នីតិវិធី​តំណាក់​កាល​ទី ២ ក្នុង​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA បិទ​បញ្ចប់​ថ្ងៃ​នេះ

0:00 / 0:00

គិត​មក​ត្រឹម​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​នេះ គឺ​ដល់​ថ្ងៃ​ដែល​គណៈកម្មាការ​អឺរ៉ុប ត្រូវ​បិទ​បញ្ចប់​នីតិវិធី​តំណាក់​កាល​ទី ២ នៃការ​ត្រួតពិនិត្យ និង​វាយ​តម្លៃ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នៅ​ថ្ងៃ​នេះ ដែរ​គណៈកម្មកា​នេះ នឹង​ចេញ​របាយការណ៍​សន្និដ្ឋាន​បឋម​មួយ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

តើ​នីតិវិធី​បន្តរបស់គណៈកម្មការ​អឺរ៉ុប​​ នៅ​មាន​អ្វី​ខ្លះ​ទៀត?

ក្រោយ​​ទុកឱកាស​ជា​ច្រើន​លើក និង​ភាព​គ្មាន​ប្រសើរ​ឡើង​ផ្នែក​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ សហភាព​អឺរ៉ុប បាន​សម្រេច​ដាក់​ចេញ​ជា​ផ្លូវការ​នូវ​នីតិវិធី​ ដែល​ឈាន​ដល់​ការ​ព្យួរ​អនុគ្រោះ​ពន្ធ EBA ពីកម្ពុជា។​

បញ្ហា​មិន​ប្រសើរ​ឡើង​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នេះ ត្រូវ​បាន​សហភាព​អឺរ៉ុប លើក​យក​មក​ព្រមាន និង រម្លឹក​របប​លោក ហ៊ុន សែន សា​ជា​ថ្មីម្តង​ទៀត កាល​ពី​ចុង​ខែ​មុន​នេះ គឺ​នៅ​ក្នុង​សម័យ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី​ ២៥ ខែកញ្ញា។ តំណាង​សហភាព​អឺរ៉ុប​លោក បេឡា ហ្សំបាទី ( Béla Szombati) លើក​ឡើង​ថា សហភាព​អឺរ៉ុប នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ ក្នុង​ជីវភាព​នយោបាយ​នេះ។

លោក បេឡា ហ្សំបាទី ទទូចឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការចាំបាច់​ទាំងអស់ ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រជាធិបតេយ្យ គោរព​សិទ្ធិកម្មករ និង ស្តារ​បរិយាកាស​នយោបាយឡើងវិញ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​គណបក្ស​នយោបាយ​ប្រឆាំង​ អង្គការ​សង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយ​ មាន​សេរីភាព​គ្រប់គ្រាន់ ក្នុងការ​បំពេញការ​ងារ​របស់ខ្លួន៖ «យើង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ ចាត់​វិធានការ​ជា​បន្ទាន់ និង​ដោយ​ស្មោះ​ស ដើម្បី​ការ​ពារ​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ជា​ឧបករណ៍​នយោបាយ ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​សិទ្ធិ​កម្មករ។ សហភាព​អឺរ៉ុប​ចង់​ឃើញ​កម្ពុជា​ បង្ហាញ​ជំហរ​ក្នុង​ចាប់​ផ្តើម​រៀបចំ​ឲ្យ​ចំណាត់​ការ ក្នុង​ការ​ស្តារ​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស និងនីតិរដ្ឋ »

តំណាង​សហភាព​អឺរ៉ុប​រូប​នេះ បាន​រម្លឹក​របប​លោក ហ៊ុន សែន ផង​ដែរ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ លើ​ករណី​បន្ត​ចោទ​ប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង ការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទាំង​អស់ និង​តំណែង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​របស់​បក្សប្រឆាំង ដែល​ត្រូវ​បាត់បង់ដោយសារ​ការ​រម្លាយ​គណបក្សប្រឆាំងនោះ៖ «យើង​សូម​បញ្ជាក់​ជំហរ​របស់​យើង​សា​ជា​ថ្មី ដោយ​ទាមទារ​ឲ្យ​បើក​លំហ​សេរីភាព​ឡើង​វិញ​ដល់​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទាំង ១១៨ និង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ នៅ​កម្រិត​មូលដ្ឋាន និង​ថ្នាក់ឃុំ​សង្កាត់ »

ប៉ុន្តែ របប​លោក ហ៊ុន សែន នៅ​តែ​ចចេស​មិន​ព្រម​ស្តារ​ស្ថានការណ៍​នេះ​ឡើង​វិញ ដោយ​របប​នេះ​សម្អាង​ថា ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​មេ​ដឹក​នាំ​របប​នេះ គឺ​លោក ហ៊ុន សែន ថែម​ទាំង​ធ្លាប់​​ឌឺ​ថា បើ​ទោះ​បី​ជា​អត់ EBA ក៏​កម្ពុជា​អត់​បញ្ហា។ លោក​ថែម​ទាំង​រុញ​ឲ្យ​គេ​ប្រញាប់​ផ្តាច់​វា​ទៀត​ផង៖ «បើសិន​គេ​ផ្តល់​ភាព​អនុគ្រោះ​ឲ្យ​យើង យើង​ក៏មិន​អាច​ក្លាយ​ទៅ​​ជា​អ្នកមាន​បាន​ទេ។ តែ​បើ​គេ​ដក​ភាព​អនុគ្រោះ​ពី​យើង​ ក៏មិន​ធ្វើ​ឲ្យ​យើង​ស្លាប់​ដែរ។​ យល់​ទេ​អា​កន្លែង​ហ្នឹង ? កុំ​ធ្វើជា​សត្វឆ្កែ​ គ្រាន់​តែ​ដើម្បី​ជាមួយ​ឆ្អឹង ឬ​សាច់​មួយ​ដុំ វា​មិន​ថ្លៃថ្នូរ​ទេ។ ឧទាហរណ៍​គេ​គម្រាម បើ​មិន​ធ្វើ​តាម​អញ អញនឹង​កាត់​ផ្តាច់​នេះ កាត់​ផ្តាច់​នោះ។ កាត់​ទៅ ! លោកឯង​កាត់​ទៅ ! ធ្វើ​ឲ្យ​វា​អស់​សេចក្តី​ទៅ »

ភាព​មានៈ​របស់​លោក ហ៊ុន សែន នេះ បាន​បង្ខំចិត្ត​ឲ្យ​គណៈកម្មការ​អឺរ៉ុប ដាក់ចេញ​នូវ​នីតិវិធី​បី​តំណាក់​កាល​ធំៗ ដើម្បី​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុននឹង​ឈាន​ទៅ​សម្រេចជាចុងក្រោយ ថាព្យួរការអនុគ្រោះ​ពន្ធ ឬ​យ៉ាង​ណា។

ឥឡូវនេះ នីតិវិធីនេះ កំពុង​ស្ថិត​ក្នុង​តំណាក់​កាល ៦ខែ ចុង​ក្រោយ នៃ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នោះ​ ដែល​ចែក​ចេញ​ជា​បី​តំណាក់កាល​ធំៗ៖

· តំណាក់កាលទីពីរ​នេះ មាន​រយៈ​ពេល ៦ខែ ដូច​តំណាក់​កាល​ទី​មួយ​ដែរ។ កាល​ក្នុង​តំណាក់​កាល​ទី​មួយ​ពី​ថ្ងៃ​ទី១២ កុម្ភៈ ដល់​ថ្ងៃ​ទី១៣ សីហា​នោះ គណៈកម្មការ​អឺរ៉ុប​ ត្រួត​ពិនិត្យ​តាមដាន និង វាយតម្លៃស៊ីជម្រៅ ថាតើ​កម្ពុជាបានធ្វើអ្វីខ្លះ ដើម្បី​កែ​ប្រែ​ស្ថានការណ៍​បច្ចុប្បន្ន ដែល​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​កែ​ប្រែ​ឬ​នៅ។ ប៉ុន្តែ ក្នុង​តំណាក់​កាល​ទីពីរ​នេះ គឺ​ចែក​ចេញ​ជា​បី​តំណាក់​កាល​ត​ទៅ​ទៀត (គឺ​តំណាក់​កាល ៣ខែ តំណាក់​កាល ១ខែ និង​តំណាក់​កាល ២ខែ)៖

o តំណាក់​កាល ៣ខែ​ដំបូង គឺ​ជា​ពេល​សរសេរ​របាយការណ៍​សន្និដ្ឋាន​​បឋម ដោយ​ផ្អែក​លើ​​​អ្វី​ដែល​ប្រតិភូ​គណៈកម្មការ​អឺរ៉ុប ប្រមូល​បាន​ក្នុង​អំឡុង​ទស្សនកិច្ច​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា និង​ឯកសារ​ភ័ស្តុតាង​ ដែល​ប្រមូល​បាន​ពី​ភាគីពាក់ព័ន្ធ។ ដំណាក់​កាល​បី​ខែ​ដំបូង​នេះ បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី១៣ ខែ​សីហា​​មក​ម្ល៉េះ ពោល​គឺ​ចាប់​ផ្តើម​ភ្លាមៗ ក្រោយ​ចប់​ដំណាក់​កាល ៦ខែ​ដំបូង។ តំណាក់​កាល​សរសេរ​របាយការណ៍​បឋម​នេះ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​នេះ។

o តំណាក់កាល ១ ខែ បន្ទាប់ គឺការ​ផ្តល់​ឱកាស​ចុងក្រោយ​ឲ្យ​របបលោក ហ៊ុន សែន តប​ទៅនឹង​របាយការណ៍​សន្និដ្ឋាន​បឋម ដែល​ចាប់ផ្តើម​ភ្លាមៗ ក្រោយ​សរសេររបាយការណ៍សន្និដ្ឋាន​នោះចប់។ តំណាក់​កាល​នេះ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី១២ ខែ​ធ្នូ។ ក្នុង​រយៈ​ពេល​ពេញ​មួយ​ខែ​នេះ គណៈកម្មការ​អឺរ៉ុប ទុក​ឱកាស​ឲ្យ​របប​លោក ហ៊ុន សែន ឆ្លើយ​តប។ ផុត​ពី​មួយ​ខែ​នេះ​ទៅ គឺ​ចូល​ដល់​តំណាក់​កាល ២ខែ​ចុង​ក្រោយ។

o តំណាក់កាល ២ខែ​ចុង​ក្រោយ​នេះ គឺ​ជា​ពេល​វេលា​សរសេរ​សេចក្តី​សម្រេច​ស្ថាបពរ ថា​តើ​ត្រូវ​ព្យួរ​ ឬ​ មិន​ត្រូវ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នោះ។ មន្ត្រី​នាំ​ពាក្យ​គណៈកម្មការ​អឺរ៉ុប​ផ្នែក​ពាណិជ្ជកម្ម និង​កសិកម្ម លោក ដានីញ៉ែល រ៉ូសារីយ៉ូ (Daniel Rosario) ប្រាប់​អាស៊ីសេរី ថា​សេចក្ដី​សម្រេច​ស្ថាពរ នឹង​ត្រូវ​ចុះ​ផ្សាយ​ក្នុង​ទិនានុប្បវត្តិ (ទស្សនាវដ្ដី) ផ្លូវ​ការ​របស់​គណៈកម្មការ​អឺរ៉ុប នៅ​អំឡុង​ពាក់​កណ្តាល​ខែ​កុម្ភៈ ឆ្នាំ២០២០ ខាង​មុខ។

តំណាក់កាលទីបី គឺជារយៈពេល ៦ ខែបន្ថែមទៀត ដើម្បី​ត្រៀមចាំ​អនុវត្តការព្យួរ​ការអនុគ្រោះនោះ ពោល​បើ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ ឆ្នាំ២០២០ ​នោះ​មែន​ សហភាព​អឺរ៉ុប ទុក​រយៈ​ពេល ៦ខែ​ទៀត គឺរហូតដល់ពាក់កណាល ខែ​សីហា ឆ្នាំ២០២០ ទើប​អនុវត្ត​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​ផ្លូវ​ការ។

ទោះ​បី​ជា​រយៈ​ពេល​កំណត់​នៃ​ការ​បិទ​បញ្ចប់​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ កាន់​តែ​កៀក​ណាស់​ទៅហើយក្តី ក៏របបលោក ហ៊ុន សែន នៅ​តែ​មិន​ទាន់​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ ឲ្យ​ប្រសើរ​ឡើង​វិញ​នៅ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សំឡេង​ប្រឆាំង ក៏​កាន់​តែ​មាន​សន្ទុះ​កើន​ឡើង​ជា​លំដាប់។​

នៅប៉ុន្មាន​សប្តាហ៍ចុង​ក្រោយ​នេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​សំឡេង​ប្រឆាំង តាម​រូបភាព​នៃ​ការ​ចាប់​ចង និង​ចោទ​ប្រកាន់​សកម្មជន​បក្ស​នេះ កើន​ឡើង​រហូតដល់​ជាង ២០០នាក់​ហើយ។ ចំណែក​សេរីភាព​សហជីព​កម្មករ ក៏រងការ​រឹតត្បិត​ខ្លាំង ដោយសារ​តែ​ច្បាប់​សហជីព។ អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​សារ​ព័ត៌មាន​ឯករាជ្យ​ឯ​ណោះ ក៏​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នេះ​ដែរ។

ប្រទេស​កម្ពុជា ទទួល​បាន​កម្មវិធី​អនុគ្រោះ​ពន្ធ​លើ «ទំនិញ​គ្រប់​មុខ លើក​លែង​តែ​គ្រឿង​សព្វាវុធ» Everything But Arms ឬ​ហៅ​កាត់​ថា EBA នេះ ដោយសារ​តែ​វា​ជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ របស់​សហភាពអឺរ៉ុប ដែលផ្តល់ឲ្យ​តែ​ ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ។ គោលបំណងធំ​នៃ​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​ចង់​ឲ្យ​ប្រទេសក្រីក្រ​ទាំង​នោះ មាន​ឱកាស​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។

ទោះជាយ៉ាងនេះក្តី ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​មាន​ភ្ជាប់​លក្ខខណ្ឌ​ធំៗ មួយ​ចំនួន​ ដែល​ប្រទេសនីមួយៗ ​ត្រូវ​បំពេញឲ្យ​បាន​ជា​ដាច់ខាត។ លក្ខខណ្ឌ​ទាំង​នោះ រួម​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​ការងារ​ ដែល​មាន​ចែង នៅ​ក្នុង​គោលការណ៍​ជា​មូលដ្ឋាន នៃ​អនុសញ្ញា​ទាំង​ឡាយ ស្តីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​​អន្តរជាតិ​ខាង​ការងារ។

សហភាព​អឺរ៉ុប​បាន​ថ្កោលទោស និង​ព្រមាន​របប​លោក ហ៊ុន សែន ជា​ច្រើន​លើក​ច្រើនសារ​មកហើយ​ ឲ្យ​ស្តារ​ស្ថានភាព​នេះ​ឡើង​វិញ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន​ បើ​ចង់​បន្តរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ត​ទៅ​ទៀត។

តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) ថា​កូនសោ គឺ​ស្ថិត​នៅ​ក្នុងដៃរបស់​លោក ហ៊ុន សែន ដែល​ជា​អ្នក​សម្រេច ថាតើ​កម្ពុជា​ចង់​រក្សា​ការ​អនុគ្រោះ​ពន្ធ​នេះ​ត​ទៅ​ទៀត ដែរ​ឬ​យ៉ាង​ណា?

អ្នកវិភាគនយោបាយ និង​សង្គម រួម​ទាំង​តំណាង​សហជីព​កម្មករ​មួយ​ចំនួន​ផង សុទ្ធតែ​ធ្លាប់​លើក​ឡើង​ថា ជម្រើស​សម្រាប់​របប​ក្រុង​ភ្នំពេញ គឺមានតែមួយគត់ នោះគឺស្តារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ជាថ្នូរ​នឹង​ការ​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។