មន្ត្រី​សហជីព​បារម្ភ​ថា បញ្ហា​បំណុល​នឹង​ធ្វើ​ឱ្យ​កម្មករ​ប្រឈម​នឹង​វិបត្តិ​ផ្លូវ​ចិត្ត

0:00 / 0:00

មន្ត្រី​សហជីព​ព្រួយបារម្ភ​ថា ការបាត់បង់​ការងារ និង​ការ​ព្យួរ​ការងារ​កម្មករ​ដែល​មាន​រយៈពេល​វែង​អាច​ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម​នឹង​វិបត្តិ​ផ្លូវចិត្ត​ដោយសារ​គ្មាន​ប្រាក់​សង​បំណុល​ធនាគារ​។ ក្ដី​បារម្ភ​នេះ​កើតឡើង​គឺ​បន្ទាប់ពី​សហជីព​ឯករាជ្យ​រក​ឃើញ​ថា កម្មករ​៩០​ភាគរយ មកពី​រោងចក្រ​ចំនួន​២០​កន្លែង គ្មាន​លទ្ធភាព​សងបំណុល​ធនាគារ​ដោយសារ​ការប្រាក់​កើនឡើង​ខ្ពស់។

មន្ត្រី​សហជីព​លើកឡើង​ថា បញ្ហា​ជំពាក់​បំណុល​វ័ណ្ឌក និង​ការ​បាត់បង់​ការងារ​នឹង​ធ្វើ​ឱ្យ​កម្មករ​នៅ​តាម​រោងចក្រ មួយចំនួន​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ ឈាន​ដល់​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ ជាពិសេស​ប្រឈម​នឹង​ការ​ធ្វើ​អត្តឃាត​ដោយសារ​ប្រាក់ចំណូល​តិច ប៉ុន្តែ​ត្រូវ​បង់​ការប្រាក់​ទៅ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្ពស់។

មន្ត្រី​សិទ្ធិ​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែ​តុលា ថា អង្គការ​សង់ត្រាល់​ធ្វើ​ការ​ស្ទង់មតិ កម្មករ​ចំនួន​៣០០​នាក់​មកពី​រោងចក្រ​ចំនួន​២០ ក្នុង​នោះ​មាន កម្មករ​៩១​ភាគរយ (៩១%) ជំពាក់​បំណុល​ធនាគារ ខណៈ​កម្មករ​៧០​ភាគរយ អះអាង​ថា បំណុល​របស់​ពួកគេ​កើនឡើង​ទ្វេដង​នៃ​ប្រាក់​ជំពាក់ ។ លោក​បន្ត​ថា កម្មករ​ប្រមាណ​៤០ ភាគរយ​ជំពាក់​បំណុល​ធនាគារ​រហូត​ដល់​ទៅ​៣​កន្លែង ដោយសារ​ពួកគាត់​ខ្ចី​ពី​កន្លែង​មួយ​យក​ទៅ​សង​កន្លែង​ទៀត។

លោក ឃុន ថារ៉ូ៖ «វា​ជា​ក្ដី​កង្វល់​ខ្លាំង​សម្រាប់​យើង​មើល​ឃើញ​ថា ស្ថានភាព​នេះ​ប្រសិនបើ​មិន​វិធានការ​ជាក់លាក់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ដែល​ប្រជាពលរដ្ឋ ជាក់ស្ដែង​ដែល​កម្មករ​និយោជក​កំពុង​ជួបប្រទះ​ទេ ខ្ញុំ​គិតថា​វា​នឹង​នាំ​ឱ្យ​មាន​សម្ពាធ យើង​មិនអាច​ស្មាន​ទុក​ដឹង​ជាមុន​ទេ ថា​អាច​នឹង​មាន​ការ​ធ្វើ​អត្តឃាត​អី​ផ្សេង​ជាដើម​ហ្នឹង ប៉ុន្តែ​ស្ថានភាព​បែបនេះ​ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ដែល​វា​អាច​នឹង​កើត​មាន​ឡើង ហើយនឹង​អាច​កើត​មាន​ជា​បន្តបន្ទាប់»។

បំណុល​វ័ណ្ឌក​ទាំងនេះ​បាន​ធ្វើ​ឱ្យ​កម្មករ​មួយ​ចំនួន​បាត់បង់​ជីវភាព​រស់នៅ​សមរម្យ ប៉ះពាល់​លើ​បញ្ហា​សុខភាព ការ​បង្ខំ​ចិត្ត​ចាកចោល​ស្រុក​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ ហើយ​កម្មករ​មួយ​ចំនួន​ទៀត​បាន​បង្ខំ​ឱ្យ​កូនៗ​ឈប់​រៀន​ដើម្បី​ងាក​មក​ជួយ​រក​ប្រាក់​ដោះស្រាយ​បំណុល។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៩ តុលា។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលរដ្ឋ​គួរតែ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​មុន​ពេល​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ ចៀសវាង​ខ្ចីប្រាក់​យក ទៅ​ចំណាយ​លើ​ភាព​ហ៊ឺហា​ដែល​ធ្វើ​ឱ្យ​គ្មាន​លទ្ធភាព​សងបំណុល។

លោក កាំង តុងងី៖ «បច្ចុប្បន្ន​អ្វី​ដែល​យើង​មាន​ស្រាប់​ហ្នឹង​គឺជា​ការ​ជួយ​ដល់​អតិថិជន​ហើយ យើង​នៅ​តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​គាត់​មាន​ជួប​អតិថិជន​មាន​ជួប​ការ​លំបាក​ហ្នឹង​គឺ​នៅតែ​អាច​រៀបចំ​ផែនការ​រៀបចំ​ឥណទាន​ឡើងវិញ​បាន ដែល​យើង​ធ្លាប់ធ្វើ​នៅក្នុង​បរិបទ​កូវីត​១៩ ប៉ុន្តែ​សូម​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ស្មោះត្រង់​ជាមួយ​គ្រឹះស្ថាន​ហើយ​ក៏​កុំ​ខ្លាច​យក​បញ្ហា​ហ្នឹង​ដាក់​លើ​តុ ហើយ​ចៀសវាង​បំផុត​ទៅ​ខ្ចី​លុយ​ឯកជន​អី​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​បញ្ហា​ហ្នឹង​កាន់តែ​រីក​ធំធាត់»។

ទោះជា​យ៉ាងណា​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញ​ថា ការ​រឹបអូស​ទ្រព្យសម្បត្តិ និង​បង្ខំ​ឱ្យ​ពលរដ្ឋ​លក់​ដីស្រែ​ចម្ការ ផ្ទះសម្បែង​ដើម្បី​យក​មក​សងបំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅតែ​បន្ត​កើតឡើង។

លោក អំ សំអាត៖ «ចំពោះ​បញ្ហា​ដីធ្លី​ផ្ទះសម្បែង​មីក្រូហិរញ្ញវត្ថុ​ក្ដី អ្នកណាម្នាក់​ក្ដី​គឺ​មិនអាច​ធ្វើការ​រឹបអូស ឬ​បង្ខំ​ឱ្យ​លក់​ដី​របស់​គាត់​ដើម្បី​ឱ្យ​សងបំណុល​បាន​ទេ អ្នក​ដែល​មាន​សិទ្ធិ​ក្នុង​ការ​បង្ខំ​ក្នុង​ការ​លក់​ឡាយឡុង​សង​ទៅ​ម្ចាស់បំណុល​គឺ​មាន​តែ​តុលាការ​ទេ»។

ក្រៅពី​កម្មករ​នៅ​តាម​រោងចក្រ​ប្រឈម​នឹង​បំណុល​វ័ណ្ឌក ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន មាន​ជា​ជនជាតិ​ភាគតិច កសិករ អាជីវករ និង​អតិថិជន​ទិញ​ផ្ទះ​បុរី វិញ​មាន​ចំនួន​ច្រើនឡើងៗ​កំពុងតែ ជួប​បញ្ហា​សេដ្ឋកិច្ច​គ្មាន​ប្រាក់​សងបំណុល ហើយ​ក្លាយជា​ជនរងគ្រោះ​នៃ​អត្រា​ការប្រាក់​កើន​ឡើង​ខ្ពស់​ជាប្រចាំ។

ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់ សម្រាប់​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ (BMZ) បាន​ចេញ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ កាល​ខែកញ្ញា ឆ្នាំ​២០២២ កន្លង​ទៅ​ដោយ​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ជិត ១៧​ម៉ឺន​នាក់ (១៦៧.០០០) បាន​លក់​ដី​សងបំណុល​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ​។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា គិត​ជា​មធ្យម​រយៈពេល ១៦​នាទី​ម្ដង​មាន​ពលរដ្ឋ​ខ្មែរ ១​គ្រួសារ​លក់​ដី​សងបំណុល។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​ចុះ​ត្រួតពិនិត្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្នាត​តូច និង​ធនាគារ​កម្ចី​ប្រាក់​មួយចំនួន​ដែល​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ជួយ​កាត់បន្ថយ​សម្ពាធ​របស់​ពលរដ្ឋ និង​កាត់បន្ថយ​ការ​ចំណាកស្រុក​ទៅ​រក​ការងារ​ក្រៅប្រទេស​ដោយ​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។