សហគមន៍​កសិករ​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​តម្លៃ​អង្ករ

សហគមន៍​កសិករ​កម្ពុជា ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​កសិកម្ម ត្រូវ​តែ​មាន​យន្តការ​ច្បាស់លាស់ ដើម្បី​ធានា​តម្លៃ​ស្រូវ​សមរម្យ នៅ​ពេល​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ។

សំណូមពរ​របស់​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន នេះ បន្ទាប់ពី​របាយការណ៍​របស់​ក្រសួង​កសិកម្ម​បង្ហាញ​ថា អត្រា​នាំ​អង្ករ​ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស មានការ​កើន​ឡើង ក្នុង​អំឡុង​ពេល ៤​ខែ​ដើម​ឆ្នាំ​២០២០​នេះ ទោះបីជា​មានការ​រាលដាល​សកល​នៃ​ជំងឺ​កូវីដ​១៩ (Covid-19)។

លោក ថេង សាវឿន បន្ត​ថា អត្រា​កើន​ឡើង​នៃ​ការនាំចេញ​អង្ករ​នេះ គឺជា​ដំណឹង​ល្អ​សម្រាប់​កសិករ ប៉ុន្តែ​លោក​ចង់​ឱ្យ ទាំង​កសិករ​និង​ឈ្មួញ​ទទួល​បាន​ផល​ចំណេញ​ដូចគ្នា ដើម្បី​លើកទឹកចិត្ត​ឱ្យ​កសិករ​បន្ត​ដាំ​ដំណាំ​ស្រូវ​បន្ថែម​ទៀត សម្រាប់​តម្រូវ​ការ​នាំ​អង្ករ​ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស៖ «ត្រូវ​ធានា​រោង​ម៉ាស៊ីនកិនស្រូវ​និង​អ្នក​ប្រមូល​ទិញ ផ្ដល់​តម្លៃ​សមរម្យ​សម្រាប់​កសិករ កុំ​ឱ្យ​ពួកគាត់​ខាតបង់​។ ប្រសិនបើ​មានការ​កេង​ចំណេញ ដោយ​ទម្លាក់​តម្លៃ​ស្រូវ​ចំពោះ​កសិករ ប៉ុន្តែ​ខ្លួនឯង​យកចេញ​លក់​តម្លៃ​ល្អ​ប្រសើរ។ ក្រសួង​ត្រូវ​អន្តរាគមន៍ ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ដាំ និង​អ្នក​នាំចេញ​បាន​ទទួល​ផល​ចំណេញ​ស្មើៗ​គ្នា»។

របាយការណ៍​ក្រសួង​កសិកម្ម​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​៤​ខែ ដើម​ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស សរុប​ជាង ៣០​ម៉ឺន​តោន (300,252 tons) ហើយ​បើ​ប្រៀបធៀប​អំឡុង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩ គឺ​កើន​ឡើង ៤០,៥ % ។ ចំណែក ការ​នាំ​អង្ករ​ចេញទៅ​ប្រទេស​ចិន​វិញ គឺ​មាន​ជាង​១២​ម៉ឺន​តោន (122,094 tons) ក្នុង​អំឡុង​ពេល ៤​ខែ ដើម​ឆ្នាំ​២០២០ ដែល​កើន​ឡើង​ប្រមាណ ២៨% បើ​ធៀប​ទៅ​នឹង ៤​ខែ​ដើម​ឆ្នាំ​២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។