កសិករ និងអ្នកប្រកបរបរអាជីវកម្មតូចតាចត្អូញត្អែរ ពីការខ្វះខាតដើមទុនក្នុងការធ្វើអាជីវកម្មខ្នាតតូច ឬការប្រកបរបរផ្សេងៗ ក្នុងវិស័យកសិកម្ម។ អ្នកជំនាញកសិកម្ម និងកសិករ ចង់ឱ្យរដ្ឋាភិបាលបង្កើតធនាគារ ឬឥណទាន សម្រាប់ជួយទុនផលិត តាមរយៈការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដល់កសិករ ឬម្ចាស់អាជីវកម្មខ្នាតតូច ដើម្បីឱ្យពួកគេអាចធ្វើដំណើរការទៅមុខបាន។
ក្រៅពីបញ្ហាបច្ចេកទេស កសិករ នៅមានបញ្ហាធំ២ទៀត ដែលត្រូវប្រឈម គឺបញ្ហាទីផ្សារលក់កសិផល និងបញ្ហាដើមទុនផលិត។
កសិករម្នាក់ក្នុងចំណោមកសិករជាច្រើនទៀត នៅក្នុងស្រុកបវេល ខេត្តបាត់ដំបងលោក ឆេង វឿន មានប្រសាសន៍ថា កសិករចង់ឱ្យរដ្ឋាភិបាលបង្កើតធនាគារ ឬកម្មវិធីផ្ដល់ប្រាក់កម្ចី ដែលមានការប្រាក់ទាប ដើម្បីជួយដល់កសិករដែលមានគម្រោងអភិវឌ្ឍមុខរបបកសិកម្ម ជួយដល់សេដ្ឋកិច្ចគ្រួសារ និងចូលរួមដល់សេដ្ឋកិច្ចជាតិផងដែរ៖ «ពេលយកលុយយកកាក់ពីធនាគារមកធ្វើស្រែវាពិបាកនឹងទូទាត់ជាមួយធនាគារ ហើយមេឃ មិនអំណោយផលហ្នឹងវាពិបាកណាស់ បើសិនជាមានធនាគារណាមួយដែលអាចឱ្យប្រជាជនខ្ចីដោយមិនមានការប្រាក់ ឬការប្រាក់ទាបនោះប្រជាជនត្រេកអរណាស់ ហើយសំណូមពរដល់រដ្ឋាភិបាលឱ្យគិតគូរលើរឿងនេះដល់កសិករផង»។
ការស្នើឡើងបែបនេះ ដោយសារប្រជាកសិករក្នុងសហគមន៍ជាច្រើន មានគំនិតបង្កើតគម្រោងធ្វើអាជីវកម្មអ្វីមួយ ប៉ុន្តែគ្មានដើមទុន។
លោកបន្តថា សព្វថ្ងៃមានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលអ្នកស្រុកនិយមហៅថា កន្លែងខ្ចីលុយអង្គការនោះ មានច្រើនស្អេកស្កះ តែមានការប្រាក់ថ្លៃ ដែលមានចន្លោះពីជាង ១០ ទៅ១៥% ហើយត្រូវមានទ្រព្យកម្តស់ដូចជាប្លង់ដី ស្រែ ឬប្លង់ផ្ទះ ទើបគេអញ្ញាតឱ្យខ្ចី។
លោកថា ចំនួនការប្រាក់ថ្លៃនេះ ធ្វើឱ្យកសិករ ជួបហានិភ័យច្រើន នៅពេលការបង្កបង្កើនផលជួបបញ្ហាគ្រោះរាំងស្ងួត ទឹកជំនន់ ឬបញ្ហាផ្សេងៗ ងាយនឹងខាត់បង់រកប្រាក់សងធនាគារវិញមិនបាន៖ «ខ្ញុំធ្លាប់សាកល្បងខ្ចីលុយពីធនាគារ ជួលដីធ្វើស្រែដែរ ដល់ពេលជួបគ្រោះរាំងស្ងួតយើងខាត យើងរកអីសងគេអត់បាន ស្រូវក៏មិនបាន ហើយត្រូវសងថ្លៃការប្រាក់គេបណ្ដើរៗអ៊ីចឹងទៅ»។
ទាក់ទងបញ្ហានេះ លោក បណ្ឌិត យ៉ង សាំងកុមារ ជំនាញខាងកសិកម្ម ដែលបានតាមដានលើបញ្ហានេះយ៉ាងដិតដល់ សង្កេតឃើញថា សព្វថ្ងៃ នេះកម្ពុជា ពុំទាន់មានឥណទានកសិកម្ម ដែលជាកម្មវិធីជាតិនៅឡើយ។
លោកថា លោកក៏ចង់ឱ្យរដ្ឋាភិបាលបង្កើតកម្មវិធីឥណទានពិសេសសម្រាប់កសិកម្មដើម្បីជួយដល់ កសិករពង្រីកមុខរបររបស់ពួកគាត់ទៅតាមលទ្ធភាព និងតម្រូវការទីផ្សារ៖ «ហើយមួយទៀតរដ្ឋត្រូវមានថវិកា ទម្លាក់ទុន ធ្វើជាឥណទានកសិកម្មដែលមានការប្រាក់ទាបសម្រាប់ឱ្យកសិករតូចតាចយកទៅប្រើប្រាស់ក្នុងមុខរបរដូចជាធ្វើធារាសាស្ត្រ ហើយទុននេះធ្វើម៉េចឱ្យធ្លាក់ដល់មូលដ្ឋានតាមភូមិ តាមឃុំជាដើម»។
លោកបន្តថា សព្វថ្ងៃ រដ្ឋាភិបាលមានធនាគារអភិវឌ្ឍជនបទ មានតួនាទីសម្របសម្រួលលើរឿនេះ ប៉ុន្តែធនាគារនេះហាក់មិនមានដំណើរទូលំទូលាយនៅឡើយ រយៈពេលជាច្រើនឆ្នាំមកហើយ ចំណែកប្រជាពលរដ្ឋ ជាកសិករភាគច្រើន ក៏មិនស្គាល់ ឬមានទំនាក់ទំនងជាមួយស្ថាប័ននេះដែរ៖ «ហើយធនាគារ អភិវឌ្ឍជនបទយើងឃើញតែមួយនៅភ្នំពេញ ហើយមានទុនតិចតួចណាស់ ទើបតែថ្ងៃមុនឃើញរដ្ឋាភិបាលទម្លាក់ទុន ៥០លានដុល្លារបន្ថែម តាមពិតគាត់ត្រូវមានសាខាគ្រប់ស្រុក ទាំងអស់ នេះរឿងមួយខ្ញុំឆ្ងល់ហេតុអ្វីគាត់មិនព្រមពង្រីកឱ្យបានគ្របខេត្តគ្រប់ស្រុក»។
លោកថា កសិករខ្លះចង់ពង្រីកមុខរបរ ចង់ឱ្យកូនចៅ មានការងារធ្វើ កាត់បន្ថយចំណាកស្រុក ក៏ទៅខ្ចីលុយពីមីក្រូហិរញ្ញវត្ថុឯកជន ដែលមានការប្រាក់ថ្លៃ ក៏ប្រឈមមុខនឹងការខាតបង់ ផុងខ្លួនគ្មានលុយសងបំណុល ធ្វើឱ្យវ័ណ្ឌកជំពាក់គេទាំងការទាំងដើម។
អាស៊ីសេរី ពុំទាន់អាចទាក់ទងមន្ត្រីរដ្ឋាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធរឿងនេះដើម្បីសុំការពន្យល់ និងឆ្លើយតបជុំវិញសំណើរបស់កសិករ និងអ្នកជំនាញកសិកម្មបាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ។
ប៉ុន្តែកាលពីពេលថ្មីនេះៗ លោក ហ៊ុន សែន បានប្រកាសផ្ដល់ថវិកា ៥០លានដុល្លារ ដើម្បីប្រមូលការទិញស្រូវពីកសិករ ដើម្បីឆ្លើយតបនឹងបញ្ហាស្រូវធ្លាក់ថ្លៃ។
ធនាគារអភិវឌ្ឍន៍ជនបទ ចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ថា ធនាគារអភិវឌ្ឍន៍ជនបទ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលដើមទុន បន្ថែមពីរាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក ដើម្បីប្រែក្លាយ«ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា « ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ។ ហើយថា ស្ថាប័ននេះ ចាប់ផ្តើមប្រើប្រាស់ថវិកានេះ សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រើប្រាស់សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុកកិនកែច្នៃ និងនាំចេញ។ អ្នកជំនាញ កសិកម្មថា ទឹកប្រាក់នេះ បានតែទៅលើឈ្មួញរកស៊ីធំៗប៉ុណ្ណោះ ចំពោះកសិករតូចតាចមិនទទួលបានអត្ថប្រយោជន៍ពីទឹកប្រាក់នេះឡើយ។
សម្ព័ន្ធសហគមន៍កសិករ និងអ្នកជំនាញកសិកម្ម លើកឡើងថា ការទម្លាក់ថវិកាចំនួន ៥០លាន ដុល្លាររបស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅមានចំនួនតិច និងយឺតពេលដែលមិនអាចធានាតម្លៃ ស្រូវឱ្យបានសមរម្យឡើយ។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថា ការផ្ដល់ថវិកា ៥០លានដុល្លារនេះ គឺផ្ដល់ប្រយោជន៍សម្រាប់តែរោងម៉ាស៊ីនកិនស្រូវ ឬក្រុមអ្នកប្រមូល ទិញស្រូវប៉ុណ្ណោះ ប៉ុន្តែមិនបានផ្ដល់ផលប្រយោជន៍ច្រើនដល់កសិករនោះទេ៖ «លទ្ធភាពនេះគឺរដ្ឋាភិបាល គ្រាន់តែ ជួយសម្រួលដល់អ្នករកស៊ីស្រូវអង្ករជាពិសេសរោងម៉ាស៊ីនកិនស្រូវ អាចខ្ចីទិញស្រូវស្តុកទុក ដើម្បីកុំឱ្យស្រូវនេះមិនមានអ្នកទិញតែប៉ុណ្ណោះ ប៉ុន្តែតម្លៃកម្រិតប៉ុណ្ណានោះ វាអាស្រ័យលើទីផ្សារអន្តរជាតិ»។
អ្នកជំនាញ និងសង្គមស៊ីវិល យល់ថា ដើម្បីជួយដល់កសិករឱ្យទទួលបានអត្ថប្រយោជន៍ពិតប្រាកដនោះ លុះត្រាតែរដ្ឋាភិបាល ខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការរៀបចំ និងអនុវត្តគោលនយោបាយគាំទ្រវិស័យកសិកម្មឱ្យបានច្បាស់លាស់ ដូចជាការគាំទ្រទុនផលិត និងគោលនយោបាយបញ្ចុះថ្លៃដើម ត្រូវតែ អនុវត្តឱ្យមានប្រសិទ្ធភាព មិនមែនមានតែនៅលើក្រដាស ជាពិសេសពង្រឹងទីផ្សារជាមួយសហគមន៍អន្តរ ជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។