មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ណែនាំឱ្យអ្នករងគ្រោះក្នុងការវិនិយោគទុនជាមួយក្រុមហ៊ុន ស៊ីអាយស៊ី (CIC) រៀបចំឯកសារប្ដឹងទៅតុលាការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យរកយុត្តិធម៌។ ការលើកឡើងនេះ គឺបន្ទាប់អ្នករងគ្រោះ ក្នុងការវិនិយោគក្នុងក្រុមហ៊ុន ស៊ីអាយស៊ី ស្នើឱ្យមានការស៊ើបអង្កេតលើក្រុមហ៊ុនមួយនេះ ក្រោយពីបានបាត់បង់ប្រាក់រាប់លានដុល្លារ ហើយគ្រួសារ និងជីវិតមនុស្សជាច្រើននាក់ បានរងនូវផលប៉ះពាល់ និងការឈឺចាប់។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ លើកឡើងថា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ មីនា ថា ក្រសួងពាណិជ្ជកម្មមិនដែលលើកទឹកចិត្ត ឬក៏មិនដែលទទួលស្គាល់ចំពោះក្រុមហ៊ុន ដែលប្រព្រឹត្តនូវអំពើមិនសុចរិតនោះទេ។
លោកបន្ថែមថា អ្នកដែលអះអាងថា សិទ្ធិរបស់ពួកគាត់ ត្រូវបានបំពាន ឬត្រូវបានគេបោកបន្លំ ដោយអំពើបញ្ឆោត ឬការផ្សាយពាណិជ្ជកម្មមិនគប្បី ចាំបាច់ត្រូវតែរៀបចំឯកសារអមផ្សេងៗ ដើម្បីប្ដឹងទៅតុលាការ ឬតាមយន្តការកិច្ចការពារអ្នកប្រើប្រាស់នៃក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ៖ «ក៏ប៉ុន្តែដើម្បីក្រសួងអនុវត្តកិច្ចការនេះបាន វាចាំបាច់ត្រូវមានពាក្យបណ្ដឹង ។ ពាក្យបណ្ដឹងត្រូវអមមកជាមួយនឹងឯកសារផ្សេងៗ ដើម្បីយើងនឹងអនុវត្តការងារទៅតាមវិធាននៃច្បាប់ គឺច្បាប់កិច្ចការពារអ្នកប្រើប្រាស់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលអមច្បាប់នោះ។ នេះ ជាចំណុចជាក់ស្ដែង។ អ៊ីចឹង សំណួររបស់ប្អូនចុះបញ្ជី ឬមិនចុះបញ្ជី វាមិនសំខាន់ទេ ទោះបីជាចុះបញ្ជីក៏ដោយ ក៏មិនធានានូវសុចរិតភាព ឬមិនធានានូវគុណភាពថា ក្រុមហ៊ុនហ្នឹង បានធ្វើល្អ ឬ មិនល្អទេ វាអាស្រ័យទៅការប្រព្រឹត្តប្រចាំថ្ងៃទៀតរបស់គាត់»។
អ្នកដាក់ទុនធំម្នាក់ វិនិយោគក្នុងក្រុមហ៊ុន CIC ប្រាប់វិទ្យុអាស៊ីសេរី ដោយសុំមិនបញ្ចេញឈ្មោះ និងសំឡេង ដោយព្រមានអំពីលទ្ធភាពប្ដឹងទៅតុលាការ ប្រសិនបើគ្មានដំណោះស្រាយសមរម្យ។
ចំណែកអ្នកឧកញ៉ា គួច ម៉េងលី ដែលអស់លុយជិត ៣០ម៉ឺនដុល្លារ ក្នុងការវិនិយោគជាមួយក្រុមហ៊ុន ស៊ីអាយស៊ី ដែរ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ មីនា ថា មានអ្នកតំណាងជនរងគ្រោះ ទើបតែជួលមេធាវីបាន និងកំពុងមានការរៀបចំឯកសារ ដើម្បីធ្វើការប្ដឹងផ្ដល់ បើទោះបីជាលោកមិនបានបញ្ជាក់ថា នឹងត្រូវប្ដឹងទៅស្ថាប័នណាក៏ដោយ។
ឧកញ៉ា គួច ម៉េងលី៖ «ខ្ញុំបានទាក់ទងគេ!គេថា គេមានក្រុមមេធាវី រៀបចំក្រដាសស្នាម ប៉ុន្តែប្រហែលជាគេមិនទាន់បានដាក់ទេ មើលទៅតាមខ្ញុំដឹង ព្រោះគេទើបរៀបចំក្រដាសស្នាម ហើយរៀបចំជួលមេធាវីបាន។ អ៊ីចឹងប្រហែលជាគេរៀបចំដាក់ឆាប់ៗហើយ គេកំពុងរឿងទាន់ក្ដៅអ៊ីចឹងបាទ»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៥ មីនា ថា ករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជី ដើម្បីធ្វើការវិនិយោគ និងមានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់។ លោកអះអាងថា ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ និងខិតខំសម្របសម្រួល រកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអត្ថាធិប្បាយបញ្ហានេះ ពីស្ថាបនិកជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ីអាយស៊ី និងជាគ្រូជោគជ័យ លោក ឃីម សុខហេង បានទេ នៅថ្ងៃទី២៥ មីនា ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល។ នៅពេលវិទ្យុអាស៊ីសេរីទាក់ទងតាមលេខទូរស័ព្ទរបស់ក្រុមហ៊ុន បុគ្គលិកមួយរូប បានឆ្លើយថា គាត់មិនដឹងរឿងនេះទេ។
បុគ្គលិក៖ «ខ្ញុំត្រឹមបុគ្គលិកខ្ញុំអត់ដឹងដែរបង ចំពោះរឿងហ្នឹង ទាល់តែជួបជាមួយខាងថ្នាក់លើ ។ ចំពោះខ្ញុំអត់ដឹងថា ម៉េចទេ។ ខ្ញុំមានតួនាទី ចាំទទួលលេខរបស់ក្រុមហ៊ុន»។
នៅពេលវិទ្យុអាស៊ីសេរី សួរអំពីការស្នើរបស់ជនរងគ្រោះជាច្រើននាក់ ឱ្យមានការស៊ើបអង្កេតលើក្រុមហ៊ុន ស៊ីអាយស៊ី (CIC) ដើម្បីនាំខ្លួនឧក្រិដ្ឋជនទៅផ្ដន្ទាទោស តាមច្បាប់នោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានលើកឡើងថា តាមផ្លូវច្បាប់ប្រជាពលរដ្ឋ ដែលមានមូលដ្ឋានសំអាង ឬមានភស្តុតាង ទាក់ទងនឹង ការរងគ្រោះរបស់ពួកគាត់ មានសិទ្ធិប្ដឹងទាមទារ ចំពោះអំពើទាំងឡាយណា ដែលនាំឱ្យមានការខូចខាតផលប្រយោជន៍របស់ខ្លួន។
លោក ទូច សុខៈ បានពន្យល់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ មីនា ថា ភាគីដែលអះអាងថា ពួកគាត់រងគ្រោះ អាចបង្ហាញភស្តុតាង និងប្ដឹងផ្ដល់ទៅកាន់ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដោយសហការតាមបែបបទរដ្ឋបាល និងច្បាប់។
លោក ទូច សុខៈ៖ «មួយទៀត គឺយើងអាចប្ដឹងដោយផ្ទាល់ទៅកាន់តុលាការតែម្ដង។ អ៊ីចឹងហើយពេលខ្លះ ទាមទារឱ្យមានការចូលរួម ដាក់ពាក្យបណ្ដឹងពីសំណាក់ភាគីរងគ្រោះ ពីព្រោះពេលខ្លះ សមត្ថកិច្ចលោកមិនអាចក្ដាប់បាន ដែលហៅថា គ្រប់រឿងហេតុ ឬក៏រឿងរ៉ាវទេ ទាល់តែមានការប្ដឹងផ្ដល់ ទើបយើងអាចបើកនៅការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីឈានទៅរកការកំណត់នៅអ្នកណាដែលប្រព្រឹត្តកំហុស»។
កន្លងមក ក្នុងរឿងសំណុំពុករលួយនៅក្រុមហ៊ុន ស៊ីអាយស៊ី នេះ ពុំមានជនរងគ្រោះណា ប្ដឹងក្រុមហ៊ុន ស៊ីអាយស៊ី ទៅតុលាការនៅឡើយទេ និងក៏មិនទាន់ ឃើញអ្នកទទួលខុសត្រូវជាន់ខ្ពស់រូបណារបស់ក្រុមហ៊ុន ត្រូវប្រឈមមុខច្បាប់ដែរ ប៉ុន្តែ មានតែបណ្ដឹងមួយគត់ គឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល ប្ដឹងលោក យ៉ង ប៉ាក់ ដែលធ្លាប់បញ្ជាក់ថា ជាជនរងគ្រោះ នៅក្នុងការវិនិយោគជាមួយក្រុមហ៊ុនទៅវិញ។
លោក យ៉ង ប៉ាក់ ត្រូវបានអាជ្ញាធរចាប់ដាក់គុក តាមបណ្ដឹងរបស់លោក ព្រាប កុល ដោយគ្រាន់តែសំអាងលើលិខិតបំភ្លឺពីរទំព័រពីក្រុមហ៊ុន ស៊ីអាយស៊ី ដែលថា លោក ព្រាប កុល មិនពាក់ព័ន្ធ។ ប៉ុន្តែ មិនបង្ហាញការស៊ើបអង្កេតហ្មត់ចត់ឡើយ។
លោក យ៉ង ប៉ាក់ ធ្លាប់បានអះអាងនៅមុនការចាប់ខ្លួនថា លោកមានភស្តុតាង ដែលបញ្ជាក់អំពីការជាប់ពាក់ព័ន្ធរបស់លោក ព្រាប កុល ក្នុងការកិបកេងលុយជាង ៨០លានដុល្លារ។
ដោយឡែកម្ចាស់អាខោន (គណនី) ហ្វេសប៊ុកជាភាសាអង់គ្លេស ឈ្មោះ Maly Cambodia បានអះអាងថា ខ្លួនក៏ជាជនរងគ្រោះដ៏ឈឺចុកចាប់ម្នាក់ ក្នុងការដាក់លុយឱ្យក្រុមហ៊ុន CIC ខ្ចី ដើម្បីយកការប្រាក់ត្រឹមតែ ១.២ ភាគរយ (១,២%) ក្នុងមួយខែ។
ប្រភពដដែលសរសេរថា ក្រុមហ៊ុន ស៊ីអាយស៊ី ព្យាយាមពន្យារពេលមិនសងលុយដល់គាត់វិញ តាំងពីខែមិថុនា ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន ហើយថា ពេលគាត់និយាយខ្លាំងក្នុងគ្រុបតេឡេក្រាម (Group Telegram Private)សោះ ក៏ខលមកគំរាមអាយុជីវិតគ្រួសាររបស់គាត់។
អ្នកឧកញ៉ា គួច ម៉េងលី ដែលជាជនរងគ្រោះ អស់លុយជិត ៣០ ម៉ឺនដុល្លារ បានលើកឡើងថា រដ្ឋាភិបាល មិនអាចនៅស្ងៀមស្ងាត់ចំពោះរឿងក្រុមហ៊ុន ស៊ីអាយស៊ី ទេ ពីព្រោះសំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើមស៊ើបអង្កេត យកអ្នកទទួលខុសត្រូវទៅផ្ដន្ទាទោស។
លោកនិយាយថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី និងការក្លែងបន្លំ នៅកន្លែងផ្សេងទៀត ដែលជួបបញ្ហាជាបន្តបន្ទាប់ពីមួយរឿងទៅមួយរឿង ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះច្រើនណាស់។
ឧកញ៉ា គួច ម៉េងលី៖ «ធ្វើឱ្យប៉ះទង្គិចទឹកចិត្តក្រុមគ្រួសារ សេដ្ឋកិច្ចគ្រួសារគេ គឺធ្ងន់ធ្ងរ ប្រជាជនលែងលះគ្នា ប្រជាជនឈ្លោះគ្នា បាក់បែកគ្រួសាររប៉ាត់រប៉ាយ ការរស់នៅវេទនាតោកយ៉ាក គឺរហេមរហាម ដោយសារការបោកបំផ្លាញទាំងអស់នេះ។ អ៊ីចឹងដូចរាល់ថ្ងៃ ប្រជាជនកំពុងមានបញ្ហាផ្លូវចិត្ត ប្រជាជនកំពុងជំពាក់ធនាគារ ប្រជាជនកំពុងមានសតិអារម្មណ៍ក្នុងគ្រួសារច្រើន ដែលជាលទ្ធផលមកពីឆបោកមកចំនួនទាំងអស់នេះ ដែលសំបូរបែបនៅក្នុងប្រទេសយើង ដែលរដ្ឋាភិបាលកំពុងប្រឈមនឹងការដោះស្រាយ ហើយបើសិនជាមានរឿងមួយ ហើយមានរឿងពីដោះស្រាយរឿងពីរ វាធ្វើឱ្យប្រជាពលរដ្ឋដែលជាអ្នករងគ្រោះនោះ យ៉ាងហោចណាស់ វាមានភាពត្រជាក់ចិត្ត»។
អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា បើមិនរកយុត្តិធម៌ និងបណ្ដោយឱ្យរឿងបែបនេះ បន្តកើតឡើងទៀត ប្រជាជននឹងបាត់បង់ជំនឿ លើរដ្ឋាភិបាលនិងប្រព័ន្ធយុត្តិធម៌ រដ្ឋាភិបាលនឹងបាត់បង់ជំនឿពីសហគមន៍អន្តរជាតិ ហើយនឹងឈានទៅដល់ការបំផ្លិចបំផ្លាញសេដ្ឋកិច្ចកម្ពុជា។
ឆ្លើយតបនឹងប្រតិកម្មនានា ព័ត៌មានចុងក្រោយបង្អស់ គិតត្រឹមល្ងាចថ្ងៃទី២៥ មីនា ទាក់ទងនឹងក្រុមហ៊ុន ស៊ីអាយស៊ី ដែលប្រកាសដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បង្ហាញថា ទ្រព្យសកម្មរបស់ក្រុមហ៊ុន ត្រូវបានប្រមូលមកវិញប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ដែលនិយ័តករមូលបត្រកម្ពុជា កំពុងជំរុញការរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់។
និយ័តករមូលបត្រកម្ពុជា អះអាងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា នឹងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្ដារក្រុមហ៊ុន និងមូលនិធិជាបន្ត និងឃ្លាំមើល ជាប្រចាំ ព្រមទាំងបានពិនិត្យជាស្រេច នូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិនៃ វិស័យមូលបត្រ ដើម្បីការពារឱ្យបានជាអតិបរមា នូវផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ទាំងអស់ ទោះបីក្នុងស្ថានភាពដែលក្រុមហ៊ុនកំពុងជួបការលំបាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។