ប្រជាកសិករមួយចំនួនរស់នៅខេត្តជាប់តំបន់បឹងទន្លេសាប បានបង្ខំចិត្តធ្វើចំណាកស្រុកជាបន្តបន្ទាប់ ដោយសារការប្រកបរបរធ្វើកសិកម្មមិនអាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូល ទូទាត់ថ្លៃចំណាយប្រចាំថ្ងៃ និងដោះបំណុលគ្រប់គ្រាន់បានឡើយ។
ពួកគាត់អះអាងថា បញ្ហាខ្វះប្រព័ន្ធធារាសាស្ត្រធ្វើកសិកម្ម គឺជាផ្នែកមួយធ្វើឱ្យពលរដ្ឋធ្វើចំណាកស្រុក។
ប្រជាកសិកររស់នៅខេត្តសៀមរាប កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់អស់សង្ឃឹមក្នុងការប្រកបរបរកសិកម្មចិញ្ចឹមជីវិត ដោយសារបញ្ហាខ្វះទឹកបូមបញ្ចូលស្រែ និងខ្វះប្រព័ន្ធធារាសាស្ត្រជាដើម។ ប្រការនេះ ធ្វើឱ្យកសិករជាច្រើនបង្ខំចិត្តធ្វើចំណាកស្រុកជាបន្តបន្ទាប់។
កសិកររស់នៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង លោកស្រី ពេញ អាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ កុម្ភៈ ថា ពេលនេះស្រែប្រាំងរបស់កសិករក្នុងឃុំអញ្ចាញរូង យ៉ាងហោចណាស់ ៥០០ហិកតារស្វិតងាប់ជាបន្តបន្ទាប់ ធ្វើឱ្យកសិករជាច្រើនគ្រួសារកំពុងប្រឈមខាតបង់។
បញ្ហានេះលោកស្រីថា ធ្វើឱ្យកសិករបាក់ទឹកចិត្ត ហើយត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ដើម្បីរកប្រាក់សងបំណុលគេ។
លោកស្រី ពេញ អាត៖ «ស្រូវខ្លះជិតប្រមូលផលហើយ ខ្លះនៅស្រូវផ្តើមផើម ខ្លះខូចអស់រលីង អស់សង្ឃឹម បើសិននៅផ្ទះមិនដឹងបានអីសងគេ គាត់ចេះតែទៅ(ចំណាកស្រុក)»។
ចំណែកឯខេត្តពោធិ៍សាត់ឯណោះវិញ ! ស្រូវប្រាំងជាច្រើនពាន់ហិកតារនៅតែបន្តក្រៀមស្វិតជាច្រើនថ្ងៃមកហើយ និងស្រូវប្រាំងខ្លះទៀត ងាប់ជាបន្តបន្ទាប់ ដោយសារខ្វះទឹក។ រីឯការអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងរបស់អាជ្ញាធរ មានតិចតួចនៅឡើយ។
ពួកគាត់សោកស្តាយស្រូវប្រាំងជាច្រើនហិកតារមូលដើម ឬស្រូវផើមជិតនឹងប្រមូល បែរស្វិតងាប់។
កសិកររស់នៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ លោកស្រី នួន មុំ ឱ្យដឹងថា ពេលនេះកសិករតិចតួចប៉ុណ្ណោះដែលទទួលបានផលច្រើន ពីការធ្វើស្រែប្រាំង ដោយសារដីស្រែរបស់ពួកគាត់ នៅកៀកនឹងប្រឡាយមេ។
រីឯកសិករភាគច្រើនធ្វើស្រែប្រាំងនៅឆ្ងាយពីប្រឡាយមេ ប្រឈមខ្វះទឹក បណ្តាលឱ្យងាប់ស្រូវស្ទើរទាំងស្រុង។
រីឯនៅខេត្តសៀមរាបឯណោះវិញ កសិកររស់នៅកៀកនឹងតំបន់បឹងទន្លេសាបខេត្តសៀមរាប ភាគច្រើនមិនសូវធ្វើស្រែប្រាំងនោះទេ ដោយសារខ្វះប្រព័ន្ធធារាសាស្ត្រដោយពួកគាត់ធ្វើស្រែបានតែម្តងប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយដីស្រែរាប់ម៉ឺនហិកតារទៀតទុកទំនេរចោល។
កសិកររស់នៅស្រុកអង្គរធំ ខេត្តសៀមរាប លោក សៀម រ៉ាន់ ប្រាប់វិទ្យុអាស៊ីសេរីថា កូនៗ របស់លោកសរុប ៨នាក់ រួមទាំងកូនប្រសារ ធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីរកប្រាក់ដោះបំណុល។លោកថា កសិករភាគច្រើនបោះបង់មុខរបរធ្វើកសិកម្ម ហើយនាំគ្នាទៅប្រទេសថៃស្ងាត់ភូមិ នៅសល់តែមនុស្សវ័យចំណាស់ និងកុមារចាំផ្ទះ។
លោកបន្ថែមថា ដីស្រែរបស់លោក ទំហំ ៣ហិកតារធ្វើស្រែបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយសារខ្វះប្រព័ន្ធធារាសាស្ត្រ។
លោក សៀម រ៉ាន់៖ «តំបន់យើងនេះ ទៅចំណាកស្រុកស្ងាត់ នៅតិចណាស់ បើសិនជាមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ ធ្វើស្រែប្រាំងកុះករមិនចំណាកស្រុកទៅណា។ បើយើងមានមុខរបរអត់ចេញ ធ្វើតែស្រែប្រាំងតែដំណាំលក់ សុខសប្បាយទាំងអស់គ្នា មិនបាច់ចំណាកស្រុកអីណា»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា និងអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បាននៅឡើយទេ នៅថ្ងៃទី៩ កុម្ភៈ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា រដ្ឋាភិបាលគួរតែរកមធ្យោបាយដោះស្រាយរឿងនេះ ដោយត្រូវជីកស្ដារ ទឹកស្ទឹង បឹងបួ អូរ ទន្លេ និងប្រឡាយ គ្រប់ច្រកល្ហក ដើម្បីបង្កើតចរន្តទឹកធ្វើកសិកម្ម។
លោក យង់ គិមអេង៖ «នៅកម្ពុជាមានទន្លេមួយយ៉ាងធំ ល្បីល្បាញដែរ បើយើងមានទឹកស្ទឹងបឹងបួជាច្រើន បើយើងស្ដារជួយបានច្រើន ត្រូវដាក់លុយស្ដារស្ទឹងបឹងបួឡើងវិញ ដើម្បីជួយកសិករ។ កុំលុបបឹងបួ មិនអាចដោះស្រាយបញ្ហាទឹកជូនកសិករបានទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា បច្ចុប្បន្នទឹកស្ទឹង បឹងបួ អូរ និងប្រឡាយភាគច្រើនគោករាក់ ខ្វះការយកចិត្តទុកដាក់ថែទាំ និងជីកស្អារ ក៏ជាផ្នែកមួយធ្វើឱ្យកសិករជួបការលំបាក និងបោះបង់មុខរបរនេះ ហើយធ្វើចំណាកស្រុក។
កសិករបន្ថែមថា ឆ្នាំមុនៗពួកគាត់ធ្វើស្រែប្រាំងមានទឹកគ្រប់គ្រាន់ ក៏ប៉ុន្តែពេលប្រមូលផល ស្រូវប្រាំងបែរជាចុះថោក ក៏ប៉ុន្តែឆ្នាំនេះនៅពេលស្រូវមានតម្លៃថ្លៃ បែរជាខ្វះទឹកធ្វើស្រែ ធ្វើឱ្យពួកគាត់ជួបការលំបាកផ្ទួនៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។