អាជីវករលក់ដូរ និងអ្នកបម្រើសេវាកម្មនៅតាមតំបន់ទេសចរណ៍ និងតាមផ្សារមួយចំនួន កំពុងប្រឈមនឹងបញ្ហាជីវភាពដោយសារការធ្លាក់ចុះប្រាក់ចំណូល បន្ទាប់ពីពលរដ្ឋទូទៅមិនសូវមានតម្រូវការផលិតផល ម្ហូបអាហារ និងសេវាកម្មផ្សេងៗដូចមុន។ មន្ត្រីសង្គមស៊ីវិលថា ការប៉ះពាល់ជីវភាពពលរដ្ឋកម្ពុជាបណ្ដាលមកពីបញ្ហាសង្គ្រាមក្រៅតំបន់ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកសេរី។
អាជីវករលក់ដូរ និងអ្នកបម្រើសេវាកម្មផ្សេងៗត្អូញត្អែរថា តំបន់ទេសចរណ៍ និងទីប្រជុំជនផ្សារលក់ដូរមួយចំនួនដែលធ្លាប់តែអ៊ូអរ បច្ចុប្បន្នប្រែជាស្ងប់ស្ងាត់លែងមានមនុស្សដើរច្រើនដូចមុន ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ដែលពឹងផ្អែកលើរបរទាំងនេះ។
អាជីវករលក់ម្ហូបអាហារនៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ លោក កើត រ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣១ ឧសភា ថា ភ្ញៀវក្នុងស្រុកភាគច្រើនមកលេងឆ្នេរតែថ្ងៃចុងសប្ដាហ៍ ដោយមានវេចខ្ចប់អាហារពីផ្ទះមកហូប ខណៈភ្ញៀវទេសចរណ៍អន្តរជាតិក៏កាន់តែថយចុះគួរឱ្យកត់សម្គាល់។ លោកថា ការធ្លាក់ចុះចំណូលនៃមុខរបរមួយនេះបានធ្វើឱ្យគ្រួសារលោកប្រឈមនឹងបញ្ហាជីវភាព ចាយវាយត្បិតត្បៀតជាងមុន ខណៈកូនៗរបស់លោក៣នាក់បានបោះបង់ការសិក្សានៅកម្រិតវិទ្យាល័យ ដើម្បីជួយរកចំណូលបន្ថែមផងដែរ។ លោកយល់ឃើញថា បញ្ហានេះកើតឡើងដោយសារលំហូរចូលនៃជនជាតិចិនមកក្នុងតំបន់នេះបង្កភាពអនាធិបតេយ្យ ដែលធ្វើឱ្យភ្ញៀវលោកខាងលិចលែងចង់មកដើរកម្សាន្ត។
លោក កើត រ៉ា៖ «កាលជំនាន់មុនតែពាក់កណ្ដាលខែ១០ ភ្ញៀវអឺរ៉ុបមកហើយ កាលមុនកូវីដ និងកាលមុនចិនបុកចូលមកហ្នឹង។ ហើយដល់ឥឡូវវាបាត់បង់ដោយសារកន្លែងភ្ញៀវកម្សាន្តសប្បាយវាអត់មាន កាលមុនវាមានទីតាំងច្រើនកន្លែងតំបន់សប្បាយ។ ហើយទីពីរកន្លែងដេក!មួយរយៈចិនបុកមកហ្នឹងនៅក្នុងក្រុងទាំងមូលផ្ទះសំណាក់សណ្ឋាគារលំដាប់ៗផ្កាយហ្នឹងវាក្លាយជាកាស៊ីណូ អ៊ីចឹងវាអត់មានកន្លែងដេក»។
ចំណែក អ្នករត់រ៉ឺម៉កទេសចរណ៍នៅរាជធានីភ្នំពេញ លោក ឈាង ស៊ីណាត ឱ្យដឹងថា ក្នុងមួយថ្ងៃលោកដឹកភ្ញៀវ បានចំណូលពី១៥ដុល្លារ ទៅ២៥ដុល្លារ ដោយកាត់ថ្លៃសាំង និងការចំណាយផ្សេងៗនៅសល់ប្រហែល៤ម៉ឺនរៀលប៉ុណ្ណោះ។ លោកត្អូញត្អែរថា សព្វថ្ងៃលោករកចំណូលមួយថ្ងៃសម្រាប់រស់មួយថ្ងៃប៉ុណ្ណោះ ដោយមិនមានប្រាក់សម្រាប់ផ្គត់ផ្គង់សម្រាប់ឱ្យកូនរៀនសូត្រ ព្យាបាលជំងឺឱ្យម្ដាយ និងបម្រុងទុកជួសជុលម៉ូតូនៅពេលខូចនោះទេ។
លោក ឈាង ស៊ីណាត៖ «និយាយទៅគាត់ត្បិតត្បៀតជាងមុន។ ឧទាហរណ៍ថា(ជិះរ៉ឺម៉ក)អស់៤ពាន់៨រយរៀលអី សល់តែ២រយក៏គាត់ទារអាប់ដែរ។ គាត់ឱ្យក្រដាស៥ពាន់មកសល់តែ ២រយក៏គាត់ទារអាប់អ៊ីចឹងទៅ អត់សូវទូលាយប៉ុន្មានទេ ព្រោះសេដ្ឋកិច្ចយើង ទំនិញសព្វគ្រប់សារពើឡើងថ្លៃគ្រប់មុខអ៊ីចឹង»។
មិនត្រឹមតែអាជីវករលក់ដូរតាមតំបន់ទេសចរណ៍ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប៉ុណ្ណោះទេ ដែលបាត់បង់ប្រាក់ចំណូល សូម្បីតែអាជីវករលក់ដូរនៅក្នុងផ្សារក៏ត្អូញត្អែរដែរ ដោយសារតែចំនួនអ្នកលក់ច្រើនជាងអ្នកទិញ។
អ្នកលក់ក្រណាត់ និងកាត់ដេរនៅផ្សារស្រុកកំរៀង ខេត្តបាត់ដំបង កញ្ញា សួន វណ្ណនីកា រៀបរាប់ថា ផ្សារកំរៀងដែលធ្លាប់តែមានអ្នកទិញអ៊ូអរតាំងពីព្រឹក រហូតដល់ថ្ងៃត្រង់ នៅពេលនេះមានសភាពស្ងប់ស្ងាត់មិនសូវមានប្រជាពលរដ្ឋមកទិញទំនិញ និងម្ហូបអាហារច្រើនដូចមុននោះទេ។ កញ្ញាបន្តថា អ្នកដើរផ្សារ ហាក់ត្បិតត្បៀតការចំណាយជាងមុន ទៅលើម្ហូបអាហារ និងរបស់ប្រើប្រាស់ផ្សេងៗ ហើយពួកគាត់ម្នាក់ៗរអ៊ូថា ពិបាករកប្រាក់ ប៉ុន្តែទំនិញបែរជាឡើងថ្លៃគ្រប់មុខទៅវិញ។
កញ្ញា សួន វណ្ណនីកា៖ «ឥឡូវមិនសូវច្រើនដូចមុនទេ មានតែពេលព្រឹកបន្តិចៗដែរ ដល់ពេលថ្ងៃស្ងាត់។ ជួនកាលមួយថ្ងៃអត់មានអតិថិជនចូលកាត់(សំលៀកបំពាក់)មួយទេ។ ព្រោះឥឡូវ ជីវភាពស្ងាត់ វាអត់សូវមានចំណូលចូលដូចមុនច្រើន»។
បញ្ហាចំណូលរបស់អាជីវករធ្លាក់ចុះនៅពេលនេះ បណ្ដាលមកពីការធ្លាក់ចុះនៃប្រាក់ចំណូល របស់ពលរដ្ឋដែលជាអ្នកទិញ រួមមានអ្នកធ្វើការ កម្មកររោងចក្រ កម្មករសំណង់ កសិករ និងអ្នកប្រកបរបរដទៃទៀត ដែលពិបាករកប្រាក់ចំណូល និងមានប្រាក់ខែតិច ហើយមួយចំនួនបាត់បង់ការងារ។ ជាក់ស្ដែងនៅពេលដែលកម្មករនៅតាមរោងចក្រមួយចំនួនត្រូវបានថៅកែព្យួរការងារ និងបញ្ឈប់ពួកគេ អ្នកលក់ដូរចំណីអាហារនៅមុខរោងចក្រក៏ត្អូញត្អែរពីបញ្ហានេះដូចគ្នា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន និងប្រធានអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣១ ឧសភា។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គឹមអេង យល់ឃើញថា កត្តាដែលនាំឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋនេះ គឺបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចពិភពលោក បង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ រុស្សី(Russia) លើអ៊ុយក្រែន (Ukraine) និងការបិទរោងចក្រធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ ដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប (EU) និង GSP ពីសហរដ្ឋអាមេរិក (United States)។ លោកបន្តថា នៅក្នុងបរិបទនេះ កំណើនវិស័យទេសចរណ៍ មិនអាចស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់បានទាំងស្រុងឡើយ។
លោក យង់ គឹមអេង៖ «រឿងដែលសំខាន់ទី១ គឺយើងអាចពិនិត្យមើលវិស័យជាក់លាក់ ដែលគេកំពុងត្រូវការក្នុងពេលបច្ចុប្បន្ននេះ»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៦ភាគរយនៅឆ្នាំ២០២៣។ ចំណែកធនាគារពិភពលោកវិញ ស្ថាប័ននេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៥,៥ ភាគរយនៅឆ្នាំ២០២៣ និង៦ភាគរយក្នុងឆ្នាំ២០២៤ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ ប៉ុន្តែធនាគារពិភពលោកវាយតម្លៃថា អតិផរណានៅកម្ពុជាកំពុងកើនខ្ពស់ជាងមុន និងបង្កផលប៉ះទង្គិចខ្លាំងទៅលើជីវភាពរបស់គ្រួសារក្រីក្រ ដែលក្នុងនោះមានគ្រួសារខ្លះត្រូវបានបង្ខំចិត្តកាត់បន្ថយបរិមាណអាហារហូបចុករបស់ខ្លួន និងឈប់ឱ្យកូនទៅរៀនទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
