ប្រជាកសិករ និងអ្នកជំនាញកសិកម្មត្អូញត្អែរថា តម្លៃកសិផលក្នុងស្រុក នៅតែគ្មានទីផ្សារ និងបន្តធ្លាក់ថ្លៃ នាំឱ្យប៉ះពាល់ដល់លទ្ធភាពនៃការបង្កបង្កើនផល និងជីវភាពពួកគាត់កាន់តែខ្លាំង។ កសិករ លើកឡើងថា ប្រសិនបើបញ្ហានេះ នៅតែបន្តពួកគេអាចនឹងបោះបង់មុខរបរនេះ និងធ្វើចំណាកស្រុកជាក់ជាមិនខាន។
នៅតាមចម្ការ និងកសិដ្ឋានដាំបន្លែរបស់ពលរដ្ឋមួយចំនួន គេឃើញស្ពៃ ត្រសក់ ត្រឡាច នៅសេសសល់ពេញចម្ការ បើទោះបីជាដល់ពេលប្រមូលផល នៅចំរដូវកាលដែលសម្បូរកម្មវិធីបុណ្យទាន និងកម្មវិធីរៀបការក៏ដោយ។ កសិករលើកឡើងថា រដូវកាលកម្មវិធីនេះ មិនមែនជាពេលដែលធ្វើឱ្យពួកគាត់ អាចលក់កសិផលបានច្រើន និងមានតម្លៃនោះទេ ប៉ុន្តែគឺជាឱកាសមាស របស់ឈ្មួញអ្នកនាំចូលសាច់បង្កក បន្លែ និងផ្លែឈើពីក្រៅស្រុក សម្រាប់ផ្គត់ផ្គង់កម្មវិធីទៅវិញទេ។
កសិករនៅ ស្រុកសំឡូត ខេត្តបាត់ដំបង លោក ប៉ុន របាំង ថ្លែងថា នៅរដូវនេះ លោកដាំដំណាំចម្រុះ មានដូចជា ដើមខ្ទឹម ស្ពៃ និងត្រសក់ ប៉ុន្តែគ្មានមួយមុខណាលក់បានតម្លៃសមរម្យឡើយ។ លោកលើកឡើងថា បញ្ហានេះបណ្ដាលមកពីរដ្ឋាភិបាល បណ្ដោយឱ្យឈ្មួញនាំចូលបន្លែផ្លែឈើគ្រប់ប្រភេទ ពីក្រៅប្រទេសវាយលុកចូលមកលើសពីតម្រូវការ ដែលធ្វើឱ្យកសិផលក្នុងស្រុកចាល់ និងចុះថោកខ្លាំង។
លោក ប៉ុន របាំង៖ «សូមឱ្យជនជាតិខ្មែរផ្ដល់ជាតិនិយម។ បើអីវ៉ាន់ខ្មែរធ្លាក់ស្មើនឹងអីវ៉ាន់បរទេស អ៊ីចឹងសូមឱ្យគាត់ជ្រើសរើសអីវ៉ាន់ខ្មែរ។ ហើយមួយទៀតសូមឱ្យរដ្ឋាភិបាលនៅពេលដែលអីវ៉ាន់ធ្លាក់ នៅពេលដែលអីវ៉ាន់អ្នកចម្ការធ្លាក់ដល់តម្លៃ ១ពាន់រៀល អ៊ីចឹងគាត់ផ្អាក ការនាំចូលទៅ ពីព្រោះអីតម្លៃមួយពាន់ អ្នកចម្ការអត់សូវចំណេញទេ»។
ធ្ងន់ធ្ងរជាងនេះ កសិករមួយចំនួនបានជួបបញ្ហាទុក្ខជាន់លើទុក្ខ ដោយសារតែកសិផលលក់បានថោកហើយ ថែមទាំងគ្មានទីផ្សារទៅទៀត។ ពួកគាត់ថតបន្លែបង្ហោះលក់ឡាយឡុងតាមអនឡាញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីបានដើមទុនមកវិញខ្លះ ជាជាងភ្ជួរចោល ឬយកធ្វើជាចំណីគោ។
ករណីនេះកើតមានលើកសិករដាំស្ពៃក្រញាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ លោក ជឿន ទិត្យា។ លោកប្រាប់វិទ្យុអាស៊ីសេរីថា តម្លៃស្ពៃក្រញាញ់បច្ចុប្បន្ន ធ្លាក់ចុះសល់តែ ៧រយរៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដែលតម្លៃនេះ ធ្វើឱ្យលោកខាតចុងខាតដើម។ លោកបន្តថា តម្លៃស្ពៃក្រញាញ់ ចុះថោកប៉ុណ្ណឹងហើយ ប៉ុន្តែនៅតែគ្មានទីផ្សារលក់ចេញ ដែលធ្វើឱ្យលោកប្រឈមនឹងបញ្ហាពីរ ក្នុងពេលតែមួយ។ លោកបញ្ជាក់ថា កត្តានេះបណ្ដាលមកពីឈ្មួញកណ្ដាល និងអ្នកបរិភោគឱ្យតម្លៃរបស់នាំចូល ជាងរបស់ក្នុងស្រុក។
លោក ជឿន ទិត្យា៖ «យើងអាចនិយាយបានថា វាខុសគ្នាហើយ បានគាត់ប្រើ។ ប៉ុន្តែឱ្យគាត់យល់ថា យើងជួយខ្មែរយើងទៅ វាធ្វើឱ្យខ្មែរយើងមានការងារធ្វើច្រើន កុំឱ្យចំណាកស្រុកចេញក្រៅច្រើន»។
បញ្ហាតម្លៃ និងទីផ្សារ កសិផល មិនមែនកើតតែទៅលើបន្លែផ្លែឈើនោះទេ ពោលគឺសាច់សត្វគ្រប់ប្រភេទដូចជា គោ ជ្រូក មាន់ទា ក៏មិនអាចប្រកួតប្រជែងជាមួយសាច់សត្វបង្កក ដែលឈ្មួញនាំចូលដោយស្របច្បាប់ និងខុសច្បាប់ ទាំងឡានកុងតឺន័ររាប់ពាន់តោន បាននោះឡើយ។

ប្រធានសហគមន៍បណ្ដាញអ្នកចិញ្ចឹមសត្វ លោក ជួប វិបុល សង្កេតឃើញថា តាំងពីថ្ងៃចូលឆ្នាំចិន នៅដើមខែកុម្ភៈ មកការបញ្ជាទិញពីកសិករក្នុងស្រុកហាក់នៅនឹងថ្កល់ដដែល ទោះបីជាកាលនោះ មានតម្រូវការសាច់ជ្រូកច្រើនក៏ដោយ។ លោកប្រាប់ថា តាមរយៈការចុះទៅដល់ទីតាំងធ្វើម្ហូប នៅតាមភោជនីយដ្ឋាន កន្លែងលក់ម្ហូបអាហារ និងនៅតាមកម្មវិធីបុណ្យទាន ឬកម្មវិធីមង្គលការមួយចំនួន លោកសង្កេតឃើញថា អ្នកគ្រប់គ្រងផ្នែកចុងភៅម្ហូបអាហារ សុទ្ធសឹងតែប្រើប្រាស់សាច់បង្កកនាំចូល ដែលមានតម្លៃថោកដើម្បីប្រើប្រាស់ក្នុងកម្មវិធី។
លោក ជួប វិបុល៖ «ដើម្បីអាចទប់ស្កាត់បទល្មើសបាន លុះត្រាតែអ្នកកាន់អំណាចអនុវត្តតួនាទីឱ្យបានត្រឹមត្រូវទីមួយ។ ទីពីរ ទាក់ទងជាមួយនឹងការលុបបំបាត់អំពើពុករលួយរបស់មន្ត្រី ហ្នឹងក៏ជារឿងសំខាន់។ ទីបី គឺផ្សព្វផ្សាយពីផលប៉ះពាល់សុខភាព។ បើគាត់(រដ្ឋាភិបាល)អាចធ្វើបីហ្នឹងបាន ចរន្តនៃការថយចុះនៃការនាំចូល គឺវាថយហើយ។ ប៉ុន្តែដោយឡែកដូចមកដល់សព្វថ្ងៃនេះ ការនាំចូល ហើយនិងបញ្ហាប្រឈមទាំងបី គឺនៅមិនទាន់មានវិធានការនៅឡើយទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប លោក ផាន អូន និងអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៩ ខែកុម្ភៈ។
កាលពីថ្ងៃទី១២ ខែមករា ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានសម្រេចឱ្យផ្អាកការនាំចូល គ្រឿងក្នុង និងបំណែកសាច់បង្កក ចំនួន៨មុខ បណ្ដោះអាសន្ន ក្នុងរយៈពេល៦ខែ ដោយសារការស្តុកទុក និងបង្កកមិនអនុលោមតាមបទដ្ឋានភាពអនាម័យ។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធរៀបចំប្រព័ន្ធបង្កកគ្រឿងក្នុងសាច់សត្វ ក្នុងពេលដែលកម្ពុជាហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកមួយចំនួនរបស់សត្វផងដែរ។
ក្រុមប្រឹក្សាភិបាល របស់អង្គការសាមគ្គីភាពកសិករកម្ពុជា លោក ឌី គន្ធា យល់ឃើញថា មូលហេតុដែលធ្វើឱ្យតម្លៃកសិផលក្នុងស្រុក បាត់បង់តម្លៃ និងលំនឹងលើទីផ្សារ គឺបណ្ដាលមកពីកត្តាអ្នកផលិត ឈ្មួញកណ្ដាល អ្នកបរិភោគ និងការនាំចូល។ លោកជំរុញឱ្យកសិករគួរសិក្សាពីតម្រូវការទីផ្សារ និងតម្លៃឱ្យបានច្បាស់លាស់ មុននឹងដាំដំណាំអ្វីមួយ ចំណែកអ្នកបរិភោគ គួរងាកមកគាំទ្រផលិតផលក្នុងស្រុកដែលមានស្រាប់ ជាជាងទិញរបស់នាំចូល ដែលស្មើនឹងការជួយដល់កសិករប្រទេសដទៃដោយមិនដឹងខ្លួន។
លោក ឌី គន្ធា៖ «ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ក៏គួរតែធ្វើការទប់ស្កាត់នូវការហូរចូល នៅផលិតផលកសិកម្មមានដូចជា បន្លែ ផ្លែឈើ អាហារកែច្នៃ សាច់បង្កក និងភេសជ្ជៈ ដែលមានសារធាតុគីមី ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជាធ្វើឱ្យប៉ះពាល់ទៅដល់ឆ្នាំងបាយរបស់ប្រជាកសិករខ្មែរតូចតាចរាប់លានគ្រួសារ នៅក្នុងប្រទេសផងដែរ»។
របាយការណ៍ក្រសួងកសិកម្ម ឱ្យដឹងថា កម្ពុជាមានតម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំប្រមាណ ១លានតោន ខណៈការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ៧៥ម៉ឺនតោនប៉ុណ្ណោះ។ ក្រសួងបានជំរុញឱ្យប្រជាពលរដ្ឋដាំដុះបន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការនាំចូល។ ដោយឡែក ចំពោះផលិតកម្មសត្វក្នុងស្រុក កម្ពុជាអាចផ្គត់ផ្គង់សាច់បានប្រមាណ ជាង ៣រយពាន់តោន(៣២០) ស្មើនឹង ៩៨ភាគរយ នៃតម្រូវការសរុប ហើយបរិមាណសាច់ដែលខ្វះខាត ត្រូវនាំចូលពីបរទេស។

ប៉ុន្តែកសិករលើកឡើងថា បរិមាណបន្លែ ផ្លែឈើ និងត្រីសាច់ ដែលនាំចូលពីក្រៅប្រទេស អាចមានចំនួនច្រើនជាងនេះ ហើយទំនងជាក្រសួងកសិកម្ម មិនបានរាប់បញ្ចូលការនាំចូលខុសច្បាប់ឡើយ។
កសិករ និងអ្នកជំនាញកសិកម្ម ជំរុញឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយ ដើម្បីពង្រីកផលិតកម្ម កសិកម្ម ឱ្យបានគ្រប់តាមតម្រូវការក្នុងស្រុក ចៀសវាងការបើកឱ្យកសិផលពីក្រៅប្រទេសវាយលុកទីផ្សារក្នុងស្រុក។ ពួកគាត់ក៏ស្នើឱ្យប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគឱ្យងាកមកទិញ បន្លែផ្លែឈើ ត្រីសាច់ ក្នុងស្រុក ដើម្បីជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
