លោក ហ៊ុន សែន ថា រោងចក្រ​ពីរ​នៅ​ខេត្ត​ព្រះសីហនុ ផ្អាក​ដំណើរ​ការ​ដោយសារ​ខ្វះ​វត្ថុ​ធាតុ​ដើម​ពី​ចិន

0:00 / 0:00

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បង្ហើប​ថា មាន​រោងចក្រ​ពីរ​ទៀត នៅ​ខេត្ត​ព្រះសីហនុ បាន​ដាក់​ពាក្យ​ស្នើសុំ​ព្យួរ​ការងារ​បណ្ដោះអាសន្ន ដោយសារ​តែ​ខ្វះ​វត្ថុធាតុ​ដើម​សម្រាប់​ដំណើរ​ការ​ផលិតកម្ម។ ចំណែក​សហជីព​ព្រួយ​បារម្ភ​ថា ផល​ប៉ះពាល់​វិស័យ​កាត់​ដេរ​នេះ នឹង​កាន់​តែ​មាន​ទំហំ​ធំ ហើយ​រដ្ឋាភិបាល មិន​អាច​ដោះ​ស្រាយ​បាន​ឡើយ ព្រោះ​ផល​ប៉ះពាល់​នេះ មិន​មែន​បណ្ដាល​មក​ពី​កង្វះ​វត្ថុធាតុ​ដើម​តែ​ម្យ៉ាង​នោះ​ទេ គឺ​បណ្ដាល​មក​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ព្យួរ​ការងារ​រោងចក្រ​ពីរ​ទៀត នៅ​ខេត្ត​ព្រះសីហនុ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​របស់​កម្មករ​ប្រមាណ​ជិត ៣០០នាក់។ លោក​បញ្ជាក់​ថា ការ​ព្យួរ​ការងារ​បណ្ដោះអាសន្ន​នេះ ដោយសារ​តែ​ប្រទេស​ចិន ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម កំពុង​រង​ការ​វាយ​លុក​ដោយ​ជំងឺ​កូវីដ១៩ (Covid-19) ហើយ​មិន​អាច​ដឹក​ជញ្ជូន​វត្ថុធាតុ​ដើម​មក​កម្ពុជា​បាន។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ក្នុង​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២ ខែ​មីនា លោក ហ៊ុន សែន ថា មិន​មែន​តែ​កម្ពុជា​ទេ ពោល​គឺ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក សុទ្ធតែ​មាន​ផល​ប៉ះពាល់​ដល់ សង្វាក់​ផលិតកម្ម ព្រោះ​តែ​ខ្វះ​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន៖ « បើ​និយាយ​ពី​វិស័យ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​យើង ផ្គត់ផ្គង់​វត្ថុធាតុដើម ៦០ភាគ​រយ សាច់​កំណាត់​មកពី​ប្រទេស​ចិន នៃ​រោងចក្រ​កាត់ដេរ។ អ៊ីចឹង​បានជា​យើង​ស្នើសុំ​ឲ្យ​មិត្ត​ចិន​ជួយ ក្នុង​ការ​បញ្ជូន​វត្ថុធាតុដើម​មក​កម្ពុជា​ឱ្យ​បាន​ឆាប់​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជៀសវាង​ព្យួរ​ការងារ​កម្មករ នៅ​ក្នុង​ដំណាក់កាល​នេះ។ ទទួល​ព័ត៌មាន​ពី​ខាង​កំពង់សោម ប៉ុន្តែ​ដូចជា​រោងចក្រ​តូចៗ ទេ ឃើញ​អភិបាល​ខេត្ត​ព្រះសីហនុ វ៉ៃ​មក ( រាយការណ៍ ) ថា មាន​រោងចក្រ​២ មួយ​គឺ​កម្មករ​ដូច​ជា ១៨០នាក់ មួយ​ទៀត ដូចជា​កម្មករ ១៧០នាក់​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ​គេ​ឱ្យ​បៀវត្ស​រហូត​ដល់ ៥០ភាគ​រយ នៃ​ពេល​វេលា​ដែល​ព្យួរ ដែល​ខ្វះ​វត្ថុធាតុដើម »

លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​លោក​នៅ​តែ​ធានា​ថា កម្មករ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សរុប​ចំនួន ៦០ភាគ​រយ ស្មើ​ប្រមាណ ១២០ដុល្លារ​អាមេរិក សម្រាប់​កំឡុង​ពេល​ព្យួរ​ការងារ​រយៈ​ពេល​ខ្លី។ ប៉ុន្តែ កម្មករ​ទាំង​នោះ ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បន្ថែម​រយៈ​ពេល ៤ខែ បើ​ពុំ​នោះ​ទេ ពួក​គេ​ពុំ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ​ឡើយ។

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ លោក យ៉ូវ ខេមរា ប្រាប់​អាស៊ី​សេរី​ថា រោងចក្រ​ទាំង​ពីរ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ព្យួរ​ការងារ​ជា​ផ្លូវ​ការ​នេះ គឺ​ជា​រោងចក្រ​ផលិត​ស្បែកជើង និង​កាបូប ដែល​មាន​កម្មករ​ជាង ២៨០នាក់។ រោងចក្រ​នេះ សុំ​ព្យួរ​ការងារ​រហូត​ដល់​ថ្ងៃ​ទី៣១ ខែ​មីនា។ លោក យ៉ូវ ខេមរា បន្ថែម​ថា មន្ត្រី​របស់​លោក​បាន​ចុះ​ទៅ​អង្កេត និង​ចុះ​ឈ្មោះ​កម្មករ ដែល​អត់​ការងារ​ធ្វើ​នោះ​មក​បណ្ដុះបណ្ដាល ដើម្បី​ទទួល​បាន​ប្រាក់​ខែ ១២០ដុលា្លរ។ ប្រធាន​មន្ទីរ​ការងារ​ខេត្ត ព្រះសីហនុ​រូប​នេះ​អះអាង​ថា ការ​ព្យួរ​ការងារ​នេះ ពិត​ជា​បណ្ដាល​មក​ពី​កង្វះ​វត្ថុធាតុ មិន​មែន​មក​ពី​ឥទ្ធិពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប​នោះ​ទេ៖ «EBA មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ណា ហើយ​រោងចក្រ ដែល​ព្យួរ​នេះ​នាំ​ទៅ​ជប៉ុន​តើ »

លោក យ៉ូវ ខេមរា ឲ្យ​ដឹង​ថា ក្នុងខេត្តព្រះសីហនុមានរោងចក្រសហគ្រាសប្រមាណជាង១៥០ ហើយ ប្រសិន​បើ​ប្រទេស​ចិន អាច​ដឹក​វត្ថុធាតុ​ដើម​មក​កម្ពុជា​ទាន់​ពេល​វេលា​តាម​សំណើ​របស់​រដ្ឋាភិបាល គឺ​រោងចក្រ​ទាំង​នេះ នឹង​នៅ​តែ​ដំណើរ​ការ​ធម្មតា។

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បន្ថែម​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​ណា កាល​ពី​សប្ដាហ៍​មុន លោក ហេង សួរ បាន​បញ្ជាក់​ថា បញ្ហា​កង្វះ​វត្ថុធាតុ​ដើម​ពី​ចិន​នេះ អាច​នឹង​មាន​រោងចក្រ​ប្រមាណ ២០០ ប្រឈម​បិទ​ទ្វារ​នៅ​ខែ​មីនា​នេះ ហើយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​កម្មករ​ជិត ១៦ម៉ឺន​នាក់ ខណៈ​គិត​ត្រឹម​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ មាន​រោងចក្រ​ចំនួន១០ បាន​ដាក់​ពាក្យ​សុំ​ព្យួរ​ជា​ផ្លូវការ​ហើយ និង​ប៉ះពាល់​ការងារ​កម្មករ​ប្រហែល ៣ពាន់​នាក់​រួច​ហើយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា បញ្ហា​បិទ​រោងចក្រ និង​បាត់​បង់​ការងារ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​ច្រើន​ខុស​ពី​បណ្ដា​ប្រទេស​ដទៃ​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ EBA២០ភាគ​រយ ពី​សហភាព​អឺរ៉ុប ដែល​មិន​មែន​មក​ពី​ជំងឺ​ឆ្លង​កូវីដ-១៩ (Covid-19) តែ​មួយ​មុខ​នោះ​ទេ។ លោក​បារម្ភ​ថា ផល​ប៉ះ​ពាល់​នេះ មិន​មែន​ត្រឹម​តែ ២០០រោចក្រ និង​កម្មករ ១៦ម៉ឺន​នាក់​នោះ​ទេ គឺ​នឹង​អាច​មាន​ទំហំ​ធំធេង​ជាង​នេះ​បន្ត​ទៀត។ ម្យ៉ាង​វិញ​ទៀត លោក​យល់​ថា គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បើក​ប្រាក់​ប្រចាំ​ខែ ៦០ភាគ​រយ​ដល់​កម្មករ គឺ​មិន​មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​ធ្វើ បាន​តែ​រយៈ​ពេល​ខ្លី ហើយ​ការ​បើក​ប្រាក់​ខែ​សម្រាប់​តែ​កម្មករ ដែល​ចូល​រួម​វគ្គ​បណ្ដាល​នោះ ក៏​ជា​ការ​ដាក់​សម្ពាធ និង​គាប​សង្កត់​លើ​កម្មករ។ លើស​ពី​នេះ ប្រសិន​បើ​មាន​កម្មករ​រាប់​ម៉ឺន​នាក់​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​មែន​នោះ ក៏​គ្មាន​គ្រួ​គ្រប់​គ្រាន់ និង​គ្មាន​កន្លែង​ធំ​ទូលាយ​សម្រាប់​ដាក់​កម្មករ​ដែរ៖ « ការ​លើក​ឡើង​នោះ​គ្រាន់​តែ​ជា​សារ​នយោបាយ​ទេ ប៉ុន្តែ​ធាតុ​ពិត​មិន​អាច​ដោះ​ស្រាយ​ជូន​ទុក្ខ​លំបាក​របស់​បង​ប្អូន​កម្មករ​បាន​ទេ។ យើង​មើល​ឃើញ​ថា វិធី​ដោះ​ស្រាយ​បន្ទុក​ទាំង​អស់​នេះ​មាន​តែ​រដ្ឋាភិបាល​ធ្វើ​ការ​សម្របសម្រួល​ជា​មួយ​សហភាព​អឺរ៉ុប ធ្វើ​យ៉ាង​ម៉េច​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ EBA ពេល​នោះ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ទុន​មាន​ទំនុក​ចិត្ត ហើយ​យើង​គ្រាន់​តែ​រក​វិធី​ដោះ​ស្រាយ​យក​វត្ថុធាតុ​ដើម​យក​មក​ឲ្យ​ក្រុមហ៊ុន​ផលិត​ទៅ​វា​រួច​ស្រេច​ហើយ »

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នោះ​ដែរ ថ្វី​ដ្បិត​លោក ហ៊ុន សែន ថ្លែង​ថា ជំងឺ​ឆ្លង​កូវីដ១៩ មាន ប្រភព​រីក​រាលដាល​ពី​ប្រទេស​ចិន បាន​បង្ក​ឲ្យ​ប្រទេស​ជា​ច្រើន​ភ័យ​ខ្លាច និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភព​លោក​ដាំ​ក្បាល​ចុះ​ក្តី ក៏​លោក​នៅ​តែ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភ័យ​ខ្លាច ដោយសារ​ដល់​ពេល​នេះ កម្ពុជា មិន​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ឡើយ។ លោក ហ៊ុន សែន ថែម​ទាំង​ចាត់​ទុក​អ្នក​ដែល​ផ្សព្វផ្សាយ រូបភាព​មនុស្ស​ដួល​សន្លប់ ឬ​ដួល​ស្លាប់​ជា​បន្ត​បន្ទាប់​ថា ជា​ក្រុម​ទុច្ចរិត ឬ​ជា​ក្រុម​ភេរវករ ដោយ​ចោទ​ថា ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។ មេ​ដឹក​នាំ​រូប​នេះ បន្ត​ថា ប្រសិន​បើ​កម្ពុជា ពិត​ជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ច្រើន​នាក់​ដូច​ការ​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​នោះ​មែន គឺ​មិន​អាច​លាក់បាំង​បាន​ទេ ប្រាកដ​ជា​ឃើញ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ ព្រោះ​លោក​ទទួល​ស្គាល់​ថា សមត្ថភាព​សុខាភិបាល​កម្ពុជា នៅ​ទន់​ខ្សោយ​នៅ​ឡើយ៖ « ព្រោះ​យើង​សមត្ថភាព​ព្យាបាល​មិន​ទាន់​បាន​ស្មើ​ជាមួយ​ជប៉ុន កូរ៉េ​ខាង​ត្បូង ប្រទេស​ចិន ជាមួយ​នឹង​ប្រទេស​អ៊ីតាលី​ជាមួយ​ប្រទេស ដែល​មាន​ប្រជាពលរដ្ឋ ងាប់​ទេ។ យើង​សព្វ​ថ្ងៃ​នេះ អ្វី​ដែល​យើង​ការពារ​បាន​គឺ​តាម​រយៈ​ការពារ​កុំ​ឲ្យ​ឆ្លង ប៉ុន្តែ​និយាយ​ដូច្នេះ​មិន​មែន​បាន​សេចក្ដី​ថា យើង​មិន​រៀបចំ​ទេ នៅ​ភ្នំពេញ​រៀបចំ​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ - សូវៀត។ ឥឡូវ ត្រូវ​ខិតខំ​ម្ខាង​កុំ​ឱ្យ​មេរោគ​នេះ​ឆ្លង​ចូល​ក្នុង​ប្រទេស ក្នុង​ករណី​ដែល [COVID-19] ចូល​មក​ហើយ ក៏​សុំ​កុំ​តក់​ស្លុត​ឱ្យ​សោះ អា​ជំងឺ​តក់​ស្លុត វា​នាំ​ទៅ​ដល់​ជំងឺ ដែល​មិន​ត្រូវ​ងាប់​ក៏​បាន​ដែរ »

សង្គម​ស៊ីវិល​យល់​ថា ប្រសិន​បើ​លោក ហ៊ុន សែន ដឹង​ថា ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​នៅ​ទន់​ខ្សោយ នៅ​ឡើយ ដូច្នេះ​គួរ​តែ​មាន​វិធានការ​បង្ការ និង​ទប់​ស្កាត់​ឲ្យ​បាន​តឹងរ៉ឹង មិន​មែន​បើក​ចំហ​ជើង​មេឃ​ឲ្យ ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន​ចេញ​ចូល​កម្ពុជា​ដោយ​សេរី​នោះ​ទេ។

គិត​ត្រឹម​ថ្ងៃ​ទី២ ខែ​មីនា ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភព​លោក​ដោយសារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ (Covid-19) បាន​កើន​ឡើង​ដល់ ៣.០៤៨​នាក់​ហើយ ខណៈ​អ្នក​ឆ្លង​កើន​ដល់ ៨៩.២១២​នាក់។ ចំណែក​អ្នក​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន ៤៤.៨៩៩​នាក់។ អ្នក​ស្លាប់ និង​អ្នក​ឆ្លង​ភាគ​ច្រើន​បំផុត​នៅ​ប្រទេស​ចិន។

ប្រធាន​អង្គការ​សុខភាព​ពិភព​លោក (WHO) លោក តេដ្រូស អាដហានូម ហ្គេប្រេយសឹស (Tedros Adhanom Ghebreyesus) ថ្លែង​កាល​ពី​សប្ដាហ៍​មុន​ថា ការ​សន្មត​ជា​មុន​​ថា​ ប្រទេស​ខ្លួន​គ្មាន​ជំងឺ​ឆ្លង​កូវីដ១៩ គឺ​ជា​កំហុស​ឆ្គង​ដ៏​គ្រោះថ្នាក់​បំផុត ហើយ​លោក​ជំរុញ​ដល់​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក ត្រូវ​ត្រៀម​បច្ចេកទេស​សុខាភិបាល ដើម្បី​ត្រៀម​ទប់ទល់​ចំពោះ​ការ​កើត​ឡើង​នៃ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។