ស្ត្រីមួយចំនួននៅខេត្តក្រចេះចាប់អាជីពបររទេះសេះដឹកភ្ញៀវនៅកោះទ្រង់រកចំណូលផ្គត់ផ្គង់គ្រួសារ
2024.12.04
ស្ត្រីមួយចំនួនរស់នៅលើកោះទ្រង់នៅខេត្តក្រចេះ ប្រកបអាជីពបររទេះសេះដឹកភ្ញៀវទេសចរ មើលទិដ្ឋភាពរស់នៅរបស់អ្នកភូមិនៅលើកោះ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ថា អាជីពនេះ មិនត្រឹមតែរកប្រាក់ចំណូលនោះទេ ថែមទាំងជួយផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យដឹងពីប្រពៃណី និងកសិផលរបស់កសិករខ្មែរ ដូចជា ក្រូចត្លុង ជាដើម។
តំបន់កោះទ្រង់ បានក្លាយសហគមន៍អេកូ-ទេសចរណ៍ធម្មជាតិ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តដើម្បីស្រូបយកខ្យល់អាកាសត្រជាក់ បោះតង់គេងនៅពេលយប់ តាមមាត់ឆ្នេរទន្លេមេគង្គ ហើយភ្ញៀវទេសចរអាចដើរមើលពីទិដ្ឋភាព រស់នៅរបស់អ្នកភូមិនៅលើកោះ។ ជាមួយគ្នានោះ អ្នកភូមិមានផ្ទះលំហែ សម្រាប់ជួល មានលក់កសិផលធម្មជាតិ និងសេវាដឹកអ្នកដំណើរ តាមរយៈ រទេះគោ ម៉ូតូកង់បី និងរទេះសេះជាដើម។
ស្ត្រីបររទេះសេះ លោកស្រី សេង ធា ប្រាប់វិទ្យុអាស៊ីសេរីថា ជិត១០ឆ្នាំហើយ ដែលលោកស្រីចាប់អាជីពជាអ្នកបររទេះសេះ ដឹកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅលើកោះទ្រង់លោកស្រីអាចរកចំណូលបានពីភ្ញៀវទេសចរណ៍ចន្លោះពី ៨ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោកស្រីថា ចាប់ពីខែតុលាដល់ខែមេសា មានអ្នកមកលេងច្រើន ព្រោះទឹកទន្លេមេគង្គស្រក ហើយមាត់ឆ្នេរមានភាពស្រស់ស្អាត និងជារដូវ ដែលអ្នកភូមិប្រមូលផល «ក្រូចត្លុង» លក់។
លោកស្រី សេង ធា៖ «ជួនមួយជើង ជួនពីរយើង មិនប្រាកដថាបានទាំងអស់ទេ ប៉ុន្តែអាចបានទប់ទល់ម្ហូបហារអីដែរ សម្រាប់ជីវភាពប្រចាំថ្ងៃ គ្រាន់អាចដូរដោះបានខ្លះដែរ»។
ពលរដ្ឋដែលរស់នៅលើ កោះទ្រង់ មានចំនួន៣៨០គ្រួសារ ស្ថិតក្នុងភូមិចំនួនពីរ គឺភូមិចុងកោះ និងភូមិក្បាលកោះ។ អ្នកភូមិភាគច្រើន ប្រកបរបរធ្វើស្រែចម្ការដូចជា ធ្វើស្រូវ និងដាំដំណាំផ្សេងៗ ដូចជាដូង ស្វាយ ចេក ខ្នុរ និងក្រូចជាដើម។ ជាពិសេស អ្នកភូមិចូលចិត្តដាំក្រូចត្លុង ដែលធ្វើឱ្យតំបន់នោះទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត។
លោកស្រី សេង ធា បន្ថែមថា បើទោះបីជាតំបន់កោះនេះអំណោយផលផ្នែកដាំដំណាំ និងឆ្នេរស្រស់ស្អាតក្ដី ក៏ហេដ្ឋារចនាសម្ព័ន្ធ ដូចជាទឹកភ្លើង និងផ្លូវជាដើមនៅពុំទាន់មានគ្រប់គ្រាន់នៅឡើយ។ លោកស្រីសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងរៀបចំឱ្យបានល្អដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនជាងមុន។
លោកស្រី សេង ធា៖ «ខ្ញុំចង់ឱ្យគេ(អាជ្ញាធរមូលដ្ឋាន)អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអីខ្លះមក ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិ គេងាយស្រួលមកលេងកម្សាន្តនៅលើកោះនេះបានកាន់ច្រើន»។
ពលរដ្ឋម្នាក់ទៀត លោកស្រី វង ធួក លើកឡើងថា រៀងរាល់ថ្ងៃម៉ោង៦ព្រឹក លោកស្រីត្រូវមករង់ចាំដឹកភ្ញៀវនៅកន្លែងសហគមន៍ ព្រោះថា ភ្ញៀវទេសចរដែលចង់ជិះរទេះសេះ របស់លោកស្រីត្រូវមកទិញសំបុត្រ ពីការិយាល័យរបស់សហគមន៍ជាមុន។ លោកស្រីថា របរបររទេះសេះដឹកភ្ញៀវនេះ មានអារម្មណ៍ថា សប្បាយ ព្រោះបានជួបមនុស្សថ្មីៗ ហើយទទួលបានប្រាក់កម្រៃសមរម្យសម្រាប់ចំណាយលើការហូបចុកប្រចាំថ្ងៃ។
ទោះជាយ៉ាងណា លោកស្រីថា ពុំសូវរកបានចំណូលទៀងទាត់នោះទេ ពីការដឹកភ្ញៀវ តាមរយៈរទេះសេះនេះ ដោយសារតែពុំសូវមានភ្ញៀវមកលេងច្រើន។ លោកស្រីថា ភាគច្រើន ភ្ញៀវសម្បូរតែពេលរដូវបុណ្យទានធំៗ ដូចជា ភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ និងបុណ្យអុំទូកជាដើម។ ដោយឡែក ចំណូលដែល លោកស្រី រកបានពីភ្ញៀវ ក្នុងមួយលើក ៤ម៉ឺនរៀល លោកស្រីត្រូវបង់ឱ្យសហគមន៍៤ពាន់រៀល។
លោកស្រី វង ធួក៖ «ពិបាកតិច ជួនណាក៏ស្រួលអ៊ីចឹងទៅ។ ដូចថាធម្មតា ពេលដឹកភ្ញៀវអ៊ីចឹងទៅ យើងតែងតែចង់ឱ្យភ្ញៀវសប្បាយចិត្ត ហើយដឹកដើរលេងឱ្យបានអស់កន្លែង(នៅលើកោះ)។»
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តក្រចេះ លោក វ៉ា ថន ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣ ខែធ្នូ។
ប្រធានសហគមន៍អេកូ-ទេសចរណ៍កោះទ្រង់ លោក ប៊ុន បាន ប្រាប់វិទ្យុអាស៊ីសេរីថា ភ្ញៀវទេសចរបច្ចុប្បន្នមកលេងកម្សាន្ត ភាគច្រើនលក្ខណៈជាក្រុមៗ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ លោកសប្បាយចិត្ត ដែលសេវាកម្មទេសចរណ៍របស់សហគមន៍ អាចដំណើរការបានជិត ១០ឆ្នាំមកហើយ។ ជាមួយគ្នានោះ លោកថា បានផ្ដល់ការងារឱ្យស្ត្រី និងបុរសវ័យចំណាស់ជាច្រើននាក់ឱ្យមានការងារធ្វើ តាមរយៈ សេវាដឹកនាំអ្នកដំណើរ ដូចជារទេះគោ រទេះសេះ និងម៉ូតូកង់បី រួមនិងបន្ទប់ជួលជាដើម។ លោកថា បើទោះ ភ្ញៀវទេសចរមកកម្សាន្តនេះ ពុំសូវបានទៀងទាត់ក្ដី ពលរដ្ឋនៅតែអាចរកចំណូលបានខ្លះ តាមរយៈ ការលក់កសិផលផ្សេងៗ។
លោក ប៊ុន បាន៖ «មានការកើនឡើង(ភ្ញៀវទេសចរ)គួរឱ្យកត់សម្គាល់ដែរ ព្រោះឆ្នាំនេះ ឃើញភ្ញៀវជាតិយើងមកលេងច្រើន ឃើញគាត់មកទិញផ្លែក្រូចអ៊ីចឹង ទិញទៅបរិភោគលក្ខណៈគ្រួសារ ហើយបង្កើនឱ្យពលរដ្ឋ(ក្នុងភូមិ)មានប្រាក់ចំណូល ហើយមានការធូរធារជាងមុន។ យើងមានរទេះសេះដល់ទៅ៦គ្រឿង ហើយរទេះគោវាមានទៅដល់២២គ្រឿង។ ធម្មតា ភ្ញៀវជាតិយើងគាត់ចូលចិត្ត ជិះរទេះសេះ ភ្ញៀវបរទេសចូលចិត្តជិះរទេះគោ»។
ទាក់ទិនរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ លើកឡើងថា ជារឿងល្អ ដែលអ្នកភូមិ រស់នៅកោះទ្រង់ ខេត្តក្រចេះ បង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ ហើយស្ត្រីមួយចំនួន អាចកែច្នៃរទេះសេះ ដឹកភ្ញៀវទេសចរ។ លោកបន្តថា ករណីនេះ អាជ្ញាធរពាក់ព័ន្ធ ត្រូវតែគិតគូរពីពួកគាត់ ហើយត្រូវរៀបចំសេវាសាធារណៈដូចជា ទឹក ភ្លើង និងផ្លូវថ្នល់ជាដើមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណា រក្សាបានការរស់នៅបែបប្រពៃណី របស់អ្នកភូមិ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។
លោក វន់ ពៅ៖ «រឿងនៅខេត្តក្រចេះគឺចំណុចសំខាន់ ដែលពួកគាត់បានបន្លិចនូវរទេះសម្រាប់ការដឹកភ្ញៀវទេសចរ ព្រោះរទេះសេះក៏អាចជួយបង្កើនប្រាក់ចំណូលបន្ថែមឱ្យគាត់ទៀតផងដែរ ព្រោះឱ្យគាត់មានមុខរបរ។ អ៊ីចឹងអាជ្ញាធររដ្ឋ គឺត្រូវតែជួយលើកកំណើន ជួយផ្សព្វផ្សាយពីមុខរបរបររទេះសេះដឹកនាំភ្ញៀវទេសចរណ៍ ត្រូវតែគាំពារគាត់ឱ្យមានប្រាក់ចំណូល គាំពារគាត់ឱ្យមានភ្ញៀវទេសចរណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិ»។
កោះទ្រង់មានផ្ទៃដីសរុប២២៣ហិកតារ ហើយអ្នកភូមិភាគច្រើនជាកសិករ ព្រោះដីលើកោះនេះ ជាតំបន់សំណើម មានជីវជាតិអំណោយផលដល់វិស័យកសិកម្ម។ ជាងនេះទៀត កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹង តាមបណ្ដោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ ដែលធ្វើឱ្យភ្ញៀវទេសចរ អាចស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ រួមនិងអាចបោះតង់គេង ស្ដាប់សំឡេងទឹករលកនៅពេលយប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។