកខ្លាំងមែនទែនបណ្ដោយ។ និយាយរួមថោកតែជ្រូកកសិករលោកគ្រូ ជ្រូកក្រុមហ៊ុនទោះគាត់ថោកគាត់មានកុងត្រាចុះរបស់គាត់ចុះរបស់គាត់ ត្រឹមតែប៉ុណ្ណឹង ទោះជ្រូកចុះប៉ុណ្ណា ក៏គាត់នៅតែប៉ុណ្ណឹង»។
ស្រដៀងគ្នានេះដែរ កសិករចិញ្ចឹមជ្រូកនៅខេត្តប៉ៃលិន លោក មាស កុល លើកឡើងថា តម្លៃជ្រូកចុះថោកខ្លាំង ប៉ុន្តែតម្លៃចំណីនៅតែតម្លៃខ្ពស់ ដែលមិនអាចលក់ចេញបានប្រាក់ចំណេញនោះទេ។ លោកថា ការដែលលោកទៅសុំច្បាប់ ដើម្បីកាប់ជ្រូកលក់ខ្លួនឯង ព្រោះលោកលក់កន្លងមកខាតបង់ច្រើន មិនអាចបានប្រាក់ចំណេញដោះស្រាយជីវភាព និងសល់ប្រាក់សងជំពាក់ធនាគារនោះឡើយ។
លោក មាស កុល៖ «កាប់ខ្លួនឯង ដោយសារតម្លៃជ្រូកវាថោកអ៊ីចឹងណា យើងទូទាត់ និងចំណីទៅវាអត់ស្មើភាពគ្នា។ អានេះបើយើងកាប់លក់អ៊ីចឹង យើងរបស់ខ្លួនយើង យើងដាក់រាងធូរជាងគេទៀត បើសិនកាប់យើងចំណេញដែរ យើងមិនខាត់ទេ យើងចំណេញជាងលក់សាច់ឱ្យគេស្រស់ៗ លក់សាច់ស្រស់ណា។ វគ្គនេះវាតម្លៃរាងថោក បើពីមុនតម្លៃត្រឹម១ម៉ឺនរៀល(១០,០០០៛) ឬជាង ១ម៉ឺនរៀល (១១,៥០០៛) ហៃអាហ្នឹងយើងមើលតុល្យភាព និងចំណីយើងមើលទៅវាអាចទប់ទល់គ្នាបាន ប៉ុន្តែដល់ឥឡូវតម្លៃប៉ុណ្ណេះវាពិបាកទប់នឹងចំណី ចំណីវាថ្លៃ»។
កសិករចិញ្ចឹមជ្រូកម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំង ថ្លែងថា កសិករចិញ្ចឹមជ្រូកនៅតែបន្តការខាត ទោះមានតំបន់មួយចំនួនឡើងថ្លៃបន្តិចបន្តួច។ លោកបន្តថា បញ្ហានាំចូលសាច់ជ្រូកកកមកពីប្រទេសជិតខាងប៉ះពាល់ដល់តម្លៃសាច់ជ្រូកក្នុងស្រុកធ្លាក់ថ្លៃ ព្រោះសាច់ជ្រូកនាំចូលតម្លៃថោក ជាងសាច់ជ្រូកក្នុងស្រុក។
«អើយ ! លោកប្អូនអើយលែងនិយាយចេញហើយខាត លក់បាន ១គីឡូក្រាមតែ៧ពាន់រៀល(៧,០០០៛)ទេ។ ច្រកចេញជ្រូករបៀបនេះគឺដែលជាវិធីសាស្ត្រមួយដ៏ល្អបំផុតសម្រាប់អ្នកចិញ្ចឹមហើយកាប់លក់ខ្លួនឯងអ៊ីចឹងណា។ ខ្ញុំគិតថាបែបនេះទេ គិតថាចាំមើលដល់ពេលវេលាដែលជ្រូកហ្នឹង ខ្ញុំមើលតែខែ៣ទេ ជ្រូកអត់ឡើងថ្លៃទេ លក់មេលក់អ្វីចោលទាំងអស់ហើយអត់ទុកទេ។ ខ្ញុំយល់ថាទី១ គឺក្លាសេដែលនាំចូលពីបរទេសមកហ្នឹងណា ហ្នឹងជាបញ្ហាទី១ បញ្ហាទី២ ដូចជាឈ្មួញកណ្ដាលនៅក្នុងស្រុកហ្នឹង មិនព្រមដំឡើងថ្លៃឱ្យតែម្ដង ឬក៏អាចថា ក្រុមហ៊ុនធំៗ ដែលជាក្រុមហ៊ុនធំនៅក្នុងស្រុកខ្មែរហ្នឹង គេប្រកួតប្រជែងនៅក្នុងការលក់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេ ថ្ងៃទី០៣ មករា ។ ប៉ុន្តែកាលពីថ្ងៃទី២៦ ធ្នូ លោក ហ៊ុន សែន លើកឡើងថាតម្លៃជ្រូកថោក គឺជារឿងប្រសើរសម្រាប់ពលរដ្ឋអ្នកបរិភោគ ប៉ុន្តែលោកមិនអាចតម្រូវចិត្តអ្នកចិញ្ចឹមជ្រូកជាង ១ម៉ឺនគ្រួសារ(១០,០០០) បានឡើយ។
លោក ហ៊ុន សែន៖ «ប៉ុន្តែអ្នកទទួលទានសាច់ជ្រូកទៅវិញគឺចង់ឱ្យសាច់ជ្រូកថោក អ្នកចិញ្ចឹមជ្រូកគឺចង់ឱ្យសាច់ជ្រូកវាថ្លៃ។ ម្ខាង១ម៉ឺនគ្រួសារ(១០,០០០) ទាមទារឱ្យរដ្ឋាភិបាលធ្វើយ៉ាងម៉េចអោយតម្លៃសាច់ជ្រូកហ្នឹងវាឡើងថ្លៃ ដើម្បីការចិញ្ចឹមហ្នឹងមានផលចំណេញ ក្នុងពេលដែលប្រមាណលានគ្រួសារអត់ចិញ្ចឹមជ្រូកនោះ ត្រូវទិញសាច់ជ្រូក ចង់ឱ្យសាច់ជ្រូក វាៗៗថោក»។
កសិករយល់ថាមន្ត្រីរបស់លោក ហ៊ុន សែន រាយការណ៍កុហកពាក់ព័ន្ធករណីតម្លៃជ្រូកចុះថោក ព្រោះកសិករប្រឈមតម្លៃជាមួយឈ្មួញទទួលទិញជ្រូក មិនមែនបញ្ហាតម្លៃជាមួយអ្នកបរិភោគឡើយ។ ពួកគាត់រិះគន់ស្ថាប័នពាក់ព័ន្ធថា អសមត្ថភាព ត្រួតពិនិត្យ និងទប់ស្កាត់សាច់ជ្រូកកក ខូចគុណភាពថោកៗ ហូរចូលទីផ្សារ ធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូក។
ជុំវិញរឿងនេះ នាយករងអង្គការពលរដ្ឋយើង និងជាអ្នកជំនាញកសិកម្ម លោក នី ណាក់ មានប្រសាសន៍ថា លោកសាទរចំពោះការដោះស្រាយបញ្ហាដោយខ្លួនឯង ទាក់ទងបញ្ហាតម្លៃជ្រូកចុះថោក។ លោកបន្តថា ដើម្បីការពារសុខភាពពលរដ្ឋ និងជួយឱ្យតម្លៃជ្រូករស់មានតម្លៃសមរម្យឡើងវិញ មន្ត្រីពាក់ព័ន្ធគួរបង្កើនការទប់ស្កាត់ ការនាំចូលសាច់ជ្រូកកែច្នៃ និងសាច់ជ្រូកកកខូចគុណភាព។
លោក នី ណាក់៖ «យើងបន្តគាំទ្រឱ្យគាត់ធ្វើការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាពិសេសខាងក្រសួងកសិកម្ម ដើម្បីឱ្យគាត់មានសិទ្ធិដំណើរការក្នុងការកាប់ជ្រូកជាផ្លូវការ។ យើងបារម្ភចំពោះពួកគាត់ថាថ្ងៃណាមួយអាជ្ញាធរ ឬក្រសួងសាមីពាក់ព័ន្ធ និងចាត់វិធានការទៅលើពួកគាត់ ដោយចោទប្រកាន់ទៅលើការចរាចរសាច់ជ្រូកខុសច្បាប់ សាច់ជ្រូកគ្មានច្បាប់អនុញ្ញាត សាច់ជ្រូកមានបញ្ហាអ៊ីចឹងទៅ។ ជាបទពិសោធន៍ ដែលខ្ញុំធ្លាប់សហការជាមួយនឹងកសិករចិញ្ចឹមគោ ហើយស្នើសុំច្បាប់ក្នុងការកាប់ កុងស៊ីកាប់គោ គឺយើងចំណាយពេលយូរណា តែនៅតែមិនទទួលបានការអនុញ្ញាតទេ»។
កន្លងមក បើទោះជារដ្ឋាភិបាល និងក្រសួងកសិកម្ម ថាបានទប់ស្កាត់ការនាំចូលជ្រូកសាច់បង្កកពីប្រទេសជិតខាង និងគ្មានការនោះចូលក៏ដោយ ប៉ុន្តែកំណើន នៃការលួចនាំចូលសាច់ជ្រូកកកខូចគុណភាពខុសច្បាប់ផ្សេងៗនៅតែកើតមាន និងកាន់តែច្រើនជាងមុន ។ ពលរដ្ឋយល់ថា ការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីពាក់ព័ន្ធមួយចំនួននៅតាមព្រំដែន ទើបបរិមាណសាច់កកខុសច្បាប់ហូរចូលមកកម្ពុជាកាន់តែច្រើន។ ជាក់ស្ដែងកាលពីថ្ងៃទី ១២ ធ្នូ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់រ៉ឺម៉កដឹកសាច់ជ្រូកបង្កកចំនួន៤០០គីឡូក្រាម បម្រុងយកទៅចែកចាយនៅរាជធានីភ្នំពេញ និងថ្ងៃទី ២១ ធ្នូ ឃាត់រថយន្តដឹកប្រហិតនាំចូលខុសច្បាប់ប្រមាណជិត៣តោន(២,៨០០គីឡូក្រាម)ដែរ មកពីច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូនខេត្តបាត់ដំបង បម្រុងយកទៅចែកចាយនៅខេត្តសៀមរាប។
ពលរដ្ឋចិញ្ចឹមជ្រូក និងសង្គមស៊ីវិលទទូចដល់អាជ្ញាធរពាក់ព័ន្ធគួរសម្របសម្រួលដល់កសិករចិញ្ចឹមជ្រូកឱ្យពួកគាត់កាប់ជ្រូកលក់ និងផ្សព្វផ្សាយដល់អ្នកកាប់ជ្រូក និងអ្នកបរិភោគជួយគាំទ្រសាច់ជ្រូកក្នុងស្រុក ដើម្បីលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកនៅបន្តមុខរបរនេះទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។