ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​ប្រកប​របរ​លក់ដូរ​ត្រី​រក​ប្រាក់​ដោះស្រាយ​ជីវភាព

ដោយ ឡេង ម៉ាលី
2022.12.20
ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​ប្រកប​របរ​លក់ដូរ​ត្រី​រក​ប្រាក់​ដោះស្រាយ​ជីវភាព (រូបឯកសារ​តំណាង) រាន​លក់​បាយ​ម្ហូបអាហារ​ខ្មែរ នៅ​ខេត្តប៉ាថុមថានី ប្រទេសថៃ កាល​ពី​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០២២។
រូបពីពលរដ្ឋ

ពលករ​ខ្មែរ​មួយ​ចំនួន​ជា​អ្នក​ស៊ីឈ្នួល និង​ជា​អាជីវករ​លក់​ត្រី​នៅ​ផ្សារ​ថៃ ក្បែរ​មន្ទីរ​ពេទ្យ​ធម្មសាត (Thamasat Hospital) ខេត្ត​ប៉ាថុមថានី (Pathum Thani) ប្រទេស​ថៃ រក​ចំណូល​បាន​គួរ​សម​គ្រាន់​ដោះស្រាយ​ជីវភាព។ មន្ត្រី​សង្គម​ស៊ីវិល​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ មិន​អាច​ធ្វើ​ថៅកែ​ដោយ​ខ្លួនឯង​បាន​ទេ តែ​អាច​រក​ជនជាតិ​ថៃ​ឈរ​ឈ្មោះ​ជា​ថៅកែ​បាន ហើយ​ត្រូវ​បង់​ប្រាក់​ឲ្យ​ជនជាតិ​ថៃ តាម​កិច្ច​សន្យា​ដែល​ពួកគេ បាន​ព្រមព្រៀង​គ្នា។

ប្រជាពលករ​ខ្មែរ មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​ប្រទេស​ថៃ​យូរ​ជិត​ម្ភៃ​ឆ្នាំ ចេះ​ភាសា​ថៃ​អាច​ចរចា​គ្នា​បាន ក៏​ងាក​មក​ប្រកប​របរ​ជួញដូរ​ដោយខ្លួន​ឯង​ដូចជា លក់​បន្លែ លក់​ផ្លែឈើ លក់​បាយ​ម្ហូប ក្នុង​នោះ​មាន​ពលករ​មួយ​ចំនួន​ទិញ និង​លក់​ត្រី កាក់​កប​គួរសម ហើយ​មាន​ជីវភាព​ធូរធារ​ជាង​មុន និង​អាច​រក​ប្រាក់​សង​បំណុល​ធនាគារ និង​ផ្គត់ផ្គង់​កូន​រៀន​សូត្រ​បាន​គ្រប់គ្រាន់។

ពលករ​ខ្មែរ​ធ្វើការ​ក្នុង​ប្រទេស​ជាង​១០ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង លោក ផុន សាវុធ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅថ្ងៃទី១៩ ខែធ្នូ ថា ពី​មុន​លោក​ធ្វើការ​រោងចក្រ​ត្រីខ​កំប៉ុង និង​អាហារ​កែច្នៃ​ផ្សេងៗ​ទៀត តែ​បាន​ប្រាក់​ចំណូល​សម្រាប់​តែ​ចាយវាយ​មួយ​ខែ​ទល់​មួយ​ខែ​ប៉ុណ្ណោះ ពុំ​មាន​ប្រាក់​សល់​នោះ​ទេ។ លោក​បន្ត​ថា ឥឡូវ​លោក​ងាក​មក​ចាប់​របរ​ទិញ និង​លក់​ត្រី​នៅ​ផ្សារ​ថៃ ក្បែរ​មន្ទីរ​ពេទ្យ​ធម្មសាត (Thamasat Hospital) ខេត្ត​ប៉ាថុមថានី (Pathum Thani) អាច​រក​ប្រាក់​ចំណូល​បាន​គួរសម ហើយ​អាច​មាន​ប្រាក់​សន្សំ​ខ្លះ។ លោក​ថា លោក​អាច​រក​ប្រាក់​ចំណេញ​បាន​ជា​មធ្យម​ប្រាំពាន់(.០០០)បាត ស្មើនឹង​ប្រមាណ​មួយ​រយ​ហាសិប(១៤៧,០៥)ដុល្លារ ក្នុងមួយថ្ងៃ។ លោក​អះអាង​ថា ពលករ​ខ្លះ​ប្រកប​របរ​លក់​ត្រី រហូត​មាន​លុយ​ទិញឡាន​ទំនើប​ជិះ​ក៏​មាន​ដែរ។

លោក ផុន សាវុធ៖ «អូ! ច្រើន​ណាស់​បង​អើយ វា​ច្រើន​បង វា​ច្រើន​មែនទែន​ហ្នឹង ច្រើន​ណាស់​សុទ្ធតែ​ខ្មែរ​យើង រាល់​ថ្ងៃ កន្លែង​លក់​ត្រី​លក់​អី​ហ្នឹង​សុទ្ធតែ​ខ្មែរ​បណ្ដោយ។ ពួកគេ​កន្លែង​អ្នក​លក់​ហ្នឹង​ឲ្យ​ថៅកែ​ឈរ​ឈ្មោះ​ទៅ ហើយ​យើង​លក់​សុទ្ធ​គេ​យក​ចំណេញ​ពី​យើង​មួយ​គីឡូ​ពីរ​បី​បាត​អ៊ីចឹង​ទៅ យើង​លក់​ឲ្យ​គេ​ត​ចំណេញ​ពីរ​បី​បាត​ដែរ​ទៅ​ណា ហ្នឹង​ហើយ។ អូ! អ្នក​គេ​រក​បាន រក​បាន​ណាស់​នៅ​នេះ ទិញ​ឡាន​ជិះ​ទំនើប​ៗ​ណាស់ បាទ! ព្រោះ​អ្នក​គេ​រក​បាន​រក​បាន​ណាស់»

នៅ​ផ្សារ​ដែល​ពលករ​ខ្មែរ​លក់​ត្រី​នេះ​ជា​ផ្សារ​ធំ​មួយ​របស់​ថៃ ស្ថិត​ក្នុង​ខេត្ត​ប៉ាថុមថានី (Pathum Thani) ហើយ​ការ​នាំ​ចូល​ត្រី ទាំង​ទឹក​សាប និង​ទឹក​ប្រៃ​មាន​ចំនួន​រាប់​តោន​ក្នុង​មួយ​ថ្ងៃ។ ក្រៅ​ពី​ត្រី​ក៏​មាន​បង្គា បង្កង មឹក ខ្យង ក្ដាម សាច់​មាន់ សាច់​ទា សាច់​ជ្រូក សាច់​គោ ដែល​មាន​អាជីវករ​ខ្មែរ​លក់ដូរ​ដោយខ្លួន​ឯង​ខ្លះ ស៊ីឈ្នួល​លក់​ឲ្យ​ថៅកែ​ថៃ​ខ្លះ មាន​ប្រមាណ​ប្រាំ​រយ(៥០០)នាក់។

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​ម្នាក់​ទៀត ដែល​លក់​ត្រី​នៅ​ផ្សារ​ថៃ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង លោក ច័ន្ទ សាយណ្ហ ប្រាប់​ថា លោក​មក​ធ្វើការ និង​រស់នៅ​ប្រទេស​ថៃ ជិត២០ឆ្នាំ​ហើយ មិន​ដែល​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ។ លោក​បន្ត​ថា លោក​ធ្លាប់​ធ្វើការ​សំណង់ និង​ធ្វើការ​តាម​កំពង់ផែ​ជា​អ្នក​លើក​ដាក់​ត្រី តែ​ឥឡូវ​លោក​ងាក​មក​ជួយ​លក់​ត្រី​នៅ​ផ្សារ​រក​ប្រាក់​កម្រៃ​បាន​ខ្លះ សម្រាប់​ដោះស្រាយ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​លោក​ថា ការងារ​នេះ​នឿយហត់​បន្តិច ព្រោះ​លោក​ត្រូវ​ក្រោក​ពី​ម៉ោង១២យប់ ហើយ​សម្រាក​ការងារ​នៅ​ម៉ោង៣រសៀល។ លោក​បន្ថែម​ថា លោក​អាច​លក់​ត្រី​រក​ចំណូល​បាន​ប្រហែល​ពីរ​ពាន់(.០០០)បាត ស្មើនឹង​ជាង៥០(៥៨,៨២)ដុល្លារ ក្នុង​មួយ​ថ្ងៃ ដែល​អាច​ឲ្យ​លោក​មាន​ជីវភាព​សមរម្យ។

លោក ច័ន្ទ សាយណ្ហ៖ «ខ្ញុំ​ធ្វើការ​ឲ្យ​គេ​បង ខ្ញុំ​ធ្វើ​តាម​ផែ​ត្រី​លក់​ត្រី​លក់​អី​ច្រើន​ណាស់​បង​អើយ រាប់​ម៉ឺន​ណា​បង រាប់​ម៉ឺន​តាឡាត​ថៃ(ផ្សារ​ថៃ)ច្រើន​សុទ្ធតែ​ខ្មែរ​ហើយ​និង​ភូមា​ច្រើន អត់​ទេ​បង​នៅ​ពេល​នេះ មិន​មាន​ផង​បង​គេ​ធ្វើ​មួយ​ថ្ងៃ​បើក​មួយ​ថ្ងៃ​បង»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​ស្ថានទូត​កម្ពុជា​ផ្នែក​ពលករ​ប្រចាំ​ប្រទេស​ថៃ​បាន​ទេ នៅថ្ងៃទី១៩ ខែធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​ដែរ មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស អង្គការ​សង់ត្រាល់ លោក លឹង សុផុន លើកឡើង​ថា ពលករ​ខ្មែរ ដែល​ធ្វើការ​ក្នុង​ប្រទេស​ថៃ ហើយ​មាន​បំណង​ចង់​លក់ដូរ​ដោយ​ខ្លួនឯង ត្រូវ​រក​ជនជាតិ​ថៃ ឈរ​ឈ្មោះ​ឲ្យ​ទើប​ស្រប​ច្បាប់​ថៃ។ លោក​បន្ត​ថា បើ​ពលករ​ខ្មែរ​លក់ដូរ ដែល​ធ្វើ​ថៅកែ​ខ្លួនឯង អាច​រក​ចំណូល​បាន​គ្រាន់បើ​ដែរ តែ​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​របស់​អាជ្ញាធរ​ថៃ ព្រោះ​ជន​បរទេស​នៅ​ថៃ​មិន​អាច​ប្រកប​អាជីវកម្ម​បែប​នេះ​ដោយ​ខ្លួនឯង​បាន​ទេ។

លោក លឹង សុផុន៖ «តាម​ហាង​លក់​បាយ​អ៊ីចឹង​ណា ឬក៏​លក់​អី​ផ្សេងៗ​ដូចជា​លក់​ត្រី​ដូចជា​លក់​សាច់​លក់​អី​ហ្នឹង គឺ​ត្រូវតែ​ជា​ពលករ​គាត់​មិន​អាច​ធ្វើ​ជា​ថៅកែ​ផ្ទាល់​ខ្លួន​បាន​ទេ។ អា​ហ្នឹង​តាម​ច្បាប់​ដែល​បាន​កំណត់​មក​ណា​បាទ។ បើសិនជា​គាត់​ធ្វើការ​បែប​ហ្នឹង​គួរ​ណា​តែ​មាន​ថៅកែ បើ​អ្នក​ធ្វើ​ថៅកែ​អ្នក​រ៉ាប់រង​ដែល​ចេញ​ឯកសារ​ឲ្យ ត​វីសា​ឲ្យ​អ្នក​ដែល​ចេញ​លិខិត​ធ្វើការ​ឲ្យ​អ៊ីចឹង​ណា​បង ហើយ​បើសិនជា​គាត់​ធ្វើ​ខ្លួនឯង​អា​ហ្នឹង​ផ្ទុយ​ពី​ច្បាប់»

ពលករ​ខ្មែរ ដែល​ធ្វើការ​នៅ​ផ្សារ​ថៃ​មួយ​នេះ មាន​ប្រមាណ​មួយម៉ឺន(១០.០០០)នាក់ ហើយ​ពួកគាត់​ធ្វើការ​ផ្នែក​ផ្សេងៗ​គ្នា មាន​ដូចជា អ្នក​លក់​ត្រី អ្នកលក់​សាច់ កម្មករ​លើកដាក់​បន្លែ ផ្លែឈើ អ្នកលក់​បន្លែ អ្នកលក់​ផ្លែឈើ ពោត សណ្ដែកដី ល្ពៅ ដំឡូង ជាដើម និង​មាន​ពលករ​ខ្មែរ​ខ្លះ​លក់​នំចំណី ម្ហូបអាហារ​ខ្មែរ ដោយ​ខ្លួនឯង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។