ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តាម​ព្រំដែន​ថៃ​នាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅ​រក​ប្រាក់​ដើម្បី​សង​បំណុល​ធនាគារ

ពលរដ្ឋ​មួយចំនួន​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ បាន​នាំគ្នា​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​សង​បំណុល​ធនាគារ ដោយសារ​ពួកគេ​មិនអាច​រក​ការងារ​ធ្វើ​បាន​នៅក្នុង​ស្រុក និង​ដាំ​ដំណាំ​កសិកម្ម​រង​ការខាតបង់​ធ្ងន់ធ្ងរ។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ខ្លាច​ពលរដ្ឋ​ទាំងនោះ​ទៅ​ធ្វើ​ការងារ​ឆ្លងដែន ដោយ​ចាញ់បោក​មេខ្យល់ និង​ប្រឈម​នឹង​ការ​ឃាត់ខ្លួន​ពី​អាជ្ញាធរ​ប្រទេស​នោះ។

ពលរដ្ឋ​ម្នាក់​រស់នៅ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ លោក ទិម សារ៉ាត់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ថា ពលរដ្ឋ​នៅក្នុង​ភូមិ​របស់​លោក​ជាង ៨០​ភាគរយ បាន​នាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ និង​សងបំណុល​ធនាគារ ដោយសារ​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​មាន​គ្រោះរាំង​ស្ងួត​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​ខាតបង់​ពី​ការ​ដាំ​ដំណាំ​កសិកម្ម និង​មិន​អាច​រក​ការងារ​បាន​ធ្វើ​នៅក្នុង​ស្រុក​។ លោក​បន្ថែម​ថា លោក​ក៏​គ្រោង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​នៅ​ចុងខែ​ឧសភា​នេះ​ដែរ បន្ទាប់ពី​លោក​ធ្វើស្រែ​ចម្ការ​រួចរាល់ ចំណែកឯ​កូនៗ​របស់​លោក​ទុក​ផ្ញើ​នឹង​ឪពុកម្ដាយ។

លោក ទិម សារ៉ាត់៖ «យើង​វា​អត់​មាន​លុយ​បង់​ធនាគារ​ផង ហើយ​ធ្វើ​ដំឡូង​លុយ​ភ្ជួរស្រែ​ក៏​មិនដឹង​ទៅ​រក​លុយ​មកពី​ខាង​ណា​បាន បើ​ទៅ​ខ្ចី​ធនាគារ​ទៀត​គេ​លែង​ឲ្យ​ដោយសារ​កន្លងមក​មាន​អ្នករក​លុយ​បង់​ស្ទឹង​មិន​បាន ដោយសារ​ដាំ​ដំណាំ​កសិកម្ម​យើង​វា​ខូចខាត ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ថា ទៅ​នឹង​គេ​ដែរ ព្រោះ​វា​ទាល់​តម្រិះ​ហើយ​ទឹក​លិច​ដល់​ច្រមុះ​ហើយ​ខ្ញុំ​ថា​ទៅ​រយៈពេល​មួយ​គ្រា​សិន»។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កញ្ញា គាត សុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ភូមិ​របស់​កញ្ញា​បច្ចុប្បន្ន​មានតែ​មនុស្ស​ចាស់ និង​កុមារ ដែល​ឪពុកម្ដាយ​ទុក​ឲ្យ​ជីដូន​មើលថែ ហើយ​ពួកគេ​នាំគ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​សង​បំណុល​ធនាគារ។ កញ្ញា​បន្ថែម​ថា ពលរដ្ឋ​ទាំង​នោះ​បាន​បង្ខំ​កូន​ឲ្យ​ឈប់​រៀន ហើយ​នាំ​ពួកគេ​ទៅ​ធ្វើ​ការងារ​ជាមួយ ដោយ​ទទួល​បាន​ប្រាក់​ចាប់ពី​១០​ដុល្លារ​ក្នុង​មួយថ្ងៃ ចំណែក​បុរស​ពេញវ័យ​ក្នុង​មួយថ្ងៃ​បាន​ប្រាក់​១៥​ដុល្លារ។

កញ្ញា គាត សុជា៖ «វា​ដើរ​ទទឹម​គ្នា អ្នកខ្លះ​ជំពាក់​បំណុល​គេ​ផង អ្នកខ្លះ​អត់​មាន​ចំណេះដឹង អ៊ីចឹង​គាត់​អត់​មាន​ចេះ​ធ្វើការ​អ្វី​ក្រៅពី​នាំគ្នា​ទៅ​ធ្វើ​សំណង​ព្រោះ​គាត់​អត់​ចេះអក្សរ​ផង ដូច​នៅក្នុង​ភូមិ​នេះ​អ៊ីចឹង ពួកគាត់​ទៅ​ធ្វើ​ការ​អត់​បាន​យូរ​អង្វែង​ទេ​ពីរ​ទៅ​បី​ខែ នៅពេល​ពួកគាត់​ត្រឡប់មកវិញ​មាន​ជំងឺ​ជាប់​ខ្លួន អ្នកខ្លះ​អត់​បាន​មក​ដល់​ផ្ទះ​ផង អ្នកខ្លះ​ក៏​ស្លាប់»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​១៦ ខែ​ឧសភា។

ចំណែក​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី មាន​ប្រសាសន៍​ថា បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​នេះ មិនមែន​តែ​ប្រជាពលរដ្ឋ​នោះ​ទេ ដែល​ជួបប្រទះ សូម្បី​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក៏​កំពុង​ជួប​វិបត្តិ​នេះ​ដូចគ្នា​ដែរ ហើយ​កន្លង​ទៅ ខាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា តែងតែ​ស្វែងរក​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។ លោក​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ភាព​ពិបាក​ក្នុង​ការ​សង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​វិញ ត្រូវ​ហ៊ាន​ប្រឈមមុខ​ជាមួយ​ធនាគារ​ស្វែងរក​ដំណោះស្រាយ និង​ត្រូវ​រាយការណ៍ ឬ​ប្ដឹង​ទៅ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ជួយ​សម្របសម្រួល​បញ្ហា​ទាំងនោះ។

លោក កាំង តុងងី៖ «ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព​គឺ​យក​បញ្ហា​ទាំងអស់​នេះ​ទៅ​ជជែក​ជាមួយ​គ្រឹះស្ថាន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព នោះ​ទើប​ជា​ដំណោះស្រាយ​ពិតប្រាកដ ទទឹម​នឹង​នេះ​ប្រសិនបើ​បងប្អូន​បាន​ដោះស្រាយ​ជាមួយ​គ្រឹះស្ថាន​ហើយ ហាក់បី​មិន​អាច​រក​ដំណោះស្រាយ​បានទេ បងប្អូន​អាច​រាយការណ៍​ឬ​ប្ដឹង​ទៅ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា»។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា សង្កេត​ឃើញ​ថា ពលរដ្ឋ​ចំណាកស្រុក​ទាំងនោះ ភាគច្រើន​សុទ្ធសឹងតែ​ជា​អ្នក​ដែល​មាន​ជីវភាព​លំបាក និង​ជាប់បំណុល​ធនាគារ ដូច្នេះ​ទើប​ពួកគាត់​នាំគ្នា​ធ្វើ​ចំណាកស្រុក​ទាំង​បង្ខំ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​សងបំណុល​ធនាគារ​។ លោក​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចម្បង​អាជ្ញាធរ ត្រូវតែ​ជួយ​សម្រួល​ឯកសារ​ស្របច្បាប់​ដល់​ពលរដ្ឋ​ចំណាកស្រុក និង​ត្រូវ​ស្វែងរក​ទីផ្សារ​ការងារ​នៅក្នុង​ស្រុក​ឲ្យ​បាន​ច្រើន ជាពិសេស​រក​ទីផ្សារ​សម្រាប់​ពលរដ្ឋ​ដែល​ជា​កសិករ។

លោក ឌី ថេហូយ៉ា៖ «បើ​មិន​អ៊ីចឹង​ទេ​បញ្ហា​ចំណាកស្រុក​នេះ​វា​នឹង​ក្លាយទៅជា​បញ្ហា​ដ៏​យូរអង្វែង ហើយ​វា​ផ្ដល់​ផល​ប៉ះពាល់​ធំធេង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ចាញ់បោក​គេ​ត្រូវ​គេ​ធ្វើបាប ហើយ​កូន​របស់​ពួកគាត់​មិនបាន​ចូល​សាលា មិន​ទទួល​បាន​ការអប់រំ ការ​អភិវឌ្ឍន៍​ផ្នែក​សមត្ថភាព​និង​ចំណេះ​ជំនាញ​ជាដើម»។

ពលរដ្ឋ​នៅ​គ្រប់កន្លែង​ត្អូញត្អែរ​អំពី​បញ្ហា​លំបាក បាត់បង់​ការងារ​ធ្វើ បាត់បង់​ប្រាក់ចំណូល ព្រមទាំង​រង​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បណ្ដា​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​នាំគ្នា​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ព្រាត់ប្រាស​ក្រុម​គ្រួសារ និង​បង្ខំ​ឲ្យ​កុមារ​ឈប់​រៀន ដើម្បី​ទៅតាម​ឪពុកម្ដាយ ដែល​ស្វះស្វែង​រក​ប្រាក់​ទ្រទ្រង់​គ្រួសារ និង​ដោះបំណុល ហើយ​មាន​អ្នក​ខ្លះទៀត ជួប​វិបត្តិ​ផ្លូវចិត្ត​រហូតដល់​សម្រេច​បញ្ចប់ជីវិត​ខ្លួនឯង​ក៏​មាន។

កាល​ពី​ថ្ងៃ​ទី៦ ខែ​ឧសភា អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស​លីកាដូ អង្គការ​សមធម៌​កម្ពុជា អង្គការ​សមាគម​ធាងត្នោត រួម​ជាមួយ​អង្គការ​ហ្វីយែន (FIAN) របស់​អាល្លឺម៉ង់​(Germany) បាន​បង្ហោះ​ខិត្តប័ណ្ណ​ជាច្រើន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បង្ហាញ​អំពី​ការ​ជាប់​បំណុល​ដ៏​ច្រើន​លើសលប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន និង​ការអនុវត្ត​ការ​ផ្ដល់​កម្ចី​បែប​កេងប្រវ័ញ្ច​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន និង​អ្នកផ្ដល់​កម្ចី​ខ្នាត​តូច​ជាច្រើន ដែល​កំណត់​គោលដៅ​ផ្ដល់​កម្ចី​របស់​ខ្លួន​លើ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាច្រើន។

ពលរដ្ឋ​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​សម្រួល​ឬ​ពន្យារពេល ក្នុង​ការ​សង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​វិញ ពីព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​ជួប​ទុក​លំបាក នូវ​គ្រោះ​រាំងស្ងួត​ដាំ​ដំណាំ​កសិកម្ម​មិន​ទទួល​បាន​ផល ព្រមទាំង​ពិបាក​ក្នុង​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​បន្ថែម​ទៀត។ ពួកគេ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជួយ​សម្រាល​ទុក​លំបាក​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។