តំណាងរាស្ត្រនិងទីប្រឹក្សាបក្សប្រជាជនប្រតិកម្មលើការប្រមូលពន្ធថា គាបសង្កត់ពលរដ្ឋក្នុងគ្រាលំបាក
2023.09.28
តំណាងរាស្ត្រ និងទីប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជាមួយចំនួនប្រតិកម្មលើការប្រមូលពន្ធ ដោយចាត់ទុកថា មន្ត្រីធ្វើការងារច្របូកច្របល់សង្កត់ក ទារលុយពលរដ្ឋ ក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងលំបាកស្រាប់។ ក្រោយមានប្រតិកម្មពីប្រជាពលរដ្ឋទូទាំងប្រទេស និងមន្ត្រីជាន់ខ្ពស់ក្នុងបក្សផងនោះ លោក ហ៊ុន សែន និងកូនរបស់លោកគឺលោក ហ៊ុន ម៉ាណែត ចេញមុខ បកស្រាយបញ្ហានេះផ្ទួនៗគ្នាក្នុងពេលតែមួយ។
តំណាងរាស្ត្រនិងទីប្រឹក្សាបក្សប្រជាជនកម្ពុជាមួយចំនួន អំពាវនាវឱ្យថ្នាក់ដឹកនាំពិនិត្យឡើងវិញ លើការប្រមូលពន្ធ ដោយពួកគេលើកឡើងថា មានភាពអយុត្តិធម៌ និងគាបសង្កត់ពលរដ្ឋរាប់លាន ករណីក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច។
សមាជិកសភាមណ្ឌលកំពង់ចាម មកពីបក្សប្រជាជនកម្ពុជាលោក ខៀវ កាញារីទ្ធ បានចែករំលែក សារនៅថ្ងៃទី២៧ ខែកញ្ញាដោយចោទមន្ត្រីពន្ធដារខេត្តសៀមរាបថា ធ្វើការវិលវល់គ្មានមូលដ្ឋាន ច្បាប់ ទារពន្ធលើដីទំហំ ១១ម៉ែត្រគុណ ២០ម៉ែត្រ រហូតដល់ ៤លាន ៥សែនរៀល។ សារនេះក៏បានបញ្ជាក់ទៀតថា មន្ត្រីពន្ធដារកំពុងគាបសង្កត់គ្មានមូលដ្ឋានច្បាប់បែបនេះ លើពលរដ្ឋរាប់លានករណី។
សាររបស់តំណាងរាស្ត្រនិងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះមានការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម។
ក្រៅពីប្រជាពលរដ្ឋទូទៅគឺទីប្រឹក្សា លោក ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា គឺលោក ជុំ កុសល ក៏ចែករំលែកសារលោក ខៀវ កាញារីទ្ធ ហើយសរសេរ បន្ថែមថា «នេះជារឿងដែលត្រូវគិតខ្លាំងបំផុត»។
ទន្ទឹមនឹងនេះ ទីប្រឹក្សាលោក ហ៊ុន សែន ម្នាក់ទៀតគឺលោក សេង ប៊ុនវេង ហៅ អាចារ្យអេ បានហៅលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថា ជាមនុស្សឈាមខ្មៅ ធ្វើការ ដូចក្រុមចោរទៅបិទកន្លែងអាជីវកម្មរបស់លោកជាថ្នូរ នឹងការជំរិតទារលុយ ១ខែ ២ម៉ឺនដុល្លារ។
លោក សេង ប៊ុនវេង៖ «លើកទ័ពចូលអ៊ីចឹងមែន? បើអត់ឱ្យចូលគឺបិទអត់ឱ្យលក់ទេ។ ធ្វើអ៊ីចឹងសម្តេចពុកសប្បាយចិត្តទេ ធ្វើបាបអ្នកក្រជាកូនចៅរបស់គាត់។ អំណាចអីក៏អំណាចយ៉ាងនេះប្រកាសទៅប្រទេសនេះផ្ដាច់ការកុម្មុយនីស្ត dictator Cambodia។ ប្រកាសម៉ងទៅ ហើយធ្វើទៅអត់ថា អីទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ខៀវ កាញារីទ្ធ លោក ជុំ កុសល និង លោក សេង ប៊ុនវេង ដើម្បីសាកសួរបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែកញ្ញា។
អគ្គនាយកដ្ឋានពន្ធដារ បានរឹតបន្តឹងការប្រមូលពន្ធបន្តបន្ទាប់ ក្រោយពេលរបាយការណ៍ ៨ខែ ដំបូង ប្រមូលពន្ធបានតែប្រមាណ ២ពាន់លានដុល្លារ គឺខ្វះ ២១ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។
ក្រោយការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានពន្ធដារតម្រូវឱ្យបង់ពន្ធលើផ្នែកផ្សេងៗ ដែលមិនធ្លាប់មានពីមុន ខណៈសេដ្ឋកិច្ចមានវិបត្តិហើយស្ថាប័នធនាគារក៏បន្តបង្ខំ ទារលុយពីពលរដ្ឋជាកូនបំណុលទៀតនោះ បញ្ហានេះនាំឱ្យមហាជនគ្រប់កន្លែងមិនពេញចិត្ត។
ហាក់ព្យាយាមឆ្លើយតបទៅនឹងការមិនពេញចិត្តរបស់ពលរដ្ឋនិងមហាជនពីការគាបសង្កត់ផ្នែកពន្ធដារ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត ចេញសារផ្ទួនៗគ្នានៅថ្ងៃ ទី២៧ ខែកញ្ញា ក្នុងន័យប្រហាក់ប្រហែលគ្នាដោយបកស្រាយថា មិនមានការណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារទារពន្ធបន្ថែមនោះទេ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលមិនបានបន្ថែមពន្ធ ហើយផែនការជួបវិស័យឯកជននៅចុងឆ្នាំនេះ ក៏មិនបន្ថែមពន្ធអ្វីថ្មីដែរ។
លោក ហ៊ុន ម៉ាណែត៖ «ចង់បញ្ជាក់ប្រាប់ឯកឧត្តមលោកជំទាវបន្ថែមថា តាំងពីរដ្ឋាភិបាលបង្កើតរហូតដល់ម៉ោងនេះ គឺមិនមានការបង្កើតពន្ធបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ឬអាជីវករនោះទេ។ ចំពោះការគិតដែលយើងនឹងធ្វើសម្រាប់ដាក់ជាកញ្ចប់ជាវិធានការអន្តរាគមន៍ក្នុងខែ១១សម្រាប់វេទិការាជរដ្ឋាភិបាល និងវិស័យឯកជនពិចារណាតែលើពន្ធដែលមានស្រាប់តែប៉ុណ្ណោះ»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ចាត់ទុក សកម្មភាពប្រមូលពន្ធនៅពេលនេះថា កំពុងដើរបញ្ច្រាសពីស្ថានភាពជីវភាពរបស់ពលរដ្ឋ។ លោកបន្តថា សកម្មភាពទារពន្ធ កំពុងបង្ហាញពីភាពទន់ខ្សោយរបស់រដ្ឋាភិបាលអាណត្តិទី៧នេះ។
លោក សេក សុជាតិ៖ «បញ្ហានេះជាវិធានការមួយដែលរដ្ឋាភិបាលហាក់បីដូចជាបង្ហាញឱ្យឃើញពីភាពទន់ខ្សោយនៃសេដ្ឋកិច្ចរបស់ខ្លួន ដូច្នេះមានតែដាក់ចេញគោលនយោបាយប្រមូលពន្ធពីប្រជាពលរដ្ឋដើម្បីបង្ក្រប់ការចំណាយរបស់គាត់នៅឆ្នាំ២០២៤ខាងមុខ»។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា លើកឡើងថា បញ្ហាពន្ធពេលនេះ ជាមេរៀនដ៏សំខាន់ ដែលមន្ត្រីបក្សកាន់អំណាច ត្រូវប្រឹងប្រែងធ្វើការងារ ដើម្បីពង្រឹងប្រព័ន្ធច្បាប់ កុំបណ្តោយទាល់តែប៉ះពាល់ខ្លួនឯងទើបស្រែកថា អយុត្តិធម៌ ដូចពេលនេះ។
លោក ប៉ោ មករា៖ «តំណាងរាស្ត្រទាំងអស់ហ្នឹងឧត្តមមន្ត្រីហ្នឹង គាត់ស្ងាត់ពីមួយអាណត្តិទៅមួយអាណត្តិ។ កាលពីអាណត្តិទី៦ ក៏គាត់ស្ងាត់ហើយអាណត្តិទី៧នេះ បើនៅតែស្ងាត់ទៀត គឺចង់ឬមិនចង់ត្រូវប៉ះទៀត។ ខ្លួនឯងដែលជាអ្នកមានសិទ្ធិក្នុងការមើលការខុសត្រូវលើរឿងទាំងអស់ហ្នឹងហើយនៅតែប៉ះទៀតអ៊ីចឹង»។
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ មានប្រសាសន៍ថា ការប្រមូលពន្ធគឺជាភារកិច្ចរដ្ឋាភិបាល ដើម្បី យកទៅចាត់ចែងក្នុងការដឹកនាំប្រទេស ប៉ុន្តែលោកថា ត្រូវធ្វើឡើងដោយទន់ភ្លន់ និងស្របតាមស្ថានការណ៍។
លោក ង៉ែត ជូ កត់សម្គាល់ថា ភាពចម្រូងចម្រាសមួយរយៈចុងក្រោយនេះបណ្តាលមកពីមូលហេតុមួយចំនួនគឺមន្ត្រីបកស្រាយមិនច្បាស់ពីការយកពន្ធមូលធនលើអចលនទ្រព្យ ពលរដ្ឋបាត់បង់ចំណូល និងមានបញ្ហាបំណុលធ្ងន់ធ្ងរ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះជំរុញឱ្យរដ្ឋាភិបាល សិក្សាឱ្យ បានច្បាស់លាស់ ព្រោះលោកថា ទំនុកចិត្តរបស់ប្រជាពលរដ្ឋនិងអ្នកវិនិយោគ លើវិស័យអចលនទ្រព្យ ពេលនេះ ធ្លាក់ដល់ចំណុចសូន្យ។
លោក ង៉ែត ជូ៖ «បើយើងអនុវត្តនៅពេលដែលសេដ្ឋកិច្ចកំពុងតែរីកចម្រើនគឺConsumer Confident នៅមានកម្រិតខ្ពស់។ អ៊ីចឹងចរន្តនៃការទិញលក់គឺនៅបន្ត ទោះថមថយខ្លះក៏តែបន្តដែរ។ ប៉ុន្តែនៅពេលនេះConsumer Confident គឺធ្លាក់ដល់សូន្យទៅហើយ។ អ៊ីចឹងបើដាក់ទៀតធ្វើឱ្យការថប់ដង្ហើមដែលកំពុងមិនមានចលនាហ្នឹងនៅបន្តទៅទៀតរហូត ៤ ទៅ ៥ឆ្នាំ អីបានឈប់បាន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែកញ្ញា។
អ្នកច្បាប់ អ្នកសេដ្ឋកិច្ច និងអ្នកវិភាគបញ្ហាសង្គមរំឭកឱ្យរដ្ឋាភិបាល មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះ សកម្មភាពនៃការប្រមូលពន្ធនេះបានធ្វើឱ្យមហាជនកាន់តែច្រើនខឹងសម្បារ ខណៈពួកគេមើល ឃើញនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ឡើងកាន់តំណែង តំណាលលោក ហ៊ុន ម៉ាណែត ដែរ ប៉ុន្តែបានដំឡើងប្រាក់ឈ្នួលកម្មករ ដោះស្រាយ បន្ថយតម្លៃ ទំនិញលើទីផ្សារ និងដាក់ចេញ គោលនយោបាយដោះស្រាយបញ្ហា បំណុលពលរដ្ឋជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។