សេចក្ដីជូនដំណឹងរបស់រដ្ឋបាលសាលាក្រុងភ្នំពេញឲ្យដឹងថា អគារផ្សារអូរឫស្សី នៅសំណង់ឡៅតឿ មានសភាពប្រេះស្រាំដោយអន្លើ ហើយអាចបង្កគ្រោះថ្នាក់ ប្រសិនទុកយូរបន្តទៀត។
សេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែធ្នូ សរសេរទៀតថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ រដ្ឋបាលសាលាក្រុងភ្នំពេញ ស្នើសុំទៅអាជីវករ ដែលកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងទាំងនេះ ផ្ទេរការលក់ដូរបណ្ដោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅខាងក្រៅផ្សារ ដើម្បីឲ្យក្រុមការងារបច្ចេកទេសសំណង់ធ្វើការងារជួសជុល។ សាលាក្រុងបញ្ជាក់ថា នៅពេលជួសជុលរួចហើយ អាជីវករអាចមកលក់ដូរនៅកន្លែងដើមរបស់ខ្លួនវិញ។
រដ្ឋបាលសាលាក្រុងភ្នំពេញឲ្យដឹងទៀតថា បច្ចុប្បន្នសំណង់អគារផ្សារអូរឫស្សីមានលក្ខណៈរឹងមាំ និងមានគុណភាពប្រើប្រាស់បានយូរអង្វែង ប៉ុន្តែ សំណង់ឡៅតឿប៉ុណ្ណោះ ដែលមានសភាពប្រេះស្រាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
