អាជ្ញាធរ​កំពុង​រក​មធ្យោបាយ​សង្គ្រោះ​ស្រូវប្រាំង​ជិត ៥​ម៉ឺន​ហិកតារ ខណៈ​២​ពាន់​ហិកតារ​ទៀត​ងាប់​ទាំងស្រុង

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​កំពុង​រក​មធ្យោបាយ​សង្គ្រោះ​ស្រូវប្រាំង​ជិត ៥​ម៉ឺន​ហិកតារ​កំពុង​ប្រឈម​ខ្វះខាត​ទឹក​បូម​បញ្ចូល​ស្រែ ស្រប​ពេល​ដែល​ស្រូវប្រាំង​របស់​កសិករ​ជាង ២​ពាន់​ហិកតារ​ទៀត បាន​ងាប់​ទាំងស្រុង។

អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា ថា អាជ្ញាធរ​ភូមិ​/​ឃុំ និង​សមត្ថកិច្ច​ដេកចាំ​នៅ​វាលស្រែ ដើម្បី​អន្តរាគមន៍​ឱ្យ​កសិករ​បូម​ដាក់​ស្រែ​ស្មើៗ​គ្នា ចៀស​វៀង​ឈ្លោះ​ទាស់ទែង​គ្នា។

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៥ មករា ថា ស្រូវប្រាំង​របស់​កសិករ​ជិត ៥ ម៉ឺន​ហិកតារ ខូចខាត​មួយចំនួន​ហើយ ដោយសារ​កសិករ​ធ្វើស្រែ​ប្រាំង​ឆ្ងាយ​ពី​ប្រភព​ទឹក​ដែល​អាជ្ញាធរ​ពិបាក​នឹង​ជួយ​សង្គ្រោះ។

អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ រីដា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​បាន​បូមទឹក​បញ្ចូល​អូរ ប្រឡាយ និង​បឹង​មួយចំនួន ដោយ​កំណត់​ឱ្យ​កសិករ​បូមទឹក​ដាក់​ស្រែ​ស្មើៗ​គ្នា។

លោក​ថា មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់​វាយតម្លៃ​ថា គិត​មក​ទល់​ពេល​នេះ ស្រែប្រាំង​របស់​កសិករ​ក្នុង​ស្រុក​បាកាន និង​ស្រុក​កណ្ដៀង ទំហំ​ជាង ២ ពាន់​ហិកតារ ងាប់​ខូច​ទាំងស្រុង​នៅ​តំបន់​ឆ្ងាយ​ពី​ប្រភព​ទឹក និង​តំបន់​ខ្លះទៀត កំពុង​ក្រៀម​ស្វិត ហើយ​អាជ្ញាធរ​កំពុង​អន្តរាគមន៍​សង្គ្រោះ​ទាន់​ពេល។

លោក ខូ រីដា៖ «អាជ្ញាធរ​យើង ទៅ​ដេក​ជាមួយ​ទាំងយប់ និង​ថ្ងៃ អភិបាលស្រុក​/​អភិបាលស្រុករង មេឃុំ កងកម្លាំងប្រដាប់អាវុធ ទៅ​ដេក​នៅ​តាម​មាត់​ប្រឡាយ​ដើម្បី​បែងចែក​ទឹក ធ្វើ​ឱ្យ​ស្ងប់ស្ងាត់ បែងចែក​ទឹក ដើម្បី​ទទួល​យក​បាន​ទាំងអស់គ្នា​។ បែងចែក ចំណាត់ការ​របស់​ខេត្ត​ហ្នឹង»។

អភិបាលខេត្ត​រូប​នេះ​បន្ថែម​ថា តម្លៃ​ស្រូវ​ឆ្នាំនេះ ហក់​ឡើង​ថ្លៃ ទ្វេ​មួយ​ជា​ពីរ​បើ​ធៀប​កាល​ពី​ឆ្នាំ​មុន តម្លៃ​ស្រូវ​ក្នុង​មួយ​គីឡូក្រាម ៧០០ ដល់ ៨០០ រៀល ក៏ប៉ុន្តែ​ឆ្នាំនេះ​ស្រូវ​មាន​តម្លៃ ចន្លោះ​ពី ១​ពាន់ ៣រយ​រៀល (១៣០០) ដល់ ១ ពាន់ ៥​រយ​រៀល​(១៥០០) ក្នុង​មួយ​គីឡូក្រាម។

លោក​ថា ប្រសិនបើ​សង្គ្រោះ​ស្រូវប្រាំង​របស់​កសិករ​ទាន់​ពេល នឹង​ជួយ​ដល់​ជីវភាព​ប្រជាកសិករ​។ រីឯ​អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ទៅ​រដ្ឋាភិបាល កសាង​ទំនប់​ទឹកធំៗ បន្ថែម​ទៀត ក្នុង​ស្ទឹង​ពោធិ៍សាត់​ដើម្បី​ផ្តល់​ទឹក​ឱ្យ​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង​គ្រប់គ្រាន់។

ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ រហូត​មក​ទល់​ពេល​នេះ កសិករ​រស់នៅ​ស្រុក​បាកាន និង​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ កំពុង​មមាញឹក​បូមទឹក​បញ្ចូល​ស្រែ និង​ស្វះ​ស្វែងរក​ទឹក​ពី​មធ្យោបាយ​ផ្សេងៗ ដើម្បី​ស្រោច​ស្រូវប្រាំង​របស់​ពួកគាត់​។ កសិករ​ខ្លះ​ជីក​អណ្តូង ហើយ​កសិករ​ខ្លះទៀត​ទិញ​ទឹក​តាម​រថយន្ត យក​ពី​តំបន់​ឆ្ងាយៗ បាញ់​ស្រោច​ស្រែប្រាំង របស់​ពួកគាត់​។ កសិករ​មួយចំនួន​បាន​ដណ្តើម​គ្នា​បូមទឹក ពី​ប្រឡាយ អូរ និង​ស្ទឹង ធ្វើ​ឱ្យ​ប្រភព​ទឹកធំៗ រីង​ខះ។

ថ្មីៗ​នេះ កសិករ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក (Facebook) បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​កសិករ​មួយ​ចំនួន ក្នុង​ស្រុក​បាកាន​ដែល​ត្រូវ​ការ​ទឹក​បូម​បញ្ចូល​ស្រែ ប្រើ​ពេល​វេលា ថវិកា និង កម្លាំង​ពលកម្ម​ច្រើន​ទម្រាំ​អាច​ទាញ​ទឹក ស្រោច​ស្រូវប្រាំង​បាន​ម្តងៗ។

ប្រជាកសិករ​រស់នៅ​ខេត្ត​ពោធិ៍សាត់ កញ្ញា សាយ លឹមជូរ សង្កេត​ឃើញ​ថា វិបត្តិ​ខ្វះ​ទឹក ធ្វើស្រែ​ប្រាំង មិន​ត្រឹមតែ​កើតឡើង​នោះ​ទេ រដ្ឋាភិបាល​គួរតែ​ទទួលខុសត្រូវ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ ហើយ​រក​មធ្យោបាយ​ឱ្យ​ពួកគាត់​ធ្វើ​កសិកម្ម​គ្រប់​រដូវ។

កញ្ញា​បន្ថែម​ថា វិបត្តិ​ខ្វះខាត​ទឹក​ធ្វើស្រែ​ប្រាំង​នេះ​ដោយសារតែ​រដ្ឋាភិបាល មិន​ទាន់​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់​ច្រកល្ហក។

កញ្ញា សាយ លឹមជូរ៖ «រឿង​ហ្នឹង​វា​មិនមែន​ទើបតែ​កើត​ឡើងជា​លើក​ទី១ បើ​យើង​និយាយ​ពី​ទំនួល​ខុសត្រូវ​របស់​រដ្ឋ ក្នុង​ការ​ធានា​ពី​សុវត្ថិភាព និង​លើកស្ទួយ​កសិករ​បង្ក​បង្កើន​ផល។ បើ​មាន​ទឹក​គ្រប់គ្រាន់ យើង​អាច​ប្រើប្រាស់​ដី វា​ចំណេញ​សម្រាប់​កសិករ»។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ថា បញ្ហា​កសិករ​ខ្វះ​ទឹក​ធ្វើស្រែ​ប្រាំង កើតឡើង​ច្រើន​ឆ្នាំ​មក​ហើយ ល្មម​ដល់​ពេល​ដែល​រដ្ឋាភិបាល​ដោះស្រាយ ដោយ​ត្រូវ​ពន្លឿន​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់​ច្រកល្ហក​ដើម្បី​ផ្តល់​ទឹក​គ្រប់គ្រាន់​ចែក​ជូន​ពលរដ្ឋ​ធ្វើ​កសិកម្ម​គ្រប់​រដូវ។

លោក យង់ គិមអេង៖ «បង្កើត​វេទិកា​កសិកម្ម​មួយ​មក គួរ​តែ​រៀបចំ អញ្ជើញ​អ្នក​ជំនាញ​ចម្រុះ​ផ្ដោត​លើ​កសិកម្ម។ បញ្ហា​ខ្លះ យើង​មើល​ឃើញ​តែបើ​យើង​គិត​ទៅ យើង​ថា ចាយ​លុយ​ច្រើន តែបើ​យើង​ជជែក​គ្នា ផុសផុល​ប្រហែល​ជា​យើង​រក​ឃើញ​ដំណោះស្រាយ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ឆ្ងល់​ថា រដ្ឋាភិបាល​កំណត់​ថា ប្រទេស​កម្ពុជា​ប្រទេស​កសិកម្ម​ហើយ​កសិករ​មាន​រហូត​ដល់ ៨០ ភាគរយ ហេតុអ្វី​បាន​ជា វិស័យ​កសិកម្ម​ក្នុង​ប្រទេស​នៅតែ​ប្រឈម​បញ្ហា​ខ្វះ​ទឹក​? លោក​ថា បឹងបួ ស្ទឹង និង​អូរ ដែល​ជា​ប្រភព​ទឹក​សំខាន់ រដ្ឋាភិបាល​គួរតែ​ថែរក្សា និង​ជីក​ស្ដារ​ពង្រីក​បន្ថែម ដើម្បី​បង្កើត​ចរន្ត​បង្ហូរទឹក​លឿន​ងាយ​ស្រួល កសិករ​ធ្វើ​កសិកម្ម​ហុច​ផល​ច្រើន។

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​បន្ថែម​ថា ផែនការ​កសាង​ទំនប់​ទឹកធំៗ ចំនួន​២ ក្នុង​ស្ទឹង​ពោធិ៍សាត់​នឹង​ផ្តើម​កសាង​នៅ​ឆ្នាំ ២០២៤​នេះ ហើយ​គម្រោង​នេះ អាច​ឱ្យ​កសិករ​ខេត្ត​ពោធិ៍សាត់ ឈប់​ប្រឈម​ខ្វះ​ទឹក នៅ​ឆ្នាំ​២០២៦ និង​ឆ្នាំ​២០២៧ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។