ក្រុមហ៊ុនវិភាគទិន្នន័យឈ្មោះ ៦០ ដេស៊ីបែល (60 Decibels)រកឃើញថា ពលរដ្ឋកម្ពុជាត្រូវកាត់បន្ថយការចំណាយលើអាហារដើម្បី សន្សំប្រាក់សងបំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលពលរដ្ឋភាគច្រើនកំពុងជាប់ជំពាក់។
ក្រុមហ៊ុនវិភាគទិន្នន័យឈ្មោះ ៦០ ដេស៊ីបែល ដែលធ្វើការស្រាវជ្រាវទៅលើស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានចេញរបាយការណ៍ស្រាវជ្រាវនៅខែវិច្ឆិកា ថា ប្រជាជនកម្ពុជាមានចំណេះដឹងទាប បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់ និងនៅលើពិភពលោកពាក់ព័ន្ធនឹង ប្រាក់កម្ចី ភាពយុត្តិធម៌ភ្នាក់ងារ និងជម្រើស។
របាយការណ៍នៃការស្រាវជ្រាវនេះរកឃើញថា ទីផ្សារមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានចំនួនកើនឡើងលើសពីតម្រូវការដែលនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបំណុលហួសហេតុ ហើយនាំឱ្យមានការយល់ឃើញថា មីក្រូហិរញ្ញវត្ថុបានធ្វើឱ្យពលរដ្ឋមានជីវភាពកាន់តែក្រីក្រជាងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។ កម្ពុជាមានអ្នកខ្ចីលុយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាង៣លាននាក់ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានបំណុលមីក្រូហិរញ្ញវត្ថុកម្រិតខ្ពស់លើសពីប្រាក់ចំណូលដែលទទួលបាន។
ការស្រាវជ្រាវនេះឱ្យដឹងទៀតថា ស្ថានភាព នេះបាននាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះតម្រូវការសម្រាប់ការការពារអតិថិជន ឱ្យកាន់តែរឹងមាំ ការអនុវត្តការផ្ដល់ប្រាក់កម្ចីប្រកបដោយនិរន្តរភាព និងការត្រួតពិនិត្យបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង។
ការពីឆ្នាំមុនស្ថាប័នស្រាវជ្រាវ ៦០ដេស៊ីបែល រកឃើញថា អតិថិជនកម្ពុជាមានតែ ៦% ភាគរយដែលបានលើកឡើងថា ជីវភាពរបស់ពួកគាត់មានភាពប្រសើរឡើងបន្ទាប់ពីខ្ចីលុយមីក្រូហិរញ្ញវត្ថុ ខណៈដែលអតិថិជនចំនួន ៣៩ភាគរយទៀតអះអាងថា ពួកគាត់ បានជួបប្រទះនឹងការកើនឡើងនូវការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ។ ការរកឃើញទាំងនេះបានបង្ហាញថា ពលរដ្ឋកម្ពុជាក្រីក្រជាងប្រទេសនៅតំបន់អាស៊ាន ហើយប្រជាពលរដ្ឋខ្មែរជាច្រើនបានកំពុងកាត់បន្ថយលើថ្លៃអាហារដើម្បីទុកលុយសងធនាគារ។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនទាន់អាចឆ្លើយតបភ្លាមៗ បាននៅឡើយទេ ដោយលោកត្រូវអានរបាយការណ៍ស្រាវជ្រាវជាមុនសិន។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៨ វិច្ឆិកា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការរកឃើញនេះគឺដូចគ្នានឹងការរកឃើញរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូដែរដោយបានរកឃើញថា ពលរដ្ឋនៅខេត្តកំពង់ស្ពឺបានធ្លាក់ក្នុងបំណុលធ្ងន់ធ្ងរ។ លោកថា ការជាប់បំណុលធ្ងន់ធ្ងរនេះបានធ្វើឱ្យមានករណីកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុក ការបង្ខំលក់ផ្ទះសម្បែង និងការកាត់បន្ថយអាហារបរិភោគជាដើម។
លោក អំ សំអាត៖«ជាអនុសាសន៍របស់អង្គការសង្គមស៊ីវិលដែលបានធ្វើការស្រាវជ្រាវលើរឿងហ្នឹង ហើយថាទីមួយត្រូវបញ្ឈប់ការលក់ដីដោយបង្ខំ ហើយទីពីរត្រូវប្រើសិទ្ធិនៃកូនបំណុលត្រូវអនុវត្ត ហើយទី៣មិនត្រូវមានការគំរាមកំហែងការបំភិតបំភ័យណាមួយទៅដល់អ្នកខ្ចី»។
កាលពីខែសីហា ឆ្នាំ២០២៣ អង្គការលីកាដូ (Licadho) និងអង្គការសមធម៌កម្ពុជាសិក្សារួមគ្នារកឃើញគ្រួសារមួយចំនួនក្នុងខេត្តកំពង់ស្ពឺជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធនាគារកាន់តែច្រើនឡើង។ របាយការណ៍បង្ហាញថា ពលរដ្ឋនៅក្នុងខេត្តនេះលើសពី ៨០ភាគរយ ជំពាក់បំណុលធនាគារយ៉ាងតិច ១ស្ថាប័ន ក្នុងនោះពលរដ្ឋ ២ភាគ៣ អះអាងថា ពួកគាត់ជាប់បំណុលធ្ងន់ធ្ងរលើសពីលទ្ធភាពនៃការសងត្រឡប់។
ដោយឡែក របាយការណ៍ក្រុមហ៊ុនស៊ីប៊ីស៊ី (CBC)ដែលជាក្រុមហ៊ុនកត់ត្រាទិន្នន័យនៃទំហំឥណទានរបស់រូបវន្តបុគ្គល គ្រឹះស្ថាន ឬសហគ្រាស ចេញផ្សាយកាលពីចុងខែមីនា ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋកម្ពុជាជិត ៥០%ដែលមានអាយុ ១៨ឆ្នាំឡើង ឬប្រមាណ ៥លាននាក់ បានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក្នុងទំហំប្រមាណ ៥៧ពាន់លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។