ពលរដ្ឋ​និងសង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​ព្រំដែន ដើម្បី​ស្រោចស្រង់​ភ្ញៀវ​ទេសចរ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញពី​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ វាល​យន្តហោះ និង​តាម​ផ្លូវជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដែល​កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក​នោះ​មក​វិញ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល អះអាង​ថា ការ​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ មិន​ប៉ះពាល់​ដល់​វិស័យ​ទេសចរ​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ជា​ថ្មី​ទៀត ដោយសារ​រដ្ឋាភិបាល​ប​ន្ត​សម្ញែង​កងកម្លាំង​កាន់​អាវុធ​ចម្រុះ​ច្រើន​ស្អេកស្កះ យាមល្បាត​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ វាល​យន្តហោះ តាម​ផ្លូវ​ជាតិ ទីប្រជុំជន និង​ក្រុង​សៀមរាប​ជាដើម​។ ពួកគេ​យល់ថា បញ្ហា​នេះ​នាំមក​នូវ គុណវិបត្តិ​ជាច្រើន​រួមមាន ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មិន​ហ៊ាន​មក​ស្រុក​ខ្មែរ ប៉ះពាល់​អ្នក​វិនិយោគ​បរទេស ជាពិសេស​ខាត​សេដ្ឋកិច្ច​របស់​ប្រជាជន​ខ្មែរ​មួយ​កម្រិត​ទៀត​។​

​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ នៅ​ក្រុង​សៀមរាប លោក វិន ភារម្យ ឱ្យ​ដឹង​នៅ​ថ្ងៃទី១២ វិច្ឆិកា​ថា នៅ​គ្រា​ដែល​រដ្ឋាភិបាល​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​បែបនេះ ; ភ្ញៀវ​ទេសចរ​កាន់តែ​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត​។ លោក​ថា ភ្ញៀវ​បរទេស ដែល​កក់​ម៉ូតូ​កង់​បី​របស់លោក បាន​ផ្អាក​ទៅវិញ​ដោយសារ​ពួកគេ​បារម្ភ​ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា ដោះស្រាយ​បញ្ហា​នេះ​ជា​កត្តា​សំខាន់​៖ «ចង់​ឱ្យ​គាត់​ដកចេញ​ដែរ​បង កាលណា​គាត់​ដាក់​កម្លាំង​ប្រដាប់​អាវុធ​តាម​តាម​ព្រំដែន អ៊ីចឹង​កាលណា ភ្ញៀវ​ឃើញ គាត់​អត់​ហ៊ាន​មកលេង​សៀមរាប​ទេ​បង គាត់​ខ្លាច​។ ភ្ញៀវ​ខ្ញុំ​ត្រូវ​មក​ថ្ងៃ​សោរ៍ តែ​ឥឡូវ​គាត់​ផ្អាក​ហើយ»។

ចំណែក បុគ្គលិក​សណ្ឋាគារ​មួយ នៅ​ក្រុង​សៀមរាប ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ការ​បង្ហាញ​កងកម្លាំង​ប្រដាប់​អាវុធ​បែបនេះ ​មិន​ផ្ដល់​ផល​ចម្រើន​ដល់​សង្គមជាតិ​នោះ​ទេ ផ្ទុយទៅវិញ​នឹង​ខាតបង់​ថវិកា​រដ្ឋ​មួយ​កម្រិត​ទៀត ដែល​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​កងកម្លាំង​ប្រដាប់​អាវុធ​ជាប្រចាំ​ថ្ងៃ​។ លោក​មើល​ឃើញ​ថា បញ្ហា​នេះ ឆ្លុះបញ្ចាំង​ថា កម្ពុជា​ពុំ​ទាន់​មាន​សុខ​សន្តិភាព និង​សេរីភាព​​ពេញលេញ សម្រាប់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ឱ្យ​ស្ងប់​អារម្មណ៍​នៅឡើយ​ទេ​៖ «ដោយសារ​បង្ហាញ​កងកម្លាំង​ប្រដាប់អាវុធ​បែប​ហ្នឹងហើយ ធ្វើ​ឱ្យ​ភ្ញៀវ​មួយ​ចំនួន​ធំ លុប​ជើង​ហោះហើរ​មកលេង​ស្រុក​ខ្មែរ ដោយសារ​វា​មាន​ព័ត៌មាន ជាច្រើន​បង្ហាញ​ពួកគាត់​។ អ៊ីចឹង​ហើយ ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​គំហុក»។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់​ទុក​ការ​លើកឡើង​នេះ ជា​រឿង​នយោបាយ មិន​បង្ហាញ​ពី​ស្ថានភាព​ពិត​ក្នុង​សង្គម​ទេ​។ លោក​ថា ការ​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ក្នុង​ពិធីបុណ្យ​អុំទូក​។ ទន្ទឹម​នឹង​នេះ​លោក​ថា ការ​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ តាម​ព្រំដែន គឺ​ដើម្បី​ទប់ទល់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ មិន​ប៉ះពាល់​ដល់​វិស័យ​នោះ​ទេ​៖ «ខ្ញុំ​មើល​មិន​ឃើញ​ប៉ះពាល់​ទេ ទាល់តែ​អ្នកមាន​បំណង​មើល​រូប​ភាព​នេះ​វា​អាក្រក់​ទៅវិញ​។ អ្នកទេសចរ​គេ​សប្បាយរីករាយ ក្នុង​ការ​ធ្វើដំណើរ និង​ស្នាក់នៅ​ដោយ​សុវត្ថិភាព​។ អ្នក​និយាយ​ហ្នឹង​មានបំណង​ពាក់ព័ន្ធ​នយោបាយ»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ យល់ថា រដ្ឋាភិបាល​គួរតែ​ដក​កម្លាំង​ប្រដាប់​អាវុធ និង​ទាហាន​តាម​ព្រំដែន ឱ្យ​មាន​ភាព​ប្រក្រតី​ឡើងវិញ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ និង​ស្ដារ​សេដ្ឋកិច្ច​ប្រជាជន​។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ធ្វើ​យ៉ាងណា ឱ្យ​បរទេស​មើល​ឃើញ​ថា កម្ពុជា​មាន​សុខ​សន្តិភាព​ពិតប្រាកដ ដើម្បី​រក្សា​ប្រយោជន៍​រួម​របស់​ពលរដ្ឋ និង​សង្គមជាតិ​៖ «ប្រសិនបើ​នយោបាយ ឡើង​ស្រកៗ ភ្ញៀវ​ទេសចរណ៍​ក៏​ពិបាក​ដែរ​។ អ៊ីចឹង​សំខាន់ ធ្វើ​យ៉ាងណា​រៀបចំ​ប្រទេសជាតិ​រៀបចំ ឱ្យ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ហើយ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ហ្នឹង​នូវ​រក្សា​ដូចដើម​ឡើងវិញ​។ កុំ​ឱ្យ​មានការ​ចល័ត​ទ័ព​យ៉ាង​ច្រើន ដូច​កាលពី​ថ្ងៃ​ទី៩ និង​ថ្ងៃ​១០»។

ស្រដៀង​គ្នា​នេះ អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ;​និង​ត្រូវ​ចរចា​គ្នា​រក​ដំណោះស្រាយ​ជា​វិជ្ជមាន តម្កល់​ប្រយោជន៍​ជាតិ​ជាធំ​។ លោក​បារម្ភ​ថា ការ​ពន្យារ​ពេល​មិន​ដោះស្រាយ​វិបត្តិ​នយោបាយ នឹង​បង្ក​ប៉ះពាល់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រជាជន​ធំធេង និង​វិស័យ​ទេសចរ ជាពិសេស​ផ្ទុះឡើង​នូវ​វិបត្តិ​សង្គម​ផ្សេងៗ​ជាដើម​៖ «ស្ថានភាព​នេះ គួរតែ​បញ្ចប់​ការ​ប្រើ​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ជម្លោះ​នយោបាយ​ទៅ​។ យើង​តែង​ទទូច​ឱ្យ​អ្នកនយោបាយ ធ្វើ​យ៉ាងណា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។ កុំ​ប្រើប្រាស់​នូវ​កម្លាំង​ប្រដាប់​អាវុធ យក​ជា​ដោះស្រាយ ដែល​ជា​ដំណោះស្រាយ​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ព្រួយ​បារម្ភ​ណាស់»។

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ត្អូញ​ថា ភ្ញៀវ​ទេសចរ​មួយ​ចំនួន បាន​កក់​បន្ទប់​រួចរាល់ បែរជា​ផ្អាក​ទៅវិញ ដោយសារ​ពួកគេ​បារម្ភ​ពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា​។ លើស​ពី​នេះ ម្ចាស់​សណ្ឋាគារ​មួយ​ចំនួន នៅ​ក្រុង​ខេត្ត​សៀមរាប បាន​បិទ​អាជីវកម្ម និង​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន​ជា​បណ្ដើរៗ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​។ ការ​បិទទ្វារ​អាជីវក​ម្ម​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​ប្រជាជន ហើយ​អ្នកខ្លះ​បន្ត​ជំពាក់​បំណុល​គេ គ្មាន​ប្រាក់​បង្វិល​សង​ម្ចាស់បំណុល​វិញ​។

​របាយការណ៍​គ្រឹះស្ថាន​អង្គរ​បង្ហាញ​ថា រយៈពេល ៧​ខែ ក្នុង​ឆ្នាំ​២០១៩ នេះ មាន​ភ្ញៀវ​ទេសចរ​ជិត ១​លាន ៤​សែន​នាក់ បាន​មក​កម្សាន្ត​នៅ​កម្ពុជា។ ចំនួន​នេះ គឺ​ធ្លាក់​ចុះ​ជាង ១០​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។