ស្ថានទូតចិនប្រចាំកម្ពុជា អះអាងថា ចិននឹងបន្ថែមការទិញស្រូវពីកម្ពុជាឱ្យបានដល់ ៤០ម៉ឺនតោនជារៀងរាល់ឆ្នាំ។ មន្ត្រីរដ្ឋាភិបាលថា នេះជាសញ្ញាល្អ ប៉ុន្តែអ្នកជំនាញថា ករណីជាក់ស្ដែងចិនមិនបានទិញស្រូវបានច្រើនដូចការអះអាងនោះទេ។
ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងថា ពេលនេះក្រុមហ៊ុនរបស់កម្ពុជាចំនួន ១៨បន្ថែមទៀតដែលទទួលបានសិទ្ធិនាំចេញអង្ករទៅលក់ប្រទេសចិន។ ចិនរំពឹងថាខ្លួននឹងអាចទិញស្រូវពីកម្ពុជាបានដល់៤០ម៉ឺនតោនក្នុងមួយឆ្នាំ ដូចការគ្រោងទុក។ ស្ថានទូតចិនលើកឡើងបែបនេះនៅលើហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី០៧ ខែធ្នូថា និងអះអាងថា ពេលនេះមាន សហគ្រាសអង្កររបស់កម្ពុជា ទទួលបានសិទ្ធិនាំអង្ករចេញទៅប្រទេសចិន ចំនួន៤៤ក្រុមហ៊ុន។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា នេះជាការបង្ហាញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អផ្នែកពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ លោក ផៃ ស៊ីផាន ឱ្យដឹងទៀតថា កម្ពុជាក៏មានការចុះហត្ថលេខាពាណិជ្ជកម្មសេរីជាមួយចិនបន្ថែមក្រៅពីស្រូវដែរ ដែលរួមមានការនាំចេញផ្លែស្វាយ ស្វាយចន្ទី និងកៅស៊ូជាដើម។ «»
ប៉ុន្តែនៅពេលនេះមានការចោទសួរថា តើការនាំអង្កររបស់កម្ពុជាទៅចិន អាចទំហំស្មើនឹងទីផ្សារអង្កររបស់កម្ពុជាទៅអឺរ៉ុបទេ? អ្នកនាំពាក្យរូបនេះ អះអាងថា ដោយសារអង្ករកម្ពុជាមានគុណភាពល្អ ទោះអឺរ៉ុបយកពន្ធនាំចូលក្តី ក៏អង្ករកម្ពុជានៅតែមានទីផ្សារអឺរ៉ុបដដែល។
ស្ថានទូតចិនឱ្យដឹងថា រយៈពេលចំនួន ១១ខែក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារ ចំនួន ៦០ប្រទេស និងតំបន់លើពិភពលោក ហើយប្រទេសចិននៅតែជាទីផ្សារនាំចូលធំជាងគេបង្អស់។ ស្ថានទូតចិនឱ្យដឹងទៀតថា ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនលើសពី២០ម៉ឺនតោនក្នុងឆ្នាំ២០១៩។
អ្នកជំនាញវិស័យកសិកម្ម និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបណ្ឌិត យ៉ង សាំងកុមារ ឱ្យដឹងថា ទោះមានការអះអាងពីស្ថានទូតចិនថានឹងទិញអង្កររបស់កម្ពុជាច្រើនម៉ឺនតោនបែបនេះក្តី ក៏ ករណីជាក់ស្ដែងចិនមិនបានទិញអង្ករកម្ពុជា បានច្រើនដូចការអះអាងឡើយ។ អ្នកជំនាញវិស័យកសិកម្មរូបនេះបន្តថា ទីផ្សារប្រទេសចិននៅតែចង្អៀតបើធៀបទៅនឹងទីផ្សារអង្ករនៅអឺរ៉ុប។ «»
ទាក់ទងករណីនេះ អាស៊ីសេរីមិនអាចសុំការពន្យល់បន្ថែមពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានទេនៅថ្ងៃទី៨ ធ្នូ ដោយទូរស័ព្ទចូលគ្មានមានអ្នកទទួល។
កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០១៩ សហភាពអឺរ៉ុបបានកំណត់យកពន្ធលើការនាំចូលអង្ករពីកម្ពុជាសម្រាប់ទីផ្សារអឺរ៉ុប ដោយ១ឆ្នាំដំបូងកម្ពុជាត្រូវបង់ពន្ធ ២០០ដុល្លារក្នុងមួយតោន។ ឆ្នាំទី២ ត្រូវបង់ពន្ធចំនួន ១៧០ដុល្លារក្នុងមួយតោន និងឆ្នាំទី៣ចំនួន ១៤២ដុល្លារក្នុងមួយតោន។ បញ្ហានេះកំពុងធ្វើឱ្យតម្លៃស្រូវរបស់កសិករធ្លាក់ចុះនិងមិនសូវមានឈ្មួញចុះទិញស្រូវពីកសិករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
