ក្រោយពីរដូវធ្វើស្រែកសិករជាច្រើនគ្រួសារនៅ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បន្តដាំឪឡឹកលក់ ដើម្បីរកចំណូលដោះស្រាយជីវភាពគ្រួសារ។ សង្គមស៊ីវិល ជំរុញឱ្យកសិករគួរតែចងក្រងគ្នាជាសហគមន៍មួយ ដើម្បីរក្សាតម្លៃកសិផល និងពង្រីកទីផ្សារនៅតាមបណ្ដាខេត្តមួយចំនួនដើម្បីប្រកួតប្រជែងលើទីផ្សារ។
កសិករនៅភូមិព្រែកត្រប់ ដែលជាភូមិមួយនៅខាងចុងគេបង្អស់ នៃឃុំព្រែកនរិន្ទ បន្តដាំឪឡឹកលក់ដើម្បីជីវភាព បន្ទាប់ពីរបរធ្វើស្រែ និងនេសាទ។ ពួកគេលើកឡើងថា ទោះបីជាតម្លៃទីផ្សារឪឡឹក គ្មានស្ថិរភាព ម្ដងឡើង ម្ដងចុះក្ដី ក៏ពួកគេនៅតែបន្តដាំដំណាំមួយនេះ ព្រោះជាដំណាំងាយស្រួលដាំ និងមានរយៈពេលខ្លីក្នុងការទទួលផល។
កសិករនៅភូមិព្រែកត្រប់ លោក ស័ង្ខ សុខសាន្ត ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្ននៅសល់តែភូមិព្រែកត្រប់មួយប៉ុណ្ណោះនៅក្នុងស្រុកឯកភ្នំ ដែលមានកសិករនៅដាំឪឡឹក។ លោកបន្តថា ឪឡឹកឆ្នាំនេះមានតម្លៃល្អ និងទីផ្សារទូលាយជាងឆ្នាំមុន ព្រោះទិន្នផលឪឡឹកឆ្នាំនេះមិនសូវសម្បូរឡើយ។ លោកបញ្ជាក់ថា ឪឡឹកដែលកសិករនៅភូមិព្រែកត្រប់និយមដាំ គឺពូជឪឡឹកក្រហម ឬពូជកាត់តាណា ដែលមានរសជាតិផ្អែម រាងមូលទ្រវែង ឆ្នូតខ្មៅ សម្បកស្ដើង គ្រាប់តិច និងមានទម្ងន់ជាមធ្យមពី២គីឡូក្រាមកន្លះទៅ៣គីឡូក្រាមក្នុងមួយផ្លែ។
« ពីមុនកសិករដូចថា ១០០ភាគរយនៅសល់តែ១០នាក់គេដាំស្រូវអីអ៊ីចឹង ព្រោះអីគេដាំឪឡឹកទៅវាតែងតែ ( លក់បាន ) ថោក ដល់អ៊ីចឹងទៅគេប្រកបមុខរបរដាំស្រូវវិញ។ វា ( ឪឡឹក ) ថោកដោយសារតែអញ្ចេះទេ ! ទីផ្សារដល់តែនាំចូលមកពីក្រៅច្រើនពេក។ ដូចថាកសិករស្រុកឯកភ្នំ ភូមិព្រែកត្រប់ ភូមិបាក់រទេះអីនេះ គេប្រកបមុខរបរដាំបន្លែច្រើនទៅក្នុងទីផ្សារថ្លៃបានតែពីរបីថ្ងៃ នាំចូលមកពីយួនពីថៃឯណោះបាត់ » ។
ឪឡឹកជាផ្លែឈើសម្បូរជាតិទឹក និងជីវជាតិល្អៗ សម្រាប់ទ្រទ្រង់សុខភាពមនុស្សគ្រប់វ័យ ជាពិសេសទទួលទានល្អបំផុតនៅក្នុងរដូវក្ដៅ។ កសិករនៅ ភូមិព្រែកត្រប់ ចាប់ផ្ដើមដាំឪឡឹកនៅពាក់កណ្ដាលខែមករា ក្រោយពីប្រមូលផលស្រូវរដូវវស្សា និងស្រូវប្រាំង ហើយអាចទទួលផលក្នុងចន្លោះពី២ខែ ទៅ២ខែកន្លះ អាស្រ័យលើពូជ បច្ចេកទេស ការរៀបចំដី ការថែទាំទឹក និងជី។ កសិករនៅភូមិព្រែកត្រប់ ឱ្យដឹងថា ឪឡឹករបស់ពួកគាត់មានរសជាតិផ្អែមហើយធំ និងលូតលាស់បានល្អ ព្រោះដីនៅទីនោះ គឺជាដីដែលមានជីជាតិ ដោយសារទឹកជំនន់នាំដីល្បាប់មកជាមួយ ដែលធ្វើឱ្យដំណាំលូតលាស់បានល្អ។
ស្រដៀងគ្នានេះដែរ កសិករភូមិព្រែកត្រប់ ម្នាក់ទៀត លោក ម៉ាប់ វិបុល ឱ្យដឹងថា ឪឡឹកឆ្នាំនេះទទួលបានទាំងទិន្នផល និងតម្លៃល្អជាងឆ្នាំមុន ក៏ប៉ុន្តែលោក និងកសិករដទៃទៀត ក៏ចំណាយថ្លៃដើមច្រើនជាងឆ្នាំមុនដែរ ដោយសារភ្លៀងខុសរដូវកាលពីពាក់កណ្ដាល ខែមករា បានបំផ្លាញដើមឪឡឹកទាំងស្រុង ហើយកសិករត្រូវភ្ជួរដីដាំសាជាថ្មី។ លោកបញ្ជាក់ថា ការដាំឪឡឹកត្រូវចំណាយថ្លៃដើមប្រហែល ១ពាន់ ៥រយដុល្លារក្នុងមួយហិកតារ និងលក់ទៅឱ្យឈ្មួញកណ្ដាលក្នុងតម្លៃ ១២លានរៀល ឬ៣ពាន់ដុល្លារក្នុងមួយហិកតារ អាស្រ័យលើតម្លៃទីផ្សារ។ លោកពន្យល់ថា ឪឡឹកជាដំណាំដែលត្រូវការការថែទាំខ្ពស់ និងត្រូវការដីដែលមានជីជាតិល្អ ហើយជាទូទៅឪឡឹកត្រូវការសីតុណ្ហភាពក្ដៅហប់ ដើម្បីលូតលាស់បានល្អ។
លោក ម៉ាប់ វិបុល៖ « វាភាគច្រើនអ៊ីចឹងដែរ ហើយនិងឈ្មួញដល់កាលណាគេទិញមកពីស្រុកលើទៅវាថ្លៃ ពេលស្រុកលើនោះចាប់ផ្ដើមអស់ ឈ្មួញកណ្ដាលចាប់ផ្ដើមមកទិញ គឺឱ្យថោក តម្លៃឱ្យថោកបណ្ដោយ។ បើយើងយកលក់ខ្លួនឯង វាចំណេញច្រើន » ។
នៅតាមផ្សារនិងទីប្រជុំជនផ្សេងៗ ជាពិសេសនៅតាមផ្សារក្នុងក្រុងបាត់ដំបង អាជីវករមួយចំនួនលក់ឪឡឹកដោយចម្រាញ់យកតែផ្លែណាដែលមានទំហំធំ និងគុណភាពល្អ ហើយខ្លះទៀតលក់ជាជម្រើសតាមការចង់បានរបស់អតិថិជន។ ជាទូទៅចំពោះផ្លែឪឡឹកដែលធំល្អ ឈ្មួញទិញពីកសិករក្នុងមួយផ្លែមានតម្លៃចន្លោះពី ១ពាន់៥រយរៀល ទៅ២ពាន់រៀលក្នុងមួយផ្លែ និងលក់ទៅវិញចន្លោះពី៤ពាន់រៀល ទៅ៥ពាន់រៀល។ កសិករខ្លះដឹកផ្លែឪឡឹកតាមគោយន្តកន្ត្រៃ យកមកលក់ផ្ទាល់នៅតាមផ្សារ និងទីប្រជុំជននានា ដើម្បីទទួលបានផលចំណេញដោយខ្លួនឯង ជាជាងលក់ទៅឱ្យឈ្មួញកណ្ដាល។
កសិករអាចរកចំណូលបានពីការប្រមូលផលឪឡឹកបានប្រហែលពី ១ពាន់ដុល្លារ ទៅ៤ពាន់ដុល្លារក្នុងមួយឆ្នាំ អាស្រ័យលើទំហំដី និងការឱ្យផល។
ជំទប់ទី២នៃឃុំព្រែកនរិន្ទ មកពីគណបក្សភ្លើងទៀន លោក សុខ សុភ័ក្ត ឱ្យដឹងថា ពលរដ្ឋនៅឃុំព្រែកនរិន្ទ ភាគច្រើនបានបោះបង់មុខរបរដាំឪឡឹកនេះជាបន្តបន្ទាប់ ដោយសារមិនសូវទទួលបានផលចំណេញ ហើយបច្ចុប្បន្ននេះមានតែភូមិព្រែកត្រប់ មួយប៉ុណ្ណោះ ដែលមានកសិករដាំឪឡឹកច្រើនជាងគេ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា លោកក៏មានគម្រោងស្នើទៅអាជ្ញាធរថ្នាក់លើដើម្បីបង្កើតគណៈកម្មការជួយដល់កសិករដែរ ដើម្បីជំរុញឱ្យកសិករចងក្រងជាបណ្ដាញ ដើម្បីពង្រីកទីផ្សារបន្ថែម។
លោក សុខ សុភ័ក្ត៖ « ដោយឡែកគណៈកម្មការជួយផ្គត់ផ្គង់ ជួយសេដ្ឋកិច្ច ជួយពន្យល់ដល់កសិករនៅព្រែកនរិន្ទហ្នឹងអត់មានទេ។ គម្រោងបង្កើតគណៈកម្មការយើងត្រូវដឹងថា ទីមួយតម្រូវការទីផ្សារហ្នឹងស្អី ? យើងត្រូវដឹងទីផ្សារក្នុងស្រុកខ្មែរ អាហ្នឹងទីមួយ។ ទីពីរត្រូវការថវិកា គ្រោងថវិកា » ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត ជំរុញឱ្យកសិករគួរតែចងក្រងគ្នាជាសហគមន៍មួយ ដើម្បីរក្សាតម្លៃកសិផល និងពង្រីកទីផ្សារនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសពង្រឹងលើគុណភាពកសិផល ដើម្បីប្រកួតប្រជែងលើទីផ្សារ។ ទន្ទឹមគ្នានេះ លោកស្នើដល់អាជ្ញាធរថា គួរតែសិក្សាដើម្បីបង្កើតគណៈកម្មការសម្រាប់ជួយដល់កសិករ ទៅលើបច្ចេកទេស និងទីផ្សារ ដោយបង្កើតផ្សារសហគមន៍សម្រាប់ឱ្យកសិករដាក់តាំងបង្ហាញផលិតផលកសិកម្មដោយផ្ទាល់ដល់អតិថិជន។
លោក អ៊ិន គង់ជិត៖ « មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាមន្ត្រីនៃមន្ទីរកសិកម្មខេត្តក៏ត្រូវបង្កើតក្រុមតេឡេក្រាមមួយជាមួយនឹងអាជ្ញាធរភូមិឃុំ ជួយរកព័ត៌មានពីតាមបណ្ដាខេត្តផ្សេងៗ មកប្រាប់ទៅអាជ្ញាធរ ហើយអាជ្ញាធរហ្នឹងគាត់ជួយបញ្ជូនបន្តទៅកសិករ ថាឥឡូវនេះ នៅរដូវនេះ នៅកន្លែងនេះ ផលិតផលកសិកម្មយើងផលិតបាន យើងផ្ដល់ព័ត៌មានទៅឱ្យគាត់បានដឹង និងមានលេខទូរស័ព្ទទំនាក់ទំនងទៀតរឹតតែល្អ ដើម្បីឱ្យគាត់អាចទាក់ទងបាន » ។
ប្រជាកសិករដែលប្រកបរបរដាំដំណាំ ស្នើដល់អាជ្ញាធរខេត្តបាត់ដំបងជួយបង្កើតផ្សារកសិផល ដើម្បីឱ្យកសិករអាចយកកសិផលរបស់ខ្លួនលក់ដោយផ្ទាល់ ដើម្បីបញ្ចៀសការទម្លាក់តម្លៃពីឈ្មួញកណ្ដាល និងធ្វើឱ្យពួកគាត់យល់កាន់តែច្បាស់ពីតម្រូវការរបស់អតិថិជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។