៥ខែក្រោយ មានវិបត្តិរីករាលដាលជាសាកលនៃជំងឺឆ្លងកូវីដ (Covid-19) ថ្វីត្បិតតែអ្នកខ្លះចូលធ្វើការវិញក្ដី អ្នកខ្លះនៅបន្តបាត់បង់ការងារ ដែលបានធ្វើឲ្យពួកគាត់ប្រឈមមុខ និងបញ្ហាជីវភាពប្រចាំថ្ងៃ គ្មានប្រាក់ដោះបំណុលធនាគារ និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនោះទេ រួមទាំងពួកគាត់កំពុងភ័យព្រួយខ្លាចម្ចាស់បំណុលរឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់ថែមទៀតផង។
ប្រការនេះ បានជំរុញឲ្យក្រុមពលរដ្ឋទាំងនោះ រួមមានអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា អ្នកលក់ដូរបន្តិចបន្តួច អ្នករត់ម៉ូតូឌុប អ្នករត់រ៉ឺម៉កទេសចរណ៍ ស្ត្រីបម្រើការងារក្នុងវិស័យសេវាកម្សាន្ត និងបុគ្គលិក កម្មករ កាស៊ីណូ និងកម្មករសំណង់ ជាដើម ដង្ហោយហៅរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលជាបន្ទាន់។
អ្នកធ្វើកិច្ចការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថា ស្ថានភាពអូសបន្លាយនៃជំងឺកូវីដ១៩ នេះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពួកគាត់យ៉ាងខ្លាំង ស្ទើរតែរកបាយទទួលទានសឹងមិនបាន។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន់ ពៅ ថ្លែងថា ប្រាក់ចំណូលរបស់អ្នករត់ម៉ូតូឌុប រត់រឺម៉ក់ទេសចរណ៍ និងអ្នករត់ឡានឈ្នួលជាដើមបានធ្លាក់ចុះពី ៧០% ទៅ៨០% ដែលធ្លាប់រកបានក្នុងមួយថ្ងៃបានប្រមាណ ៦ម៉ឺន ឬ ១៥ដុល្លារ តែបច្ចុប្បន្នរកបានខ្ពស់បំផុតត្រឹម ២ម៉ឺនរៀល ឬ ៥ដុល្លារ ហើយនិងអាចតិចជាងនេះ បានតែ៨ពាន់រៀល ឬប្រមាណ ២ដុល្លារប៉ុណ្ណោះ។
លោកថា អ្វីដែលកាន់តែយ៉ាប់យ៉ឺនជាងនេះថែមទៀត គឺក្រុមពលរដ្ឋដែលផ្ញើព្រេងវាសនានៅលើគំនរសំរាមវិញ ស្ទើរតែដាច់បាយ ព្រោះពួកគាត់មិនសូវសំបូរអេតចាយរើស នៅពេលរើសបានហើយក៏លក់មិនដាច់ តែបើលក់ហើយបានត្រឹមតម្លៃថោកទៅទៀត។ ចំណែកឯអ្នកធ្វើការតាមផ្ទះក៏ត្រូវម្ចាស់ផ្ទះជាជនបរទេសត្រឡប់ទៅប្រទេសគេវិញ និងខ្លះម្ចាស់ផ្ទះលែងទទួលឲ្យធ្វើការនាំឲ្យពួកគាត់បាត់បង់ការងារ និងបាត់បង់ប្រាក់ចំណូលយ៉ាងគំហុក។ រីឯអ្នកលក់ដូរតាមផ្សា តាមដងផ្លូវ ក៏លក់លែងដាច់ ហើយអ្នកលក់ដូរនៅមុខរោងចក្រក៏លក់លែងបានដោយសាររោងចក្រព្យួរការងារកម្មករ និងបិទទ្វារ៖ «ស្ថានភាពពេលនេះប្រាក់ចំណូលធ្លាក់ចុះមែនទែន ធ្វើឲ្យអ្នកខ្លះសូម្បីកូនឈឺក៏គ្មានថវិកាព្យាបាលកូនថែមទៀតផង យើងទាំងអស់គ្នាហាក់ដូចជាស្ថិតក្នុងស្ថានភាពអភ័ព្វមែនទែនយើងមានរដ្ឋាភិបាលដូចគេដូចឯងដែរ ក្នុងស្ថានភាពកូវីដ ពួកយើងសេដ្ឋកិច្ចក្រៅប្រព័ន្ធលំបាកខ្លាំងជាងគេ។ ថ្មីៗនេះរដ្ឋាភិបាលបានធ្វើការផ្អាកលែងធ្វើប័ណ្ណសមធម៌សុខាភិបាលជូនទៀត មានន័យថាទុកត្រួតលើទុកតែម្ដង។ សមាជិកខ្ញុំបាទមួយចំនួនពេលកូនគាត់ឈឺគ្រុនឈាមគាត់ទៅមន្ទីរពេទ្យគាត់ខ្វះលុយជូនពេទ្យ គាត់មកសំពះអង្វរខ្ចីថវិកាខ្ញុំពីខ្ញុំ ហើយខ្ញុំក៏គ្មានលទ្ធភាពអីដែរខ្ញុំក៏ខ្ចីបន្តពីបងប្អូនផ្សេងៗទៀត»។
ស្ដាប់លោក វន់ ពៅ ផ្ដល់សម្ភាសន៍យ៉ាងដូច្នេះហើយហាក់តឹងទ្រូងណាស់ ប៉ុន្តែចំពោះអ្នកបានចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុនបិទទ្វារ១រយៈ ក៏មិនបានទាន់គ្រាន់បើនៅឡើយដែរ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ រៀបរាប់ពីការលំបាកនេះ៖ «អ្នកខ្លះតាំងពីពេលបើកចូលធ្វើការនៅថ្ងៃទី៨ កក្កដាមក អ្នកខ្លះធ្វើការបានតិចជាងមួយសប្ដាហ៍ ខ្លះបានច្រើនបំផុតត្រឹមកន្លះខែទេ។ បុគ្គលិកខាងលើកទឹកលើកម្ហូបមួយចំនួននោះគឺអត់បានធ្វើការសោះតែម្ដងដោយសារកន្លែងគាត់អត់ទាន់បើក។ រឿងអាក្រក់បំផុតគឺមានការរើសអើងចំពោះបងប្អូនស្ត្រីមានផ្ទៃពោះ ផ្នែកសម្អាតនិងផ្នែកខ្លះផ្សេងទៀតក្រុមហ៊ុនអត់ហៅគាត់ឲ្យចូលធ្វើការវិញទេ។ ឯអ្នកមានជំងឺដោយសារគ្រោះថ្នាក់ការងារ និងជំងឺប្រចាំកាយក៏ដោយក៏ក្រុមហ៊ុនអត់យកចូលធ្វើការវិញដែរ។ មួយទៀតការរើសអើងអ្នកជាសមាជិកសហជីពបានចំនួនថ្ងៃធ្វើការតិចជាងអ្នកដែលមិនមែនជាសមាជិកសហជីព។ ស្ថានភាពសេដ្ឋកិច្ចរបស់ពួកគាត់នៅតែប្រឈមដដែលទេ ប្រាក់ខែមិនពេញលេញហើយការចំណាយផ្សេង និងបំណុលធនាគារទៀត ហើយមិនត្រូវបានខាងធនាគារអនុគ្រោះ ឬពន្យារពេលឲ្យបង់ធនាគារទៀតទេ»។
ងាកមកផលប៉ះពាល់លើជីវភាពកម្មករវិស័យសំណង់វិញ ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា លោក សុខ គីន កត់សម្គាល់ថា កម្មករក្នុងវិស័យសំណង់មានភាពប្រឈមខ្លាំងនិងឱកាសបាត់បង់ការងារផុយស្រួយជាងវិស័យផ្សេងទៀត បូករួមទាំងពិបាកស្វែងរកការងារធ្វើ។ លោកវាយតម្លៃថា កម្មករក្នុងវិស័យនេះបានបាត់បង់ការងារធ្វើប្រមាណ ៣៥% ដោយសារវិបត្តិជំងឺកូវីដនេះ៖ «វិស័យសំណង់មិនមានប្រាក់ឧបត្ថម្ភអ្វីទាល់តែសោះ ពេលត្រូវព្យួរការងារ ត្រូវព្យួរតាមតែនិយោជកចង់ ពេលខ្លះលេសរបស់និយោជកត្រូវប្ដូរការដ្ឋាន និងរកកម្មករថ្មី ដែលធ្វើឲ្យគាត់បាត់បង់អត្ថប្រយោជន៍និងអតីតភាពការងារនិងផលប្រយោជន៍ផ្សេងៗ នៅក្នុងច្បាប់។ យើងដឹងហើយកម្មករក្នុងវិស័យសំណង់ធ្វើការដោយធនធ្ងន់ និងប្រើកម្លាំងជីវភាពមិនធូរធារទេ គាត់ខ្សត់ខ្សាយសឹងតែ៨០ % សម្រាប់កម្មករក្នុងវិស័យសំណង់»
«សំណួរចម្លើយចែករំលែកបទពិសោធន៍ក្នុងវេទិកា»
សុណង សួរ៖ លោក វន់ ពៅ វិញម្ដងឥឡូវចែករំលែកបទពិសោធន៍បន្តិចថា តើលោកមានបទពិសោធន៍អ្វី និងត្រៀមខ្លួនបែបណាបើសិនជាមានរលកទី២ ដូចជាវិបត្តិដែលយើងអត់បានដឹងមុនទាំងអស់គ្នាបែបនេះ មានវិបត្តិកូវីដនេះ រងផលប៉ះពាល់អត់លុយបង់ធនាគារ ខ្វះខាតជីវភាពបាត់បង់ការងារធ្វើនេះជាបទពិសោធន៍មួយ តើមានបទពិសោធន៍អ្វីសម្រាប់ទៅថ្ងៃក្រោយទៀត?
លោក វ៉ន់ ពៅ ឆ្លើយ៖ «ជាបទពិសោធន៍មេរៀនជីវិតដ៏ជូរចត់ទៅថ្ងៃក្រោយ យើងទាំងអស់គ្នាមិនអាចប្រកបរបរតែមួយមុខបានទេត្រូវមានមុខរបរវិជ្ជាជីវៈផ្សេងទៀត ដើម្បីទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃ ជាពិសេសបងប្អូន ងាកទៅរកវិស័យកសិកម្មឡើងវិញ ដាំដុះដើម្បីទប់ទល់ជីវភាពប្រចាំថ្ងៃ ចាយត្បិតត្បៀតទប់ស្កាត់បើសិនមានរលកទី២ ទី៣កើតឡើង។ រួមគ្នាដាស់តឿនក្រើនរំលឹកអ្នកដឹកនាំ ប្រទេសគិតគូរពីប្រយោជន៍របស់ប្រជាពលរដ្ឋ ឬត្រៀមកញ្ចប់ថវិកាណាមួយសម្រាប់ហានិភ័យសង្គមដូចមានចែងនៅក្នុងកិច្ចគាំពារសង្គមតាមរយៈប្រព័ន្ធជំនួយសង្គមជូនប្រជាពលរដ្ឋ។ រដ្ឋត្រូវតែមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមដល់ប្រជាពលរដ្ឋ និងឧបត្ថម្ភធនជូនប្រជាពលរដ្ឋដើម្បីបង្កើនមុខរបរជូនពលរដ្ឋទូទៅ។ មួយទៀតរដ្ឋគួរពិចារណាចំពោះរបាយការណ៍ដែលមានពលរដ្ឋជំពាក់បំណុលដល់ទៅជាង២លាននាក់ ដើម្បីមានយន្តការអ្វីដើម្បីជួយដល់ពលរដ្ឋនៅពេលមានហានិភ័យសង្គមកើតឡើង»។
សុណង សួរ៖ ស៊ីថរមានអ្វីជាបទពិសោធន៍ដែលទទួលបាននោះ?
ស៊ីថរ ឆ្លើយ៖ «ជាបទពិសោធន៍មួយដែលយើងទាំងអស់គ្នាខកចិត្តហើយ ចងចាំគឺថាយើងមិនត្រូវបានគាំពារ ឬមិនអាចពឹងផ្អែកលើរដ្ឋាភិបាលបានក្នុងវិបត្តិកូវីដ១៩នេះ វាជារឿងមួយដែលគួរឲ្យសោកស្ដាយមែនទែន។ បើនិយាយភាសារាស្ត្រសាមញ្ញ យើងជាម៉ែឪយើងអត់បានជួយកូនខ្លួនឯង ជាបទពិសោធន៍មួយមិនល្អសោះ សូមរដ្ឋាភិបាលលោកសិក្សាស្ដាប់សំឡេងកម្មករ សំឡេងប្រជាពលរដ្ឋឲ្យបានច្រើនជាងនេះទើបលោកអាចចាត់ចែង និងសម្រេចចិត្តធ្វើគោលនយោបាយគាំពារដល់ប្រជាជនក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ និងវិបត្តិផ្សេងៗទៀតទៅអនាគត»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។