ពលករ​ខ្មែរ​មួយ​ចំនួន​កាក់កប​នឹង​របរ​លក់​បន្លែ​ក្នុង​ផ្សារ​នៅ​ប្រទេស​ថៃ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ

ដោយ ឡេង ម៉ាលី
2022.12.05
ពលករ​ខ្មែរ​មួយ​ចំនួន​កាក់កប​នឹង​របរ​លក់​បន្លែ​ក្នុង​ផ្សារ​នៅ​ប្រទេស​ថៃ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ (រូបឯកសារ) ទិដ្ឋភាព​តូប​លក់​បន្លែ និង​ផ្លែឈើ នៅ​ផ្សារ ក្បែរ​តំបន់​រ៉័ងស៊ីត (Rangsit) ខេត្ត​ប៉ាធុមថានី (Pathum Thani) ប្រទេសថៃ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ពលករ​ខ្មែរ​មួយ​ចំនួន ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​ថៃ រក​ចំណូល​បាន​គួរសម​ពី​មុខ​របរ​លក់ដូរ​បន្លែ​ក្នុង​ផ្សារ ដោយ​ទិញ​បន្លែ​ពី​កន្លែង​មួយ ទៅ​លក់​នៅ​កន្លែង​មួយ​ផ្សេង​ទៀត។ ពួកគាត់​ថា ជីវភាព​បាន​គ្រាន់​បើ​ជាង​មុន បន្ទាប់​ពី​ងាក​មក​ចាប់​មុខរបរ​ជួញដូរ​បន្លែ​នេះ គឺ​រក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​បាន​គ្រប់គ្រាន់។

ពលករ​ខ្មែរ​មួយ​ចំនួន ងាក​មក​លក់​ដូរ​បន្លែ​នៅ​ផ្សារ​ក្នុង​ប្រទេស​ថៃ បាន​ប្រាក់​ចំណូល​សមរម្យ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។ ពលករ​លក់​បន្លែ​មាន​ច្រើន​ប្រភេទ គឺ​អ្នកខ្លះ​ទទួល​ទិញ​នៅ​នឹង​កន្លែង​រួច​ដាក់​លក់​តែ​ម្ដង អ្នកខ្លះ​ជួយ​ទិញ​ឬ​លក់​ឲ្យ​ថៅកែ និង​អ្នកខ្លះ​ទៀត​ទិញ​ពី​តំបន់​មួយ នាំ​ទៅ​លក់​នៅ​តំបន់​មួយ​ផ្សេង​ទៀត។

ពលករ​ខ្មែរ​ម្នាក់ ដែល​លក់​បន្លែ​នៅ​ផ្សារ​មួយ​កន្លែង​ក្បែរ​វាល​យន្តហោះ​អន្តរជាតិ ដនមឿង (Don Mueang) លោក ខន សុឃឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី កាលពី​ព្រលប់​ថ្ងៃ​ទី៤ ខែ​ធ្នូ ថា ថ្ងៃ​ខ្លះ​លោក​អាច​រក​ចំណូល​ពី​ការ​លក់​បន្លែ​បាន ៣.០០០បាត​ក្នុង​មួយ​ថ្ងៃ ស្មើនឹង​ជិត​កៅសិប (៨៦,៤០)ដុល្លារ។ លោក​បន្ត​ថា ពីមុន​លោក​ជា​ពលករ​ស៊ីឈ្នួល​ជួយ​លក់ និង​ទិញ​បន្លែ​ឲ្យ​ថៅកែ​ថៃ ដោយ​ធ្វើការ​យូរ​ទៅ​លោក​ដឹង​ពី​វិធី​ជួញដូរ​បន្លែ ក៏​សម្រេច​ចិត្ត​ចេញ​មក​លក់​ខ្លួន​ឯង តែ​ថៅកែ​ថៃ​ជា​អ្នក​ឈរ​ឈ្មោះ​ជា​ម្ចាស់​តូប​លក់​បន្លែ។

លោក ខន សុឃឿន៖ «ត្រង់​ថា​បើសិនជា​យើង​លក់​មួយ​ភ្លែត​អ៊ីចឹង បើ​ថា​របស់​ប៉ិន មួយ​ភ្លែត​ជួនកាល​មួយ​ម៉ឺន ត្រឹម​រយៈពេល​តែ​បី​ម៉ោង​មួយ​ម៉ឺន ប្រាំ​ពាន់​ក៏​មាន ពីរ​ពាន់ ទៅ​តាម​របស់​ដែល​ថា​យើង​បាន​តិចៗ​អ៊ីចឹង​ច្រើន តែ​សំខាន់​លក់​របស់​ណា​អត់​មាន​ របស់​គេ​អត់​មាន​ហើយ យើង​លក់​គឺ​អត់​ចេញ​តែ​ម្ដង»

ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​ម្នាក់​ទៀត ដែល​ដឹក​បន្លែ​ដើរ​បោះ​ឲ្យ​ម៉ូយ​ក្នុង​ផ្សារ​ថៃ នៅ​ក្បែរ​ក្រុង​រ៉័ងស៊ីត ខេត្ត​ប៉ាធុមថានី (Pathum Thani) លោក ប៉ែន ប៊ុនថន ឲ្យដឹង​ថា លោក​រក​ចំណូល​ពី​ការ​ដឹក​បន្លែ​ដាក់​តាម​តូប​ក្នុង​ផ្សារ​បាន​ជា​មធ្យម ៤.០០០បាត ស្មើនឹង ១១៥,២០ដុល្លារ ក្នុង​មួយ​ថ្ងៃ។ លោក​បន្ត​ថា បើ​គិត​ប្រាក់​ចំណាយ​ប្រចាំ​ថ្ងៃ​រួច លោក​អាច​សន្សំ​បាន​ប្រហែល​ពាក់កណ្ដាល​នៃ​ប្រាក់​ចំណូល។ លោក​អះអាង​ថា នៅ​ក្នុង​ផ្សារ​ថៃ​នេះ មាន​អាជីវករ​ខ្មែរ​ជាង​ពីរ​រយ​នាក់ ដែល​ជា​អ្នក​ទិញ​ដូរ​បន្លែ ផ្លែឈើ ពោត ដំឡូង ល្ពៅ សណ្ដែក ដោយ​ខ្លួនឯង ប៉ុន្តែ​ត្រូវ​មាន​ថៅកែ​ថៃ​ធានា​ឲ្យ ដើម្បី​ងាយស្រួល​លក់ដូរ។

លោក ប៉ែន ប៊ុនថន៖ «អា​រឿង​លក់​ហ្នឹង​បើ​យើង​លក់​នៅ​ផ្សារ​ហ្នឹង យើង​ចង់​កើត​ថៅកែ​ខ្លួនឯង​ក៏​វា​កើត​បាន តែ​កុំ​ឲ្យ​តែ​គេ​(ប៉ូលិស)ដឹង។ ទាល់​យើង​មាន​ខ្នង​បង្អែក​ដូច​ថា​មាន​ថៃ គេ​ជា​អ្នក​ធានា​ពី​ក្រោយ​អ៊ីចឹង​ណា។ តែ​យើង​បើក​ចំហ​ថា យើង​ចេញ​មុខមាត់​ខ្លាំង​ពេក​អា​ហ្នឹង​គេ គេ​អាច​ចែង​យើង​បាន យើង​ធ្វើ​ យើង​ចេះតែ​អ៊ីចឹង​ធ្វើ​លាក់​លៀម​ដែរ​ហ្នឹង​ណា»

នៅ​ក្នុង​ផ្សារ​ថៃ​មួយ ដែល​ស្ថិត​នៅ​ជាយ​ទីក្រុង​បាងកក​នេះ មាន​អាជីវករ និង​ពលករ​ចម្រុះ​ជាតិ​សាសន៍ ដូចជា ឡាវ (Lao) ភូមា (Myanmar) ចិន (China) និង​កម្ពុជា។ ពួក​គេ​ទិញ​លក់​ទំនិញ​មាន​ទាំង​បន្លែ​ក្នុង​ស្រុក និង​បន្លែ​នាំ​មក​ពី​ក្រៅ​ស្រុក មាន​ជាអាទិ៍ បន្លែ​នាំ​ចូល​មក​ពី​ប្រទេស​ចិន (China) កូរ៉េ (Korea) វៀតណាម (Vietnam) និង​ផ្លែឈើ​ខ្លះ​នាំ​មក​ពី​ប្រទេស​ខ្មែរ មាន​ដូចជា ស្វាយ ទុរេន និង​មៀន ជាដើម ដែល​មាន​ដាក់​លក់​ហូរហែ​នៅ​ក្នុង​ផ្សារ​មួយ​នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សង់ត្រាល់ (Central) លោក មឿន តុលា លើក​ឡើង​ថា ច្បាប់​ប្រទេស​ថៃ​មិន​អាច​ឲ្យ​ពលករ​បរទេស​មក​ធ្វើ​អាជីវករ ឬ​អ្នកលក់​ដូរ​ដោយ​ខ្លួនឯង​ទេ តែ​បើ​មាន​ថៅកែ​ថៃ​ធានា​ឈរ​ឈ្មោះ​ជា​ម្ចាស់ ពលករ​បរទេស​អាច​លក់ដូរ​បាន។ លោក​បន្ត​ថា ថៃ​ទុក​អាទិភាព​ជា​ម្ចាស់​មុខរបរ​ផ្សេងៗ ឲ្យ​ពលរដ្ឋ​ថៃ ចំណែក​ពលរដ្ឋ​ខ្មែរ ឬ​បរទេស​បាន​ត្រឹម​សិទ្ធិ​ជា​ពលករ តែ​បើ​ជនបរទេស​ដែល​មាន​មុខ​ជំនួញ​ធំ អាច​ធ្វើ​ជា​ថៅកែ​បាន។

លោក មឿន តុលា៖ «គេ​អត់​បើក​ឲ្យ​ជន​បរទេស​ហ្នឹង​មាន​សិទ្ធិ​ធ្វើ​ស្វ័យ​និយោជន៍​ដូច​ខ្មែរ​យើង​ទេ។ ខ្មែរ​យើង យើង​ឲ្យ​ជន​បរទេស​អាច​ធ្វើ​ស្វ័យនិយោជន៍​បាន ដូចជា​ជនជាតិ​ចិន​អី​លក់​ចេក​អាំង​បាន លក់​ចេក​ចៀន​បាន​ណា ប៉ុន្តែ​ថៃ​អត់​ទេ​ថៃ គេ​អត់​អាច គេ​អត់​បើក គេ​អត់​អនុញ្ញាត​អ៊ីចឹង​ទេ។ ប៉ុន្តែ​លើកលែង​តែ​ជន​បរទេស​ដែល​មាន​ទុន​ធំៗ ម៉ង អា​ហ្នឹង​គេ​វិនិយោគ​មក​អា​ហ្នឹង​បាន អា​ហ្នឹង​ទើប​អាច»

របាយការណ៍​ក្រសួង​ការងារ​កម្ពុជា ឲ្យដឹង​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ការងារ​មាន​ប្រមាណ ១លាន ២សែន (.២០០.០០០) នាក់។ ប៉ុន្តែ​របាយការណ៍​អង្គការ​សង់ត្រាល់ (Central) ឲ្យដឹង​ថា មាន​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ និង​រស់នៅ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ ក្នុង​ប្រទេស​ថៃ​ជាង ២លាន (.០០០.០០០) នាក់៕

Rangsit_Market_092222_So_Saroeun.jpg
(រូបឯកសារ) ផ្សារបោះដុំបន្លែ និង​ផ្លែឈើ នៅ​តំបន់​រ៉័ងស៊ីត Rangsit Market ខេត្តប៉ាធុមថានី ប្រទេសថៃ កាល​ពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ រូបពីពលរដ្ឋ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។