"រដ្ឋាភិបាល​គួរ​បង្កើត​ធនាគារ ឬ​ឥណទាន​សម្រាប់​ជួយ​ទុន​ដល់​កសិករ ឬ​ម្ចាស់​ជា​អាជីវកម្ម​ខ្នាត​តូច"

ដោយ សេក បណ្ឌិត
2020-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ក្នុង​ពេល​ជួប​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៩។
លោក ហ៊ុន សែន ក្នុង​ពេល​ជួប​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

កសិករ និង​អ្នក​ប្រកប​របរ​អាជីវកម្ម​តូចតាច​ត្អូញត្អែរ ពី​ការ​ខ្វះខាត​ដើមទុន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច ឬ​ការ​ប្រកប​របរ​ផ្សេងៗ ​ក្នុង​វិស័យ​កសិកម្ម។ អ្នក​​​​​ជំនាញ​កសិកម្ម និង​កសិករ ចង់​ឱ្យ​រដ្ឋាភិបាល​បង្កើត​ធនាគារ ឬ​ឥណទាន សម្រាប់​ជួយ​ទុន​ផលិត តាមរយៈ​ការ​ផ្តល់​ប្រាក់កម្ចី​ដែល​មាន​ការប្រាក់​ទាប​ដល់​កសិករ ឬ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ដើម្បី​ឱ្យ​ពួកគេ​អាច​ធ្វើ​ដំណើរការ​ទៅមុខ​បាន។

ក្រៅពី​បញ្ហា​បច្ចេកទេស កសិករ នៅ​មាន​បញ្ហា​ធំ​២​ទៀត ដែល​ត្រូវ​ប្រឈម គឺ​បញ្ហា​ទីផ្សារ​លក់​កសិផល និង​បញ្ហា​ដើមទុន​ផលិត។

កសិករ​ម្នាក់​ក្នុងចំណោម​កសិករ​ជាច្រើន​ទៀត នៅ​ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង​លោក ឆេង វឿន មាន​ប្រសាសន៍​ថា កសិករ​ចង់​ឱ្យ​រដ្ឋាភិបាល​បង្កើត​ធនាគារ ឬ​កម្មវិធី​ផ្ដល់​ប្រាក់​កម្ចី ដែល​មាន​ការ​​ប្រាក់​ទាប ដើម្បី​ជួយ​ដល់​កសិករ​ដែល​មាន​គម្រោង​អភិវឌ្ឍ​មុខ​របប​កសិកម្ម ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​ចូលរួម​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ៖ «ពេល​យក​លុយ​យក​កាក់​ពី​ធនាគារ​មក​ធ្វើស្រែ​វា​ពិបាក​​នឹង​ទូទាត់​ជាមួយ​ធនាគារ ហើយ​មេឃ មិន​អំណោយផល​ហ្នឹង​វា​ពិបាក​ណាស់ បើ​សិន​ជា​មាន​ធនាគារ​ណាមួយ​ដែល​អាច​ឱ្យ​ប្រជាជន​ខ្ចី​ដោយ​មិន​មាន​ការប្រាក់ ឬ​ការប្រាក់​ទាប​នោះ​ប្រជាជន​ត្រេកអរ​ណាស់ ហើយ​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​គិត​គូរ​លើ​រឿង​នេះ​ដល់​កសិករ​ផង»

ការ​ស្នើ​ឡើង​បែបនេះ ដោយសារ​ប្រជាកសិករ​ក្នុង​សហគមន៍​ជាច្រើន មាន​គំនិត​បង្កើត​គម្រោង​ធ្វើ​អាជីវកម្ម​អ្វីមួយ ប៉ុន្តែ​គ្មាន​ដើមទុន។

លោក​បន្ត​ថា សព្វថ្ងៃ​មាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែល​អ្នក​ស្រុក​និយម​ហៅថា កន្លែង​ខ្ចី​លុយ​អង្គការ​នោះ មាន​ច្រើន​ស្អេកស្កះ តែ​មាន​ការប្រាក់​ថ្លៃ ដែល​មាន​ចន្លោះ​ពី​ជាង ១០ ទៅ​១៥% ហើយ​​ត្រូវ​មានទ្រព្យ​កម្តស់​ដូចជា​ប្លង់ដី ស្រែ ឬ​ប្លង់​ផ្ទះ ទើប​គេ​អញ្ញាត​ឱ្យ​ខ្ចី។

លោក​ថា ចំនួន​ការប្រាក់​ថ្លៃ​នេះ ធ្វើ​ឱ្យ​កសិករ ជួប​ហានិភ័យ​ច្រើន នៅ​ពេល​ការ​បង្កបង្កើនផល​ជួប​បញ្ហា​គ្រោះ​រាំងស្ងួត ទឹកជំនន់ ឬ​បញ្ហា​ផ្សេងៗ ងាយ​នឹង​ខាត់​បង់​រក​ប្រាក់​សង​ធនាគារ​វិញ​មិនបាន៖ «ខ្ញុំ​ធ្លាប់​សាកល្បង​ខ្ចី​លុយ​ពី​ធនាគារ ជួល​ដី​ធ្វើស្រែ​ដែរ ដល់ពេល​ជួប​គ្រោះ​រាំងស្ងួត​យើង​ខាត យើង​រក​អី​សង​គេ​អត់​បាន ស្រូវ​ក៏​មិន​បាន ហើយ​ត្រូវ​សង​ថ្លៃ​ការប្រាក់​គេ​បណ្ដើរៗ​អ៊ីចឹង​ទៅ»

ទាក់ទង​បញ្ហា​នេះ លោក បណ្ឌិត យ៉ង សាំងកុមារ ជំនាញ​ខាង​កសិកម្ម ដែល​បាន​តាមដាន​លើ​បញ្ហា​នេះ​យ៉ាង​ដិតដល់ សង្កេត​ឃើញ​ថា សព្វថ្ងៃ នេះ​កម្ពុជា ពុំ​ទាន់​មាន​ឥណទាន​កសិកម្ម ដែល​ជា​កម្មវិធី​ជាតិ​នៅ​ឡើយ។

លោក​ថា លោក​ក៏​ចង់​ឱ្យ​រដ្ឋាភិបាល​បង្កើត​កម្មវិធី​ឥណទាន​ពិសេស​សម្រាប់​កសិកម្ម​ដើម្បី​ជួយ​ដល់ កសិករ​ពង្រីក​មុខ​របរ​របស់​ពួកគាត់​ទៅ​តាម​លទ្ធភាព និង​តម្រូវការ​ទីផ្សារ៖ «ហើយ​មួយទៀត​រដ្ឋ​ត្រូវ​មាន​ថវិកា ទម្លាក់​ទុន ធ្វើជា​ឥណទាន​កសិកម្ម​ដែល​មាន​ការប្រាក់​ទាប​សម្រាប់​ឱ្យ​កសិករ​តូចតាច​យក​ទៅ​ប្រើប្រាស់​ក្នុង​មុខរបរ​ដូចជា​ធ្វើ​ធារាសាស្ត្រ ហើយ​ទុន​នេះ​ធ្វើ​ម៉េច​ឱ្យ​ធ្លាក់​ដល់​មូលដ្ឋាន​តាម​ភូមិ តាម​ឃុំ​ជាដើម»

លោក​បន្ត​ថា សព្វថ្ងៃ រដ្ឋាភិបាល​មាន​ធនាគារ​អភិវឌ្ឍ​ជនបទ មាន​តួនាទី​សម្របសម្រួល​លើ​រឿ​នេះ ប៉ុន្តែ​ធនាគារ​នេះ​ហាក់​មិន​មាន​ដំណើរ​ទូលំទូលាយ​នៅឡើយ រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ចំណែក​ប្រជាពលរដ្ឋ ជា​កសិករ​ភាគច្រើន ក៏​មិន​ស្គាល់ ឬ​មាន​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​នេះ​ដែរ៖ «ហើយ​ធនាគារ អភិវឌ្ឍ​ជនបទ​យើង​ឃើញ​តែមួយ​នៅ​ភ្នំពេញ ហើយ​មាន​ទុន​តិចតួច​ណាស់ ទើបតែ​ថ្ងៃមុន​ឃើញ​រដ្ឋាភិបាល​ទម្លាក់​ទុន ៥០​លាន​ដុល្លារ​បន្ថែម តាមពិត​គាត់​ត្រូវ​មាន​សាខា​គ្រប់​ស្រុក ទាំងអស់ នេះ​រឿង​មួយ​ខ្ញុំ​ឆ្ងល់​ហេតុអ្វី​គាត់​មិន​ព្រម​ពង្រីក​ឱ្យ​បាន​គ្រប​ខេត្ត​គ្រប់​ស្រុក»

លោក​ថា កសិករ​ខ្លះ​ចង់​ពង្រីក​មុខ​របរ ចង់​ឱ្យ​កូនចៅ មានការ​ងារ​ធ្វើ កាត់​បន្ថយ​ចំណាកស្រុក ក៏​ទៅ​ខ្ចី​លុយ​ពី​មីក្រូហិរញ្ញវត្ថុ​ឯកជន ដែល​មាន​ការប្រាក់​ថ្លៃ ក៏​ប្រឈម​មុខ​នឹង​ការខាតបង់ ផុងខ្លួន​គ្មាន​លុយ​សង​បំណុល ធ្វើ​ឱ្យ​វ័ណ្ឌក​ជំពាក់​គេ​ទាំង​ការ​ទាំង​ដើម។

អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​រឿង​នេះ​ដើម្បី​សុំ​ការ​ពន្យល់ និង​ឆ្លើយតប​ជុំវិញ​សំណើ​របស់​កសិករ និង​អ្នក​ជំនាញ​កសិកម្ម​បាន​នៅឡើយ​ទេ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ។

ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​នេះៗ លោក ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​ថវិកា ៥០​លាន​ដុល្លារ ដើម្បី​ប្រមូល​ការ​ទិញ​ស្រូវ​ពី​កសិករ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ។

ធនាគារ​អភិវឌ្ឍន៍​ជនបទ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ថា ធនាគារ​អភិវឌ្ឍន៍​ជនបទ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ដើមទុន បន្ថែម​ពី​រាជរដ្ឋាភិបាល​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​ប្រែក្លាយ​«​ធនាគារ​អភិវឌ្ឍន៍​ជនបទ​» ទៅជា « ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ដែល​មាន​ចំណាត់ថ្នាក់​ជា​ធនាគារ​ពាណិជ្ជ។ ហើយ​ថា ស្ថាប័ន​នេះ ចាប់​ផ្តើម​ប្រើប្រាស់​ថវិកា​នេះ សម្រាប់​បម្រើ​វិស័យ​កសិកម្ម ជាពិសេស​ប្រើប្រាស់​សម្រាប់​រក្សា​ស្ថិរភាព​ថ្លៃ និង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ហើយ​ស្តុក​ទុក​កិន​កែច្នៃ និង​នាំចេញ។ អ្នក​​ជំនាញ កសិកម្ម​ថា ទឹកប្រាក់​នេះ បានតែ​ទៅលើ​ឈ្មួញ​រកស៊ី​ធំៗ​ប៉ុណ្ណោះ ចំពោះ​កសិករ​តូចតាច​មិន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទឹកប្រាក់​នេះ​ឡើយ។

សម្ព័ន្ធ​សហគមន៍​កសិករ និង​អ្នក​ជំនាញ​កសិកម្ម លើកឡើង​ថា ការ​ទម្លាក់​ថវិកា​ចំនួន ៥០​លាន ដុល្លារ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​មាន​ចំនួន​តិច និង​យឺត​ពេល​ដែល​មិន​អាច​ធានា​តម្លៃ ស្រូវ​ឱ្យ​បាន​សមរម្យ​ឡើយ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC) លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ថវិកា ៥០​លាន​ដុល្លារ​នេះ​ គឺ​ផ្ដល់​ប្រយោជន៍​សម្រាប់​តែ​រោង​ម៉ាស៊ីនកិនស្រូវ ឬ​ក្រុម​អ្នក​ប្រមូល ទិញ​ស្រូវ​ប៉ុណ្ណោះ ប៉ុន្តែ​មិនបាន​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​កសិករ​នោះ​ទេ៖ «លទ្ធភាព​នេះ​គឺ​រដ្ឋាភិបាល គ្រាន់តែ ជួយ​សម្រួល​ដល់​អ្នក​រក​ស៊ី​ស្រូវ​អង្ករ​ជាពិសេស​រោង​ម៉ាស៊ីនកិនស្រូវ អាច​ខ្ចី​ទិញ​ស្រូវ​ស្តុក​ទុក ដើម្បី​កុំ​ឱ្យ​ស្រូវ​នេះ​មិន​មាន​អ្នកទិញ​តែប៉ុណ្ណោះ ប៉ុន្តែ​តម្លៃ​កម្រិត​ប៉ុណ្ណា​នោះ វា​អាស្រ័យ​លើ​ទីផ្សារ​អន្តរជាតិ»

អ្នក​ជំនាញ និង​សង្គម​ស៊ីវិល យល់​ថា ដើម្បី​ជួយ​ដល់​កសិករ​ឱ្យ​ទទួល​បាន​អត្ថប្រយោជន៍​ពិតប្រាកដ​នោះ លុះត្រាតែ​រដ្ឋាភិបាល ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​រៀបចំ និង​អនុវត្ត​គោល​នយោបាយ​គាំទ្រ​វិស័យ​កសិកម្ម​ឱ្យ​បាន​ច្បាស់លាស់ ដូចជា​ការ​គាំទ្រ​ទុន​ផលិត និង​គោលនយោបាយ​បញ្ចុះ​ថ្លៃដើម ត្រូវតែ អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព មិនមែន​មានតែ​នៅ​លើ​ក្រដាស ជាពិសេស​ពង្រឹង​ទីផ្សារ​ជាមួយ​សហគមន៍​អន្តរ ជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល