កសិករ​មួយចំនួន​ត្អូញត្អែរ​ពី​តម្លៃ​កសិផល​នៅ​តែ​ធ្លាក់ចុះ

ដោយ នៅ វណ្ណារិន
2024.02.19
កសិករ​មួយចំនួន​ត្អូញត្អែរ​ពី​តម្លៃ​កសិផល​នៅ​តែ​ធ្លាក់ចុះ ស្ពៃក្រញាញ់​​របស់កសិករ​នៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែ​កុម្ភៈ ២០២៤។
រូប៖ លោក ជឿន ទិត្យា

ប្រជាកសិករ និង​អ្នកជំនាញ​កសិកម្ម​ត្អូញត្អែរ​ថា តម្លៃ​កសិផល​ក្នុង​ស្រុក នៅតែ​គ្មាន​ទីផ្សារ និង​បន្ត​ធ្លាក់​ថ្លៃ នាំ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​បង្កបង្កើនផល និង​ជីវភាព​ពួកគាត់​កាន់តែ​ខ្លាំង។ កសិករ លើកឡើង​ថា ប្រសិនបើ​បញ្ហា​នេះ នៅតែ​បន្ត​ពួកគេ​អាច​នឹង​បោះបង់​មុខរបរ​នេះ និង​ធ្វើ​ចំណាក​ស្រុក​ជាក់​ជា​មិន​ខាន។

នៅ​តាម​ចម្ការ និង​កសិដ្ឋាន​ដាំ​បន្លែ​របស់​ពលរដ្ឋ​មួយ​ចំនួន គេ​ឃើញ​ស្ពៃ ត្រសក់ ត្រឡាច នៅ​សេសសល់​ពេញ​ចម្ការ បើ​ទោះ​បី​ជា​ដល់ពេល​ប្រមូល​ផល នៅ​ចំ​រដូវ​កាលដែល​សម្បូរ​កម្មវិធី​បុណ្យទាន និង​កម្មវិធី​រៀបការ​ក៏ដោយ។ កសិករ​លើកឡើង​ថា រដូវ​កាល​កម្មវិធី​នេះ មិនមែន​ជា​ពេល​ដែល​ធ្វើ​ឱ្យ​ពួកគាត់ អាច​លក់​កសិផល​បាន​ច្រើន និង​មានតម្លៃ​នោះ​ទេ ប៉ុន្តែ​គឺជា​ឱកាស​មាស របស់​ឈ្មួញ​អ្នក​នាំចូល​សាច់​បង្កក បន្លែ និង​ផ្លែឈើ​ពី​ក្រៅ​ស្រុក សម្រាប់​ផ្គត់ផ្គង់​កម្មវិធី​ទៅវិញ​ទេ។

កសិករ​នៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង លោក ប៉ុន របាំង ថ្លែង​ថា នៅ​រដូវ​នេះ លោក​ដាំ​ដំណាំ​ចម្រុះ មាន​ដូចជា ដើម​ខ្ទឹម ស្ពៃ និង​ត្រសក់ ប៉ុន្តែ​គ្មាន​មួយ​មុខ​ណា​លក់​បាន​តម្លៃ​សមរម្យ​ឡើយ។ លោក​លើកឡើង​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​រដ្ឋាភិបាល បណ្ដោយ​ឱ្យ​ឈ្មួញ​នាំចូល​បន្លែ​ផ្លែឈើ​គ្រប់​ប្រភេទ ពី​ក្រៅប្រទេស​វាយលុក​ចូល​មក​លើស​ពី​តម្រូវការ ដែល​ធ្វើ​ឱ្យ​កសិផល​ក្នុងស្រុក​ចាល់ និង​ចុះថោក​ខ្លាំង។

លោក ប៉ុន របាំង៖ «សូម​ឱ្យ​ជនជាតិ​ខ្មែរ​ផ្ដល់​ជាតិនិយម​។ បើ​អីវ៉ាន់​ខ្មែរ​ធ្លាក់​ស្មើនឹង​អីវ៉ាន់​បរទេស អ៊ីចឹង​សូម​ឱ្យ​គាត់​ជ្រើសរើស​អីវ៉ាន់​ខ្មែរ។ ហើយ​មួយទៀត​សូម​ឱ្យ​រដ្ឋាភិបាល​នៅ​ពេល​ដែល​អីវ៉ាន់​ធ្លាក់ នៅ​ពេល​ដែល​អីវ៉ាន់​អ្នកចម្ការ​ធ្លាក់​ដល់​តម្លៃ ១​ពាន់​រៀល អ៊ីចឹង​គាត់​ផ្អាក ការ​នាំ​ចូល​ទៅ ពី​ព្រោះ​អី​តម្លៃ​មួយ​ពាន់ អ្នកចម្ការ​អត់​សូវ​ចំណេញ​ទេ»

ធ្ងន់ធ្ងរ​ជាង​នេះ កសិករ​មួយ​ចំនួន​បាន​ជួប​បញ្ហា​ទុក្ខ​ជាន់​លើ​ទុក្ខ ដោយសារតែ​កសិផល​លក់​បាន​ថោក​ហើយ ថែម​ទាំង​គ្មាន​ទីផ្សារ​ទៅ​ទៀត។ ពួកគាត់​ថត​បន្លែ​បង្ហោះ​លក់​ឡាយឡុង​តាម​អនឡាញ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​បាន​ដើមទុន​មក​វិញ​ខ្លះ ជាជាង​ភ្ជួរ​ចោល ឬ​យក​ធ្វើ​ជា​ចំណី​គោ។

ករណី​នេះ​កើត​មាន​លើ​កសិករ​ដាំ​ស្ពៃ​ក្រញាញ់ នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ជឿន ទិត្យា។ លោក​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តម្លៃ​ស្ពៃក្រញាញ់​បច្ចុប្បន្ន ធ្លាក់​ចុះ​សល់​តែ ៧​រយ​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ដែល​តម្លៃ​នេះ ធ្វើ​ឱ្យ​លោក​ខាត​ចុង​ខាត​ដើម។ លោក​បន្ត​ថា តម្លៃ​ស្ពៃ​ក្រញាញ់ ចុះថោក​ប៉ុណ្ណឹង​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ទីផ្សារ​លក់​ចេញ ដែល​ធ្វើ​ឱ្យ​លោក​ប្រឈម​នឹង​បញ្ហា​ពីរ ក្នុង​ពេល​តែមួយ។ លោក​បញ្ជាក់​ថា កត្តា​នេះ​បណ្ដាល​មក​ពី​ឈ្មួញ​កណ្ដាល និង​អ្នក​បរិភោគ​ឱ្យ​តម្លៃ​របស់​នាំចូល ជាង​របស់​ក្នុង​ស្រុក។

លោក ជឿន ទិត្យា៖ «យើង​អាច​និយាយ​បាន​ថា វា​ខុសគ្នា​ហើយ បាន​គាត់​ប្រើ។ ប៉ុន្តែ​ឱ្យ​គាត់​យល់​ថា យើង​ជួយ​ខ្មែរ​យើង​ទៅ វា​ធ្វើ​ឱ្យ​ខ្មែរ​យើង​មាន​ការងារ​ធ្វើ​ច្រើន កុំឱ្យ​ចំណាក​ស្រុក​ចេញ​ក្រៅ​ច្រើន»

បញ្ហា​តម្លៃ និង​ទីផ្សារ កសិផល មិនមែន​កើត​តែ​ទៅលើ​បន្លែ​ផ្លែឈើ​នោះ​ទេ ពោល​គឺ​សាច់​សត្វ​គ្រប់​ប្រភេទ​ដូចជា គោ ជ្រូក មាន់​ទា ក៏​មិនអាច​ប្រកួតប្រជែង​ជាមួយ​សាច់សត្វ​បង្កក ដែល​ឈ្មួញ​នាំចូល​ដោយ​ស្របច្បាប់ និង​ខុសច្បាប់ ទាំង​ឡាន​កុងតឺន័រ​រាប់ពាន់​តោន បាន​នោះ​ឡើយ។

បន្លែ២.jpg
កសិករប្រមូលផលស្ពៃក្រញាញ់​នៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែ​កុម្ភៈ ២០២៤។ រូប៖ លោក ជឿន ទិត្យា

ប្រធាន​សហគមន៍​បណ្ដាញ​អ្នក​ចិញ្ចឹមសត្វ លោក ជួប វិបុល សង្កេត​ឃើញ​ថា តាំង​ពី​ថ្ងៃ​ចូលឆ្នាំ​ចិន នៅ​ដើមខែ​កុម្ភៈ មក​ការ​បញ្ជាទិញ​ពី​កសិករ​ក្នុងស្រុក​ហាក់​នៅ​នឹង​ថ្កល់​ដដែល ទោះបីជា​កាលនោះ មាន​តម្រូវការ​សាច់​ជ្រូក​ច្រើន​ក៏​ដោយ។ លោក​ប្រាប់​ថា តាមរយៈ​ការ​ចុះ​ទៅ​ដល់ទី​តាំងធ្វើ​ម្ហូប នៅ​តាម​ភោជនីយដ្ឋាន កន្លែង​លក់​ម្ហូបអាហារ និង​នៅ​តាម​កម្មវិធី​បុណ្យទាន ឬ​កម្មវិធី​មង្គលការ​មួយចំនួន លោក​សង្កេត​ឃើញ​ថា អ្នកគ្រប់គ្រង​ផ្នែក​ចុងភៅ​ម្ហូបអាហារ សុទ្ធសឹងតែ​ប្រើប្រាស់​សាច់​បង្កក​នាំចូល ដែល​មាន​តម្លៃថោក​ដើម្បី​ប្រើប្រាស់​ក្នុង​កម្មវិធី។

លោក ជួប វិបុល៖ «ដើម្បី​អាច​ទប់ស្កាត់​បទល្មើស​បាន លុះត្រាតែ​អ្នកកាន់អំណាច​អនុវត្ត​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ​ទីមួយ​។ ទីពីរ ទាក់ទង​ជាមួយនឹង​ការ​លុប​បំបាត់​អំពើពុករលួយ​របស់​មន្ត្រី ហ្នឹង​ក៏​ជា​រឿង​សំខាន់​។ ទី​បី គឺ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​សុខភាព។ បើ​គាត់​(​រដ្ឋាភិបាល​) អាច​ធ្វើ​បី​ហ្នឹង​បាន ចរន្ត​នៃ​ការ​ថយ​ចុះ​នៃ​ការ​នាំ​ចូល គឺ​វា​ថយ​ហើយ​។ ប៉ុន្តែ​ដោយឡែក​ដូច​មកដល់​សព្វថ្ងៃ​នេះ ការ​នាំ​ចូល ហើយ​និង​បញ្ហា​ប្រឈម​ទាំង​បី គឺ​នៅ​មិន​ទាន់​មាន​វិធានការ​នៅឡើយ​ទេ»

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា ក​.​ប​.​ប លោក ផាន អូន និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ។

កាលពី​ថ្ងៃទី​១២ ខែ​មករា ក្រសួង​កសិកម្ម និង​ក្រសួង​ពាណិជ្ជកម្ម បាន​សម្រេច​ឱ្យ​ផ្អាក​ការ​នាំ​ចូល គ្រឿងក្នុង និង​បំណែក​សាច់​បង្កក ចំនួន​៨​មុខ បណ្ដោះអាសន្ន ក្នុង​រយៈពេល​៦​ខែ ដោយសារ​ការ​ស្តុក​ទុក និង​បង្កក​មិន​អនុលោម​តាម​បទដ្ឋាន​ភាព​អនាម័យ។ ទន្ទឹម​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុង​ពិធី​បូកសរុប​ការងារ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី៣០ ខែ​មករា បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​រៀបចំ​ប្រព័ន្ធ​បង្កក​គ្រឿងក្នុង​សាច់សត្វ ក្នុង​ពេល​ដែល​កម្ពុជា​ហាមឃាត់​ការ​នាំចូល​គ្រឿង​ក្នុង និង​បំណែក​មួយចំនួន​របស់​សត្វ​ផង​ដែរ។

ក្រុមប្រឹក្សាភិបាល របស់​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា លោក ឌី គន្ធា យល់​ឃើញ​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​កសិផល​ក្នុងស្រុក បាត់បង់​តម្លៃ និង​លំនឹង​លើ​ទីផ្សារ គឺ​បណ្ដាល​មក​ពី​កត្តា​អ្នក​ផលិត ឈ្មួញកណ្ដាល អ្នក​បរិភោគ និង​ការ​នាំចូល។ លោក​ជំរុញ​ឱ្យ​កសិករ​គួរ​សិក្សា​ពី​តម្រូវការ​ទីផ្សារ និង​តម្លៃ​ឱ្យ​បាន​ច្បាស់លាស់ មុននឹង​ដាំ​ដំណាំ​អ្វីមួយ ចំណែក​អ្នក​បរិភោគ គួរ​ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ដែល​មាន​ស្រាប់ ជាជាង​ទិញ​របស់​នាំចូល ដែល​ស្មើ​នឹង​ការ​ជួយ​ដល់​កសិករ​ប្រទេស​ដទៃ​ដោយ​មិន​ដឹង​ខ្លួន។

លោក ឌី គន្ធា៖ «ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ក៏​គួរតែ​ធ្វើការ​ទប់ស្កាត់​នូវ​ការ​ហូរ​ចូល នៅ​ផលិតផល​កសិកម្ម​មាន​ដូចជា បន្លែ ផ្លែឈើ អាហារ​កែច្នៃ សាច់​បង្កក និង​ភេសជ្ជៈ ដែល​មាន​សារធាតុ​គីមី ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស ក៏ដូចជា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ឆ្នាំងបាយ​របស់​ប្រជាកសិករ​ខ្មែរ​តូចតាច​រាប់​លាន​គ្រួសារ នៅ​ក្នុង​ប្រទេស​ផង​ដែរ»

របាយការណ៍​ក្រសួង​កសិកម្ម ឱ្យ​ដឹង​ថា កម្ពុជា​មាន​តម្រូវការ​បន្លែ​ក្នុងស្រុក​ប្រចាំឆ្នាំ​ប្រមាណ ១​លាន​តោន ខណៈ​ការផលិត​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​ប្រមាណ ៧៥​ម៉ឺន​តោន​ប៉ុណ្ណោះ។ ក្រសួង​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ​បន្ថែម​ទៀត​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការ​នាំ​ចូល។ ដោយឡែក ចំពោះ​ផលិតកម្ម​សត្វ​ក្នុង​ស្រុក កម្ពុជា​អាច​ផ្គត់ផ្គង់​សាច់​បាន​ប្រមាណ ជាង ៣​រយ​ពាន់​តោន​(៣២០) ស្មើនឹង ៩៨​ភាគរយ នៃ​តម្រូវ​ការ​សរុប ហើយ​បរិមាណ​សាច់​ដែល​ខ្វះខាត ត្រូវ​នាំចូល​ពី​បរទេស។

បន្លែ១.jpg
កសិករប្រមូលផលស្ពៃក្រញាញ់​នៅស្រុកត្រាំកក់ ខេត្តតាកែវ យកទៅលក់នៅផ្សារ កាលពីថ្ងៃទី១៩ ខែ​កុម្ភៈ ២០២៤។ រូប៖ លោក ជឿន ទិត្យា

ប៉ុន្តែ​កសិករ​លើកឡើង​ថា បរិមាណ​បន្លែ ផ្លែឈើ និង​ត្រី​សាច់ ដែល​នាំចូល​ពី​ក្រៅប្រទេស អាច​មាន​ចំនួន​ច្រើន​ជាង​នេះ ហើយ​ទំនង​ជា​ក្រសួង​កសិកម្ម មិន​បាន​រាប់​បញ្ចូល​ការ​នាំចូល​ខុសច្បាប់​ឡើយ។

កសិករ និង​អ្នកជំនាញ​កសិកម្ម ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​គោល​នយោបាយ ដើម្បី​ពង្រីក​ផលិតកម្ម កសិកម្ម ឱ្យ​បាន​គ្រប់​តាម​តម្រូវការ​ក្នុង​ស្រុក ចៀសវាង​ការ​បើក​ឱ្យ​កសិផល​ពី​ក្រៅប្រទេស​វាយ​លុក​ទីផ្សារ​ក្នុង​ស្រុក។ ពួកគាត់​ក៏​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​បរិភោគ​ឱ្យ​ងាក​មក​ទិញ បន្លែ​ផ្លែឈើ ត្រី​សាច់ ក្នុង​ស្រុក ដើម្បី​ជួយ​ដល់​កសិករ​ខ្មែរ និង​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។