អាជ្ញាធរថៃគ្រោងបញ្ជូនពលរដ្ឋខ្មែរ ៤នាក់​មកកម្ពុជាវិញដោយចោទថា ក្លែង​ខ្លួន​ជាសង្ឃ និង​ឆ្លងដែន​ខុស​ច្បាប់

ដោយ ចាន់ ដារ៉ូ
2023.12.05

អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​បួន​នាក់ ដែល​គ្រង​ចីពរ​ជា​ព្រះ​សង្ឃ និង​គ្រោង​បញ្ជូន​មក​កម្ពុជា​វិញ ដោយ​ចោទ​ថា ពួកគេ​លួច​ចូល​ដី​ថៃ និង​ក្លែង​បន្លំ​ជា​សង្ឃ​ដើរ​អង្គាស​ប្រាក់​ពី​ពលរដ្ឋ​ថៃ​ដោយ​ខុស​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា កត្តា​ជីវភាព​ទើប​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ប្រថុយ​ប្រថាន​គ្រោះថ្នាក់​នៅ​លើ​ដី​ថៃ​ដោយ​ខុសច្បាប់​ដែល​​រដ្ឋាភិបាល​ត្រូវ​​ពិនិត្យ​ដោះស្រាយ​ឱ្យ​បាន​ឆាប់។

ព្រះសង្ឃ​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ និង​មន្ត្រី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​បួន​នាក់ ក្រោយពេល​ប៉ូលិស​អន្តោ​ប្រវេសន៍​ថៃ​ចុះ​ចាប់​ពួក​គេ ទាក់ទង​ករណី​ឆ្លង​ដែន​ខុស​ច្បាប់ និង​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត​នៅ​ស្រុក​ស៊ីរ៉ាឆា (Si Racha) ខេត្តឈុនបូរី (Chon Buri) កាល​ពី​ថ្ងៃ​ទី១ ខែធ្នូ។

ព្រះតេជ​ព្រះគុណ វត ភិសិដ្ឋ គង់​នៅ​វត្ត​ព្រះ​ប្រទានពរ ក្នុង​ស្រុក​ស៊ីរ៉ាឆា មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៤ ខែធ្នូ​ថា ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នោះ ស្នាក់​នៅ​អាស្រម​ក្នុង​ព្រៃ​បោះបង់​ចោល​មួយ​កន្លែង​ក្បែរ​វត្ត​របស់​ព្រះអង្គ​គង់​នៅ។ ព្រះអង្គ​បន្ត​ថា ពួក​គេ​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ពី​កម្ពុជា​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​គ្រង​ចីវរ កោរសក់​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌ​បាត​អង្គាស​ប្រាក់ ម្ហូបអាហារ​ពី​ពុទ្ធ​បរិស័ទ​ថៃ​នៅ​តាម​ភូមិ និង​ផ្សារ ដើម្បី​ចិញ្ចឹម​ជីវិត និង​ផ្គត់ផ្គង់​គ្រួសារ​នៅ​ស្រុក​កំណើត។ ព្រះអង្គ​ថា បញ្ហា​ដែល​ធ្វើ​ប៉ះពាល់​​ដល់​កិត្តិយស​ជាតិ និង​តម្លៃ​សាសនា​លើ​ឆាក​អន្តរ​ជាតិ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​អសមត្ថភាព​ក្នុង​ការ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ឱ្យ​រស់​នៅ​សមរម្យ​នៅ​ក្នុង​​ប្រទេស។

ព្រះតេជព្រះគុណ វត ភិសិដ្ឋ៖ «វា​អាណោច​អាធ័ម វា​អាប់​ឱន​កិត្តិយស កេរ្តិ៍​ឈ្មោះ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​របស់​យើង​នៅ​លើ​ឆាក​អន្តរ​ជាតិ វា​អត់​គួរ​កើត​មាន​ឡើយ​ទេ។ គ្រប់​ស្ថាប័ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អត់​គិត​គូ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អិតល្អន់​ទេ គេ​គិត​គូរ​តែ​រឿង​បក្ខពួក ផល​ប្រយោជន៍​ក្រុម​គ្រួសារ​របស់​គេ អ៊ីចឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​ខ្មែរ គឺ​ធ្វើ​ការ(រក​​ការងារ​ធ្វើ)សព្វ​បែប​យ៉ាង​ដើម្បី​រស់ »

កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១ ខែធ្នូ ថា​ប៉ូលិស​ថៃ​ចាប់​ខ្លួន​សង្ឃ​ខ្មែរ​នៅ​ស្រុក​ស៊ីរ៉ាឆា ដោយ​មិន​មាន​លិខិត​ឆ្លង​ដែន ឬ​ឯកសារ​ធ្វើដំណើរ​អ្វី​ឡើយ។ ក្រៅ​ពី​រក​ឃើញ​តែ​កន្លែង​ស្នាក់​នៅ​ក្នុង​ព្រៃ​ឫស្សី​លើ​ភ្នំ ដែល​គេ​ទុក​ចោល​​នោះ ប៉ូលិស​ក៏​បាន​រក​ឃើញ​របស់​របរ​ធ្វើ​ម្ហូប និង​សម្ភារៈ​នៅ​ក្នុង​ផ្ទះ​មួយ​ចំនួន បន្ទាប់​ពី​ពលរដ្ឋ​ថៃ​រស់​នៅ​មូលដ្ឋាន​​រាយ​ការណ៍។ ប្រភព​ដដែល​បញ្ជាក់​ថា បន្ទាប់​ពី​សាក​សួរ​រួច តុលាការ​ថៃ​បាន​ចោទប្រកាន់​បុរស​ខ្មែរ​ទាំង ៤នាក់​នោះ​ពី​បទ​លួច​ចូល​ដី​ថៃ និង​ក្លែង​បន្លំ​ជា​ព្រះសង្ឃ​ដោយ​ខុស​ច្បាប់ ហើយ​សមត្ថកិច្ច​ថៃ​នឹង​បញ្ជូន​ពួក​គេ​ទៅ​កម្ពុជា​វិញ បន្ទាប់​ពី​អនុវត្ត​តាម​ច្បាប់​របស់​ប្រទេស​នេះ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​កម្ពុជា​លោក អាន សុខឿន និង​មន្ត្រី​កុងស៊ុល​រង​ទី១​នៃ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​លោក ផៃ លន ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៤ ខែធ្នូ។

ជុំវិញ​រឿង​នេះ ​មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​របស់​អង្គការ​សង់​ត្រាល់ (CENTRAL) លោក លឹង សុផុន មើល​ឃើញ​ថា​ករណី​អាជ្ញាធរ​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​ក្លែង​ជា​សង្ឃ និង​គ្មាន​ឯកសារ​ត្រឹមត្រូវ​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ ហើយ​​ពួកគេ​ត្រូវ​​ប្រឈម​ជាប់​គុក ៤៥ថ្ងៃ មុន​បញ្ជូន​មក​ប្រទេសកំណើត​វិញ។ លោក​យល់​ថា រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​បច្ចុប្បន្ន ពីព្រោះ​ចំណុច​ខ្វះខាត​នេះ បាន​ទាញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​ដោយ​ខុស​ច្បាប់។

លោក លឹង សុផុន៖ «ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ខាង​ស្ថាន​ទូត​មាន​តួនាទី​ខាង​ហ្នឹង​គួរ​តែ​មាន​វិធានការ​ណាមួយ​ជួយ​ជ្រោមជ្រែង​ដល់​ពួកគាត់​ដោះស្រាយ​បញ្ហា​ហ្នឹង​ដើម្បី​កាត់​បន្ថយ ឬ​កុំ​មាន​បញ្ហា​អ៊ីចឹងៗ កើត​ឡើង ពីព្រោះ​ការ​បង្ហាញ​បែប​ហ្នឹង​ធ្វើ​ប្រជាជន​ខ្មែរ​មិន​ល្អ​​ទេ ដោយសារ​ការ​ឆ្លង​ដែន​ពេល​ខ្លះ​ទៅ​គេ​ចាប់​បាន​ទៅ​ចោទ​ប្រកាន់​យើង​ពី​រឿង​ខុស​ច្បាប់​ផ្សេងៗ»

មន្ដ្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ទាំង​នោះ ដោយ​មាន​ការ​ផ្សព្វ​ផ្សាយ​បញ្ហា​ប្រឈម​ពី​ការ​ចំណាក​ស្រុក​ខុស​ច្បាប់​ឱ្យ​បាន​ទូលំ​ទូលាយ បង្ហាញ​គោល​នយោបាយ​គាំពារ​ពី​តម្រូវការ​ចាំបាច់ ដាក់​បម្រាម​កំណត់​ចំពោះ​ការ​ផ្អាក​សង​បំណុល​ធនាគារ និង​ជំរុញ​ផលិត​ផល​ដាំ​ដុះ​ក្នុង​ស្រុក។ ពួកគេ​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅតែ​មិន​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ទេ នោះ​ប្រជាពលរដ្ឋ​នឹង​នៅតែ​ធ្វើ​ចំណាក​ស្រុក​ខុសច្បាប់ និង​រង​គ្រោះ​កាន់​តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។