ផ្លូវលំបាកធ្វើដំណើរក្នុងក្រុងសៀមរាប នៅតែជាឧបសគ្គ ប៉ះពាល់មធ្យោបាយសេដ្ឋកិច្ច និងអារម្មណ៍ភ្ញៀវទេសចរ ដែលទៅកម្សាន្តក្នុងខេត្តនេះ ជាច្រើនអាណត្តិមកហើយ។ ពលរដ្ឋ និងក្រុមមគ្គុទ្ទេសក៍បង្ហាញអារម្មណ៍ខកចិត្តថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ឱ្យគ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់នៅឡើយទេ។
ពលរដ្ឋរស់នៅក្រុងសៀមរាប និងក្រុមមគ្គុទ្ទេសក៍ មានមន្ទិលចំពោះរដ្ឋាភិបាលដែលទទួលបានប្រាក់ចំណូលរាប់រយលានដុល្លារ ពីវិស័យទេសចរក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែល្បឿននៃការអភិវឌ្ឍផ្លូវថ្នល់ តាមភូមិ/ឃុំ/សង្កាត់ នៅមានកម្រិតតិចតួចបំផុត។ ពួកគេត្អូញថា អាជ្ញាធរខេត្ត និងរដ្ឋាភិបាលហាក់គ្មានការទទួលខុសត្រូវអនុវត្តគោលនយោបាយ កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមួយនេះឱ្យមានគុណភាព ដូចការសន្យានៅមុនពេលបោះឆ្នោតទេ។
អ្នករត់ម៉ូតូកង់បី ក្នុងក្រុងសៀមរាប លោក រឹង ភារុន ឱ្យដឹងនៅថ្ងៃទី៧ កញ្ញាថា ផ្លូវលំជាច្រើនខ្សែតភ្ជាប់ពីផ្លូវជាតិ និងផ្លូវតាមឃុំ/សង្កាត់ ក្នុងក្រុងសៀមរាបខូចខាតធ្ងន់ធ្ងរស្ទើរគ្រប់កន្លែង។ លោកថា ផ្លូវលំបាកធ្វើដំណើរបែបនេះ កើតមានជាច្រើនឆ្នាំមកហើយ បើទោះបីជាផ្លាស់ប្ដូរអភិបាលខេត្តជាច្រើនរូបហើយក្ដី ក៏គ្មានដោះស្រាយជាវិជ្ជមានដែរ៖ «សន្យាខ្យល់ឱ្យផុតពីមាត់ទៅ តាមពិត។ អត់ធ្វើអីកើតទេនិយាយមែន មួយៗឡើងមក ( អភិបាលខេត្ត ) គួសរាស្ត្រយកតែលុយទេ។ អភិបាលខេត្តមួយឡើងមក ចាំយកតែលុយទេ គ្មានធ្វើផ្លូវ និងស្ពានទេ។ អត់អត់មើលពីប្រជាជន និងការលំបាកអត់មានមើលទេ»។
លោក រឹង ភារុន ចំណាំថា ផ្លូវលំក្នុងក្រុង ដែលអាជ្ញាធរកសាងកន្លងទៅ គ្មានគុណភាពល្អនោះទេ។ លើសពីនេះទៀត ផ្លូវក្រវាត់ក្រុង ផ្លូវស្មែលលីង (Smiling) ផ្លូវជា ស៊ីម និងផ្លូវលំជាច្រើនខ្សែទៀត រងការខូចខាត ដាច់ជាដុំៗ មានជង្ហុកច្រើន និងមានផ្លូវជាច្រើនកន្លែងទៀត នៅតាមបណ្ដាស្រុកក៏ទទួលរងការខូចខាតធ្ងន់ធ្ងរដែរ៖ «ម្សិលមិញខ្ញុំដឹកភ្ញៀវទៅ បឹងមាលា ផ្លូវទៅដុំដែកខ្ទិចអស់អាលីង ផ្លូវជង្ហុកធំៗ មិនបាច់និយាយជនបទទេ នៅក្នុងក្រុងដូចតែគ្នាទេ។ ផ្លូវក្រវាត់ក្រុងខូចអស់ហើយ ខូចគ្រប់កន្លែង ផ្លូវធ្វើមិនបានមួយឆ្នាំទេ ធ្វើខែវស្សាដល់ខែប្រាំងខូច។ អត់ឃើញដោះស្រាយចេញទេ នៅដដែល។ ឡើងមួយៗ មានសួរ ភារិន ឡើងឃឹម ប៊ុនសុង ហើយឃឹម ប៊ុនសុងរួច ឡើងក្រោយកូនតា ទៀ បាញ់ អត់មានធ្វើអីទេ ពួកនេះឡើងមក ចាំកើបតែលុយទេ»។
ប្រធានសមាគមក្រុមមគ្គុទ្ទេសក៍អង្គរ លោក ខៀវ ធី ថ្លែងថា ផ្លូវលំមួយផ្នែកធំ នៅទីប្រជុំជន ក្នុងក្រុងសៀមរាប ខូចខាត បែកភក់ល្បាប់ បង្កឱ្យប៉ះពាល់ភ្ញៀវទេសចរ និងជីវភាពប្រជាជនធ្ងន់ធ្ងរ។ លោកថា ភាពយឺតយ៉ាវក្នុងការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប និងការកសាងផ្លូវគ្មានគុណភាព នៅតែជាបញ្ហាប្រឈមជាច្រើនឆ្នាំមកហើយ៖ «ក្រុងសៀមរាបយើង មានផ្លូវថ្នល់មួយចំនួនធំ បានខូចខាត រហូតបច្ចុប្បន្នពុំទាន់មានការជួសជុលនៅឡើយទេ ជាពិសេសចាត់តាំង មានរដូវភ្លៀងធ្លាក់ជោគជាំ មួយខែកន្លងមកនេះគឺថា ផ្លូវខូចទាំងអស់។ នេះជាកត្តាមួយ ដែលយើងអាម៉ាស់ចំពោះភ្ញៀវទេសចរ ដែលធ្វើឱ្យភ្ញៀវទេសចរធ្លាក់ចុះ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងសាធារណការ លោក ប៉ាល់ ចន្ទតារា មានប្រសាសន៍ថា ក្រសួងកំពុងយកចិត្តទុកដាក់អនុវត្តផែនការ កសាងផ្លូវឱ្យមានគុណភាពខ្ពស់ និងបានរៀបចំក្រុមឆ្មក់ពិសេស ដើម្បីត្រួតពិនិត្យផ្លូវ។ លោកបញ្ជាក់ថា មានផ្លូវខ្លះនៅខេត្តសៀមរាប គ្រប់គ្រងដោយអាជ្ញាធរអប្សរា។ ចំពោះសំណួរដែលសួរថា កន្លងទៅរដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានប្ដេជ្ញាថា នឹងជួសជុលផ្លូវក្នុងក្រុងសៀមរាបឱ្យស្អាតទាំងអស់ ដោយប្រើថវិកាជាតិ ១៥លានដុល្លារនោះ តើគម្រោងនេះចាប់ផ្ដើមឬនៅ? អ្នកនាំពាក្យរូបនេះឆ្លើយថា ពាក់ព័ន្ធថវិកានេះ លោកមិនទាន់ក្ដាប់បាននៅឡើយទេ តែលោកថា ប្រសិនបើមានគោលការណ៍ដូច្នេះ ក្រសួងនឹងចាប់ផ្ដើមអនុវត្តនីតិវិធី៖ «ក្រសួងកំពុងតែយកចិត្តទុកដាក់ណាស់ ហើយបាននិយាយជាមួយ ប្រធានមន្ទីរថ្មី ឱ្យយកចិត្តទុកដាក់រៀបចំតំបន់ទេសចរប្រវត្តិសាស្ត្រឱ្យបានលឿន។ ពាក់ព័ន្ធតំបន់ ទេសចរប្រវត្តិសាស្ត្រនេះ។ យកចិត្តទុកដាក់ណាស់ យើងកំពុងពង្រឹងការងារនេះ ធ្វើម៉េចឱ្យបានលឿន នៅសៀមរាប»។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី បង្ហើបថា ក្រុមការងារ ១០០រាត្រី នឹងបង្ហាញរបាយការណ៍ ពីផលប៉ះពាល់អវិជ្ជមាននានា ទាក់ទិនភាពយឺតយ៉ាវស្ថាបនាផ្លូវនៅខេត្តសៀមរាប និងការអភិវឌ្ឍផ្លូវគ្មានគុណភាព ក្រោយពីចុះស្រាវជ្រាវរួចរាល់។ លោកថា បើទោះបីជា រដ្ឋាភិបាលដាក់ចេញគោលនយោបាយ អភិវឌ្ឍន៍ផ្លូវ ជាទិសដៅ ជាអាទិភាពក្ដី តែការអនុវត្តជាក់ស្ដែងនៅមានកម្រិតខ្សោយ៖ «សព្វថ្ងៃយើងកំពុងធ្វើការសិក្សាស្រាវជ្រាវ ផ្ដោតសំខាន់ទៅលើ វិស័យទេសចរណ៍ នៅខេត្តសៀមរាប និងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ហើយយើងនឹងបង្ហាញរបាយការណ៍នៅថ្ងៃខាងមុខ។ ផ្ដោតសំខាន់ដែលមានអាទិភាព។ យើងនឹងប្រៀបធៀបជាមួយប្រទេសថៃ តើតំបន់ណាខ្លះនៅខេត្តសៀមរាប ត្រូវអភិវឌ្ឍន៍វិស័យទេសចរ ហើយនាំចំណូលចូលជាតិ»។
ក្រុមមគ្គុទ្ទេសក៍ និងពលរដ្ឋបន្ថែមថា ពួកគេខ្មាសអៀនភ្ញៀវទេសចរ នៅពេលឃើញផ្លូវអាក្រក់ បែកភក់ នៅតំបន់អង្គរ ដែលជាតំបន់ទេសចរប្រវត្តិសាស្ត្រល្បីល្បាញលំដាប់ពិភពលោកបែបនេះ។ ពួកគាត់បញ្ចេញមតិថា ប្រសិនបើនៅប្រទេសថៃ និងវៀតណាមវិញ គេមានចក្ខុវិស័យវែងឆ្ងាយ ស្ថាបនាផ្លូវមានគុណភាពខ្ពស់ និរន្តរភាព និងស្ថិរភាពសេដ្ឋកិច្ចរយៈពេលយូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។