កសិករ​ចិញ្ចឹម​មាន់​នៅ​ខេត្តសៀមរាប​ត្អូញត្អែរ ពី​បញ្ហា​ទីផ្សារ​ចុះថ្លៃ និង​ជំងឺ

ដោយ ហ៊ុំ ចំរើន
2024.09.11
កសិករ​ចិញ្ចឹម​មាន់​នៅ​ខេត្តសៀមរាប​ត្អូញត្អែរ ពី​បញ្ហា​ទីផ្សារ​ចុះថ្លៃ និង​ជំងឺ មាន់ស្រែ ដែលពលរដ្ឋចិញ្ចឹម​នៅខេត្ត​សៀមរាប។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

កសិករ​ចិញ្ចឹម​មាន់​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប ត្អូញត្អែរ​ថា ទីផ្សារ​មាន់​ស្រែ ចុះថ្លៃ​ខ្លាំង រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ធ្វើ​ឱ្យ​ពលរដ្ឋ ខ្លះ​បោះបង់​អាជីព​ចិញ្ចឹម​មាន់ ព្រោះ​ពុំ​អាច​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ស្រប​ពេល ដែល​មាន់ ភាគច្រើន ប្រឈម​ជំងឺឆ្លង​ផង។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស ក្រសួងកសិកម្ម​គួរតែ​រក​ដំណោះស្រាយ ជូន​ពលរដ្ឋ​ឱ្យ​បាន​ឆាប់ ហើយ កាត់បន្ថយ​ការ​នាំ​ចូល​សាច់​មាន់ ពី​ក្រៅ​ដែល​ជា​ហេតុ ធ្វើ​ឱ្យ​តម្លៃ​មាន់​ក្នុងស្រុក​ចុះថ្លៃ

ប្រជាកសិករ​មួយចំនួន​នៅ​ស្រុក ជីក្រែង​និង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ចិញ្ចឹម​មាន់​ស្រែ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ក៏ប៉ុន្តែ រយៈពេល​ជាង ៥​ខែ​មកនេះ ទីផ្សារ​មាន់​ធ្លាក់ចុះ មាន់​មួយ​ក្បាល លក់​បាន​១​ម៉ឺន ២​ពាន់​(១២,០០០) ទៅ​១​ម៉ឺន ៣​ពាន់​(១៣,០០០) រៀល ហើយ បើ​ប្រៀបធៀប​នឹង កាលពីមុន មាន​លក់​បាន​ចន្លោះ ១​ក្បាល ១​ម៉ឺន​៥​ពាន់​(១៥,០០០) រៀល ទៅ​១​ម៉ឺន​៦​ពាន់​(១៦,០០០)​រៀល​។ ពួក​កាត់​ថា ប្រសិនបើ​តម្លៃ​ទីផ្សារ នៅតែ​ជាប់​គាំង​បែប​នេះ ពលរដ្ឋ​កាន់តែ​លំបាក ព្រោះ​តម្លៃ​ទីផ្សារ មាន់ បច្ចុប្បន្ន មិន​ឆ្លើយ​តប​ជាមួយនឹង​ការ​ចំណាយ​ជាក់ស្ដែង​នោះ​ទេ។កសិករ​ចិញ្ចឹម​មាន់​ស្រែ លោក ឆិ ប៊ុនហើន នៅ​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប ដែល​មាន​កសិដ្ឋាន ចិញ្ចឹម​មាន់​នៅ​ស្រុក​ប្រាសាទ​បាគង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែ​កញ្ញា​ថា មុខរបរ​ចិញ្ចឹម​មាន់​ស្រែ​លក់ ពុំ​សូវ​មាន​ទីផ្សារ​នោះ​ទេ នា​ពេល​បច្ចុប្បន្ន​។ លោក​ថា ករណីនេះ បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្លះ បាន​បោះបង់​ចិញ្ចឹម​មាន់ ព្រោះ រក​ចំណូល​ពុំ​សូវ​បាន សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ចំណែក ពលរដ្ឋ​ខ្លះទៀត ជួប​បញ្ហា មាន់ មាន​ជំងឺ បណ្ដាល​ឱ្យ​ងាប់ ប្រឈម​ការខាតបង់​ច្រើន។

លោក ឆិ ប៊ុនហើន៖ «វា​ធ្លាក់​ថោក​ហើយ ចំណី​ការុង​ឡើងថ្លៃ​ទីផ្សារ​វា​អត់​មាន​ថេរភាព បើ​គាត់​ដាក់​ទៅ​វា​ខាត​ពេល គាត់​សុខចិត្ត យក​ពេល​ទៅ​ធ្វើ​អី​វិញ វា​អត់​ចំណេញ​។ គួរតែ ទប់ស្កាត់ ការ​នាំ​ចូល​(​សាច់​មាន់​)​។ តាម​ពិត​ទៅ​មិន​ចាំបាច់​នាំ​ចូល ក៏​ក្នុង​ស្រុក​យើង​ផ្គត់ផ្គង់​បាន​ដែរ ដើម្បី​ស្ថិរភាព ទីផ្សារ និង​ផ្ដល់​តម្លៃ​ឱ្យ​ពួកគាត់​មាន​ទឹក​ចិត្ត»។

ពលរដ្ឋ​ឱ្យ​ដឹង​ថា កាលពី​៤ ទៅ​៥​ឆ្នាំមុន ប្រជាពលរដ្ឋ​ភាគច្រើន អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល ក្នុង​១​ខែ ពី​ការ​លក់​មាន់​។ ក៏ប៉ុន្តែ​រយៈពេល​ប៉ុន្មាន ខែ​ចុង​ក្រោយនេះ ទីផ្សារ ធ្លាក់ចុះ មាន់​មួយ​ក្បាល លក់​បាន​តម្លៃ តិច​តូច​។ ពួកគាត់​ថា តម្លៃ​នេះ មិន​ស្រប​នឹង​ការ​ចំណាយ​ជាក់ស្ដែង​នោះ​ទេ ព្រោះថា​កសិករ​ខ្លះ ចិញ្ចឹម​មាន់ ៥០​ក្បាល ទៅ​១០០​ក្បាល ហើយ ការ​ចំណាយ​មួយ​លើកៗ លើ​ចំណី និង​វ៉ាក់សាំង បង្ការ​ជំងឺ​មាន់ អស់​ចន្លោះ​ពី ២០​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល ទម្រាំ​នឹង​បាន​លក់​ចេញ​ទៅ​កាន់​ទីផ្សារ។

កសិករ​ចិញ្ចឹម​មាន់​ម្នាក់ទៀត នៅ​ស្រុក ជីក្រែង លោកស្រី ឡុង តាំង ចេះ ចិញ្ចឹម​មាន់​ស្រែ​លក់ ពី​អ្នកភូមិ តៗ​គ្នា ពុំ​ដែល​បាន​រៀន​បច្ចេកទេស ចិញ្ចឹម​មាន់​បាន​ត្រឹមត្រូវ​នោះ​ទេ​។ លោកស្រី​ថា ជា​រឿង ល្អ ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល ពី​បច្ចេកទេស ចិញ្ចឹម​មាន់ ឱ្យ​បាន​ត្រឹមត្រូវ និង​ផ្ដល់​សម្ភារៈ​គាំទ្រ មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​ហានិភ័យ។ បន្ថែម​ពី​នោះ លោកស្រី​ថា សព្វថ្ងៃ ពលរដ្ឋ​បាក់​ទឹកចិត្ត លែង​ចង់​ចិញ្ចឹម​មាន់​ទៀត ព្រោះ​ទីផ្សារ​ថោក ហើយ​ការ​ចំណាយ អស់​ច្រើន ជាង​ចំណូល។

លោកស្រី ឡុង តាំង៖ «ទី​១ ចង់ឱ្យ អាជ្ញាធរ​ជួយ​ជំរុញ​ខាង​ទីផ្សារ​មាន់​ស្រែ​យើង​ឱ្យ​មាន​តម្លៃ ប្រសិនណាបើ ជា​តម្លៃ​ចាប់​ពី​១​ម៉ឺន ៥០០(​ពាន់​រៀល) ឡើង​ទៅ អត់​ខាត ទេ​អាច​ចិញ្ចឹម​បាន តែបើ​ចុះ​ពី ១​ម៉ឺន ៥០០​មក អត់​ចំណេញ​តែម្ដង ហើយ​សូម​ឱ្យ​រដ្ឋាភិបាល​ជួល​ផ្ដល់​បច្ចេកទេស​ណា ដែល​អាច​ទប់ស្កាត់​ជំងឺ​បាន ទាក់ទង វ៉ាក់សាំង ទាក់ទង​ការ​ថែម​ទាំ គឺ​យើង​នៅ​មាន​កម្រិត ហើយ​ចង់​បាន​បច្ចេកទេស​បន្ថែម»

កសិករ​ចិញ្ចឹម​មាន់​ស្រែ នៅ​ស្រុក​ជីក្រែង និង​ស្រុក​ប្រាសាទ​បាគង ភាគច្រើន បង្កើត​សហគមន៍​ចិញ្ចឹម​មាន់​ស្រែ ចែករំលែក ចំណេះដឹង​គ្នា តាមរបៀប​បុរាណ ដោយ​តម្រូវ​ឱ្យ​មាន់​ផឹក​ទឹក​រុក្ខជាតិ ដូចជា បណ្ដូល​ពេជ្រ ស្លឹកគ្រៃ ស្លឹក​ស្ដៅ ដើម្បី​កុំឱ្យ​មាន់​ងាប់ និង​ការ​ចិញ្ចឹម ឱ្យ​ចំណី​ប្រភេទ រុក្ខជាតិ ជុំវិញ​ផ្ទះ ដូចជា ត្រកួន ស្លឹក​បាស ក្ទម្ពទេស លាយ​ជាមួយ​ពោត កន្ទក់​ជាប្រចាំ ធ្វើ​ឱ្យ​មាន់​មាន​ភាព​ធំធាត់​ល្អ និង​ទិន្នផល​ក៏​ទទួល​បាន​ខ្ពស់។ បន្ថែម​ពី​នោះ កសិករ​ខ្លះទៀត ក៏​បាន ទិញ​ចំណី​ពី​ផ្សារ ផង​ដែរ ។ តែ​យ៉ាងណា បញ្ហា​ជំងឺឆ្លង​ផ្សេងៗ នៅតែ ជា​ហានិភ័យ​ខ្ពស់​ដែល បណ្ដាល​ឱ្យ​មាន់ របស់​កសិករ ងាយ​ប្រឈម​ងាប់​ជា​បន្តបន្ទាប់។

បន្ថែម​ពី​នោះ កសិករ​ចិញ្ចឹម​មាន់ ក៏​ព្រួយបារម្ភ​ពី​ទីផ្សារ​មាន់​ក្នុងស្រុក​ធ្លាក់ចុះ​កាន់តែ​ខ្លាំង ដោយសារតែ​ការ​នាំ​ចូល​សាច់​មាន់ ពី​បណ្ដា​ប្រទេសជិតខាង ច្រើន​លើសលប់ ដែល​ធ្វើ​ឱ្យ​ការ​បញ្ជាទិញ​សាច់​មាន់ នៅ​ក្នុង​ស្រុក​ធ្លាក់ចុះ។ ចំណែក តម្លៃ​វិញ ក្រុម​ឈ្មួញ តែងតែ​ឱ្យ​តម្លៃ​ទាប​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​កសិករ ពុំ​សូវ​ទទួល​បាន​ផល​ចំណេញ។ ករណី​នេះ ពួក​គាត់​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ គួរតែ​ទប់​ស្កាត់​ការ​នាំ​ចូល​សាច់​មាន់​ពី​ខាងក្រៅ​ច្រើនពេក ហើយ​ងាក​មក​លើ​កម្ពស់​វត្ថុ​ធាតុ ដើម​ក្នុងស្រុក​នោះ ទើប​ជា​ការ​ប្រសើរ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ចំណូល​ចិញ្ចឹម​គ្រួសារ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​សៀមរាប លោក ទា គឹមសុទ្ធ ដើម្បី​ឆ្លើយតប ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១០ ខែ​កញ្ញា​។ រីឯ អ្នកនាំពាក្យ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អឹម រចនា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ករណី​បញ្ហា​កង្វះ​ទីផ្សារ និង​បញ្ហា​ជំងឺ​មាន់ នេះ មិន​ទាន់​អាច​ឆ្លើយ​តប​បាន​នោះ​ទេ ដោយ​កញ្ញា​ថា ត្រូវការ​ពេល​ពិនិត្យ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ជា​មុន​សិន។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​អ្នក​ចិញ្ចឹមសត្វ លោក ជួប វិបុល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ធ្លាក់ចុះ​ទីផ្សារ​សាច់​មាន់​ស្រែ របស់​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​នេះ គឺ​បណ្ដាល​មក​ពី ការ​នាំ​ចូល​សាច់​មាន់​មកពី​បណ្ដា ប្រទេស​ជិតខាង​ច្រើនពេក ដូចជា​ថៃ និង​វៀតណាម​ជាដើម​។ លោក​ថា រដ្ឋាភិបាល​គួរតែ​ទប់ស្កាត់​ការ​នាំ​ចូល ផលិតផល ពី​ខាងក្រៅ នោះ​ទើប​អាច​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ល្អ​ប្រសើរ​ឡើង​វិញ។

លោក ជួប វិបុល៖ «ប្រជាពលរដ្ឋ​ខ្មែរ គឺជា​អ្នក​ចិញ្ចឹមសត្វ​ដ៏​ជំនាញ បើ​ទោះជា​លក្ខណៈ គ្រួសារ​ក៏ដោយ ប៉ុន្តែ លោក​អាច​ចិញ្ចឹមសត្វ​រហូត​ដល់​ចាល។ ដូចជា​ចិញ្ចឹមសត្វ​មាន់ រហូត​ដល់​ចាល​មិនអាច​លក់​ចេញ​បាន ឬ​ចិញ្ចឹម​ជ្រូក ត្រី អ៊ីចឹង ទាល់​តែ​ចាល​។ អ៊ីចឹង​ចំពោះ​ការ​ចិញ្ចឹម ខ្ញុំ​គិតថា លោក​គាត់​មានលទ្ធភាព​ការ​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​។ សំខាន់​រដ្ឋ​របស់​យើង ថា​តើ គាត់​ត្រូវការ​ប៉ុន្មាន ជាក់លាក់​ដើម្បី​ដាក់​ផែនការ ឱ្យ​ពលរដ្ឋ ចិញ្ចឹម​ដើម្បី សមស្រប ជាមួយ​នឹង​ទីផ្សារ»

បន្ថែម​ពី​នោះ លោក​ថា ការ​ចិញ្ចឹម​មាន់ របស់​ពលរដ្ឋ​ភាគច្រើន កើតឡើង​ដោយ​ក្ដី​ស្រឡាញ់ និង ការ​ប្រឹងប្រែង​រក​ចំណូល ដោយ​ខ្លួនឯង ពុំ​សូវ​មាន​ការ​ជំរុញ និង​លើកទឹកចិត្ត តាម​តម្រូវការ​ទីផ្សារ ដែល​ដាក់ ចេញ​ដោយ​រដ្ឋាភិបាល​នោះ​ទេ​។ ការណ៍​នេះ លោក​ថា ជា​ចំណុច​អវិជ្ជមាន​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ធ្វើ​ឱ្យ​កសិករ​ភាគច្រើន ប្រឈម​ការ​ខាតបង់ ពី​ការ​ចិញ្ចឹមសត្វ ដូចជា ជួប​បញ្ហា​ជំងឺ និង​កង្វះ​ទីផ្សារ​។ លោក​បន្ត​ថា កន្លង​ទៅ កម្ពុជា​មាន​លទ្ធភាព​ផលិត​សត្វ​មាន់ បាន​ប្រមាណ​១០​ម៉ឺន​ក្បាល​ក្នុង​១​ថ្ងៃ ចំណែក តម្រូវការ​ទីផ្សារ​ប្រមាណ ១០​ម៉ឺន​ក្បាល ក្នុង​១​ថ្ងៃ​។ ដូច្នេះ លោក​ថា កម្ពុជា មិន​ត្រូវ​នាំ​ចូល​មាន់​រស់ ឬ​សាច់​មាន់ ពី​បណ្ដាល​ប្រទេសជិតខាង​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។