"កម្ចី​ដែល​គ្មាន​លក្ខខណ្ឌ​លើកកម្ពស់​សិទ្ធិមនុស្ស​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​ក្រីក្រ"

ដោយ ឡេង ម៉ាលី
2022.12.31
"កម្ចី​ដែល​គ្មាន​លក្ខខណ្ឌ​លើកកម្ពស់​សិទ្ធិមនុស្ស​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​ក្រីក្រ" ជំនួប​រវាង​មន្ត្រី​ជាន់ខ្ពស់​ចិន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នក​វិភាគ​នយោបាយ លើក​ឡើង​ថា ប្រាក់​កម្ចី​របស់​ចិន​ដែល​គ្មាន​លក្ខខ័ណ្ឌ​ឱ្យ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស មិន​ត្រឹម​តែ​មិន​បាន​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​នឹង​នាំ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ធ្លាក់​ខ្លួន​ក្រីក្រ​បន្ថែម​ទៀត។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ហ៊ុន សែន បាន​អះអាង​ជា​ថ្មី​ទៀត​ថា កម្ចី​របស់​ប្រទេស​ចិន (China) មាន​ភាព​ងាយ​ស្រួល​ដើម្បី​ទទួល​យក ព្រោះ​ចិន​បាន​ផ្ដល់​ប្រាក់​កម្ចី​ទៅ​តាម​ផែនការ​របស់​រដ្ឋាភិបាល។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​ប្រើប្រាស់​ប្រាក់​កម្ចី​បរទេស​ដែល​មិន​មាន​កាតព្វកិច្ច​លើក​កម្ពស់​សិទ្ធិមនុស្ស និង​យន្តការ​ច្បាស់​លាស់ នឹង​ធ្វើ​ឱ្យ​រដ្ឋ​ជាប់​បំណុល​បរទេស​កាន់​ច្រើន ខណៈ​ពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក កាន់​តែ​ធ្លាក់​ខ្លួន​ក្រីក្រ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

អ្នក​វិភាគ​នយោបាយ បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​ប្រើប្រាស់​ប្រាក់​កម្ចី​របស់​ចិន​ដោយ​មិន​បាន​ភ្ជាប់​កាតព្វកិច្ច ឬ​យន្តការ​ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស នឹង​មិន​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​នោះ​ទេ ខណៈ​អំពើ​ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​ខ្ពស់។ លោក​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ពេញ​ចិត្ត​ទទួល​យក​ប្រាក់​កម្ចី​របស់​ចិន ដែល​មិន​មាន​យន្តការ​តម្លាភាព​ដូច្នេះ គឺ​បណ្ដាល​មក​ពី​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល ងាយ​ស្រួល​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ និង​កេង​ប្រវ័ញ្ច​យក​លុយ​កម្ចី​ទាំង​នោះ​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន៖

បណ្ឌិត មាស នី៖ «កាល​ណា​យើង​យក​របស់​គេ​អត់​មាន​លក្ខខ័ណ្ឌ ហើយ​ប្រព័ន្ធ​គ្រប់​គ្រង​នៅ​ស្រុក​យើង​វា​អត់​រឹងមាំ ពិសេស​អំពើ​ពុក​រលួយ​អី​ផ្សេងៗ​កើត​ឡើង​នេះ វា​នឹង​អាច​ធ្វើ​ឱ្យ​យើង​ជំពាក់​លុយ​គេ កាន់​តែ​ច្រើន ប៉ុន្តែ​ប្រសិទ្ធិ​ភាព​ទទួល​បាន ឬ​ក៏​លទ្ធផល​ទទួល​បាន វា​អាច​ទទួល​បាន​តិច​ជាង ការ​រំពឹង​ទុក​នៃ​ជំនួន​លុយ​ដែល​យើង​យក​ពី​របស់​គេ​មក»

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ពិធី​បើក​ការដ្ឋាន​លើក​គុណភាព​ផ្លូវ​ក្នុង​ខេត្តកំពត​នៅ​ថ្ងៃ​ទី៣០ ខែធ្នូ​ថា លោក​បាន​បដិសេធ​មិន​ទទួល​យក​ជំនួយ​បរទេស​ដែល​មាន​លក្ខណៈ​បង្គាប់​បញ្ជា និង​មិន​អាច​ឆ្លើយ​តប​នឹង​ការ​ចង់​បាន​របស់​រដ្ឋាភិបាល។ លោក​បន្ថែម​ថា កម្ចី​របស់​ប្រទេស​ចិន (China) គឺ​មាន​ភាព​ងាយ​ស្រួល​ដើម្បី​ទទួល​យក ព្រោះ​ចិន​បាន​ផ្ដល់​ប្រាក់​កម្ចី​ទៅ​តាម​ផែនការ​ដែល​រដ្ឋាភិបាល​ចង់​បាន៖

លោក ហ៊ុន សែន៖ «ទី​ចុង​បំផុត​ភាព​មិន​ត្រូវ​គ្នា​នេះ ខ្ញុំ​ក៏​បាន​ប្រាប់​ទៅ​ពេល​នោះ គឺ​ឯកឧត្ដម ឧប​នាយក​រដ្ឋមន្ត្រី គាត ឈន់ ថា​មិន​ចាំ​បាច់​ខ្ចី​លុយ​ហ្នឹង​ទេ ព្រោះ​សំណូម​ពរ​ជាក់​ស្ដែង​របស់​ប្រទេស​កម្ពុជា គឺ​កំពុង​ខ្វះ​សាលារៀន ខ្វះ​ថ្នាក់​រៀន ត្រូវ​ការ​ក៏សាង​សាលារៀន ប៉ុន្តែ​ម្ចាស់​ឥណទាន បែរ​ជា​ប្រាប់​មក​យើង​ថា ប្រាក់​នេះ​សម្រាប់​ជា​អាហារូបករណ៍​សិស្ស​នៅ​ថ្នាក់​បឋមសិក្សា»

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ចេញ​ផ្សាយ​លើក​ទី១៦ កាល​ពីថ្ងៃទី៩ ខែធ្នូ បង្ហាញ​ថា រដ្ឋាភិបាល​ជំពាក់​បំណុល​បរទេស​ចំនួន ជាង​៩ពាន់​លាន​ដុល្លារអាមេរិក (.៤៧៤,២០លានដុល្លារក្នុង​នោះ ជិត​ពាក់​កណ្ដាល​នៃ​បំណុល​ទាំង​នេះ (៤២ភាគរយគឺជា​របស់​ប្រទេស​ចិន។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទទួល​ប្រាក់​កម្ចី​ពី​ប្រទេស ដែល​នាំ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដើរ​ថយ​ក្រោយ។ ជាមួយ​គ្នា​នេះ លោក​បន្ថែម​ថា រដ្ឋាភិបាល​ក៏​មិន​ត្រូវ​ទទួល​យក​ប្រាក់​កម្ចី​ពី​បណ្ដា​ប្រទេស ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​បាត់បង់​អធិបតេយ្យ តាម​រយៈ​ការ​ផ្ដល់​ប្រាក់​កម្ចី​ដែល​មាន​ភ្ជាប់​មក​ជាមួយ​ការ​កេង​ចំណេញ​នយោបាយ​ផ្ទាល់​ខ្លួន​ដែរ។ លោក យ៉ង គឹមអេង បន្ថែម​ថា ការ​ផ្ដល់​ប្រាក់​កម្ចី​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ដែល​មាន​យន្តការ​ប្រើប្រាស់​ប្រាក់​កម្ចី​ដោយ​គណនេយ្យ​ភាព និង​ភ្ជាប់​ជាមួយ​លក្ខខ័ណ្ឌ​លើក​កម្ពស់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស មិនមែន​ជា​ការ​បង្គាប់​បញ្ជា​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ភាព​ឯករាជ្យ​នោះ​ទេ ប៉ុន្តែ​បណ្ដា​ប្រទេស​ទាំង​នោះ ធ្វើ​ដូច្នេះ​គឺ​ដើម្បី​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តែ​ប៉ុណ្ណោះ៖

លោក យង់ គិមអេង៖ «ចំពោះ​ការ​ដែល​យើង​អាច​ការពារ បូរណភាព​ទឹក​ដី អធិបតេយ្យ​ភាព ឯករាជ្យ​ជាតិ​អី​ហូរហែ​ហ្នឹង លុះ​ត្រា​ណា​តែ​យើង​កុំ​ឱ្យ​ប្រទេស​ណា​មួយ ទៅ​ធ្ងន់​ក​ទៅ​លើ​បំណុល​គេ​ហ្នឹង​ខ្លាំង​ពេក អា​ហ្នឹង​គឺជា​រឿង​មួយ​សំខាន់ ឱ្យ​វា​មាន​ម្ចាស់​បំណុល​ពហុភាគី​ច្រើន ហើយ​ឱ្យ​វា​មាន​ភាគរយ​តិច»

អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ​ក៏​លើក​ឡើង​ថា ក្រៅ​ពី​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​របស់​ប្រទេស​ចិន​ដោយ​គ្មាន​ប្រសិទ្ធិ​ភាព​ពួក​គេ​ថា កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ជាប់​អន្ទាក់​បំណុល​ដែរ ដែល​ជំរុញ​ឲ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ​ភាព និង​ឯករាជ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។